២០១៩
ចម្បាំង​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ទាស់​នឹង​ភាព​ឯកោ
ខែ ធ្នូ ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ចម្បាំង​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ទាស់​នឹង​ភាព​ឯកោ

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​ប្រាក សាធារណៈ​រដ្ឋ​ឆែក ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​ឯកោ​តាំង​ពី​ពេល​ឪពុកម្តាយ​ខ្ញុំ​លែងលះ​គ្នា ហើយ​ការចូលរួម​ព្រះវិហារ​បាន​បង្កើន​ភាព​ឯកោ​នោះ​កាន់តែ​ខ្លាំង​ឡើង ។ ប៉ុន្តែ​វា​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្វែងរក​របៀប​មួយ​គេច​ចេញ​ពី​ភាព​ឯកោ​ដែរ ។

young woman looking sad through rainy window

រូបភាព​មក​ពី GETTY IMAGES

អស់ពេល​ជា​យូរ​មកហើយ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​ឯកោ ។ ពេល​ដំបូង ភាព​ឯកោ​គឺ​ជា​អារម្មណ៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ជា​សមាជិក​ក្នុង​គ្រួសារ​ដែល​មាន​គ្នា​ប្រាំ​នាក់ ដូច្នេះ​កាល​នៅ​តូច ខ្ញុំ​ចូលចិត្ត​ភាព​អ៊ូអរ និង​មនុស្ស​ច្រើន​នៅ​ផ្ទះ​ជានិច្ច ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​នៅ​ឯកោ​ទេ ។

ជាអកុសល ពេល​ខ្ញុំ​កំពុង​ពេញវ័យ ឪពុក​ម្ដាយ​ខ្ញុំ​បាន​លះលែង​គ្នា ។ ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ឯកោ​ម្តង​ទៀត ។ ខ្ញុំ​បាន​ព្យាយាម​ស្វែងយល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ធ្វើ​អ្វី​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ដើម្បី​រាប់​អាន​មិត្ត​នៅ​ឯ​សាលា​រៀន ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​រីករាយ​នឹង​ការស្គាល់​មនុស្ស​ច្រើន​នៅ​សាលា​រៀន ដូច​ខ្ញុំ​ស្គាល់​មនុស្ស​នៅ​ផ្ទះ​ដែរ ។ ប៉ុន្តែ​ទោះបី​ខ្ញុំ​មាន​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​ក្តី ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​ឯកោ ។ អារម្មណ៍​នេះ​បាន​រសាត់រសាយ​ទៅ​ពីរបីឆ្នាំ​បន្ទាប់​ពេល​ខ្ញុំ​បាន​ជួប​នឹង​សាសនាចក្រ ។

ថ្ងៃ​មួយ​ស៊ីស្ទើរ​ដែល​ជាពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​គោះទ្វារ​ផ្ទះ​ខ្ញុំ ហើយ​ម្តាយ​ខ្ញុំ​បាន​បើក​ទ្វារ ។ ខ្ញុំ​ចាំ​ថា ម្តាយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា « ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​កូន​ស្រី​ខ្ញុំ​ចាប់​អារម្មណ៍ ។ សូម​រង់ចាំសិន ខ្ញុំ​នឹង​ហៅ​នាង​មក » ។

នៅពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ​ជាមួយ​ពួកគេ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ប្រាប់​ខ្ញុំ​ឲ្យ​ស្តាប់ ។ បន្ទាប់ពី​បាន​ស្តាប់ និង​រៀន​អស់​រយៈពេល​ពីរបី​ខែ​មក ខ្ញុំ​បាន​ដឹង​ថា នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ស្វែងរក ។ ទោះបី​ខ្ញុំ​គ្មាន​អារម្មណ៍​ថា គួរតែ​ចាប់ផ្តើម​ជាមួយ​ដំណឹងល្អ​ក្តី នោះ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ពុំ​គ្រាន់តែ​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ខិត​ទៅរក​ការ​បញ្ចប់​ចម្បាំង​ទាស់​នឹង​ភាព​ឯកោ​របស់​ខ្ញុំ​ផងដែរ ។

អារម្មណ៍​ឯកោ​ក្នុង​នាម​ជា​អ្នក​ប្រែចិត្ត​ជឿ

ពេល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក គ្រួសារ​ខ្ញុំ​ពុំ​សូវ​រំភើប​នឹង​រឿង​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ម្តាយ​ខ្ញុំ និង​បងប្រុស​ខ្ញុំ​ម្នាក់​បាន​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ​ខ្ញុំ​បាន​បដិសេធ​ខ្ញុំ ដោយសារ​យើង​ពុំ​មាន​សាសនា​ដូច​គ្នា​ទៀត​ទេ ។

នៅគ្រា​ដំបូង​វា​ពិបាក​ណាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ឯកោ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ។ ប៉ុន្តែ​មួយ​រយៈពេល​ក្រោយ​មក បងជីដូន​មួយ​របស់​ខ្ញុំ​ម្នាក់​បាន​សម្រេច​ចិត្ត​គោរព​សាសនា​ហិនឌូ ដែល​ជា​សាសនា​ខុស​ពី​ការអនុវត្ត​ផ្សេង​ពី​គ្រួសារ​របស់​យើង ។ គាត់​បាន​គោរព​ដល់​ជម្រើស​របស់​ខ្ញុំ​ដើម្បី​ចូល​សាសនាចក្រ ដោយសារ​គាត់​បាន​ធ្វើ​ការសម្រេច​ចិត្ត​ស្រដៀង​គ្នា​ដែរ ។ ដោយសារ​តែគំរូ​នៃ​សេចក្តីស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ​ខ្ញុំ​ឈប់​ប្រកាន់​នឹង​ខ្ញុំ​ទៀត ។

នៅ​សាលា​រៀន​វិញ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ចុះ​ចំណោម​នឹង​ពួកគេ​ទៀត​ទេ ។ នៅ​កន្លែង​ការងារ​វិញ គេ​បាន​មើល​ខ្ញុំ​ក្នុង​របៀប​ចម្លែក​មួយ ពេល​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​បាន​ទទួលបុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​គ្មាន​អារម្មណ៍​អៀន​ខ្មាស​ទេ—ការសម្រេច​ចិត្ត​របស់ខ្ញុំ​ពុំ​ខុស​ទេ ហើយ​ខ្ញុំ​បាន​ដឹង​រឿង​នោះ​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ—ប៉ុន្តែ​មិត្តភក្តិ​ខ្ញុំ​ពុំ​យល់​ពី​ការផ្លាស់ប្តូរ​បែប​ផែន​នៃ​ជីវិត​ខ្ញុំ​ទេ ហើយ​ភាគច្រើន​ពួកគេ​សម្រេច​ចិត្ត​ឈប់​រាប់​អាន​ខ្ញុំ ។

ការ​បង្កើត​មិត្តភក្តិ​ថ្មី

ឆ្លងកាត់​បទពិសោធន៍​លំបាក​ទាំងអស់​នេះ ខ្ញុំ​បាន​បន្ត​អធិស្ឋាន ហើយ​ខ្ញុំ​អាច​មាន​អារម្មណ៍​សុខស្រួល ដែល​ព្រះវិញ្ញាណ​បាន​សន្យា​ដល់​ខ្ញុំ​ក្នុង​ការប្រសិទ្ធពរ​បព្វជិតភាព​ដែល​ខ្ញុំ​បាន​ទទួល ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​ហ៊ាន​សួរ​សំណួរ​មួយ​ក្នុង​ការអធិស្ឋាន​ថា « ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ម៉្លេះ ? » ហើយ​ខ្ញុំ​បាន​ទទួល​ចម្លើយ ឬ​ការសន្យា​មួយ—ថា ខ្ញុំ​នឹង​រាប់​អាន​មិត្តភក្តិ​ថ្មី ជា​មិត្ត​ដែល​នឹង​យល់​ចិត្ត​ខ្ញុំ ។

ហើយ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ។ ខ្ញុំ​បាន​រាប់​អាន​មិត្តភក្តិ​ថ្មី ពួកគេ​មួយ​ចំនួន​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​ពួកគេ​នៅតែ​គោរព និង​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​រាប់​អាន​មិត្ត​ភក្តិ​នៅ​ព្រះវិហារ​ដែល​បាន​ក្លាយ​ដូចជា​គ្រួសារ​ខ្ញុំ ។

ក្នុងនាមជាមនុស្ស​អៀនខ្មាសម្នាក់ ហើយ​ត្រូវ​និយាយ​ជាមួយ​មនុស្ស​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​បំផុត​សម្រាប់​ខ្ញុំ​ទេ ។ ភាគច្រើន​ខ្ញុំ​ទុក​ឲ្យ​គេ​មក​រក​ខ្ញុំ​សិន ប៉ុន្តែ​នៅ​វិទ្យាល័យ​ពុំ​សូវ​មាន​មនុស្ស​ច្រើន​ចង់​និយាយ​ជាមួយ​ខ្ញុំ​ទេ ។ ដូច្នេះ​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​បាន​ចងចាំ​ពី​ល្បិច​ចាស់​កម្រិល​នេះ ដែល​ខ្ញុំ​បាន​រៀន—គឺ​ខ្ញុំ​បាន​ញញឹម ។ កាលណា​មនុស្ស​ញញឹម​ច្រើន នោះ​នឹង​មាន​គេ​និយាយ​យក​កាន់តែ​ច្រើន ។ ខ្ញុំ​បាន​ដឹង​ថា កាលណា​ខ្ញុំ​កាន់តែ​ញញឹម​ដាក់​គេ នោះ​គេ​ចាប់ផ្តើម​និយាយ​រក​ខ្ញុំ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មិត្ត​នឹង​ពួកគេ​បាន​ងាយ​ស្រួល​ជាង ។

ការឈរ​ជាមួយ​ព្រះវរបិតាសួគ៌

ចម្លើយ​ដ៏​ប្រសើរ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​សុន្ទរកថា​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ដែល​មាន​ចំណង​ជើង​ថា « ក្លាហាន​នឹង​ឈរ​ម្នាក់​ឯង » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦០–៦៧ ) ។ យូរៗ​ទៅ សុន្ទរកថា​នេះ​បាន​បង្រៀន​ខ្ញុំ​រឿង​ដ៏​សំខាន់​មួយ​អំពី​ភាព​ឯកោ ៖ អ្នក​ពុំ​ឈរ​នៅ​តែ​ឯង​ទេ ពេល​អ្នក​ធ្វើ​តាម​ព្រះអម្ចាស់ ។

នៅតែ​មាន​គ្រា​លំបាក​សម្រាប់​ខ្ញុំ​ដើម្បី​ធ្វើ​តាម​ទ្រង់ ។ ភាព​ភ័យខ្លាច​មនុស្ស​ដទៃ​សើច​ចំអក​ឲ្យ​ខ្ញុំ និង​ជំនឿ​របស់​ខ្ញុំ​គឺ​វា​ខ្លាំង​ណាស់ ។ មាន​គេ​បាន​ប្រាប់​ខ្ញុំ​ថា សាសនា​ណា​ក៏​ដោយ​គឺ​អត់​បាន​ការ​ទាំងអស់ ហើយ​គេ​ថា ខ្ញុំ​កំពុង​ត្រូវបាន​គេ​ដឹង​ដូចជា​ចៀម​ដែល​គ ។ បន្ទាប់​ពី​ដឹង​អំពី​សាសនា​របស់​ខ្ញុំ​រួច មនុស្ស​ខ្លះ​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ ដូច​ជា​រូប​ខ្ញុំ​នេះ​កើត​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ​អញ្ចឹង ។ បទពិសោធន៍​ទាំងអស់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពុំ​សូវ​មាន​សុវត្ថិភាព និង​មាន​ភាព​ឯកោ​ណាស់ ។ វា​គឺ​ជា​ការលំបាក​ប្រចាំ​ថ្ងៃ ប៉ុន្តែ​វា​ក៏​ជា​រឿង​មួយ​ដែល​ខ្ញុំ​យក​ឈ្នះ​បាន​រៀងរាល់​ថ្ងៃ​ផងដែរ ម្តង​ហើយ​ម្តង​ទៀត​ដោយ​មាន​ជំនួយ និង​ការគាំទ្រ​ទាំងស្រុង​ពី​ព្រះអម្ចាស់ ។

ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ព្រះវិញ្ញាណ​ជា​ប្រចាំ ។ ពេល​ណា​ដែល​ខ្ញុំ​ស្តាប់​តាម​ព្រះវិញ្ញាណ ហើយ​និយាយ​ជាមួយ​មនុស្ស នោះ​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​មនុស្ស​ដទៃ ។ វា​ផ្តល់​ឱកាស​ដល់​ខ្ញុំ​ឲ្យ​ចង​ចាំ​ថា ខ្ញុំ​ពុំ​នៅ​ឯកោ​ទេ ។ សំខាន់​ខ្លាំង​បំផុត​នោះ​គឺ ការស្តាប់​តាម​ព្រះវិញ្ញាណ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​បាន​ដឹង​ថា ការចែកចាយ​ជំនឿ​របស់​ខ្ញុំ​តាម​របៀប​នេះ​ជួយ​ខ្ញុំ​ឲ្យ​ខ្លាច​តិច ហើយ​ឲ្យ​ខ្ញុំ​យល់​កាន់តែ​ច្រើន​ពី​មនុស្ស​ដទៃ ។ ពីមុន​ខ្ញុំ​ដឹង​រឿង​នេះ ខ្ញុំ​ពុំ​ឯកោ​ទេ—និយាយ​ជាមួយ​អ្នក​ណា​ក៏​ដោយ​ដែល​ខ្ញុំ​កំពុង​និយាយ​ជាមួយ​នៅ​គ្រា​នោះ—នោះ​ខ្ញុំ​កំពុង​ធ្វើ​តាម​ព្រះវិញ្ញាណ​ហើយ ។ ជាមួយ​នឹង​ព្រះវិញ្ញាណ​នៅ​ខាង​អ្នក នោះ​អ្នក​ពុំ​អាច​ឯកោ​ទេ ។

អស់ពេល​ជាច្រើន​ឆ្នាំ និង​ជា​ច្រើន​គ្រា​នៃ​អារម្មណ៍​ឯកោ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ច្រំដែល​ថា ខ្ញុំ​គឺ​ជា​បុត្រី​សំណព្វ​របស់​ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​ឯកោ​ដូចម្តេច បើ​ខ្ញុំ​មាន​ព្រះវរបិតា​ខ្ញុំ​គង់​នៅ​ជាមួយ​ខ្ញុំ​នោះ ? តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​ឯកោ​ដូចម្តេច បើ​ខ្ញុំ​អាច​ទូល​ទៅ​ទ្រង់​តាម​ការអធិស្ឋាន​នោះ ?​

នៅ​ក្នុង​ចម្បាំង​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ទាស់​នឹង​ភាព​ឯកោ ខ្ញុំ​បាន​អំពាវនាវ​ទៅកាន់​ព្រះវរបិតាសួគ៌​ខ្ញុំ ដែល​ទ្រង់​ពុំ​គ្រាន់តែ​គង់​នៅ​ក្បែរ​ខ្ញុំ​ទេ ទ្រង់​ថែមទាំង​ជួយ​ខ្ញុំ​ជានិច្ច​ឲ្យ​ឈរ​ក្បែរ​ទ្រង់​ផងដែរ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ពុំ​ដែល​ទុក​ខ្ញុំ​ចោល​ឲ្យ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​តែ​ឯង​ទេ ហើយ​ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ ស្រឡាញ់​ខ្ញុំ​ជានិច្ច ។