ឆ្នាំ​២០១៦
អំណាច​នៃ​ព្រះគុណ​របស់​ព្រះ
December 2016


អំណាច​នៃ ព្រះគុណរបស់​ព្រះ

ដកស្រង់​ចេញ​មក​ពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ « ព្រះគុណ​របស់​ទ្រង់​ល្មម​គ្រប់គ្រាន់​សម្រាប់​អ្នក » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-ហាវ៉ៃ នៅថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១៤ ។ សម្រាប់​សុន្ទរកថា​ទាំងមូល សូមចូល​ទៅ​គេហទំព័រ devotional.byuh.edu ។

ព្រះគុណ​មាន​បំណង​ធ្វើ​ឲ្យ​យើង​អាច​កាន់តែ​រក្សា​បទបញ្ញត្តិ​បាន​ល្អ​ឥតខ្ចោះ ហើយ​រស់នៅ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ រហូត​យើង​បាន​ដល់កម្ពស់​នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ ។

Christ appears to the Nephites

រូប​គំនូរ​មក​ពី They Brought Their Little Children ដោយ វ៉លធើរ រ៉ាណេ ហាម​ថង​ចម្លង

លក្ខណៈ​មួយ​ដែល​ប្រហែល​ជា​សំខាន់​ខ្លាំង​បំផុត​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​គឺ​ថា​ទ្រង់ « មាន​ពេញ​ជា​ព្រះគុណ » ( យ៉ូហាន ១:១៤ ) ។ ជា​ញយៗ​នៅក្នុង​ព្រះគម្ពីរ​ពាក្យ ព្រះគុណ សំដៅ​លើ​ការផ្តល់​ឲ្យ និង អំណាច​របស់​ព្រះ​ដើម្បី​ប្រទាន​ពរ ផ្តល់​អំណោយ​ទាន ឬ បើ​ពុំ​នោះ​សោត​ទេ​ជា​ការធ្វើ​ទង្វើ​ដែល​ផ្គាប់​ចិត្ត​មនុស្ស ។ Bible Dictionary បាន​ថ្លែង​ពី​ពាក្យ​នេះ​តាម​របៀប​ដូចនេះ ៖ « គំនិត​ដ៏​សំខាន់​នៃ​ពាក្យ [ព្រះគុណ] គឺ​ជា​មធ្យោបាយ​នៃ​ជំនួយ ឬ កម្លាំង​មក​ពី​ព្រះ ។ … ព្រះគុណ​គឺ​ជា​អំណាច​ដែល​អាច​ធ្វើ​ឲ្យ​ទៅ​រួច​បាន » ( « Grace » ) ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​ធ្វើ និង ក្លាយ​ជា​អ្វី​ដែល​ពួកគាត់​ពុំ​អាច​ធ្វើ ឬ ពុំ​អាច​ប្រែក្លាយ​បាន ប្រសិនបើ​ទុក​ឲ្យ​ធ្វើ​ដោយ​មធ្យោបាយ​នៃ​ខ្លួន​ពួកគាត់​ផ្ទាល់ ។

ពួក​យើង​ទាំងអស់​គ្នា​ត្រូវការ​អំណាច​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ទៅ​រួច​នោះ ។ យើង​គឺ​ជា​បុត្រា និង បុត្រី​ទាំងឡាយ​របស់​ព្រះ ។ ហេតុ​ដូច្នោះ​ហើយ យើង​មាន​សក្ដានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។

អសមត្ថភាព​របស់​យើង​នៅក្នុង​វិញ្ញាណ និង រូបកាយ

ខណៈ​ដែល​រំពឹង​ទុក​ថា យើង​ត្រូវ​សម្រេច​បាន​នូវ « សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ( អេភេសូរ ៤:១៣ ) នោះ​យើង​ពិត​ជា​ពុំ​អាច​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួន​ឯង​ឡើយ ។ យើង​ម្នាក់ៗ​កើត​ឡើង​ពី​ធាតុ​ពីរ​យ៉ាង—វិញ្ញាណ​អស់​កល្ប​ជានិច្ច និង រូបកាយ​រមែង​ស្លាប់ ( សូមមើល អ័ប្រាហាំ ៣:១៨ ) ។ វិញ្ញាណ​អស់​កល្ប​ជានិច្ច​របស់​យើង​មក​កាន់​ផែនដី​នេះ​គឺ​ជា​លទ្ធផល​នៃ​ការជ្រើសរើស​ដែល​បាន​ធ្វើ​កាល​ពី​ពិភព​មុន​ឆាក​ជីវិត​នេះ ។ ជម្រើស​កាល​ពី​ជីវិត​មុន​ផែនដី​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ អត្តចរិត និង បញ្ញា​ខាង​វិញ្ញាណ​របស់​យើង ។ ប្រាកដ​ណាស់ វិញ្ញាណ​ពីរ​ពុំ​អាច​មាន​លក្ខណៈ​ដូច​គ្នា​បាន​ឡើយ ( សូមមើល អ័ប្រាហាំ ៣:១៩ ) ។ វិញ្ញាណ​នីមួយៗ​រីកចម្រើន​តាម​កម្រិត​ផ្សេងៗ​គ្នា​នៃ​បញ្ញា​ខាង​វិញ្ញាណ ឬ ពន្លឺ និង សេចក្តីពិត ( សូមមើល គ. និង ស. ៩៣:៣៦ ) ស្រប​ទៅ​តាម​ជម្រើស​កាល​ពី​ជីវិត​មុន​ផែនដី​របស់​ពួកគេ ។ ទោះបី​ជា​វិញ្ញាណ​របស់​យើង​ម្នាក់ៗ អាច​មក​ក្នុង​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​នៅពេល​កើត​ទាំង​មាន​ភាព​ស្អាតស្អំ និង បរិសុទ្ធ ហើយ​សូម្បី​តែ វិញ្ញាណ​ថ្លៃ​ថ្នូរ ហើយ​អស្ចារ្យ​ក្តី ក៏​គ្មាន​វិញ្ញាណ​របស់​យើង​ណា​មួយ​បាន​អភិវឌ្ឍ​ទៅរក​ភាព​ល្អ​ឥតខ្ចោះ​ចំពោះ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ​នៅ​ឡើយ​ដែរ ។ ភាព​ល្អ​ឥតខ្ចោះ​នៃ​វិញ្ញាណ​អាច​ត្រូវបាន​ស្វែងរក​បាន​អំឡុង​ពេល​នៃ​ការរៀនសូត្រ​នៃ​ជីវិត​រមែង​ស្លាប់​នេះ និង បទពិសោធន៍​បន្ថែម​ទៀត​នៃ​ពិភព​វិញ្ញាណ ប៉ុន្តែ​ភាព​ល្អឥត​ខ្ចោះ​នៃ​វិញ្ញាណ​មិន​ទាន់​បញ្ចប់​ទាំងស្រុង​នៅ​ឡើយ​ទេ រហូត​ដល់​ការរស់​ឡើង​វិញ ។

ក្រៅ​ពី​ភាពមិន​ល្អឥត​ខ្ចោះ​នា​បច្ចុប្បន្ន​នេះ​នៃ​វិញ្ញាណ​របស់​យើង នោះ​រូបកាយ​រមែង​ស្លាប់​របស់​យើង​ក៏​មិន​ល្អ​ឥតខ្ចោះ​ផងដែរ ។ ទោះបី​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចម្លែក​ចិត្ត​ក្តី រូបកាយ​រមែង​ស្លាប់​របស់​យើង​នឹង​ត្រូវ​ពុករលួយ ទ្រុឌទ្រោម​ទៅៗ ហើយ​ស្លាប់ ព្រមទាំង​មាន​បំណង​ប្រាថ្នា ស្រែកឃ្លាន និង ដែល​យើង​មិន​ធ្លាប់​ជួប​ប្រទះ​ដូច​កាល​ពី​ជីវិត​មុខ​ផែន​ដី​ឡើយ ។ នៅក្នុង​ស្ថានភាព​បែប​នេះ វា​មាន​ការលំបាក​ជា​ខ្លាំង ដើម្បី​ឲ្យ​រូបកាយ​ចុះចូល​នឹង​ឆន្ទៈ​នៃ​វិញ្ញាណ​ទាំង​ស្រុង​នោះ ។ ជា​ញឹកញាប់​វិញ្ញាណ​មាន​ទំនោរ​ទៅ​តាម​ស្ថានភាព​នៃ​រូបកាយ ។ វិញ្ញាណ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​មក​លើ​ផែនដី​នេះ មាន​ការលំបាក​ដើម្បី​បង្ក្រាប​រូបកាយ​សាច់​ឈាម​របស់​ពួកគេ ។ នីហ្វៃ​បាន​ស្រែក​ថា « ចិត្ត​ខ្ញុំ​សោកសៅ ព្រោះ​តែ​សាច់ឈាម​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ ព្រោះ​តែ​ការ​ល្បួង​ទាំង​ឡាយ និង​អំពើ​បាប​ទាំង​ឡាយ​ដែល​រំខាន​ខ្ញុំ​ដោយ​ងាយ » ( នីហ្វៃទី ២ ៤:១៧, ១៨ សូមមើល​ផងដែរ ខ​ទី ២៧ ) ។

ភាពពិត​នៃ​ជីវិត​រមែង​ស្លាប់​កាន់តែ​ធ្វើ​ឲ្យ​សង្គ្រាម​រវាង​វិញ្ញាណ និង រូបកាយ​កាន់តែ​មាន​ការពិបាក​ខ្លាំង​ឡើង ។ រូបកាយ​សាច់ឈាម​របស់​យើង​ត្រូវបាន​បង្កើត​ឡើង​ដោយ​ធាតុ​នៃ​ពិភពលោក « ដែល​ធ្លាក់ » ដោយ​ផ្តល់​ដល់​សាតាំង​នូវ « អំណាច​ឲ្យ​ចាប់​ឃុំឃាំង » ( នីហ្វៃទី ២ ២:២៩ ) ។ ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បាន​ធ្វើ​ការអង្កេត​ដូច​តទៅ​នេះ លោក​បាន​មាន​ប្រសាសន៍ដូចនេះ ៖ « សូម​កុំ​គិត​ស្មាន​ថា យើង​ដែល​នៅក្នុង​សាច់​ឈាម​នេះ​នឹង​រួច​ផុត​ពី​ការល្បួង​ឲ្យ​ធ្វើ​បាប​នោះ​ឡើយ ។ មាន​មនុស្ស​ខ្លះ​ស្មាន​ថា នៅក្នុង​សាច់ឈាម​នេះ ពួកគេ​អាច​ត្រូវបាន​ញែក​រូបកាយ និង វិញ្ញាណ ហើយ​ប្រែជា​បរិសុទ្ធ ដែល​ពួកគេ​នឹង​មិន​ទទួល​រង​ឥទ្ធិពល​នៃ​អំណាច​របស់​សាតាំង​ឡើយ ។ ប្រសិនបើ​មនុស្ស​ម្នាក់ អាច​ទទួល​បាន​កម្រិត​នៃ​ភាពល្អ​ឥតខ្ចោះ​នេះ​នៅក្នុង​សាច់​ឈាម នោះ​គាត់​មិន​អាច​ស្លាប់ ហើយ​បន្ត​រស់នៅ​ក្នុង​ពិភពលោក​ដែល​មាន​ឥទ្ធិពល​នៃ​អំពើ​បាប​នេះ​ទេ ។ … ខ្ញុំ​គិត​ថា​យើង​នឹង​កាន់តែ​ទទួល ឬ កាន់តែ​គ្មាន​អារម្មណ៍​ទទួល​ឥទ្ធិពល​នៃ​អំពើ​បាប ដរាប​ណា​យើង​នៅ​មាន​ជីវិត​រស់នៅ ហើយ​ទីបំផុត​ត្រូវ​ឆ្លង​កាត់​នូវ​ការសាកល្បង​ដែល​ជា​សេចក្តីស្លាប់ » ។

អំណាច​នៃ​ព្រះគុណ​របស់​ព្រះ

យើង​ត្រូវការ​អំណាច​របស់​ព្រះ ដែល​អាច​ផ្លាស់ប្រែ​ព្រលឹង​របស់​យើង រួមទាំង​ភាពទន់ខ្សោយ និង កង្វះខាត​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​យើង ឲ្យ​ទៅ​ជា​មាន​លក្ខណៈ​ជា​ព្រះ ដោយ​រួម​មាន​ទាំង​ភាព​ខ្លាំងក្លា គុណធម៌ និង សមត្ថភាព ។ សំណាង​ល្អ អំណាច​របស់​ព្រះ​បែប​នេះ​បន្ត​នៅ​មាន វា​គឺ​ជា​ព្រះគុណ​នៃ​ព្រះ ។ មាន​តែ​តាម​រយៈ​អំណោយ​ទាន​ពិសិដ្ឋ​នៃ​ព្រះគុណ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​យើង « ត្រូវ​បាន​បន្ថែម​ឡើង » ( អ័ប្រាហាំ ៣:២៦ ) ដែល​ក្នុង​ពេល​បែប​នោះ ដែល​យើង​ទទួល​បាន​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ ។ ប្រាកដ​ណាស់ នេះ​គឺ​ពិត​ជា​របៀប​ដែល​ព្រះ​បាន​ទទួល​សេចក្តី​ពោរពេញ​របស់​ទ្រង់ ។

ដូច​ព្រះអម្ចាស់​បាន​ប្រាប់​ដល់​យ៉ូសែប ស្ម៊ីធ​ថា « អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ » ( គ. និង ស. ៥០:២៤ ) ។ ប៉ុន្តែ​ប្រសិនបើ​យើង​ធ្វើ​ជា​ធម្មតា ទុក​វា​មួយ​អន្លើ ឬ ពង្រើយ​កន្តើយ​នឹង​ពរជ័យ​នៃ​សេចក្តី​មេត្តា​ករុណា ដែល​យើង​ទទួល​ពី​ព្រះអម្ចាស់ នោះ « ការណ៍​ដ៏​ធំ​លើសលែង​ទៅ​ទៀត នឹង​ពុំ​ត្រូវ​បាន​សម្ដែង » ដល់​ពួក​យើង​ឡើយ ( នីហ្វៃទី ៣ ២៦:១០ ) ។ នៅក្នុង​ស្ថានភាព​បែប​នោះ យើង​ទទួល « ព្រះគុណ​របស់​ព្រះ​ដោយ​បែប​ឥត​ប្រយោជន៍​ » ( កូរិនថូសទី ២ ៦:១ ) ហើយ​ទីបំផុត « ​ធ្លាក់​ចេញ​ពី​ព្រះ​គុណ » ( គ. និង ស. ២០:៣២ ) ទាំងអស់​គ្នា ។

អ្វីៗ​ទាំងអស់​នេះ​ផ្តល់​យោបល់​ថា យើង​ត្រូវតែ​រៀន​អត់ធ្មត់​ជាមួយ​នឹង​ខ្លួន​យើង និង ជាមួយ​អ្នក​ដទៃ​នៅក្នុង​ភាពទន់ខ្សោយ និង ភាព​មិន​ល្អឥតខ្ចោះ​បច្ចុប្បន្ន​របស់​យើង​នេះ ហើយ​យើង​ត្រូវ​តែ​រៀន​តស៊ូ​នៅក្នុង​ដំណើរការ​សន្សឹមៗ​ដែល​មិន​អាច​ចៀស​រួច​នោះ​នៃ​ការរីកចម្រើន​ទៅរក​ភាព​ល្អ​ឥតខ្ចោះ ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

ការយល់​ដឹង​ពី​របៀប​ដែល​ព្រះគុណ​ត្រូវបាន​ប្រទាន​ឲ្យ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ព្រះគុណ​បំពេញ​ក្នុង​ខ្លួន​ពួកយើង​ទាំងស្រុង ។ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គោលការណ៍​ទីមួយ​ដែល​នាំ​ពួកយើង​ទៅរក​ព្រះគុណ ( សូមមើល រ៉ូម ៥:១-២ ) ។ សេចក្តីពិត សេចក្តីសង្ឃឹម សកម្មភាព និង សាក្សី​បញ្ជាក់​គឺ​ជា​ធាតុ​សំខាន់​នៃ​សេចក្តីជំនឿ ហើយ​គឺ​ជា​មាគ៌ា​ដើម្បី​ទទួល​បាន​ព្រះគុណ​របស់​ព្រះអម្ចាស់ ។

ឧទាហរណ៍ សូម​ពិចារណា​ពី​បទពិសោធន៍​របស់​ពេត្រុស ដែល​បាន​ដើរ​លើ​ទឹក​ទៅ​រក​ព្រះអម្ចាស់ ។ ជា​ច្រើន​លើក​ច្រើន​គ្រា ដូច​ជា​រូប​យើង​ផងដែរ ពេត្រុស និង ពួកសិស្ស​កំពុង​នៅ​ក្នុង​ព្យុះ​សមុទ្រ ។ ព្រះយេស៊ូវ​បាន​យាង​មក​រក​ពួកលោក ដោយ​យាង​ដើរ​លើ​ទឹក ហើយ​បង្គាប់​ឲ្យ​ពួកគេ​ដើរ​មក​រក​ទ្រង់ ។ ដោយ​សេចក្តីជំនឿ ពេត្រុស​បាន​ចុះ​ចេញ​ពី​ទូក ដើរ​ទៅ​ក្នុង​រលក​សមុទ្រ​ឈូ​ឆរ ហើយ​បាន​ដើរ​ទៅរក​ព្រះអម្ចាស់ ។ សេចក្តីសង្ឃឹម​របស់​លោក​លើ​ព្រះគ្រីស្ទ រួម​ផ្សំ​នឹង​ទង្វើ​នៃ​ការប្តេជ្ញា​ចិត្ត ធ្វើ​ឲ្យ​លោក​ទទួល​អំណាច​នៃ​ការដើរ​លើ​ទឹក ។ ប៉ុន្តែ ដោយ​បាន​មើល​ទៅ​ព្យុះ​នៅ​ជុំ​វិញ​លោក នោះ​ពេត្រុស​មាន​មន្ទិល​សង្ស័យ ហើយ​ចាប់ផ្តើម​លិច​ចុះ​ទៅ​ក្នុង​ទឹក ។ លោក​បាន​ស្រែក​ឡើង​ថា « ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង » ។ ជា​ចម្លើយ​ឆ្លើយ​តប ព្រះគម្ពីរ​កត់ត្រា​ថា « ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម » ( ម៉ាថាយ ១៤:៣០–៣១ ) ។ នៅពេល​ពេត្រុស​បាន​សម្លឹង​មើល​ទៅ​ព្រះអម្ចាស់ ហើយ​ប្រព្រឹត្តិ​ដោយ​សេចក្តីជំនឿ នោះ​លោក​មាន​អំណាច​ដើម្បី​ធ្វើ​អ្វី​ដែល​លោក​ពុំ​អាច​ធ្វើ​ដោយ​ខ្លួន​លោក​ផ្ទាល់—គឺ​ការដើរ​លើ​ទឹក ។

The Savior Walked on Water

រូប​គំនូរ​មក​ពី The Savior Walked on Water ដោយ វ៉លធើរ រ៉ាណេ ហាម​ថង​ចម្លង

នៅពេល​ពេត្រុស​ពុំ​បាន​សម្លឹង​មើល​ទៅ​ព្រះអម្ចាស់ ហើយ​សង្ស័យ នោះ​ពេត្រុស​បាន​បំបែក​ខ្លួន​លោក​ពី​អំណាច​នោះ ដោយ​ទុក​ឲ្យ​នៅ​តែ​អំណាច​ខ្លួន​ឯង ហើយ​បាន​ចាប់​ផ្តើម​លិច​ចុះ​ទៅ​ក្នុង​ទឹក ។ សូម​កត់សម្គាល់​ឲ្យ​ច្បាស់​ពី​ការឆ្លើយ​តប​របស់​ព្រះអម្ចាស់​ចំពោះ​ការស្រែក​រក​ជំនួយ​របស់​ពេត្រុស ។ « ស្រាប់តែ » ព្រះអម្ចាស់​បាន​លាត​ព្រះហស្ត​ទ្រង់​សង្គ្រោះ​លោក ។ បទពិសោធន៍​នោះ​បង្ហាញ​ពី​ព្រះគុណ​របស់​ព្រះអម្ចាស់​នៅក្នុង​គ្រា​ដែល​យើង​ត្រូវការ ។

ការប្រែចិត្ត

ការប្រែចិត្ត​ជា​គោលការណ៍​ទី​ពីរ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះគុណ​បំពេញ​ក្នុង​ខ្លួន​របស់​យើង ។ មរមន​បាន​បង្រៀន​ដូចនេះ ៖ « មាន​ពរ​ហើយ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ប្រែ​ចិត្ត ហើយ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ព្រោះ​គឺ​គេ​ទាំង​នេះ​ហើយ​ដែល​នឹង​បាន​សង្គ្រោះ ។ ហើយ​សូម​ឲ្យ​ព្រះ​ប្រទាន … ឲ្យ​មនុស្ស​អាច​បាន​នាំ​ទៅ​កាន់​ការ​ប្រែចិត្ត និង​កិច្ចការ​ល្អ​ទាំង​ឡាយ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​សាង​ឡើង​វិញ ពី​គុណ​មួយ​ទៅ​គុណ​មួយ ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​គេ » ( ហេលេមិន ១២:២៣–២៤ ) ។ ចេញ​ពី​ខគម្ពីរ​នេះ វា​បង្ហាញ​ច្បាស់​ថា ដួងចិត្ត​ដែល​ប្រែចិត្ត និង កិច្ចការ​ល្អ​គឺ​វា​ស្រប​គ្នា​នឹង​ព្រះគុណ ។

សូម​ពិចារណា​អំពី​គំរូ​របស់​អាលម៉ា​ជា​កូន ។ លោក និង បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ « ជា​មនុស្ស​ដែល​មាន​បាប​ទាំង​ឡាយ » ( ម៉ូសាយ ២៨:៤ ) ។ នៅពេល​ទេវតា​នៃ​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ដល់​អាលម៉ា លោក​បាន​ប្រឈម​មុខ​ជាមួយ​នឹង​អំពើបាប និង អំពើ​ទុច្ចរិត​ទាំងអស់​ក្នុង​ជីវិត​លោក ។ នា​គ្រា​នោះ​លោក​បាន​ប្រែជា « ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៦:១២ ) ។ លោក​បាន​មាន​ប្រសាសន៍​ថា « គ្រាន់តែ​គិត​ដល់​ការ​ចូល​ទៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​របស់​ឪពុក ក៏​បាន​ញាំញី​ព្រលឹង​ឪពុក​ទៅ​ហើយ ដោយ​សេចក្ដី​រន្ធត់​ដ៏​មិន​អាច​ថ្លែង​បាន » ( អាលម៉ា ៣៦:១៤ ) ។ ប៉ុន្តែ​អាលម៉ា​ចងចាំ​ថា ឪពុក​របស់​លោក​បាន​មាន​ប្រសាសន៍​អំពី​ការយាង​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក ។ ការចងចាំ​នេះ​ធ្វើ​ឲ្យ​លោក​រំជួលចិត្ត ដោយ​យំ​ក្នុង​ចិត្ត​លោក​ថា « ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង » ( អាលម៉ា ៣៦:១៨ ) ។ ស្រាប់​តែ​លោក « ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់ [ របស់​លោក ] ទៀត ហើយ​ក៏​អស់​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់ [ លោក ] ទៀត​ទៅ » ( អាលម៉ា ៣៦:១៩ ) ។

angel appears to Alma the Younger

ដកស្រង់​ចេញពី អាលម៉ាដឹងខ្លួន​ឡើង​វិញ ដោយ វ៉លធើរ រ៉ាណេ ហាមថតចម្លង

ព្រលឹង​ទុក្ខព្រួយ​ដែល​ប្រែចិត្ត​របស់​អាលម៉ា បាន​នាំ​ទៅ​រក​អំណាច​ដែល​សម្អាត និង ផ្លាស់ប្រែ​លោក​ឲ្យ​ក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី ។ លោក​ឈប់​ចង់​ព្យាយាម​បំផ្លិច​បំផ្លាញ​សាសនាចក្រ​របស់​ព្រះ​ទៀត​ហើយ ។ ផ្ទុយ​ទៅវិញ អស់​មួយ​ជីវិត​របស់​លោក អាលម៉ា​បាន​ធ្វើ​ការ ដើម្បី​ស្ថាបនា​សាសនាចក្រ​ឡើង ដោយ​ជួយ​ដល់​មនុស្ស​ដទៃ​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការប្រែចិត្តជឿ​របស់​អាលម៉ា​ជាកូន​ពី​មនុស្ស​ដែល​មាន​បាប​ទាំង​ឡាយ ទៅ​ជា​ព្យាការី​របស់​ព្រះ គឺ​ជា​គំរូ​មួយ​ដ៏​អស្ចារ្យ​អំពី​អំណាច​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់ ដើម្បី​រាប់​ទុក​ជា​សុចរិត និង ញែក​ពួក​យើង​ម្នាក់ៗ ។

ភាពទាប​រាបសា

គោលការណ៍​ទីបី​គឺ​ភាពទាប​រាបសា ។ ព្រះអម្ចាស់​បាន​បង្រៀន​មរ៉ូណៃ​ថា « គុណ​របស់​យើង មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ដ្បិត​បើសិន​ជា​ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។ ការធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ប្រែ​ទៅ​ជា​ខ្លាំង​គឺ​ជា​កិច្ចការ​នៃ​ព្រះគុណ ។

ប្រសិនបើ​ភាពទាបរាបសា​មាន​ភាព​ចាំបាច់ នោះ​យើង​គួរ​និយាយ​អំពី​អ្វី​ដែល​ជា​ភាព​ទាបរាបសា ។ និយាយ​ឲ្យ​ខ្លី​ទៅ ភាពទាបរាបសា​គឺ​ជា​ឆន្ទៈ​ចុះចូល​របស់​បុគ្គល​ម្នាក់​ទៅ​នឹង​ព្រះទ័យ​របស់​ព្រះ និង ការថ្វាយ​កិត្តិយស​ដល់​ទ្រង់ សម្រាប់​អ្វី​ដែល​បាន​សម្រេច​មក ។ ក្នុង​ស្មារតី​នេះ ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​បំផុត​របស់​យើង ។ ភាពទាបរាបសា និង ការចុះចូល​របស់​ទ្រង់​បាន​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ អំឡុង​ពេល​ពលិកម្មធួន​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( ម៉ាថាយ ២៦:៣៩ ) ។ ភាពពោរពេញ​នៃ​ព្រះគុណ​របស់​ព្រះ​បាន​បំពេញ​ក្នុង​ព្រះគ្រីស្ទ​នៅក្នុង​ឱកាស​នេះ​ឯង ។

សេចក្ដី​ឧស្សាហ៍

គោលការណ៍​ទីបួន​គឺ​ភាពឧស្សាហ៍​ព្យាយាម ។ ដូច​នីហ្វៃ​បាន​បង្រៀន​ប្រជាជន​របស់​លោក « មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ​បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី ២ ២៥:២៣ ) ។ អ្នក​ខ្លះ​ពេល​អាន​ខគម្ពីរ​នេះ​ហើយ​គិត​ថា ព្រះគុណ​របស់​ព្រះ​ត្រូវបាន​សម្តែង​ឡើង លុះត្រា​យើង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ។ ខ្ញុំ​មិន​យល់​វា​តាម​របៀប​នេះ​ឡើយ ។ មាន​ឧទាហរណ៍​សាមញ្ញ​ជា​ច្រើន អំពី​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​ដល់​មនុស្ស ដោយ​បុគ្គល​នោះ​ពុំ​បាន​ធ្វើ​អ្វី​សោះ​ឡើយ ។ ឧទាហរណ៍ អំណាច​នៃ​ការរស់ឡើង​វិញ ត្រូវបាន​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយសារ​ព្រះគុណ​នៃ​ព្រះ ដោយ​មិន​គិត​ពី​កិច្ចខិតខំ​របស់​បុគ្គល​ម្នាក់ៗ​ឡើយ ។ ខ្ញុំ​យល់​ពី​ពាក្យ​របស់​នីហ្វៃ​ដែល​ថា « អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ » មាន​ន័យ​ថា ព្រះគុណ​នៃ​ព្រះ​ត្រូវបាន​ប្រទាន​ដល់​ពួកយើង នៅពេល​យើង​មាន​សេចក្តី​ឧស្សាហ៍​ព្យាយាម ។ ដូច​អែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន អតីត​សមាជិក​នៃ​ពួកចិតសិប​នាក់​បាន​សរសេរ​ថា « អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកយើង​មិន​ចាំបាច់​តែ​ក្នុង​ការកំណត់​ថា ‹ បន្ទាប់​ពី › គ្រប់​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​នោះ​ទេ ។ យើង​អាច​ទទួល​បាន​ព្រះគុណ​របស់​ទ្រង់ មុនពេល អំឡុង​ពេល និង បន្ទាប់​ពី​ពេល​ដែល​យើង​ធ្វើ​ការខិតខំ​ផ្ទាល់​ខ្លួន​របស់​យើង​ទៅ​ទៀត » ។

សូម​ពិចារណា​ពី​គំរូ​នៃ​បង​របស់​យ៉ារេឌ ។ លោក​ត្រូវបាន​បង្គាប់​ឲ្យ​សង់​ភេត្រា ហើយ​ជិះ​វា​ឆ្លង​កាត់​មហា​សមុទ្រ ។ មួយ​ជំហាន​ម្តងៗ បង​របស់​យ៉ារេឌ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម​ក្នុង​ការធ្វើ​តាម​ការបង្គាប់​របស់​ព្រះអម្ចាស់ ។ នៅពេល​លោក​បាន​សង់​ភេត្រា​រួច បង​របស់​យ៉ារេឌ​បាន​ខ្វល់​ពី​ភាពងងឹត​នៅក្នុង​ភេត្រា ហើយ​បាន​ទូលសុំ​ដល់​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពន្លឺ​ដល់​ពួកគេ ។ ខណៈ​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​មធ្យោបាយ​រួច​ជាស្រេច​ដល់​បង​របស់​យ៉េរេឌ ផ្ទុយ​ទៅវិញ​ទ្រង់​បាន​សួរ​ថា « តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​នៅក្នុង​ភេត្រា​ទាំងឡាយ​របស់​អ្នក ? » ( អេធើរ ២:២៣ ) ។ នៅក្នុង​ការឆ្លើយតប​វិញ បង​របស់​យ៉ារេឌ​បាន​រៀបចំ ក្រួស ១៦ ដុំ ដាក់​បង្ហាញ​ដល់​ព្រះអម្ចាស់ ហើយ​បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ពាល់​វា​ប្រយោជន៍ « ឲ្យ​វា​អាច​បាន​ភ្លឺ​ចែងចាំង​ក្នុង​ទី​ងងឹត » ( សូមមើល អេធើរ ៣:១–៤ ) ។

បង​របស់​យ៉ារេឌ​ពុំ​បាន​បំពេញ​គ្រប់​កិច្ចការ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​ធ្វើ​ឡើយ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះចេស្តា​របស់​ទ្រង់​ជំនួស​ឲ្យ​បង​របស់​យ៉ារេឌ ដោយ​ពាល់​ក្រួស​នីមួយៗ ហើយ​ធ្វើ​ឲ្យ​ក្រួស​នោះ​មាន​ពន្លឺ​ដែល​ចាំបាច់​សម្រាប់​ការធ្វើ​ដំណើរ​តាម​សមុទ្រ​ដោយ​បាន​គិត​គូរ​ទុក​ជាមុន ។ នៅក្នុង​ការធ្វើ​ដូច្នោះ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះទ័យ និង ភាពត្រៀម​រួច​ជា​ស្រេច​របស់​ទ្រង់ ដើម្បី​ប្រទាន​អំណាច​ជា​ព្រះ​របស់​ទ្រង់​ដល់​ពួកយើង នៅពេល​យើង​ឧស្សាហ៍​ព្យាយាម​ធ្វើ​កិច្ចការ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ។

ការគោរព​ប្រតិបត្តិ

គោលការណ៍​ទីប្រាំ​គឺ​ការគោរព​ប្រតិបត្តិ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ដ្បិត​បើ​សិន​ជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ » ( គ. និង ស. ៩៣:២០ ) ។ មរ៉ូណៃ​បាន​សរសេរ​បែប​នេះ ៖ « បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ១០:៣២ ) ។

ដោយ​ពុំ​បន្ទាបបន្ថោក​ការបញ្ជា​របស់​ព្រះអម្ចាស់ ឲ្យ​រក្សា​បទបញ្ញត្តិ ឬ ការបង្គាប់​របស់​មរ៉ូណៃ​ឲ្យ​យើង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ នោះ​យើង​គប្បី​យល់​ថា ព្រះគុណ​គឺ​មិន​ពឹងផ្អែក​លើ​ការគោរព​តាម​ដ៏​ឥតខ្ចោះ​របស់​យើង​ឡើយ ។ ប្រសិនបើ​ព្រះគុណ​ពឹងផ្អែក​លើ​ការគោរព​បទបញ្ញត្តិ​ឲ្យ​ល្អ​ឥតខ្ចោះ​របស់​យើង ឬ ការលះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​របស់​យើង​ធ្វើ​បាន​ល្អ​ឥតខ្ចោះ នោះ​ភាព​មិន​ល្អ​ឥតខ្ចោះ​ដែល​នៅ​ជាប់​នឹង​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ នឹង​រារាំង​យើង​ពី​ការទទួល​បាន​ព្រះគុណ​ជា​រៀង​រហូត ។ លើស​ពី​នេះ​ទៀត ព្រះគុណ​មាន​បំណង​ធ្វើ​ឲ្យ​យើង​អាច​កាន់តែ​រក្សា​បទបញ្ញត្តិ​បាន​ល្អ​ឥតខ្ចោះ ហើយ​រស់នៅ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ រហូត​យើង​បាន​ដល់​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ ។ 

ការបញ្ជា​របស់​ព្រះអម្ចាស់ ឲ្យ​រក្សា​បទបញ្ញត្តិ ឬ ការបង្គាប់​របស់​មរ៉ូណៃ​ឲ្យ​យើង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ត្រូវ​យល់​ថា ធ្វើ​កិច្ចការ​ទាំង​នេះ​ដោយ​អស់​ពី​សមត្ថភាព​របស់​យើង ។ ខណៈ​ដែល​ទង្វើ​របស់​យើង​វា​សំខាន់ នោះ​ចេតនា​នៃ​ចិត្ត​របស់​យើង​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត ។

ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការស្វែងរក​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ

គោលការណ៍​ចុងក្រោយ​គឺ ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការស្វែងរក​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ( សូមមើល ម៉ូសាយ ១៨:១៦ ) ។ ប្រាកដ​ណាស់ យើង​ត្រូវបាន​បំពេញ​ដោយ​ព្រះគុណ​នៃ​ព្រះ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​នេះ​ហើយ​ដែល​ផ្តល់ និង ប្រទាន​ដល់​យើង​នូវ​អំណាច​នៃ​ការញែក ការធ្វើ​ទៅ​បាន និង ភាពល្អ​ឥតខ្ចោះ​របស់​ព្រះ ។

ទាក់ទង​នឹង​រឿង​នេះ អែលឌើរ ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៨០៧–៥៧ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​តទៅ​នេះ ៖ « អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ…ដាស់​រាល់​ប្រាជ្ញា​ញាណ បង្កើន ពង្រីក ពន្លាត បន្សុទ្ធ​រាល់​តណ្ហា និង​ការស្រឡាញ់ ហើយ​សម្រប​ពួកគេ តាមរយៈ​អំណោយទាន​នៃ​ប្រាជ្ញា ចំពោះ​ការប្រើប្រាស់​ស្រប​ច្បាប់​របស់​ពួកគេ ។ ព្រះវិញ្ញាណ​បំផុស អភិវឌ្ឍ បណ្ដុះ និង​ធ្វើ​ឲ្យ​មាន​ភាព​ចាស់ទុំ​ក្នុងការ​ដុសខាត់​ចិត្ត​ឲ្យ​ល្អ ក្ដី​អំណរ រសជាតិ អារម្មណ៍​សាច់ញាតិ និង​ក្ដីស្រឡាញ់​ពី​កំណើត​របស់​យើង ។ ព្រះវិញ្ញាណ​បំផុស​ឲ្យ​មាន​គុណធម៌ ចិត្តល្អ សេចក្ដីល្អ ភាពទន់ភ្លន់ ភាព​ផ្អែមល្ហែម និង​សប្បុរស ។ ព្រះវិញ្ញាណ​អភិវឌ្ឍ​សម្រស់ រូបរាង និង​លក្ខណៈ​របស់​មនុស្ស ។ ព្រះវិញ្ញាណ​ប្រទាន​សុខភាព កម្លាំង ជីវចល និង​អារម្មណ៍​មាន​ទំនាក់ទំនង​ក្នុង​សង្គម ។ ព្រះវិញ្ញាណ​ធ្វើ​ឲ្យ​មាន​ភាព​រឹងមាំ​ដល់​សមត្ថភាព​នៃ​រាងកាយ និង​បញ្ញា​មនុស្ស ។ ព្រះវិញ្ញាណ​ពង្រឹង ហើយ​ផ្ដល់​កម្លាំង​ទៅ​កាន់​សរសៃ​ប្រសាទ ។ សរុប​សេចក្ដី​ទៅ ព្រះវិញ្ញាណ​ជា​ខួរឆ្អឹង ជា​អំណរ​ដល់​ដួងចិត្ត ជា​ពន្លឺ​ដល់​កែវ​ភ្នែក តន្ត្រី​ដល់​ត្រចៀក និង​ជីវិត​ដល់​រូបរាង​កាយ​ទាំងមូល » ។

ពរជ័យ​ទាំង​នោះ​កើត​ឡើង​ចំពោះ​យើង នៅពេល​យើង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក និង ពិធីបញ្ជាក់​របស់​យើង ។ អែលឌើរ អួរសុន ប្រាត្ត ( ឆ្នាំ ១៨១១–៨១ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « នៅពេល​ណា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​នៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ វា​ពុំ​គ្រាន់តែ​សម្អាត ញែក​ឲ្យ​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​គាត់​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ តែ​គាត់​ទទួល​បាន​នូវ​ឥទ្ធិពល​ដល់​ខ្លួន​គាត់ ក៏​ផ្ដល់​ឲ្យ​នូវ​អំណោយទាន​មួយ​ចំនួន ដែល​សម្រាប់​ជា​ប្រយោជន៍​របស់​គាត់ និង​មនុស្ស​ផ្សេង​ទៀត​ផងដែរ ។ … អំណោយ​ទាន​ខាង​វិញ្ញាណ​ទាំងនេះ គឺ​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​សមាជិក​នៃ​សាសនាចក្រ ស្របតាម​សេចក្ដីស្មោះត្រង់ កាលៈទេសៈ សមត្ថភាព​ពី​ធម្មជាតិ កាតព្វកិច្ច និង​ការ​ហៅ​បម្រើ​ទាំងឡាយ​របស់​ពួកគេ ដើម្បី​មនុស្ស​ទាំងអស់ អាច​ត្រូវ​បាន​ណែនាំ​ដោយ​ត្រឹមត្រូវ បាន​បញ្ជាក់ បាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ និង​បាន​សង្គ្រោះ » ។

ភាពល្មម​គ្រប់គ្រាន់​របស់​ព្រះគុណ​នៃ​ព្រះ

ព្រះយេស៊ូវគ្រីស្ទ​ពោរពេញ​ដោយ​ព្រះគុណ ។ ព្រះគ្រីស្ទ​បាន​ទទួល​ព្រះគុណ​របស់​ទ្រង់​ដ៏​បរិបូរ​មក​ពី​ព្រះវរបិតា​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​មាន « ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ » ( គ. និង ស. ៩៣:១២ ) ។ តាម​របៀប​នោះ យើង​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ ។ យើង​នឹង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​គ្រប់​ចរិតលក្ខណៈ និង បុគ្គលិលក្ខណៈ​របស់​ព្រះ ។ ទីបំផុត អំណាច​នៃ​ព្រះគុណ​ដែល​អាច​ធ្វើ​ទៅ​រួច និង អំណាច​នៃ​ភាពល្អ​ឥតខ្ចោះ អាច​កើត​មាន​តាមរយៈ​គោលការណ៍​នៃ​សេចក្តី​ជំនឿ ការប្រែចិត្ត ភាពទាបរាបសា សេចក្តី​ឧស្សាហ៍​ព្យាយាម​ការគោរពប្រតិបត្តិ និង ការស្វែងរក​ព្រះវិញ្ញាណ និង អំណាយ​ទាន​នៃ​ព្រះវិញ្ញាណ ។

empty tomb

ទ្រង់​មិន​គង់​នៅ​ទីនេះ​ទេ ដោយ វ៉លធើរ រ៉ាណេ ហាម​ថង​ចម្លង

ព្រះគុណ​របស់​ព្រះអម្ចាស់​គឺ​មាន​គ្រប់គ្រាន់ ដើម្បី​លើក​ស្ទួយ​បងប្អូន​ឡើង​ចេញ​ពី​សេចក្ដី​ស្លាប់ និង​អំពើ​បាប ហើយ​ផ្តល់​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​បងប្អូន ។ វា​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្តូរ​បងប្អូន ផ្លាស់ប្រែ​បងប្អូន និង ធ្វើ​ឲ្យ​បងប្អូន​បាន​ល្អ​ឥតខ្ចោះ ។ វា​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​បងប្អូន ដឹង​ទាំងស្រុង​ពី​សក្តានុពល​នៃ​ភាព​ជា​ព្រះ​របស់​បងប្អូន ក្នុង​នាម​ជា​បុត្រា ឬ បុត្រី​របស់​ព្រះ ។

កំណត់​ចំណាំ

  1. ព្រិកហាំ យ៉ង់ នៅ​ក្នុង Deseret News ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ១៨៦៣ ។

  2. ប្រូស ស៊ី ហាហ្វន្វី The Broken Heart: Applying the Atonement to Life’s Experiences ( ឆ្នាំ ១៩៨៩ ) ទំព័រ ១៥៥–៥៦ ។

  3. ប៉ាលី ភី ប្រាត្ត Key to the Science of Theology: A Voice of Warning ( ឆ្នាំ ១៩៧៨ ) ទំព័រ ៦១ ។

  4. អួរសុន ប្រាត្ត នៅក្នុង Masterful Discourses and Writings of Orson Pratt comp. N. Lundwall ( ឆ្នាំ ១៩៦២) ទំព័រ ៥៧០, ៥៧១ ។