ឆ្នាំ​២០១៦
ការប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ
December 2016


ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ការប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​ការជួយ​ពួកយើង ទាំងអស់​គ្នា ឲ្យ​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។ តើ​អ្នក​កំពុង​ដាក់​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ជា​អាទិភាព​ដែរ​ឬ​ទេ ?

scripture study

នៅក្នុង​ព្រះគម្ពីរ​មរមន អាមូលេក​ប្រកាស​នូវ​ទេសនាកថា​ដ៏​មាន​ឥទ្ធិពល​មួយ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៣៤ ) ។ ក្នុង​ចំណោម​ខគម្ពីរ​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅក្នុង​ជំពូក​នេះ មាន​ខគម្ពីរ​មួយ​ដែល​ទាក់​ចិត្ត​ខ្ញុំ​គឺ​នៅពេល​អាមូលេក​ថ្លែង​ថា « ដ្បិត​មើល​ចុះ ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ( អាលម៉ា ៣៤:៣២ ) ។

ដោយ​ជឿ​ថា​គោលបំណង​នៃ​ជីវិត​នេះ​គឺ « ដើម្បី​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » នោះ​យើង​អាច​សួរ​ខ្លួន​យើង​នូវ​សំណួរ​ទាំងនេះ ៖ តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ខ្លះ​រៀងរាល់​ថ្ងៃ រាល់​សប្តាហ៍ និង រាល់​ខែ ដើម្បី​ប្រុងប្រៀប​ខ្លួន​សម្រាប់​ឱកាស​ជួបជុំ​គ្នា​ដ៏​អស្ចារ្យ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង​នោះ ? តើ​ខ្ញុំ​នឹង​ជ្រើសរើស​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ដែល​ផ្តល់​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

តើ​យើង​នឹង​ប្រុងប្រៀប​ខ្លួន​យ៉ាង​ដូចម្ដេច ?

មាន​របៀប​ជា​ច្រើន​ដែល​យើង​អាច​ចំណាយ​ពេលវេលា​របស់​យើង ដើម្បី​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ខ្ញុំ​ជឿ​ថា យើង​អាច​យល់​ស្រប​ថា ពេលវេលា​ដ៏​សំខាន់​បំផុត​នៃ​សប្តាហ៍ គឺ​ជា​ពេល​ចំណាយ​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ដោយ​រំឭក​សេចក្តីសញ្ញា​យើងជាមួយព្រះវរបិតាសួគ៌ និង សេចក្តី​សង្ឃឹម​ដែល​យើង​ទាំងអស់​គ្នា​អាច​មាន ដែល​ជា​លទ្ធផល​នៃ​ដង្វាយធួន​របស់​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​ក៏​ជឿ​ផងដែរ​ថា ពេលវេលា​ដែល​យើង​ចំណាយ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ប្រុងប្រៀប​ខ្លួន​របស់​យើង​ជាង​អ្វី​ដែល​យើង​ដឹង​ទៅ​ទៀត ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឱកាស​នោះ យើង​ត្រូវតែ​វាយ​តម្លៃ​ពី​របៀប​ដែល​យើង​ចូលរួម​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។

គោល​បំណង​នៃ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​គឺ​ដើម្បី « ពង្រឹង​ដល់​សេចក្តីជំនឿ​របស់​បុគ្គល​ម្នាក់ៗ និង សេចក្តីជំនឿ​របស់​ក្រុម​គ្រួសារ ទៅ​លើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការបង្រៀន ការរៀន និង​ការរាប់អាន » ។ ធាតុ​នៃ​ការប្រែចិត្តជឿ​ដ៏​ចាំបាច់​ទាំង​នេះ មាន​សារៈសំខាន់​នៅក្នុង​ការខិតខំ​ប្រុងប្រៀប​ខ្លួន​របស់​យើង​ទៅ​ជួប​នឹង​ព្រះ ។ យើង​មាន​ចិត្ត​រំភើប​ជា​ខ្លាំង ដែល​គ្រូបង្រៀន​នៅ​ទូទាំង​សាសនាចក្រ​កំពុង​ធ្វើ​ការ​កែលម្អ​សមត្ថភាព​របស់​ពួកគាត់​ក្នុង​ការបង្រៀន​ដោយ​ប្រើ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង ការប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន ។

ប៉ុន្តែ​ការកែលម្អ​ការបង្រៀន​តែ​មួយ​មុខ វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។ វា​ត្រូវ​ផ្គួប​គ្នា​នឹង​កិច្ចខិតខំ​របស់​យើង​ដើម្បី​រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​ត្រូវ​តាំង​ចិត្ត​រៀនសូត្រ « ដោយ​ការសិក្សា និង ដោយ​សេចក្ដី​ជំនឿ​ផងដែរ » ( គ. និង ស. ១០៩:៧ ) ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព ។ យើង​ត្រូវតែ ធ្វើ ប្រសិនបើ​យើង​ចង់ ដឹង ( សូមមើល យ៉ូហាន ៧:១៧ ) ។

ថ្នាក់​រៀន​នៅ​សាលា​ថ្ងៃ​អាទិត្យ​របស់​យើង អាច​លើក​កម្ពស់​ការបង្រៀន និង ការរៀន​សូត្រ​បែប​នេះ​បាន នៅពេល​ដែល​ថ្នាក់​រៀន​ទាំងនោះ​គឺ​ជា​កន្លែង​ដ៏​មាន​សុវត្ថិភាព ដើម្បី​ចែកចាយ​បទពិសោធន៍ ដែល​យើង​មាន និង ការបំផុសគំនិត​ដែល​ពួកគេ​បាន​ទទួល​អំឡុង​ពេល​ក្នុង​សប្តាហ៍ ខណៈ​ដែល​ពួកគេ​កំពុង​រៀន និង អនុវត្ត​ខគម្ពីរ​នៅក្នុង​រៀបចំ​ដើម្បី​មក​រៀន ។ នៅពេល​យើង « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គោលលទ្ធិ​នៃ​នគរ… ឲ្យ​ទាំងអស់​បាន​ស្អាង​ឡើង​ទាំងអស់​គ្នា » ( គ. និង ស. ៨៨:៧៧, ១២២ ) ។

រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីករាយ​ចិត្ត

ថ្មីៗនេះ គណៈប្រធាន​ទីមួយ​បាន​អញ្ជើញ​ពួក​យើង​ម្នាក់ៗ​ឲ្យ « រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីករាយ​ចិត្ត » ( អេសាយ ៥៨:១៣ ) នៅក្នុង​ជីវិត​របស់​យើង ។ បទពិសោធន៍​ប្រជុំ​បី​ម៉ោង​នា​ថ្ងៃ​អាទិត្យ​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​នោះ ។

នៅក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​សួរ​សំណួរ​មួយ​ផ្សេង​ទៀត ៖ ជួនកាល​ហេតុអ្វី​យើង​ជ្រើសរើស​ពុំ​ចាប់​យក​ឱកាស​ចូលរួម​ពេញលេញ​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ដូច្នេះ ?

នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ « ការដាក់​ជំនួស » ជាច្រើន​ផ្សេងៗ​គ្នា ក្នុង​ម៉ោង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ រួមមាន​ការសួរសុខទុក្ខ​នៅ​តាម​ផ្លូវ​ដើរ​ក្នុង​សាល​ប្រជុំ ថ្នាក់​ដឹកនាំ​វួដ​ធ្វើ​ការសម្ភាសន៍​នានា ថ្នាក់​ដឹកនាំ​ស្តេក​បំពាក់បំប៉ន​អ្នក​នៅ​ក្រោម​ឱវាទ​របស់​ពួកគេ​នៅ​ក្នុង​វួដ និង ថ្នាក់​ដឹកនាំ​យុវវ័យ​រៀបរាប់​ពី​កម្មវិធី​នានា​ដែល​ជា​កង្វល់​របស់​ពួកគេ ។

ដោយ​សារ​ការត្រូវការ​ពេលវេលា​ដ៏​ច្រើន​របស់​ពួកគេ នោះ​ខ្ញុំ​យល់​ពី​មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​ប្រើ​ពេលវេលា​នៃ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ ។ ប៉ុន្តែ​វា​ជា​ពរជ័យ​អ្វី​ម្ល៉េះ​ដល់​អស់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ នៅពេល​ថ្នាក់​ដឹកនាំ​វួដ​ញែក​ពេល​មួយ​ម៉ោង ចូលរួម​នៅក្នុង​ការពិភាក្សា​ដំណឹង​ល្អ​ជាមួយ​សមាជិក​នៃ​ក្រុម​ជំនុំ​របស់​ខ្លួន ។

ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា អ្នក​ធ្លាប់​មាន​បទពិសោធន៍​ផ្សេង​ទៀត​នៃ « ការព្រងើយ​កន្តើយ​នឹង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ » ។ ដ្បិត​ដោយ​សារហេតុផល​ណា​មួយ ឬ ហេតុផល​ផ្សេង​ទៀត ពួកយើង​ជា​ច្រើន​នាក់​បាន​មាន​អារម្មណ៍​ថា ជាច្រើន​លើក​ច្រើន​គ្រា​យើង​ពុំ​បាន​ប្រយោជន៍​អ្វី​ច្រើន​ពី​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ដូច​ចិត្ត​យើង​ចង់​បាន​ឡើយ ។ ខ្ញុំ​បាន​រៀន​ថា បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ ត្រូវបាន​កំណត់​កាន់តែ​ច្រើន​តាមរយៈ​ការរៀបចំ និង ការចូលរួម​របស់​ខ្ញុំ ដូច​គ្រូ​បង្រៀន​របស់​ខ្ញុំ​បាន​ធ្វើ​ផងដែរ ។ បងប្រុស ថាត អរ ខាលីស្ទើរ ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ​បាន​សរសេរ​ថា « គ្រប់​ពេល​យើង​សិក្សា​ព្រះគម្ពីរ មក​ថ្នាក់​រៀន​ដោយ​មាន​ការរៀបចំ​ខ្លួន​ប្រសើរ​ជាង​មុន​បន្តិច ចូលរួម​ការពិភាក្សា​ក្នុង​ថ្នាក់ សួរ​សំណួរ និង កត់ត្រា​ការបំផុស​គំនិត​ដ៏​ពិសិដ្ឋ​នានា នោះ​យើង​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះ ហេតុដូច្នេះ​ហើយ​វា​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ដក​ពិសោធន៍​នូវ​អំណរ​ដែល​ទ្រង់​មាន » ។

ការរៀបចំ និង ការរក្សា​ម៉ោង​រៀន​នា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ប្រឹង​អស់​ពី​សមត្ថភាព​ខ្លួន ដើម្បី​រៀបចំ និង រក្សា​ម៉ោង​រៀន​នា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ សមាជិក​វួដ និង សាខា​ម្នាក់ៗ រួមទាំង​ថ្នាក់​ដឹកនាំ​របស់​យើង គួរតែ​មាន​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ អំឡុង​ពេល​ដ៏​សំខាន់​នេះ​រៀងរាល់​សប្តាហ៍ ។

កំណត់​ចំណាំ

  1. ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ១២.១ ។

  2. ថាត អរ ខាលីស្ទើរ « The Joy of Learning » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ១៤ ។