លុះត្រាជួបទៀត
និស្ស័យដ៏ពិតនៃព្រះ
ដកស្រង់មកពី « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣ ។
ព្រះយេស៊ូវគ្រីស្ទគឺជាភស្តុតាងដ៏ល្អឥតខ្ចោះនៃការខ្វល់ខ្វាយដ៏ខ្លាំងក្លារបស់ព្រះវរបិតា ។
បន្ទាប់ពីព្យាការីជាច្រើនជំនាន់បានព្យាយាមបង្រៀនគ្រួសារនៃមនុស្សលោកពីព្រះឆន្ទៈ និង របៀបរបស់ព្រះវរបិតា ដែលតែងតែមានជោគជ័យតិចតួច នោះនៅក្នុងកិច្ចខិតខំដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ព្រះបានឲ្យយើងស្គាល់ទ្រង់ ហើយបានបញ្ជូនព្រះរាជបុត្រាបង្កើតតែមួយ និង ឥតខ្ចោះរបស់ទ្រង់ ដែលបានបង្កើតឡើងដូច និង មានរូបកាយដូចទ្រង់ ដើម្បីរស់នៅ ហើយបម្រើនៅក្នុងជីវិតរមែងស្លាប់ដ៏លំបាករៀងរាល់ថ្ងៃនេះ ។
ដោយយាងមកលើផែនដីជាមួយនឹងការទទួលខុសត្រូវបែបនេះ ដើម្បីឈរជំនួសឲ្យអេឡូហីម—មានបន្ទូលដូចដែលទ្រង់មានបន្ទូល ជំនុំជម្រះ និងបម្រើ ស្រឡាញ់ ហើយព្រមាន អត់ធ្មត់ ព្រមទាំងអភ័យទោសដូចដែលទ្រង់នឹងធ្វើ—នេះគឺជាកាតព្វកិច្ចដ៏មហិមា ដែលអ្នក និង ខ្ញុំពុំអាចយល់នូវរឿងបែបនេះបានទេ ។ ប៉ុន្តែនៅក្នុងភាពស្មោះត្រង់ និង ការប្តេជ្ញាចិត្តដែលជាបុគ្គលិកលក្ខណៈនៃកូនរបស់ព្រះ នោះព្រះយេស៊ូវអាចយល់ពីវា ហើយទ្រង់បានធ្វើវា ។ នៅពេលការកោតសរសើរ និង កិត្តិយសបានចាប់ផ្តើមកើតឡើង នោះទ្រង់បានដឹកនាំការកោតសរសើរទាំងអស់ដោយរាបសាទៅកាន់ព្រះវរបិតា ។
ទ្រង់មានបន្ទូលដោយស្មោះអស់ពីព្រះទ័យថា « ព្រះវរបិតា … ធ្វើកិច្ចការនេះ » ។ « ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វីដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការណ៍អ្វីក៏ដោយដែល [ ព្រះវរបិតា ] ធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ » [ យ៉ូហាន ១៤:១០; យ៉ូហាន ៥:១៩ ] ។ មានគ្រាមួយនោះទ្រង់បានមានបន្ទូលដូចនេះ ៖ « ឯខ្ញុំៗនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញ នៅឯព្រះវរបិតាខ្ញុំ » [ យ៉ូហាន ៨:៣៨ ] ។ …
… មនុស្សមួយចំនួននៅក្នុងសម័យជាមួយគ្នានេះរងទុក្ខមកពីការអន់ចិត្តនឹងការភាន់ច្រឡំអំពី [ ព្រះជាព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់យើង ] ។ ក្នុងចំណោមការយល់ច្រឡំទាំងនោះមានទំនោរមួយ ដែលមានអារម្មណ៍នៅឆ្ងាយពីព្រះវរបិតា គឺធ្វើឲ្យលែងមានទំនាក់ទំនងជាមួយទ្រង់ ប្រសិនបើពួកគេជឿលើទ្រង់នោះ ។ … តាមរយៈការអានដោយយល់ខុសនេះ ( ហើយប្រាកដណាស់ ក្នុងករណីមួយចំនួនគឺដោយការបកប្រែខុស ) របស់ព្រះគម្ពីរប៊ីប ទាំងនេះហើយដែលនាំឲ្យយល់ឃើញថាព្រះជាព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាទ្រង់ មានបុគ្គលិកលក្ខណៈផ្សេងគ្នាយ៉ាងខ្លាំង ទោះបីការពិតថា ទាំងព្រះគម្ពីរសញ្ញាចាស់ និង ព្រះគម្ពីរសញ្ញាថ្មីក្តីបង្រៀនថា ព្រះរាជបុត្រានៃព្រះគឺជាអង្គតែមួយ ហើយដូចគ្នា ធ្វើកិច្ចការនានាដូចដែលទ្រង់តែងតែធ្វើក្រោមការដឹកនាំរបស់ព្រះវរបិតា ដែលព្រះអង្គទ្រង់ផ្ទាល់គឺនៅតែដដែល « ពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ » ។១ …
ដូច្នេះ ការឲ្យអាហារដល់អ្នកស្រេកឃ្លាន ការព្យាបាលអ្នកឈឺ ការវាយផ្ចាលដល់មនុស្សលាក់ពុត ការទូលអង្វរសុំសេចក្ដីជំនឿ—គឺជារបៀបដែលព្រះគ្រីស្ទបានបង្ហាញយើងពីមាគ៌ានៃព្រះវរបិតាទ្រង់ ដែលជាអង្គ « ប្រកបដោយក្ដីមេត្តាករុណា និង ព្រះគុណ កម្រនឹងព្រះពិរោធ អត់ធ្មត់ និងពោរពេញដោយសេចក្ដីល្អ » ។២ នៅក្នុងជីវិតរបស់ទ្រង់ និងជាពិសេសនៅក្នុងការសុគតរបស់ទ្រង់ នោះព្រះគ្រីស្ទកំពុងប្រកាសថា « នេះគឺជាសេចក្តីមេត្តាករុណា របស់ព្រះ ដែលយើងកំពុងបង្ហាញដល់អ្នក ព្រមទាំងវាក៏ជាសេចក្តីមេត្តាករុណារបស់យើងផ្ទាល់ផងដែរ » ។ នៅក្នុងការបង្ហាញដ៏ល្អឥតខ្ចោះរបស់ព្រះរាជបុត្រាអំពីការខ្វល់ខ្វាយដ៏ខ្លាំងក្លារបស់ព្រះវរបិតា នៅក្នុងការរងទុក្ខរួមគ្នារបស់ទ្រង់ ហើយបានចែករំលែកក្តីទុក្ខព្រួយចំពោះអំពើបាប និង ការខូចចិត្តរបស់ពួកយើងទាំងអស់គ្នា នោះយើងឃើញពីអត្ថន័យដ៏ធំធេងបំផុតនៅក្នុងប្រកាសដូចនេះ ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ។ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកិយ ដើម្បីនឹងជំនុំជម្រះលោកិយនោះទេគឺ ឲ្យលោកិយបានសង្គ្រោះដោយសារទ្រង់វិញ » [ យ៉ូហាន ៣:១៦–១៧ ] ។