ការដើរលេងជាគូកំបាំងមុខ ជាមួយយុវនារីជាពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការតាំងចិត្តរបស់រ៉េណេដើម្បីរស់នៅតាមដំណឹងល្អបានផ្លាស់ប្តូរជីវិតខ្ញុំ ។
ខ្ញុំពុំបានធំឡើងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ប៉ុន្តែតាមរយៈសមាជិកមួយចំនួនដែលខ្ញុំជួប នោះខ្ញុំបានដឹងថា ពេលបុគ្គលម្នាក់រស់នៅក្នុងជីវិតមួយស្អាតស្អំ បរិសុទ្ធ នោះពន្លឺនៃព្រះគ្រីស្ទនឹងបំភ្លឺឡើងនៅក្នុងពួកគេ ។ ពួកគេក្លាយជាគំរូដ៏មានឥទ្ធិពល ។
មនុស្សដែលខ្ញុំទាក់ទងដំបូងនៅសាសនាចក្រគឺតាមរយៈមិត្តភក្តិដែលខ្ញុំជួបនៅមហាវិទ្យាល័យ ។ គាត់ជាសមាជិកដ៏ល្អនៅសាសនាចក្រដែលបានបម្រើបេសកកម្ម ។ ខ្ញុំបានធំឡើងនៅក្នុងគ្រួសារដែលកាន់សាសនាកាតូលិក ដូច្នេះជារឿយៗគាត់បានព្យាយាមចាប់ផ្តើមសន្ទនាជាមួយខ្ញុំអំពីសាសនា ។ ប៉ុន្តែខ្ញុំពុំចាប់អារម្មណ៍ទាល់តែសោះ ។ មិត្តភក្ដិខ្ញុំគឺជាមនុស្សឆ្លាតណាស់ ហើយគាត់ព្យាយាមណែនាំខ្ញុំឲ្យស្គាល់ព្រះវិហារម្តងទៀត—ដោយរៀបចំណាត់ខ្ញុំដើរលេងជាគូកំបាំងមុខ ជាមួយយុវនារីជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការដើរលេងជាគូដំបូងរបស់យើង
នៅពេលរ៉េណេ និងខ្ញុំបានដើរលេងជាគូនៅគ្រាដំបូង ខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងទាំងស្រុង ។ គាត់ស្រស់ស្អាតណាស់ចំពោះខ្ញុំ ខ្ញុំអាចប្រាប់បានថា មានអ្វីមួយដែលពិសេសអំពីនាង ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានត្រៀមខ្លួនមានទំនាក់ទំនងពិតប្រាកដជាមួយនាង និងចង់បង្កើតជាគ្រួសារ—ប៉ុន្តែបន្ទាប់ពីដើរលេងជាគូបានបីបួនដងមក នាងបាននិយាយថា យើងពុំគួរដើរលេងជាគូនឹងគ្នាទៀតទេ ដោយសារនាងចូលចិត្តខ្ញុំ « ខ្លាំងណាស់ » ហើយនាងចង់រៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ សម្រាប់ខ្ញុំអ្វីដែលកាន់តែពិបាកនោះគឺ នាងនឹងចាកចេញទៅបម្រើបេសកកម្មឆាប់ៗ ។ បន្ទាប់ពីរឿងនោះមក ខ្ញុំបានសម្រេចចិត្តថា ខ្ញុំ ពុំ ចូលចិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ។
ពេលគាត់បានត្រឡប់មកពីបេសកកម្មគាត់វិញ មិត្តភក្ដិរួមគ្នារបស់យើងបានអញ្ជើញខ្ញុំទៅពិធីជប់លៀងមួយ ហើយខ្ញុំបានជួបរ៉េណេនៅទីនោះ ហើយយើងបានចាប់ផ្តើមចំណាយពេលជាមួយគ្នាម្តងទៀត ។ ខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយខ្ញុំមានការងារមួយដ៏ល្អ ហើយខ្ញុំបានមានអារម្មណ៍ចង់រៀបការម្តងទៀត ។ ខ្ញុំបានគិតថា ខ្ញុំជាមនុស្សល្អប៉ុណ្ណឹងដែរ ដូច្នេះខ្ញុំបានសុំនាងរៀបការ ។ នាងបានបដិសេធ ។
ការរុញរាក្នុងការជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា
ដើម្បីបន្តទំនាក់ទំនងនោះ ខ្ញុំបានទទួលយកការអញ្ជើញឲ្យស្តាប់ពួកអ្នកផ្សព្វផ្សាយសាសនា ។ មានពេលមួយនាងបានមកជួបខ្ញុំទាំងយំដោយបានថ្លែងទីបន្ទាល់អំពីព្រះគម្ពីរមរមន ហើយបានទទូចសូមខ្ញុំឲ្យអានគម្ពីរនោះ ។ នាងចង់ឲ្យខ្ញុំទទួលបានទីបន្ទាល់អំពីដំណឹងល្អ ដើម្បីនាងអាចបំពេញបំណងប្រាថ្នារបស់នាង ដើម្បីរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំស្រឡាញ់នាង ហើយខ្ញុំពុំចង់ធ្វើឲ្យនាងខកចិត្តទេ ដូច្នេះខ្ញុំបាននិយាយថា ខ្ញុំនឹងជួបពួកអ្នកផ្សព្វផ្សាយសាសនា ។ ប៉ុន្តែទោះបីខ្ញុំព្រមជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាក្តី ខ្ញុំចាប់ផ្តើមជួបជាមួយពួកគេដោយគ្រាន់តែខ្ញុំអាចពន្យារពេលដើម្បីបញ្ចុះបញ្ចូលរ៉េណេឲ្យរៀបការជាមួយខ្ញុំប៉ុណ្ណោះ ។ ខ្ញុំគ្មានបំណងចូលរួមសាសនាថ្មីអ្វីទេ ។
បន្ទាប់ពីជួបពួកអ្នកផ្សព្វផ្សាយសាសនាពីរបីដងមក ខ្ញុំនៅតែមិនចាប់អារម្មណ៍សោះ ។ ខ្ញុំបានអង្គុយស្តាប់ការបង្រៀនរបស់ពួកគេ ប៉ុន្តែខ្ញុំមិនផ្ចង់អារម្មរណ៍ ឬព្យាយាមទទួលអារម្មណ៍ពីព្រះវិញ្ញាណទេ ។ ខ្ញុំបានបិទដួងចិត្តខ្ញុំ ដោយសារខ្ញុំពុំចង់ស្តាប់ពួកអ្នកផ្សព្វផ្សាយសាសនា ខ្ញុំស្តាប់ពួកគេដោយសារតែរ៉េណេប៉ុណ្ណោះ ។ ដំណើរការនោះដូចជាមិនរីកចម្រើនទេ ហើយខ្ញុំនៅតែពុំអាចបញ្ចុះបញ្ចូលរ៉េណេថា ខ្ញុំនឹងធ្វើជាស្វាមីល្អរបស់នាងដោយពុំចាំបាច់ទទួលបុណ្យជ្រមុជទឹកឡើយ ។ នាងនៅតែរឹងប៉ឹងក្នុងសេចក្តីជំនឿរបស់នាង ។
ការធ្វើឲ្យព្រះគម្ពីរមរមនក្លាយជារឿងផ្ទាល់ខ្លួន
បន្ទាប់មក មានការផ្លាស់ប្តូរមួយនៅក្នុងពួកអ្នកផ្សព្វផ្សាយសាសនា ។ អ្នកផ្សព្វផ្សាយសាសនាថ្មីម្នាក់បានមកបង្រៀនខ្ញុំ ហើយគាត់មានគំនិតមួយ ។ គាត់ឲ្យខ្ញុំបើកគម្ពីរទៅ អាលម៉ា ៤២ ហើយគាត់បានសួរខ្ញុំ ប្រសិនបើខ្ញុំចង់អានជំពូកនោះឮៗឲ្យពួកគេស្តាប់ពីខមួយទៅខមួយទៀត ។ ប៉ុន្តែជំនួសឲ្យការគ្រាន់តែអានពីមួយពាក្យទៅមួយពាក្យ នោះគាត់ចង់ឲ្យខ្ញុំអានឈ្មោះ របស់ខ្ញុំ នៅក្នុងខគម្ពីរទាំងនោះ ។ ខ្ញុំមិនចង់ធ្វើវាទេ ប៉ុន្តែគាត់បានទទូចសូម ។
ដូច្នេះខ្ញុំបានចាប់ផ្តើមអានខទីមួយ ។ « ហើយឥឡូវនេះចូឃ្វីនអើយ … » ពេលខ្ញុំអានពាក្យទាំងនោះ គម្ពីរនេះបានចាប់ផ្តើមនិយាយអំពីខ្ញុំ ។ ពេលខ្ញុំដាក់ឈ្មោះខ្ញុំនៅក្នុងខគម្ពីរនោះ ខ្ញុំមានអារម្មណ៍នៃអំណាចនៃទីបន្ទាល់ផ្ទាល់ខ្លួន ។
នៅផ្នែកបន្ទាប់នៃ អាលម៉ា ៤២ បង្រៀនពីការធ្លាក់របស់អ័ដាម និងអេវ៉ា ហើយទីបំផុតគឺអំពីផែនការនៃសេចក្ដីប្រោសលោះ ។ ពេលខ្ញុំបានមកដល់ខទី ២៩ ហើយអាន « ហើយឥឡូវនេះចូឃ្វីនអើយ ឪពុកពុំមានបំណងចង់ឲ្យរឿងទាំងនេះ ធ្វើឲ្យកូនកង្វល់ចិត្តតទៅទៀតទេ » នោះខ្ញុំបានចាប់ផ្តើមយំដូចជាកូនក្មេង ។ ខ្ញុំពុំធ្លាប់យំដូចនេះពីមុនទេ ។ ខ្ញុំបានដឹងថា ព្រះគម្ពីរមរមនពិត—ប៉ុន្តែខ្ញុំពុំអាចអានចប់ជំពូកនោះទេ ។ ពេលខ្ញុំបានដាក់ឈ្មោះខ្ញុំអានក្នុងខគម្ពីរ នោះខ្ញុំបានប្រាប់អ្នកផ្សព្វផ្សាយសាសនាថា ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក ។ រ៉េណេសប្បាយចិត្តខ្លាំងណាស់ ។ ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ហើយនៅទីបំផុតនាងបានយល់ព្រមរៀបការជាមួយខ្ញុំ ។ មួយឆ្នាំក្រោយមក យើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ប៊ុយណូហ្សែ អាហ្សង់ទីន ។
ខ្ញុំមានអំណរគុណជាខ្លាំងដល់ការតាំងចិត្តរបស់រ៉េណេ ដើម្បីរស់នៅតាមដំណឹងល្អ ហើយរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ការតាំងចិត្តដើរលេងជាគូដ៏ស្មោះត្រង់របស់នាង ពុំគ្រាន់តែពង្រឹងទំនាក់ទំនងរបស់នាងជាមួយព្រះ និងដំណឹងល្អប៉ុណ្ណោះទេ វាថែមទាំងអញ្ជើញខ្ញុំឲ្យរៀនដំណឹងល្អផងដែរ ។ ខ្ញុំដឹងពីមូលហេតុដែលនាងស្រស់ស្អាតណាស់ចំពោះខ្ញុំ ៖ ដោយសារនាងស្អាតស្អំ មានក្តីស្រឡាញ់ និងបរិសុទ្ធ ។ ដោយសារភាពស្មោះត្រង់របស់នាង នោះខ្ញុំអាចបង្កើតទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះគម្ពីរមរមន និងសាសនាចក្រនេះ ។