មានតែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
ចំណុចគន្លឹះ ៥ យ៉ាងដើម្បីរីករាយក្នុងពិធីបុណ្យគ្រីស្ទម៉ាស់ពេលអ្នកនៅឆ្ងាយពីផ្ទះ
នេះគឺជារបៀបប្រាំយ៉ាងដើម្បីកុំឲ្យឯកោ នៅពេលអ្នកអបអរពិធីបុណ្យគ្រីស្ទម៉ាស់តែម្នាក់ឯង ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ចម្រៀងបុណ្យគ្រីស្ទម៉ាស់បែបប្រពៃណីមួយរបស់អាមេរិកគឺ បទរបស់អែលវីសមានចំណងជើងថា « Blue Christmas » ។ ខ្ញុំទ្រាំមិនបានទេ ។ ប៉ុន្ដែ ទំនុកបទដែលថា « បុណ្យគ្រីស្ទម៉ាស់នេះនឹងឯកោ បើគ្មានអ្នក ។ ខ្ញុំឯកោខ្លាំងណាស់ ដោយគ្រាន់តែគិតដល់អ្នក » អាចទាក់ទងនឹងពួកយុវមជ្ឈិមវ័យគ្រប់គ្នាយ៉ាងខ្លាំង ។ មិនថាដោយសារបេសកកម្ម ការងារ សាលា ឬដោយសារយើង ឬគ្រួសារយើងរស់នៅឯបរទេសនោះទេ ពួកយើងជាច្រើនត្រូវចំណាយពេលក្នុងពិធីបុណ្យគ្រីស្ទម៉ាស់នៅឆ្ងាយពីគ្រួសារ និងមិត្តភក្ដិរបស់យើង ។
ពិធីបុណ្យគ្រីស្ទម៉ាស់គឺជាថ្ងៃឈប់សម្រាកដ៏អស្ចារ្យមួយ ដើម្បីប្រារព្ធដល់ការប្រសូតរបស់ព្រះអង្គសង្គ្រោះ ប៉ុន្ដែប្រពៃណីជាច្រើនអំពីពិធីបុណ្យគ្រីស្ទម៉ាស់ផ្ដោតទៅលើការចំណាយពេលវេលាជាមួយមនុស្សដទៃ ៖ យើងជួបជុំបរិភោគអាហាររួមគ្នា យើងជូនអំណោយទៅមនុស្សដទៃ យើងច្រៀងចម្រៀង ឬអានរឿងអំពីការប្រសូតជាមួយគ្នា ។
ដូច្នេះ តើអ្នកអាចធ្វើឲ្យពិធីបុណ្យគ្រីស្ទម៉ាស់មានអត្ថន័យយ៉ាងដូចម្ដេចទៅ ពេលអ្នកនៅតែម្នាក់ឯនោះ ? ទាំងនេះគឺជាយោបល់ទាំងប្រាំយ៉ាង ។ ទោះបីអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាក្ដី ក៏អ្នកអាចធ្វើសកម្មភាពទាំងនេះបានដែរ ប៉ុន្ដែអ្នកអាចត្រូវសម្របវា ឬធ្វើវានៅថ្ងៃរៀបចំផ្ទះ ។
-
បន្ដប្រពៃណីរបស់អ្នក ។
ដោយសារអ្នកមិនបាននៅជាមួយគ្រួសាររបស់អ្នក នោះមិនមែនមានន័យថា អ្នកមិនអាចបន្ដប្រពៃណីគ្រួសាររបស់អ្នកបាននោះទេ ។ សូមធ្វើនំដ៏ឆ្ងាញ់ និងល្បីទាំងនោះដូចជា នំប៉័ង ឬនំថាម៉ាឡេជាដើម ។ ឬ ធ្វើអ្វីដែលជាប្រពៃណីផ្ទាល់របស់អ្នក ។ នៅពេលអ្នកជ្រើសរើសធ្វើប្រពៃណីណាមួយហើយ សូមផ្ដោតលើសកម្មភាពដែលរំឭកអ្នកអំពីព្រះគ្រីស្ទ ៖ នៅពេលអ្នកផ្ដោតលើព្រះអង្គសង្គ្រោះ អ្នកនឹងមិនត្រឹមតែទទួលអារម្មណ៍នៃបុណ្យគ្រីស្ទម៉ាស់ប៉ុណ្ណោះទេ អ្នកថែមទាំងមានព្រះវិញ្ញាណបរិសុទ្ធ ដែលអាចមានឥទ្ធិពលនាំមកនូវសេចក្ដីសុខសាន្ដ និងការលួងលោមបន្ថែមដល់អ្នកទៀតផង ។
-
ផ្ដោតលើពូជពង្សរបស់អ្នក ។
បព្វបុរសរបស់ខ្ញុំភាគច្រើនបានមកពីប្រទេសណ័រវេ ហើយអនុស្សាវរីយ៍នៃពិធីបុណ្យគ្រីស្ទម៉ាសរបស់ខ្ញុំជាច្រើនផ្ដោតលើប្រពៃណី និងអាហារណ័រវេ ។ ពេលគ្មានគ្រួសាររបស់ខ្ញុំ ខ្ញុំមិនអាចធ្វើតាមប្រពៃណីជាច្រើនទាំងនេះអស់ទេ ប៉ុន្ដែខ្ញុំនៅតែអាចគិតដល់ពូជពង្សរបស់ខ្ញុំបាន ។ ពិធីបុណ្យគ្រីស្ទម៉ាស់គឺជាពេលវេលាដ៏ឥតខ្ចោះដើម្បីធ្វើកិច្ចការពង្សប្រវត្តិ មិនថាការស្វែងរកឈ្មោះដើម្បីយកទៅព្រះវិហារបរិសុទ្ធ ការស្រាវជ្រាវពីរបៀបដែលបុព្វបុរសរបស់អ្នកចំណាយពេលវិស្សមកាលរបស់ពួកគាត់ ឬការសរសេរក្នុងសៀវភៅកំណត់ហេតុរបស់អ្នកឡើយ ។ មិនថាអ្នកជ្រើសរើសធ្វើអ្វីនោះទេ ការគិតដល់ពូជពង្សរបស់អ្នកនឹងជួយអ្នកឲ្យមានអារម្មណ៍ជិតដិតនឹងគ្រួសាររបស់អ្នក—ទាំងបុគ្គលនៅរស់ និងបុគ្គលដែលបានចែកឋានទៅ—ហើយវានាំឲ្យអ្នកមានគោលបំណងកាន់តែច្បាស់លាស់ ។
-
ជួបជុំគ្នាជាមួយមនុស្សដទៃ ។
ការណ៍នេះអាចត្រូវការភាពក្លាហានបន្ដិច ជាពិសេសប្រសិនបើអ្នកជាមនុស្សស្ងប់ស្ងាត់ ប៉ុន្ដែអ្នកនឹងមិនចំណាយពេលក្នុងពិធីបុណ្យគ្រីស្ទម៉ាស់តែម្នាក់ឯងនោះឡើយ ។ ហើយអ្នកមិនចាំបាច់ធ្វើវាឲ្យហួសពីចំណង់ចំណូលចិត្តរបស់អ្នកនោះទេ ៖ ជួបជុំគ្នាបរិភោគអាហារពេលល្ងាចជាមួយនឹងពួកយុវមជ្ឈិមវ័យដទៃទៀត ច្រៀងជាមួយគ្នា ឬគ្រាន់តែដើរលេងក៏បានដែរ ។ ប្រហែលជាមានមនុស្សផ្សេងទៀតដូចជាអ្នកដែលចំណាយពេលក្នុងពិធីបុណ្យគ្រីស្ទម៉ាស់នៅឆ្ងាយពីផ្ទះ ដូច្នេះសូមរកមើលមនុស្សទាំងនោះជាពិសេស អ្នកអាចអញ្ជើញពួកគេមកដោយរួសរាយ ។
-
រីករាយនឹងអាកាសធាតុ ឬតុបតែងក្នុងផ្ទះ ។
អាស្រ័យលើកន្លែងដែលអ្នករស់នៅ ពិធីបុណ្យគ្រីស្ទម៉ាស់អាចនៅចំរដូវដ៏ត្រជាក់ ឬក្ដៅបំផុត ដូច្នេះសូមទាញយកប្រយោជន៍ពីវា ! ទៅជិះស្គីទឹកកក ឬដើរឡើងភ្នំ ឬជិះកង់លេង ។ ឬ ប្រសិនបើអ្នកមិនចូលចិត្តកម្សាន្ដក្រៅផ្ទះទេ សូមនៅក្នុងផ្ទះ ហើយតុបតែងផ្ទះ ។ មានសម្ភារតុបតែងបុណ្យគ្រីស្ទម៉ាស់សាមញ្ញៗជាច្រើន ដែលអ្នកអាចធ្វើបាន ដែលនឹងតែងផ្ទះរបស់អ្នកបានយ៉ាងស្អាត ។
-
បម្រើមនុស្សដទៃ ។
មានរឿងពីរបីដែលនឹងធ្វើឲ្យអ្នកមានស្មារតីនៃពិធីបុណ្យគ្រីស្ទម៉ាស់ងាយស្រួលជាងការបម្រើ ។ សាសនាចក្របានផ្ដល់ធនធានជាច្រើនដើម្បីជួយអ្នកឲ្យអាចបម្រើដល់មនុស្សដទៃ មិនថាតាមរយៈការផ្សព្វផ្សាយ #បំភ្លឺពិភពលោក ឬតាមរយៈគេហទំព័រ JustServe.org នោះទេ ។ ស៊ិស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅរំឭកយើងថា « ទង្វើសាមញ្ញៗនៃការបម្រើអាចមានឥទ្ធិពលដ៏ខ្លាំងទៅលើអ្នកដទៃ—ក៏ដូចជាខ្លួនយើងផងដែរ ។ តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ? តាមរយៈអំណោយទាននៃដង្វាយធួន និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ទ្រង់… ‹ សូម្បីតែមួយក៏គ្មានសោះដែលឥទ្ធិពលដ៏ជ្រាលជ្រៅទៅ [ លើ ] អស់ទាំងមនុស្សដែលបានរស់នៅ ហើយដែលនឹងរស់នៅលើផែនដីនៅអនាគតកាល › ។ ប៉ុន្តែទ្រង់បានញញឹម មានបន្ទូល យាងជាមួយ ស្ដាប់ ចំណាយពេល លើកទឹកចិត្ត បង្រៀន ប្រទានអាហារ និងអភ័យទោស ។ ទ្រង់បានបម្រើដល់គ្រួសារ និងមិត្តភក្ដិ អ្នកជិតខាង និងមនុស្សប្លែកមុខ ហើយទ្រង់បានអញ្ជើញអ្នកដែលស្គាល់ និងមនុស្សជាទីស្រឡាញ់ឲ្យរីករាយនឹងពរជ័យដ៏បរិបូរនៃដំណឹងល្អរបស់ទ្រង់ » ។១
អ្នកអាចមិននៅផ្ទះពេលបុណ្យគ្រីស្ទម៉ាស់ ប៉ុន្ដែអ្នកនៅតែអាចធ្វើឲ្យថ្ងៃឈប់សម្រាករបស់អ្នកពិសេសដដែល ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បានមានប្រសាសន៍ថា « នៅពេលយើងមានស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ យើងចងចាំដល់ ទ្រង់ ដែលយើងប្រារព្ធធ្វើពិធីប្រសូតរបស់ទ្រង់នៅរដូវកាលក្នុងឆ្នាំនេះ ៖ ‹ ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ › ( លូកា ២:១១ ) » ។២