ភាពឯកោ និងអំណរគុណនៅបុណ្យគ្រីស្ទម៉ាស់
សម្រាប់ខ្ញុំអំឡុងពេលកំពុងពេញវ័យ បុណ្យគ្រីស្ទម៉ាស់គឺជាពេលវេលាដ៏អស្ចារ្យបំផុតនៃឆ្នាំ—ពុំមែនគ្រាន់តែដោយសារអំណោយនោះទេ ប៉ុន្តែវាក៏ដោយសារបុណ្យគ្រីស្ទម៉ាស់គឺជាពេលមួយដើម្បីចែកចាយជាមួយអ្នកដែលសំខាន់ខ្លាំងបំផុតក្នុងជីវិតខ្ញុំគឺគ្រួសារខ្ញុំ ។
គ្រួសារមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ ហើយអស់ពេលជាច្រើនឆ្នាំ ប្រពៃណីបុណ្យគ្រីស្ទម៉ាស់គឺជាការរៀបចំដ៏អស្ចារ្យមួយនៃភាពរីករាយរបស់ក្រុមគ្រួសារ ដែលនៅតែបន្តឲ្យមានអនុស្សាវរីយ៍ដ៏រីករាយសម្រាប់ខ្ញុំ ។
ប៉ុន្ដែបុណ្យគ្រីស្ទម៉ាស់ឆ្នាំមុននេះគឺវាខុសពីមុន ។ ខ្ញុំមានការងារមួយដែលតម្រូវឲ្យខ្ញុំចាកឆ្ងាយពីផ្ទះនៅបុណ្យគ្រីស្ទម៉ាស់ ។ មកដល់ដំណាក់កាលនេះក្នុងជីវិតខ្ញុំ ខ្ញុំបានខកខានបុណ្យគ្រីស្ទម៉ាស់ជាមួយគ្រួសារខ្ញុំតែពីរដងគត់—ទាំងពីរលើកនោះគឺពេលខ្ញុំបម្រើបេសកកម្ម ។ ពីមុនខ្ញុំចាកចេញទៅធ្វើកិច្ចការរបស់ខ្ញុំ ខ្ញុំបានកើតទុក្ខ និងនឹកផ្ទះរួចទៅហើយ ។ ពេញមួយថ្ងៃបុណ្យគ្រីស្ទម៉ាស់ ខ្ញុំបានគិតថា « ឱ វាអត់ប្រយោជន៍ណាស់ ! » គ្មានអ្វីដែលអាចមានតម្លៃដូចនេះឡើយ !
ខ្ញុំបានសម្រេចចិត្តមើលរឿងតាមទូរទស្សន៍នៅក្នុងបន្ទប់សណ្ឋាគាររបស់ខ្ញុំ ។ នៅក្នុងរឿងនោះ តួអង្គម្នាក់បានបង្ហាញពីសារៈសំខាន់ដើម្បីថ្លែងអំណរគុណ ។ វាពុំមែនជាចំណុចសំខាន់នៃរឿងនោះទេ ហើយវាក៏ពុំមែនជាឈុតរឿងដ៏ពិសេសអ្វីដែរ ប៉ុន្តែគ្មានអ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តជាងនោះទេ ។
នៅគ្រានោះ ខ្ញុំបានដឹងថា ខ្ញុំពុំដែលភ្លេចលុតជង្គង់ចុះនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ ដើម្បីថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌សម្រាប់អំណោយទាននៃរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទទេ ។ នៅគ្រប់ឆ្នាំដែលខ្ញុំសាទរដល់បុណ្យគ្រីស្ទម៉ាស់ ខ្ញុំគ្រាន់តែផ្តោតចិត្តលើតែគ្រួសារខ្ញុំ អំណោយ និងល្បែងកម្សាន្តខ្ញុំប៉ុណ្ណោះ ។ ទោះបីជាឪពុកម្តាយខ្ញុំ និងយាយតារបស់ខ្ញុំខិតខំបង្រៀនខ្ញុំក្តី ខ្ញុំពុំដែលមានអំណរគុណពិតប្រាកដ ពីសារៈសំខាន់ដ៏ធំរបស់ព្រះអង្គសង្គ្រោះចំពោះបុណ្យគ្រីស្ទម៉ាស់ទេ ។ យើងបានអានរឿងអំពីការប្រសូតរបស់ទ្រង់ក្នុងព្រះគម្ពីរក្នុងនាមជាគ្រួសារមួយ ប៉ុន្តែខ្ញុំពុំធ្លាប់បានគិតច្រើនពីសារៈសំខាន់នៃការប្រសូតរបស់ទ្រង់នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ទេ ។
ខ្ញុំបានយំពេលខ្ញុំអធិស្ឋានទូលទៅកាន់ព្រះវរបិតាសួគ៌ ។ ខ្ញុំបានថ្លែងអំណរគុណទ្រង់ចំពោះការបូជា ដែលទ្រង់បានធ្វើដើម្បីឲ្យព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់យាងមកផែនដី និងព្រះជន្មដ៏អស្ចារ្យនៃការបូជា និងសេចក្តីសប្បុរសរបស់ព្រះរាជបុត្រាទ្រង់ ។ ការពិតដែលខ្ញុំនៅឯកោ និងនៅឆ្ងាយពីគ្រួសារខ្ញុំនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់នៅតែធ្វើឲ្យខ្ញុំកើតទុក្ខ តែវាបានធ្វើឲ្យព្រះវរបិតាសួគ៌បង្រៀនខ្ញុំនូវមេរៀនមួយ ដែលខ្ញុំពុំធ្លាប់បានរៀន ខណៈនៅជាមួយក្រុមគ្រួសារខ្ញុំ ៖ ព្រះអង្គសង្គ្រោះគឺជាមូលហេតុដែលខ្ញុំអាចមានក្រុមគ្រួសារ !
ខ្ញុំមានអំណរគុណថា ការនៅឯកោនៅបុណ្យគ្រីស្ទម៉ាស់ បានធ្វើឲ្យខ្ញុំយល់បានប្រសើរបន្តិចអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងអំណោយដ៏និរន្តរ៍នៃរាជបុត្រាទ្រង់ ។