ភាពរឹងមាំដើម្បីជ្រើសរើស
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
តើត្រូវបម្រើបេសកកម្ម ឬ ក្លាយជាកីឡាករកាយវប្បកម្មអាជីព ? ខគម្ពីរមួយ និង ការដកស្រង់ដែលមិត្តភក្តិរបស់ខ្ញុំបានចែកចាយវាជាមួយខ្ញុំ បានជួយខ្ញុំធ្វើការសម្រេចចិត្ត ។
ខ្ញុំមានក្តីរំភើប នៅពេលបុរសម្នាក់បានទូរសព្ទមកខ្ញុំនាថ្ងៃមួយ ហើយនិយាយថា គាត់បានឃើញកម្មវិធីកាយវប្បកម្មរបស់ខ្ញុំ ហើយគាត់ចង់ឧបត្ថម្ភដល់ខ្ញុំ ។ គាត់នឹងបង់ថ្លៃសម្លៀកបំពាក់ និង អាហារប្រូតេអ៊ីន និង ថ្លៃសំបុត្រយន្តហោះទៅទ្វីបអើរ៉ុបដើម្បីធ្វើកម្មវិធីបង្ហាញនៅទីនោះ ។ គាត់ថែមទាំងបាននិយាយថា ខ្ញុំនឹងអាចត្រូវបានបង្ហាញមុខនៅក្នុងទស្សនាវដ្តី ។ កាយវប្បកម្មគឺជាចំណង់ចំណូលចិត្ត ហើយវាគឺជាក្តីសុបិនរបស់ខ្ញុំ ! បញ្ហាតែមួយគត់នោះគឺថា ខ្ញុំបានផ្ញើទម្រង់បែបបទបេសកកម្មរបស់ខ្ញុំកាលពីពីរបីថ្ងៃមុន ។ ខ្ញុំបានប្រាប់បុរសនោះវិញថា ខ្ញុំនឹងគិតអំពីការផ្តល់ជូនរបស់គាត់ ហើយនឹងទូរសព្ទប្រាប់គាត់នៅពេលក្រោយ ។
ខ្ញុំបានប្រឈមនឹងការសម្រេចចិត្តដ៏លំបាកបំផុតនៅក្នុងជីវិតខ្ញុំ ។ ចំពោះឪពុកម្តាយខ្ញុំ ការទទួលយកអ្នកឧបត្ថម្ភគឺជារឿងដែលមិនត្រូវទទួលយកឡើយ ។ ពួកគាត់បាននិយាយថា « ប្រហែលជាកូននឹងមានឱកាសនេះបន្ទាប់កូនចប់បេសកកម្ម » ។ ប៉ុន្តែខ្ញុំមិនអាចឈប់គិតពីវាឡើយ ។ ខ្ញុំដឹងថា ខ្ញុំគប្បីទៅបម្រើបេសកកម្ម ហើយបម្រើព្រះអម្ចាស់ ប៉ុន្តែក្តីសុបិនរបស់ខ្ញុំកំពុងនៅនឹងមុខរបស់ខ្ញុំហើយ ។
ខ្ញុំបានសួរមិត្តភក្តិរបស់ខ្ញុំជាច្រើន នូវអ្វីដែលពួកគេគិតថាតើខ្ញុំគួរធ្វើដូចម្តេច ។ មានអ្នកខ្លះបាននិយាយថា ខ្ញុំគួរតែទទួលយកអ្នកឧបត្ថម្ភនោះ ហើយអ្នកខ្លះទៀតបាននិយាយថា វាគឺជាកិច្ចការរបស់សាតាំងប្រឆាំងនឹងរូបខ្ញុំ ដោយសារវាមិនចង់ឲ្យខ្ញុំទៅបម្រើបេសកកម្មឡើយ ។
ថ្ងៃមួយ មិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំម្នាក់បានចែកចាយការដកស្រង់មួយមកពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ជាមួយខ្ញុំដូចនេះ ៖ « បុរស និង ស្ត្រីដែលបង្វែរជីវិតខ្លួនមករកព្រះនឹងរកឃើញថា ទ្រង់អាចធ្វើឲ្យជីវិតរបស់ពួកគេបានប្រសើរជាង ។ ទ្រង់នឹងធ្វើឲ្យសេចក្ដីអំណរចាក់ចូលយ៉ាងជ្រៅក្នុងចិត្តពួកគេ ពង្រីកទស្សនវិស័យរបស់ពួកគេ ពន្លឿនគំនិតពួកគេ ពង្រឹងកម្លាំងពួកគេ លើកវិញ្ញាណពួកគេឡើង ចម្រើនពរជ័យពួកគេ បង្កើនឱកាសពួកគេ លួងលោមព្រលឹងពួកគេ បង្កើតមិត្តភាព ហើយចាក់ស្រោចនូវសេចក្ដីសុខសាន្ត » ។១
ការដកស្រង់នេះបានទាក់ចិត្តខ្ញុំយ៉ាងខ្លាំង ។ ដូចជាខគម្ពីរមួយដែលខ្ញុំបានអាននៅក្នុងព្រះគម្ពីរមរមនថា ៖ « ហើយបើសិនជាកូនចៅមនុស្សកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះទ្រង់នឹងចិញ្ចឹមគេ ហើយផ្ដល់កម្លាំងដល់គេ ព្រមទាំងផ្ដល់ផ្លូវឲ្យ ដើម្បីគេអាចសម្រេចនូវអ្វីដែលទ្រង់ បានបញ្ជាពួកគេ » ( នីហ្វៃទី ១ ១៧:៣ ) ។
ដោយមានជំនួយមកពីការដកស្រង់ និង ខគម្ពីរនេះ ព្រមទាំងការគាំទ្រពីមិត្តភក្តិ និង គ្រួសាររបស់ខ្ញុំ នោះខ្ញុំបានសម្រេចចិត្តបម្រើបេសកកម្ម ហើយខ្ញុំត្រូវបានហៅឲ្យបម្រើនៅក្នុងបេសកកម្មបូលីវី កូឆាបាមបា ។
ការបម្រើបេសកកម្មគឺជាជម្រើសដ៏ល្អបំផុតដែលខ្ញុំបានរើសយក ។ ខ្ញុំបានឃើញពរជ័យជាច្រើន ខណៈកំពុងបម្រើ រួមទាំងពរជ័យដែលបានរៀនភាសាអេស្ប៉ាញឆាប់ចេះ ។
ព្រះអម្ចាស់បានប្រទានពរដល់គ្រួសារខ្ញុំផងដែរ ។ អំឡុងពេលក្នុងបេសកកម្មរបស់ខ្ញុំ ខ្ញុំបានទទួលអ៊ីម៉ែលមួយពីឪពុកម្តាយរបស់ខ្ញុំ ដោយប្រាប់ខ្ញុំថា បងប្រុសរបស់ខ្ញុំបានទៅព្រះវិហារវិញជាលើកទីមួយក្រោយពីអសកម្មអស់ ១២ ឆ្នាំ ។ ក្រោយមកគាត់បានប្តូរកាលវិភាគធ្វើការរបស់គាត់ ប្រយោជន៍ឲ្យគាត់អាចទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ ហើយគាត់ដាក់គោលដៅមួយអានព្រះគម្ពីរមរមន ។ ហើយប្អូនប្រុសរបស់ខ្ញុំក៏បានពុះពារធ្វើការផ្លាស់ប្តូរមួយចំនួននៅក្នុងជីវិតរបស់គាត់ ហើយពង្រឹងសេចក្តីជំនឿរបស់គាត់ផងដែរ ។ បងប្អូនជីដូនមួយរបស់ខ្ញុំបានត្រឡប់មកជាសកម្មវិញ ហើយចាប់ផ្តើមទៅព្រះវិហារបរិសុទ្ធរៀងរាល់សប្តាហ៍ ដើម្បីធ្វើបុណ្យជ្រមុជទឹកដល់មរណជន ។ យើងពិតជាបានទទួលពរ ។