សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
អំពូលភ្លើងពណ៌ខៀវមួយ
ម្តាយ និង ឪពុកខ្ញុំពុំយល់ស្របគ្នានឹងរបៀបតុបតែងផ្ទះរបស់ពួកគាត់នៅពេលបុណ្យគ្រីស្ទម៉ាស់ឡើយ ។ ឪពុករបស់ខ្ញុំមានជំងឺងងឹតពណ៌ ដូច្នោះចំពោះគាត់ពណ៌ក្រហម បៃតង និង ពណ៌ត្នោតគឺគាត់មើលទៅវាស្រដៀងគ្នា ហើយស្រអាប់ ។ ប៉ុន្តែគាត់មើលឃើញពណ៌ខៀវថាជាពណ៌ដែលភ្លឺ និង ស្រស់ស្អាត ។ គាត់ក៏ជាអ្នកគាំទ្រដ៏ខ្លាំងដល់ក្រុមបាល់ឱបនៃសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ដែលមានឯកសណ្ឋានពណ៌ខៀវដែរ ។
ដោយសារពណ៌ខៀវគឺជាពណ៌ដែលគាត់ចូលចិត្ត នោះគាត់ចង់ដាក់តាំងភ្លើងដែលមានពណ៌ខៀវ ។ ប៉ុន្តែម្តាយរបស់ខ្ញុំបាននិយាយថា ពណ៌ខៀវមិនមែនជាពណ៌សម្រាប់បុណ្យគ្រីស្ទម៉ាស់ទេ ដូច្នោះរៀងរាល់ឆ្នាំ ប៉ាបានចងខ្សែភ្លើងបុណ្យគ្រីស្ទម៉ាស់ពណ៌ក្រហម បៃតង និង ពណ៌សនៅលើដំបូលផ្ទះរបស់ពួកគាត់ ។ ដើម្បីឌឺដងដាក់ម៉ាក់ គាត់ជំនួសអំពូលភ្លើងមួយដោយដាក់អំពូលនោះពណ៌ខៀវ ។ ប្រសិនបើអ្នកមើលវាឲ្យកៀក អ្នកនឹងឃើញអំពូលពណ៌ខៀវមួយក្នុងចំណោមអំពូលភ្លើងពណ៌ក្រហម បៃតង និង ស ។
រៀងរាល់ឆ្នាំអំពូលភ្លើងពណ៌ខៀវនោះបានភ្លឺនៅទីតាំងផ្សេងៗគ្នា ។ ជួលកាលវាភ្លឺនៅជុំវិញតំបន់កាច់ជ្រុងដែល គ្មាននរណាចាប់អារម្មណ៍នឹងឃើញវាឡើយ ប៉ុន្តែជួនកាលគាត់បានដាក់វានៅលើកន្លែងចតឡាន ឬ នៅមុខហោណ័ង ។ វាជាល្បែងកម្សាន្តដ៏សប្បាយរវាងម៉ាក់ និង ប៉ា ។
នាគ្រាមួយនោះ ប៉ាបានស្លាប់ដោយចៃដន្យពីរថ្ងៃពីមុនបុណ្យគ្រីស្ទម៉ាស់ ។ នៅក្នុងពិធីបុណ្យសពរបស់គាត់ មានអ្នកនិយាយប្រាប់រឿងមួយអំពីអំពូលភ្លើងពណ៌ខៀវ ដែលប៉ាបានដាក់វារៀងរាល់ឆ្នាំ ។ យប់ស្អែកឡើង ម្តាយរបស់ខ្ញុំបានសម្លឹងមើលទៅក្រៅតាមបង្អួច ។ នៅផ្លូវម្ខាងទៀត ក្នុងចំណោមអំពូលភ្លើងពណ៌សមានអំពូលភ្លើងពណ៌ខៀវមួយ នៅខាងលើហោណ័ងរបស់អ្នកជិតខាងរបស់ម៉ាក់ ។ ក្នុងអំឡុងពេលពីរបីថ្ងៃនោះ មានអ្នកជិតខាង និង មិត្តភក្ដិជាច្រើនបានបន្ថែមអំពូលភ្លើងពណ៌ខៀវលើខ្សែអំពូលភ្លើងបុណ្យគ្រីស្ទម៉ាស់របស់ពួកគេ ។ មានអ្នកខ្លះបានតុបតែងដើមឈើរបស់ពួកគេជាពណ៌ខៀវសុទ្ធ ។
ខ្ញុំមានអំណរគុណដែលមិត្តភក្តិរបស់ម្តាយខ្ញុំ បានបង្ហាញសេចក្តីស្រឡាញ់ចំពោះគាត់ ដោយការតុបតែងផ្ទះជាមួយអំពូលភ្លើងពណ៌ខៀវ ។ ពួកគេបានជួយខ្ញុំដឹងពីអត្ថន័យនៃការ « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវកម្សាន្តទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។ ខ្ញុំមានអំណរគុណដែលព្រះវរបិតាសួគ៌ពេញដោយក្តីស្រឡាញ់ ប្រទានព្រះរាជបុត្រារបស់ទ្រង់ជាអំណោយដល់យើង ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំនឹងអាចជួបប៉ាខ្ញុំម្តងទៀត ។