ចម្លើយមកពីថ្នាក់ដឹកនាំនៃសាសនាចក្រ
របៀប អត់ធ្មត់
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១០ ។
ការរង់ចាំអាចជាការលំបាក ។ កុមារដឹងថា វាលំបាក ហើយមនុស្សពេញវ័យក៏ដឹងដូច្នោះដែរ ។ យើងរស់នៅក្នុងពិភពលោកមួយ ដែលមានភោជនីយដ្ឋានលក់អាហារលឿនទាន់ចិត្ត ការផ្ញើសារបន្ទាន់ ខ្សែភាពយន្តដែលអាចរើសបានតាមចិត្ត និង ឆ្លើយតបភ្លាមៗលើសំណួរជ្រៅៗ ឬ សំណួររាក់កំផែល ។ យើងមិនចូលចិត្តរង់ចាំនោះទេ ។ មានអ្នកខ្លះមានអារម្មណ៍ថា សម្ពាធឈាមរបស់ពួកគេបានឡើង នៅពេលពួកគេឈរតម្រង់ជួរទិញអីវ៉ាន់នៅហាងលក់គ្រឿងទេស ដោយរំកិលទៅមុខយឺតជាងអ្នកដែលនៅជុំវិញពួកគេ ។
ភាពអត់ធ្មត់—ជាលទ្ធភាពដើម្បីដាក់ចំណង់របស់យើងឲ្យនៅស្ងៀមក្នុងរយៈពេលមួយ—គឺជាគុណធម៌ដ៏មានតម្លៃ និង កម្ររកបាន ។ យើងចង់បានអ្វីដែលយើងចង់បាន ហើយយើងចង់បានវាឥឡូវនេះ ។ ហេតុដូច្នោះហើយ គំនិតនៃភាពអត់ធ្មត់នោះឯង ដែលវាហាក់ដូចជាមិនទទួលបានការពេញចិត្ត ហើយមានរសជាតិល្វីងជូរចត់ ។
យ៉ាងណាក្ដី គ្មានការអត់ធ្មត់ យើងមិនអាចធ្វើឲ្យព្រះសព្វព្រះហឫទ័យឡើយ យើងមិនអាចទទួលបានភាពគ្រប់លក្ខណ៍ឡើយ ។ ប្រាដកណាស់ការអត់ធ្មត់ គឺជារបៀបធ្វើឱ្យមានបរិសុទ្ធភាព ដែលដុសខាតឲ្យមានការយល់ដឹង បង្កើនសុភមង្គល ផ្តោតលើទង្វើ ហើយនិងផ្តល់សេចក្តីសង្ឃឹមសម្រាប់ភាពសុខសាន្ត ។
ភាពអត់ធ្មត់មិនមែនគ្រាន់តែជាការរង់ចាំនោះទេ។ ការអត់ធ្មត់ពុំមែនជាការចាំរងតែអំពើ ឬក៏ពុំមែនជាការពុំធ្វើអ្វីសោះ ដោយសារតែការភ័យខ្លាចរបស់យើងនោះឡើយ ។ ការអត់ធ្មត់មានន័យថាជា ការរង់ចាំ និង ការកាន់ខ្ជាប់យ៉ាងសកម្ម ។ វាមានន័យថា ទ្រាំទ្រនឹងអ្វីមួយ ហើយធ្វើឲ្យអស់ពីសមត្ថភាព—ដោយខិតខំ សង្ឃឹម ហើយអនុវត្តសេចក្ដីជំនឿ ទទួលបន្ទុកដោយអត់ធន់ ទោះជាបំណងក្នុងចិត្តយើងត្រូវបានពន្យារពេលក៏ដោយ ។ ការអត់ធ្មត់ពុំគ្រាន់ តែជាការប្រកាន់ខ្ជាប់ដោយធម្មតានោះទេ វាគឺជា ការប្រកាន់ខ្ជាប់បានយ៉ាងល្អ ! ការអត់ធ្មត់មានន័យថា បន្តស៊ូទ្រាំជាមួយអ្វីមួយ រហូតដល់ទីបញ្ចាប់ ។ វាមានន័យថា ជាការពន្យារនូវការចង់បានភ្លាមៗ ដើម្បីបានពរជ័យនាពេលអនាគត ។ វាមានន័យថាជាការទប់កំហឹង និង មិនពោលពាក្យអសុរស ។ វាមានន័យថាជាការតទល់នឹងសេចក្តីអាក្រក់ ទោះបីវាទំនងមើលទៅដូចជាល្អក្តី ។
ការអត់ធ្មត់មានន័យថា ការទទួលយកអ្វីដែលពុំអាចផ្លាស់ប្ដូរបាន ហើយប្រឈមមុខនឹងវាដោយចិត្តក្លាហាន ព្រះគុណ និងសេចក្ដីជំនឿ ។ វាមានន័យថា « ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អចំពោះ [ យើង ] ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ » (ម៉ូសាយ ៣:១៩) ។ នៅទីបញ្ចប់ ការអត់ធ្មត់មានន័យថា « រឹងប៉ឹង និងខ្ជាប់ខ្ជួន ហើយឥតបែរចេញក្នុងការកាន់តាមបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី ១ ២:១០ ) រៀងរាល់ពេល រៀងរាល់ថ្ងៃ ទោះជាវាលំបាកក្នុងការធ្វើយ៉ាងណាក៏ដោយ ។
កិច្ចការនៃការអត់ធ្មត់គឺមានន័យខ្លឹមសារជាកិច្ចការទាំងអស់នេះថា ៖ រក្សាព្រះបញ្ញត្តិ ទុកចិត្តលើព្រះជាព្រះវរបិតាសួគ៌របស់យើង បម្រើទ្រង់ដោយភាពទន់ភ្លន់ និងដោយសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ អនុវត្តសេចក្តីជំនឿ និង សង្ឃឹមលើព្រះអង្គសង្គ្រោះ ហើយសូមកុំចុះចាញ់ឡើយ ។ មេរៀនដែលយើងរៀនពីសេចក្តីអត់ធ្មត់នឹងបណ្តុះបុគ្គលិកលក្ខណៈរបស់យើង លើកស្ទួយជីវិតយើងឡើង ហើយលើកកម្ពស់សុភមង្គលរបស់យើង ។ វានឹងជួយយើងឲ្យប្រែក្លាយជាសិស្សស្មោះត្រង់របស់លោកចៅហ្វាយយើងគឺព្រះយេស៊ូវគ្រីស្ទ ។