ការផ្តល់ឲ្យដែលលើស ពីអំណោយទៅទៀត
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
តើអ្នកចង់ធ្វើជាអ្នកបរិច្ចាគបែបណា ?
រដូវបុណ្យគ្រីស្ទម៉ាស់គឺជាអ្វីៗទាំងអស់អំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង វិញ្ញាណនៃការផ្តល់ឲ្យ ។ ដោយសារវាជារឿងអស្ចារ្យដើម្បីផ្តល់ និង ទទួលអំណោយ សូមចាំថាយើងអាចផ្តល់អំណោយដែលវាលើសពីអំណោយទៅទៀត ។ រៀងរាល់ថ្ងៃយើងអាចលះបង់ពេលវេលា ទេពកោសល្យ និង សេចក្តីសប្បុរសរបស់យើង—ហើយអ្វីៗទាំងនោះគឺជាមធ្យោបាយដ៏មានខ្លឹមសារមួយចំនួនដែលយើងអាចបម្រើបាន ។
ដូច្នេះតើអ្នកធ្វើបានល្អកម្រិតណា លើការផ្តោតទៅលើការផ្តល់អំណោយដោយមិនគិតពីខ្លួនឯងនោះ ? សូមធ្វើលំហាត់នេះដើម្បីស្វែងយល់ពីរឿងនេះ ។
លំហាត់
១អ្នកកំពុងរៀបចំខ្លួនទៅសាលារៀន ។ ម៉ាក់របស់អ្នកសុំអ្នកឲ្យមកស្រស់ស្រូបអាហារពេលព្រឹក ហើយគាត់បានឆ្លៀតពេលរៀបចំអាហារដែលអ្នកចូលចិត្ត ។ តើអ្នកធ្វើយ៉ាងដូចម្តេច ?
-
ស្រែកថាចាំសិន « កូនមិនទាន់រៀបចំខ្លួនហើយទេ ! » ហើយបន្ទាប់មកចំណាយពេលរៀបចំខ្លួនឲ្យបានរួច ស្រស់ស្រូបអាហារពេលព្រឹកយឺត ហើយខកជើងឡានក្រុង ដូច្នោះគាត់ត្រូវជូនអ្នកទៅសាលារៀន ។
-
ស្រស់ស្រូបអាហារពេលព្រឹកយ៉ាងលឿន ហើយរត់ចេញទៅយ៉ាងរហ័ស គាត់ធ្វើកិច្ចការទាំងនេះជានិច្ច—វាជាកិច្ចការដែលម្តាយត្រូវធ្វើ ។
-
អរគុណម៉ាក់ រៀបចំខ្លួនឲ្យរួចយ៉ាងរហ័ស ហើយចំណាយពេលស្រស់ស្រូបអាហារជាមួយគ្រួសាររបស់អ្នក ។
២ម៉ោង ១០ ព្រឹកហើយ គ្រូបង្រៀនរបស់អ្នកហៀបនឹងចែកក្រដាសកិច្ចការហើយ ។ អ្នកពុំស្គាល់មនុស្សដែលអង្គុយជាប់អ្នកច្បាស់ទេ ប៉ុន្តែអ្នកឃើញថា នាងអន្ទះសាររកមើលអ្វីមួយពីកាបូបរបស់នាង ។ តើអ្នកធ្វើយ៉ាងដូចម្តេច ?
-
មិនខ្វល់នឹងនាង ។ អ្នកក៏មានភាពតានតឹងផងដែរ ហើយបង្ខំរៀនសម្រាប់ការប្រលង ។
-
ជូនពរនាងឲ្យមានសំណាងល្អ ។
-
សួរនាងប្រសិនបើនាងកំពុងរកមើលអ្វីមួយ ។ នៅពេលអ្នកឮថានាងត្រូវការខ្មៅដៃ នោះអ្នកឲ្យខ្មៅដៃអ្នកទៅនាង ។ អ្នកប្រាប់នាងដោយញញឹមថា « ទុកវាប្រើចុះ » ។
៣បន្ទាប់ពីម៉ោងរៀន មានម្នាក់នៅក្នុងក្រុមបាល់ឱបរបស់អ្នក មានការលំបាកក្នុងការបញ្ជូនបាល់បានត្រឹមត្រូវ—តែអ្នកជំនាញខាងបញ្ជូនបាល់នេះ ។ គាត់បានមកបន្ទាប់ពីហាត់សម ហើយសួរប្រសិនបើអ្នកអាចជួយគាត់ ។ តើអ្នកនិយាយដូចម្តេច ?
-
ប្រាប់គាត់ថាអ្នករវល់ណាស់ ។ ប្រហែលជាចាំថ្ងៃក្រោយ ។
-
យល់ព្រមទាំងស្ទាក់ស្ទើរចិត្ត ហើយបញ្ជូនបាល់ឲ្យគាត់បានពីរបីដង បង្រៀនគាត់ពីរបីស្នៀតយ៉ាងលឿន ពីមុនប្រញាប់ចេញទៅដើរលេងជាមួយមិត្តភក្តិរបស់អ្នក ។
-
ចំណាយពេលច្រើនជាមួយគាត់ដោយបង្រៀនគាត់ជាច្រើនស្នៀត ហើយណាត់ម៉ោងពេលក្រោយទៀតដើម្បីហាត់សមជាមួយគ្នា ។
៤នៅម៉ោង ៥:៣០ ល្ងាចហើយ ម៉ាក់របស់អ្នកបានដាក់អ្នកចុះនៅហាងទំនិញ ដើម្បីទិញអំណោយសម្រាប់បុណ្យគ្រីស្ទម៉ាស់សម្រាប់ប្អូនស្រីរបស់អ្នក ។ តើអ្នកទិញអ្វីខ្លះ ?
-
វាកិច្ចការងាយណាស់ ។ អ្នកបានទៅទិញបាល់បោះថ្មីដែលអ្នកបានចាប់អារម្មណ៍ជាច្រើនខែមុនមកហើយ ។ … នាងប្រហែលជាចូលចិត្តបាល់នេះផងដែរ មែនទេ ?
-
ជ្រើសរើសវត្ថុដែលថោកបំផុតដែលមាននៅក្នុងបញ្ជីរបស់នាង—នាងនឹងមិនអាក់អន់ចិត្តឡើយ ហើយអ្នកមិនអស់លុយច្រើនឡើយ ។
-
ស្វែងរកសៀវភៅថ្មីបំផុតមួយដែលមានអ្នកនិពន្ធ ដែលនាងពេញចិត្ត ។ អ្នកទន្ទឹងរង់ចាំឃើញពីក្តីរំភើបនៅលើទឹកមុខរបស់ប្អូនស្រីរបស់អ្នក នៅពេលនាងបើកកញ្ចប់អំណោយនោះ !
៥វាដល់ម៉ោងដេក ហើយអ្នកអស់កម្លាំងជាខ្លាំង ។ អ្នកពុំទាន់បានអានព្រះគម្ពីរនៅឡើយ ។ តើអ្នកធ្វើយ៉ាងដូចម្តេច ?
-
រាប់ខគម្ពីរដែលអ្នកបានអានកាលពីថ្ងៃអាទិត្យជំនួសវិញ ។
-
អំឡុងពេលស្រាវជ្រាវព្រះគម្ពីរ អ្នកបានឃើញរឿងប្រលោមលោកដែលអ្នកចូលចិត្ត ។ សាមសិបនាទីក្រោយមក អ្នកបានចាំថាត្រូវអានព្រះគម្ពីរ ហើយអ្នកបានអានវគ្គបទគម្ពីរមួយយ៉ាងលឿន ពីមុនបិទភ្លើងចូលដេក ។
-
អានទាំងព្រះគម្ពីរ និង រឿងប្រលោមលោកដែលអ្នកពេញចិត្តនោះ ប៉ុន្តែសម្រេចចិត្តផ្តល់អាទិភាពដំបូងដល់ព្រះវរបិតាសួគ៌ ហើយអធិស្ឋានមួយខ្លី ពីមុនអ្នកចាប់ផ្តើមអាន ។ អ្នកកត់គំនិតមួយចំនួនរបស់អ្នក នៅពេលអ្នកសិក្សា ហើយអ្នកថ្លែងអំណរគុណទ្រង់ម្តងទៀតពេលអធិស្ឋាន ពីមុនអ្នកចូលដេក ។
លទ្ធផល !
ប្រសិនបើអ្នកបានឆ្លើយចម្លើយ (ក) ភាគច្រើន នោះអ្នកអាចបង្វែរការផ្តោតចិត្តរបស់អ្នកថែមបន្តិចទៀតចំពោះមនុស្សដទៃ ។ សូមចងចាំថា ការផ្តល់ និង ការបម្រើមនុស្សដទៃនឹងនាំមកនូវសុភមង្គលដ៏អស្ចារ្យដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ ( សូមមើល ម៉ាថាយ ២៥:៣៤–៤៦ ) ។
ប្រសិនបើអ្នកបានឆ្លើយចម្លើយ (ខ) ភាគច្រើន នោះសូមពិចារណាថា « អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ » ( ម៉ាថាយ ១០:៨ ) ។ សូមគិតអំពីរបៀបដែលការផ្តល់ឲ្យកាន់តែច្រើនដោយមានឆន្ទៈ អាចជួយអ្នកស្វែងរកអំណរកាន់តែច្រើនឡើង ។
ប្រសិនបើអ្នកបានឆ្លើយចម្លើយ (គ) ភាគច្រើន សូមបន្តធ្វើវាទៀតចុះ ! ទង្វើរបស់អ្នកបង្ហាញពីវិញ្ញាណដ៏ពិតនៃបុណ្យគ្រីស្ទម៉ាស់ដ៏ពិត ។
សូមពិចារណាអំពីរបៀបដែលអ្នកអាចផ្តល់អំណោយទានដោយចិត្តសប្បុរស ដល់អស់អ្នកដែលនៅជុំវិញខ្លួនអ្នកនារដូវបុណ្យគ្រីស្ទម៉ាស់នេះ ។ មិនថាអ្នកមានទេពកោសល្យបែបណានោះទេ អ្នកអាចស្វែងរករបៀបមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក និង អំណរគុណចំពោះអ្នកដទៃ តាមរយៈទាំងអំណោយដែលអ្នកផ្តល់ និង របៀបដែលអ្នកផ្តល់អំណោយនោះរៀងរាល់ថ្ងៃ ។ ការផ្តល់ឲ្យក្លាយជាពរជ័យ ហើយមិនមែនជាការសាកល្បងដ៏លំបាកឡើយ នៅពេលយើងយល់ថា តាមរយៈការបម្រើមនុស្សដទៃ នោះយើងពិតជាបម្រើដល់ព្រះវរបិតាសួគ៌របស់យើង ( សូមមើល ម៉ូសាយ ២:១៧ ) ។