បុណ្យគ្រីស្ទម៉ាស់ដ៏ប្លែកមួយ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ។
វាមានការលំបាកណាស់ដែលពុំឃើញម៉ាក់ ប៉ុន្តែបុណ្យគ្រីស្ទម៉ាស់នៅតែសប្បាយ ។
« ចូរចាំពីទ្រង់ នៅពេលអ្នកស្រមៃពីបុណ្យគ្រីស្ទម៉ាស់ឆ្នាំនេះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥០ ភាសាអង់គ្លេស ) ។
វាជិតដល់បុណ្យគ្រីស្ទម៉ាស់ហើយ ប៉ុន្តែ ឌីអាហ្គោគ្មានចិត្តរំភើបអ្វីឡើយ ។ នេះគឺជាបុណ្យគ្រីស្ទម៉ាស់ឆ្នាំដំបូង ចាប់តាំងពីឪពុកម្តាយរបស់គាត់បានលែងលះគ្នាមក ។ ហើយគាត់គ្មានអារម្មណ៍ដូចមុនទេ ។ គាត់ និង ប្អូនប្រុសគាត់សាំយូអែល នឹងមិនឃើញម៉ាក់ទៀតឡើយនៅបុណ្យគ្រីស្ទម៉ាក់នេះ ។
ឌីអាហ្គោបាននិយាយទៅប៉ាថា « អ្វីៗគ្រប់យ៉ាងវាផ្លាស់ប្តូរហើយ » ។
« ប៉ាដឹង » ។ ប៉ាមានទឹកមុខសោកសៅ ។ « ជួលកាលរឿងរ៉ាវនានាផ្លាស់ប្តូរមុនវាបានប្រសើរឡើង » ។ គាត់ស្ងាត់មួយសន្ទុះ ហើយបានញញឹម ។ « បុណ្យគ្រីស្ទម៉ាស់ឆ្នាំនេះ នឹង ប្លែក ប៉ុន្តែពុំមែនមានន័យថាយើងពុំអាចសប្បាយរីករាយនោះទេ ។ យើងនៅតែអាចប្រារព្ធពិធីប្រសូតរបស់ព្រះអង្គសង្គ្រោះបាន » ។
ឌីអាហ្គោបានងក់ក្បាល ។ វាមានការលំបាកណាស់ដែលពុំឃើញម៉ាក់ ប៉ុន្តែបុណ្យគ្រីស្ទម៉ាស់ អាច នៅតែសប្បាយដូចប៉ាទើបបាននិយាយ ។ ឌីអាហ្គោចង់ធ្វើឲ្យបុណ្យគ្រីស្ទម៉ាស់នេះជាគ្រាមួយដ៏រីករាយ ។
គាត់បានទៅបន្ទប់របស់គាត់ដើម្បីគិតពីរឿងនោះ ។ ជួនកាលពេលបុណ្យគ្រីស្ទម៉ាស់ ពួកគេធ្វើការបម្រើជាគ្រួសារ ។ តើឆ្នាំនេះពួកគេនឹងធ្វើអ្វី ?
ឌីអាហ្គោ បានមើលជុំវិញបន្ទប់របស់ខ្លួន ។ គាត់បានឃើញឡានជ័រមួយ ដែលគាត់ឈប់លេងវា ។ គាត់បានរើសវាឡើង ហើយបង្វិលកង់ឡាននោះ ។ ឡាននោះពុំទាន់ខូចនៅឡើយទេ ។ ប្រហែលជាគាត់ និង ប៉ា ព្រមទាំងសាំយូអែល អាចឲ្យប្រដាប់ប្រដាក្មេងលេងមួយចំនួនទៅក្មេងៗដែលគ្មានប្រដាប់លេងទាំងនោះ ! គាត់បានរកឃើញប្រដាប់ប្រដាក្មេងលេងមួយចំនួនទៀត ហើយដាក់វានៅក្នុងកាបូបជាមួយនឹងឡានជ័រនោះ ។
នៅពេលឌីអាហ្គោបានប្រមូលវាហើយ គាត់បានយកកាបូបនោះទៅបន្ទប់របស់សាំយូអែល ។ គាត់បានសួរថា « តើបងអាចជួយសម្អាតបន្ទប់ប្អូនបានទេ ? វានឹងធ្វើឲ្យប៉ាមានការភ្ញាក់ផ្អើល » ។
សាំយូអែលបានងាកចេញពីរូបភាពដែលគាត់កំពុងគូរ ។ « បាទបាន » ។
ក្មេងប្រុសទាំងពីរបានធ្វើការរួមគ្នាសម្អាតបន្ទប់របស់សាំយូអែល ។ ឌីអាហ្គោបានប្រាប់គាត់អំពីផែនការនោះ ។ ពួកគេបានរកឃើញប្រដាប់ប្រដាក្មេងលេងមួយចំនួន ដែលសាំយូអែលឈប់លេងវា ហើយដាក់វាបន្ថែមចូលទៅក្នុងកាបូប ។
ពេលពួកគេបានសម្អាតចប់ហើយ នោះពួកគេបានយួរកាបូបចុះមកជាន់ក្រោម ។ ឌីអាហ្គោបាននិយាយថា « ប៉ា ពួកកូនមានប្រដាប់ប្រដាក្មេងលេងមួយចំនួន ដែលពួកកូនឈប់លេងវាទៀតហើយ ។ តើពួកកូនអាចឲ្យវាទៅក្មេងៗដែលគ្មានប្រដាប់ប្រដាលេងទាំងនេះបានទេ ? »
ប៉ាបានមើលដោយក្តីរំភើប ហើយរីករាយ ។ « នោះជាយោបល់ល្អណាស់ ! ចូរយើងយកវាទៅមជ្ឈមណ្ឌលដែលមើលថែអ្នកដែលគ្មានផ្ទះនារសៀលនេះ » ។
ការទៅលេងមជ្ឈមណ្ឌលនោះសប្បាយណាស់ ។ ឌីអាហ្គោ និង សាំយូអែលលេងជាមួយក្មេងៗទាំងនោះ ពេលប៉ាបាននិយាយជាមួយមនុស្សពេញវ័យ ។
នៅតាមផ្លូវទៅផ្ទះវិញ ប៉ាបានសួរថាតើមានអ្វីខ្លះទៀតដែលពួកគេអាចធ្វើ ដើម្បីឲ្យបុណ្យគ្រីស្ទម៉ាស់នេះពិសេសនោះ ។
ឌីអាហ្គោបាននិយាយថា « កាលពីបុណ្យគ្រីស្ទម៉ាស់ឆ្នាំមុនយើងបានធ្វើនំឲ្យអ្នកជិតខាងយើង » ។
ប៉ាបាននិយាយថា « យើងអាចធ្វើវាបាន ។ តោះយើងទៅទិញគ្រឿងមកធ្វើនំឃុកឃី » ។
សាំយូអែលបានគិតថា ធ្វើនំឃុកឃីជាយោបល់ ដ៏ល្អ មួយ ។
កូនប្រុសទាំងពីរនាក់បានជួយប៉ាទិញគ្រឿងផ្សំនៅហាងទំនិញ ។ នៅផ្ទះពួកគេបានលាយម្សៅ ហើយកាត់វាជារាងរូបផ្កាយ និង រូបដើមឈើ ។ ឌីអាហ្គោ និង សាំយូអែលបានដាក់ក្រែមនំឃុកឃីជាពណ៌លឿង និង ពណ៌បៃតង ។ ក្រោយមកពួកគេបានយកថង់នំឃុកឃីទាំងនោះទៅឲ្យអ្នកជិតខាងរបស់ពួកគេ ។
នៅយប់នោះ ឌីអាហ្គោអស់កម្លាំង ប៉ុន្តែមានចិត្តរីករាយ ។ គាត់ និង សាំយូអែល ព្រមទាំងប៉ាបានធ្វើកិច្ចការល្អៗជាមួយគ្នាជាគ្រួសារ ហើយបានជួយមនុស្សដទៃ ។ ប៉ាមានប្រសាសន៍ត្រូវណាស់ ។ បុណ្យគ្រីស្ទម៉ាស់នេះប្លែកពីមុន ប៉ុន្តែវានៅតែសប្បាយ ។