ឆ្នាំ​២០១៦
ភៀស​ខ្លួន​ស្វែង​រក​សេចក្ដីជំនឿ និង សេរីភាព
December 2016


ភៀស​ខ្លួន​ស្វែង​រក សេចក្ដីជំនឿ និង សេរីភាព

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា

នៅពេល​ពួកគាត់​ស្វែងរក​សេរីភាព​សាសនា នោះ​ឪពុកម្តាយ​របស់​ខ្ញុំ​មាន​ពរ ដោយសារ​សេចក្តីសប្បុរស និង ការទទួលយក​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជុំវិញ​ខ្លួន​ពួកគាត់ ដែល​ពួកគាត់​ចេញ​ពី​ប្រទេស​ឆេកូស្លូវ៉ាគី​ទៅ​ប្រទេស​កាណាដា ។

fleeing the country at nighttime

បងប្អូន​បង្កើត​របស់​ខ្ញុំ និង រូប​ខ្ញុំ​បាន​ធំ​ឡើង ដោយ​ឮ​រឿង​នានា​ស្តី​អំពី របៀប​ដែល​ឪពុកម្តាយ​របស់​យើង​បាន​បូជា ដើម្បី​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​យើង​មាន​ពរ​ដោយសារ​ការខិតខំ​របស់​ពួកគាត់ ។ ខ្ញុំ​បាន​បង្កើន​ស្មារតី​នៃ​ការមាន​អំណរគុណ​កាន់តែ​ច្រើន​ឡើង សម្រាប់​អ្វីៗ​ទាំងអស់​ដែល​ពួកគាត់ និង ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជនជាតិ​ឆេក​ដទៃ​ទៀត​បាន​ធ្វើ ប្រយោជន៍​ឲ្យ​ពូជពង្ស​របស់​ពួកគេ អាច​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដំណឹង​ល្អ ។

ម្តាយ​របស់​ខ្ញុំ​បាន​កើត​នៅក្នុង​ទីក្រុង​ប៉ូប្រាដ​នៃ​អតីត​ប្រទេស​ឆេកូស្លូវ៉ាគី ( ឥឡូវ​នេះ​ជា​ប្រទេស​ស្លូវ៉ាគី ) ។ ឪពុក​របស់​គាត់​បាន​បម្រើ​នៅក្នុង​កងទ័ព​ឆេក អំឡុង​សង្គ្រាម​លោក​លើក​ទី II ហើយ​គ្រួសារ​របស់​គាត់​គឺ​ជា​គ្រួសារ​មួយ បាន​ភៀស​ខ្លួន​ទៅក្នុង​ទីព្រៃ​នៅ​ជិត​ខាង​នោះ ដើម្បី​មាន​សុវត្ថិភាព​ពី​ការ​កាន់កាប់​របស់​ពួក​អាល្លឺម៉ង់ ។ អស់​រយៈពេល​ប្រាំថ្ងៃ ជីដូន​ជីតា​របស់​ខ្ញុំ​ត្រូវបាន​ដាក់​ប្រជ្រៀត​គ្នា​នៅ​ក្នុង​ភួយ ជាមួយ​ម្តាយ​របស់​ខ្ញុំ និង បងស្រី​របស់​គាត់ ដែល​ម្ដាយ​ខ្ញុំ​មាន​អាយុ​មួយ​ឆ្នាំ និង បងស្រី​គាត់​មាន​អាយុ​ប្រាំ​ឆ្នាំ ដោយ​បរិភោគ​ស្ករ​រាង​បួន​ជ្រុង​ដែល​ជា​ចំណែក​រៀងៗ​ខ្លួន ។

យាយតា​របស់​ខ្ញុំ​មិន​មែន​ជា​សមាជិក​សាសនាចក្រ​ឡើយ​កាល​គ្រា​នោះ ហើយ​ពួកគាត់​ក៏​មិន​អធិស្ឋាន​ញឹកញាប់​ដែរ ។ ប៉ុន្តែ អំឡុង​ពេល​ដ៏​លំបាក​លំបិន​នោះ ចិត្ត​របស់​ពួកគាត់​បាន​ប្រែ​ជា​ទន់ភ្លន់ ។ ជីដូន​របស់​ខ្ញុំ​បាន​សរសេរ​នៅក្នុង​សៀវភៅ​ទិនានុប្បវត្តិ​របស់​គាត់​ថា « នា​យប់​នេះ​ខ្ញុំ​មាន​អារម្មណ៍​ចង់​លុត​ជង្គង់​ចុះ​ឲ្យ​យូរ ដើម្បី​សុំ​ជំនួយ​មក​ពី​នរណា​ម្នាក់ ដែល​មាន​សិទ្ធិ​អំណាច​ខ្លាំង​ជាង​ខ្ញុំ ។ ដូច្នោះ​ខ្ញុំ​បាន​ទៅ​ក្នុង​ព្រៃ លុតជង្គង់​ចុះ ហើយ​អធិស្ឋាន​ដោយ​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ ខ្ញុំ​បាន​ទូល​អង្វរ​សូម​ជំនួយ » ។

ការអធិស្ឋាន​របស់​គាត់​បាន​ទទួល​ចម្លើយ ។ គ្រួសារ​មួយ​ចំនួន​នៅក្នុង​ព្រៃ​ត្រូវបាន​គេ​សម្លាប់​ពេល​គេ​បាន​រក​ឃើញ ប៉ុន្តែ​យាយតា​របស់​ខ្ញុំ និង កូនស្រី​ពីរ​នាក់​របស់​ពួកគាត់​ត្រូវបាន​ការពារ​ដោយ​អព្ភូតហេតុ ។ តាមរយៈ​បទពិសោធន៍​ដ៏​លំបាក​នេះ ព្រះអម្ចាស់​បាន​បណ្តុះ​គ្រាប់​ពូជ​នៃ​សេចក្តីជំនឿ និង ការទុកចិត្ត​លើ​ដួងចិត្ត​របស់​ជីដូន​ជីតា​របស់​ខ្ញុំ ។

សេចក្ដីជំនឿ និង ការបៀតបៀន

បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី II បាន​បញ្ចប់​ពីរបី​ឆ្នាំ​ក្រោយ​មក យាយតា​របស់​ខ្ញុំ បាន​បន្ត​រស់នៅ​ក្នុង​ប្រទេស ឆេកូស្លូវ៉ាគី កាល​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ពីរ​នាក់​បាន​គោះ​ទ្វារ​ផ្ទះ​របស់​ពួកគាត់ ។ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សាខា​តូច​មួយ ហើយ​ទទួល​យក​ការពិភាក្សា នោះ​ពួកគាត់​បាន​ទទួល​សាក្សី​នៃ​សេចក្តីពិត​ដ៏​ពោរពេញ​របស់​ដំណឹង​ល្អ ហើយ​បាន​សម្រេច​ចិត្ត​ជ្រមុជ​ទឹក ។ ប៉ុន្តែ នា​ល្ងាច​ថ្ងៃ​សម្ភាស​សម្រាប់​បុណ្យ​ជ្រមុជទឹក អ្នកផ្សព្វផ្សាយសាសនា និង ថ្នាក់​ដឹកនាំ​ពុំ​បាន​មក​ឡើយ ។ នៅក្នុង​ការប្រជុំ​បន្ទាប់​របស់​សាខា យាយតា​របស់​ខ្ញុំ​បាន​ដឹង​ថា ដោយសារ​ភាពចលាចល​ខ្លាំង​ខាង​នយោបាយ នោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​អស់​បាន​តម្រូវ​ឲ្យ​ចាកចេញ​ពី​ប្រទេស​នោះ ។ ឥឡូវ​នេះ​ការប្រតិបត្តិ​សាសនា​ក៏​នឹង​ត្រូវ​ហាម​ឃាត់ ។ ប៉ុន្តែ ពួកបរិសុទ្ធ​មួយ​ក្រុម​តូច​នៅក្នុង​តំបន់​បាន​បន្ត​សេចក្តីជំនឿ​របស់​ពួកគេ ដែល​បាន​ដឹកនាំ​ដោយ​ថ្នាក់​ដឹកនាំ និង កូនសោ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ។ យាយតា​របស់​ខ្ញុំ និង ម្តាយ​មីង​ខ្ញុំ​បាន​ជ្រមុជទឹក​ដោយ​សម្ងាត់​នៅ​ក្នុង​ឆ្នាំ ១៩៥០ ។

បួន​ប្រាំ​ឆ្នាំ​ក្រោយ​មក សមាជិក​នៅ​សាខា​នោះ​រួម​ទាំង​យាយ និង ម្តាយ​របស់​ខ្ញុំ ( កាល​នោះ​នៅ​វ័យ​ជំទង់ ) មាន​ជួន​កាល​ត្រូវបាន​ប៉ូលីស​នាំ​ខ្លួន​ទៅ​ដោយ​សម្ងាត់ ដើម្បី​សួរ​សំណួរ​អំពី​ការប្រតិបត្តិ​សាសនា​របស់​ពួកគាត់ ។ មាន​គ្រា​មួយ​នោះ យាយ​របស់​ខ្ញុំ​ត្រូវបាន​សួរ​យ៉ាង​ខ្លាំង អស់​រយៈពេល​ប្រាំ​ម៉ោង ។ ប្រសិនបើ​ពួកគេ​ដឹង​ថា គាត់​កំពុង​បង្រៀន​សាសនា​ដល់​កូនៗ​របស់​គាត់ នោះ​ពួកគេ​នឹង​ដាក់​គុក​គាត់​រយៈពេល​ប្រាំ​ឆ្នាំ ។

គាត់​បាន​កត់ត្រា​ថា « ខ្ញុំ​បាន​នៅ​ស្ងៀម ហើយ​និយាយ​ថា ‹ ប្រសិនបើ​អ្នក​គិត​ថា ខ្ញុំ​បង្រៀន​អំពី​សាសនា​ដល់​កូន​របស់​ខ្ញុំ​គឺ​ជា​រឿង​ខុស នោះ​អ្នក​អាច​ចាប់​ខ្ញុំ​ដាក់​គុក​ចុះ › ។ ពួកគេ​មិន​បាន​ឆ្លើយ​ឡើយ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួកគេ​បាន​នាំ​ខ្ញុំ​ទៅ​សួរ​ចម្លើយ​ម្តង​ហើយ​ម្តង​ទៀត ។ ពួកគេ​និយាយ​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ ហើយ​ពួកគេ​ព្យាយាម​ទាញ​ពួកយើង​ចេញ​ពី​ជំនឿ​របស់​យើង ។ ដរាប​ណា​ពួកគេ​កាន់តែ​ព្យាយាម​ធ្វើ​បែប​នោះ ដរាប​នោះ​ខ្ញុំ​កាន់តែ​កាន់​ខ្ជាប់​នឹង​សាសនាចក្រ [ ដ្បិត ] សាសនាចក្រ​ដែល​ពិត​ត្រូវ​បាន​គេ​បៀតបៀន​ជានិច្ច » ។

ម្តាយ​របស់​ខ្ញុំ​បាន​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ​របស់​គាត់​ថា « នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​លំបាក​នេះ សមាជិក​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នៅក្នុង​ផ្ទះ​របស់​ប្រធាន​សាខា​យើង ។ យើង​ពុំ​អាច​ច្រៀង​ឮ​បាន​ឡើយ ដូច្នោះហើយ​យើង​បាន​ច្រៀង​ខ្សឹបៗ ។ ពួកយើង​មិន​ចង់​ឲ្យ​គេ​ចាប់​ប្រធាន​សាខា​របស់​យើង​ដាក់​គុក​ឡើយ ។ អស់​រយៈពេល ១៨ ឆ្នាំ ដែល​យើង​បាន​ជួបជុំ​គ្នា​បែប​នោះ ហើយ​យើង​សង្ឃឹម​ពី​គ្រា​ដែល​យើង​ទាំងអស់​គ្នា​នឹង​អាច​ទៅ​ភ្នំ​រ៉កគី ហើយ​តាំងទីលំនៅ​នៅក្នុង [ ទីក្រុង សលត៍ លេក ] » ។ ពួកគាត់​មាន​សង្ឃឹម ទោះបី​ជា​នៅ​គ្រា​នោះ ក្រុមគ្រួសារ​ជាច្រើន​មិន​ត្រូវ​បាន​ផ្តល់​ឯកសារ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចាកចេញ​ពី​ប្រទេស​បាន​ក៏​ដោយ ។

នៅពេល​ម្តាយ​របស់​ខ្ញុំ​បាន​ធំ​ឡើង​អំឡុង​អាយុ​ខ្ទង់​ម្ភៃ​ឆ្នាំ គាត់​បាន​អធិស្ឋាន​ដោយ​បំណង​យ៉ាង​ខ្លាំង ដើម្បី​អាច​រៀបការ​ជាមួយ​សមាជិក​សាសនាចក្រ ហើយ​អាច​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការស្វែង​រក​ជីវិត​ថ្មី

ឪពុក​របស់​ខ្ញុំ បាន​ធំ​ពេញ​វ័យ​ឡើង​នៅក្នុង​ភូមិ​ដែល​មាន​ស្រែ​ចម្ការ បាន​រស់នៅក្នុង​ទីក្រុង ទៅ​សាលា​រៀន ជា​កន្លែង​ដែល​គាត់​បាន​ជួប​ម្តាយ​របស់​ខ្ញុំ ។ ម្តាយ​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​អាជីព​របស់​គាត់​ជា​អ្នក​ចម្រៀង​អូប៉េរ៉ា​អាជីព ។ នៅពេល​ពួកគាត់​ស្គាល់​គ្នា ម្តាយ​របស់​ខ្ញុំ​បាន​ណែនាំ​គាត់​ឲ្យ​ចូល​ព្រះវិហារ ។ ទោះបី​ជា​ឪពុក​ខ្ញុំ​មិន​ទាន់​បាន​ជ្រមុជទឹក​ក្តី ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​រៀបការ​នៅ​ថ្ងៃ​ទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៦៧ ។

នៅ​ចុង​ឆ្នាំ​នោះ ពួកគេ​មាន​ពរ​ដោយ​បង្កើត​បាន​បងប្រុស​របស់​ខ្ញុំ ។ ប្រាំខែ​បន្ទាប់​ពី​បងប្រុស​របស់​ខ្ញុំ​កើត​មក ប្រធាន​សាខា​បាន​ទទួល​វិវរណៈ​ថា សមាជិក​គួរតែ​រៀបចំ​ខ្លួន ដើម្បី​ត្រូវបាន​នាំ​ចេញ​ពី​ប្រទេស​នោះ ទៅ​កន្លែង​មួយ ដែល​ពួកគេ​អាច​ថ្វាយ​បង្គំ​ដោយ​មាន​សេរីភាព ។ នៅក្នុង​ខែ​សីហា ឆ្នាំ ១៩៦៨ ពួក​រុស្ស៊ី បាន​ឈ្លានពាន​ប្រទេស​ឆេកូស្លូវ៉ាគី ដោយ​បង្កើត​ឲ្យ​មាន ភាព​ចលាចល​នៅ​ព្រំ​ដែន និង ទូទាំង​ប្រទេស ។ សមាជិក​សាខា ដែល​បាន​រៀបចំ​ខ្លួន​ដោយ​ការគោរព​ប្រតិបត្តិ​បាន​រត់​គេច​ខ្លួន​ទៅ​ទីក្រុង វីយែន ប្រទេស​អូទ្រីស ។

យាយ​របស់​ខ្ញុំ ដែល​បាន​ចាកចេញ​ពី​ប្រទេស​នោះ​ជាមួយ​ឪពុកម្តាយ​របស់​ខ្ញុំ​បាន​សរសេរ​ដូចនេះ ៖ « នា​យប់​នោះ នៅពេល​មនុស្ស​គ្រប់​គ្នា​នៅក្នុង​ផ្ទះ​បាន​ដេក យើង​បាន​លា​ផ្ទះ​របស់​យើង ហើយ​ដើរ​លបៗ​ស្ងាត់ៗ ដោយ​ក្តី​ភ័យ​ខ្លាច​ថា​កូនក្មេង​អាច​ចាប់​ផ្តើម​ស្រែក​យំ ។ យើង​ត្រូវ​ចេញ​ទៅ​ដោយ​សម្ងាត់ ពីព្រោះ​មាន​គីញ​សម្ងាត់​បី​នាក់​នៅក្នុង​អគារ​របស់​យើង ដែល​ធ្វើ​ការ​ឲ្យ​ប៉ូលីស​សម្ងាត់ ។ ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកយើង ។ ពួកយើង​បាន​គេចខ្លួន​ផុត ។ នៅពេល​យើង​បាន​ចាកចេញ យើង​បាន​ដឹង​ថា យើង [ នឹង ] ពុំ​ត្រឡប់​ទៅ​វិញ​ឡើយ ប៉ុន្តែ​យើង​ក៏​ពុំ​ដឹង​ថា​យើង​នឹង​ទៅ​ទី​ណា​ទៀត​ដែរ​បន្ទាប់​ពី​ចេញ​ពី​ទីក្រុង​វីយែន ។ កាល​គ្រា​នោះ​យើង​ពុំ​អាច​មិន​បារម្ភ​អំពី​រឿង​នោះ​ឡើយ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​ប្រធាន​សាខា នូវ​ការសន្យា​របស់​ទ្រង់​ចំពោះ​ពួកយើង ប្រសិនបើ​យើង​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ទ្រង់ » ។

ទឹក​ដី​ថ្មី​សូម​ស្វាគមន៍

យាយ ឪពុក​ម្ដាយ​របស់​ខ្ញុំ និង គ្រួសារ​ពីរ​ផ្សេង​ទៀត បាន​រស់នៅ​ក្នុង​បន្ទប់​ជាន់ដី​នៅ ប៉កឃ្លីន​ស្ត្រាស អគារ​សាសនាចក្រ​នៅ​ទីក្រុង​វីយែន​អស់​រយៈពេល​មួយ​ខែ ។ អំឡុង​ខែ​នោះ ឪពុក​របស់​ខ្ញុំ​បាន​រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ជ្រមុជទឹក ។ សមាជិក​ជាច្រើន​នៃ​គ្រួសារ​ទាំង​បី​រក​ការងារ​បាន​ធ្វើ ហើយ​ពួកគេ​បាន​ដាក់​ប្រាក់​ដែល​រក​បាន​ជាមួយ​គ្នា រហូត​ដល់​ពួកគេ​ទាំងអស់​គ្នា​អាច​ធ្វើ​អន្តោប្រវេស្តន៍​ទៅ​ទីក្រុង កាលហ្គារី អាល់ប៊ើរតា ប្រទេស​កាណាដា ។ ដោយសារ​តែ​អាកាស​ធាតុ​មិន​ល្អ​នៅ​ទីក្រុង កាលហ្គារី យន្តហោះ​របស់​ពួកគាត់​បាន​ចុះ​ចត​នៅ​ទីក្រុង អែតមុនតុន នៅ​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៩៦៨ ។

arriving in Canada

ដោយ​បាន​ចាកចោល​សាច់​ញាតិ វប្បធម៌ និង ទឹកដី​ដែល​ពួកគាត់​ស្រឡាញ់ នោះ​គឺ​ជា​ការបូជា​ដ៏​លើសលុប​មួយ ប៉ុន្តែ​ការលំបាក​ជា​ច្រើន​វា​គ្រាន់តែ​ជា​ការចាប់​ផ្តើម​ប៉ុណ្ណោះ ។ ពេល​ទៅ​ដល់​ទីក្រុង កាលហ្គារី ដោយ​មាន​តែ​វ៉ាលី​មួយ រទះរុញ​កូន​មួយ និង ប្រាក់ ៣២ ដុល្លារ​កាណាដា នោះ​ឪពុកម្តាយ​របស់​ខ្ញុំ​មាន​ការខ្វះខាត​ខ្លាំង​ណាស់ ។

សមាជិក​នៅ​ប្រទេស​កាណាដា​បាន​ចាប់ផ្តើម​បម្រើ​គ្រួសារ​របស់​ខ្ញុំ​ភ្លាមៗ​ផងដែរ ដោយ​ផ្តល់​ជំនួយ​សប្បុរស​ដូច​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ទិញ​ទំនិញ និង រក​ផ្ទះ​ជួល ។ ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍ ឪពុក​ម្ដាយ និង យាយ​របស់​ខ្ញុំ​រក​បាន​ផ្ទះ​ដែល​មាន​គ្រែ តុ និង កៅអី គ្រែ​ទម្រេត កូន​គ្រែ មុងភួយ ចាន​ក្បាន និង មាន​អាហារ​មួយ​ចំនួន​នៅក្នុង​ទូ ។ ម្តាយ​របស់​ខ្ញុំ​បាន​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ​របស់​គាត់​ពី​ក្តី​រំភើប និង ក្តី​ញាប់ញ័រ​ចំពោះ​ការឃើញ​គ្រឿង​សង្ហារិម​ដ៏​អស្ចារ្យ​ទាំង​នោះ ហើយ​មាន​អំណរគុណ​ចំពោះ​ការបម្រើ​ដែល​គាត់​បាន​ទទួល ។

ប៉ុន្តែ​ជាមួយ​នឹង​អារម្មណ៍​នៃ​ការដឹង​គុណ ក៏​មាន​នូវ​ការរំជួល​ចិត្ត​ផងដែរ ។ ការទម្លាប់​នឹង​វប្បធម៌​ថ្មី​នោះ​គឺ​មាន​ការលំបាក​ណាស់ ។ ការរស់នៅ​ក្នុង​ឆ្នាំ​ដំបូង​នៅ​ក្នុង​ទីក្រុង កាលហ្គារី គឺ​មាន​តែ​ការខំ​ប្រឹងរៀន​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ហើយ​ឪពុក​របស់​ខ្ញុំ​ត្រូវ​ដើរ​ទៅ​ធ្វើ​ការ​ក្នុង​អាកាស​ធាតុ​ដ៏​ត្រជាក់ ។ ពួកគាត់​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​បង្កើត​អារម្មណ៍​មួយ​ថា​វា​ជា​ផ្ទះ​យើង ប៉ុន្តែ​វា​នៅ​តែ​ជា​គ្រា​មួយ​នៃ​ការសាកល្បង ជាមួយ​នឹង​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ។ ពួកបរិសុទ្ធ​នៅ​វួដ​ថ្មី​របស់​ពួកគាត់​នៅ កាលហ្គារី បាន​ធ្វើ​ការខិតខំ​យក​ជំនះ​លើ​រនាំង​នៃ​ភាសា ដើម្បី​គាំទ្រ​ដល់​សមាជិក​ថ្មី​ដែល​ទើប​នឹង​មក​ដល់ ។ រៀងរាល់​ថ្ងៃ​អាទិត្យ​គ្រួសារ​របស់​ខ្ញុំ​បាន​ទទួល​កម្លាំង នៅពេល​ពួកគាត់​បាន​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ដើម្បី​រំឭក​ពី​សេចក្តីសញ្ញា​របស់​ពួកគាត់ ដោយ​ផ្អែកលើ​ព្រះវិញ្ញាណ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ពួកគាត់ ។

ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច

គ្រួសារ​របស់​យើង​ដែល​មាន​គ្នា​ប្រាំ​នាក់​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខាតស្តុន អាល់ប៊ើរតា​នៅ​ក្នុង​ខែ តុលា ឆ្នាំ ១៩៧៦ ។ ម្តាយ​របស់​ខ្ញុំ​បាន​ដាក់​ផែនការ​នៅ​ថ្ងៃ​នេះ​កាល​ពី ២០ ឆ្នាំ​មុន ហើយ​ទីបំផុត នៅក្នុង​ប្រទេស​មួយ និង ក្នុង​ភាសា​មួយ​ដែល​គាត់​មិន​ធ្លាប់​ស្រមៃ​កាល​ពី​យុវវ័យ នោះ​គាត់​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​គាត់ ។ កាល​នោះ​ខ្ញុំ​មាន​អាយុ​ជិត​ប្រាំបី​ឆ្នាំ ហើយ​ខ្ញុំ​បាន​ចាំ​ច្បាស់​ពី​កែវភ្នែក​ដ៏​ភ្លឺ​ថ្លា និង ស្នាម​ញញឹម​របស់​ឪពុកម្តាយ​ខ្ញុំ នៅពេល​កូនៗ​បាន​ចូល​ទៅក្នុង​បន្ទប់​ផ្សារភ្ជាប់ ។

យាយ​របស់​ខ្ញុំ​ក៏​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ផងដែរ ។ ខ្ញុំ​បាន​ចាំ​ពី​ក្តី​រំភើប​របស់​គាត់ ពេល​ឃើញ​ពន្លឺ​ភ្លើង​ព្រះវិហារ​បរិសុទ្ធ​នៅពេល​យើង​បាន​ទៅ​ដល់​ទីក្រុង ខាតស្តុន ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ចូល​និវត្តន៍​ពី​ការងារ​របស់​គាត់​នៅ​ទីក្រុង កាលហ្គារី ម្តាយ​របស់​ខ្ញុំ​បាន​ប្តូរ​ទៅ​នៅ​ទីក្រុង​ខាតស្តុន ហើយ​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការបម្រើ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ចូលចិត្ត​លេង​ព្យាណូ​ខ្យល់ ហើយ​ជួយ​ឲ្យ​មាន​ការបំផុស​នូវ​គាវរភាព​នៅ​ទី​នោះ ។ ទីបន្ទាល់ និង​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ គឺ​បាន​បញ្ជាក់​បង្ហាញ​តាមរយៈ​សេចក្តីសប្បុរស​របស់​គាត់​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​របស់​គាត់ ។ ចំពោះ​ខ្ញុំ​គាត់​គឺ​ជា​គំរូ​មួយ​ដ៏​រឹងមាំ​នៃ​ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឪពុកម្តាយ​របស់​ខ្ញុំ—ជា​អ្នក​ត្រួសត្រាយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ—ចំពោះ​ការបូជា​ក្នុង​ការងារ សាច់ញាតិ ទឹកដី​កំណើត និង ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ។ ពួកគាត់​បាន​លះបង់​យ៉ាង​ច្រើន ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគាត់​យ៉ាង​លើសលុប—និង​ពូជពង្ស​របស់​ពួកគាត់—ដោយសារ​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ ។