អំណោយដ៏ល្អបំផុតដែលខ្ញុំអាចជូន
ពេលគ្រួសារខ្ញុំ និងខ្ញុំចាប់ផ្តើមចូលរួមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំមានអារម្មណ៍ថា ម្តាយខ្ញុំបានដឹកនាំពួកយើងទៅទីនោះ ។
ម៉ាក់បានទទួលមរណភាពដោយពុំបានរំពឹងទុកនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់កាលពីពីរឆ្នាំមុន ។ គាត់គឺជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទម្នាក់ដ៏ស្មោះត្រង់ និងបន្ទាបខ្លួន ប៉ុន្តែគាត់ពុំធ្លាប់រៀនអំពីដំណឹងល្អដែលបានស្តារឡើងវិញទេ ។ បន្ទាប់ពីការៀនអំពីសាសនាចក្ររយៈពេល ១១ ខែ ស្វាមីខ្ញុំណាវីត កូនស្រីខ្ញុំឃែធី និងខ្ញុំបានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ ។ កាលពីមុនវាជាថ្ងៃដ៏សោកសៅដោយសារមរណភាពរបស់ម្តាយខ្ញុំ តែឥឡូវនេះវាគឺជាថ្ងៃនៃសុភមង្គលសម្រាប់គ្រួសារយើង ដោយសារជីវិតរបស់យើងនៅក្នុងដំណឹងល្អ ។
មនុស្សជាច្រើនបានចូលរួមពិធីបុណ្យជ្រមុជទឹករបស់យើង ។ ខ្ញុំរំភើបណាស់ដែលឃើញមានមនុស្សជាង ១០០ នាក់បាននៅទីនោះនៅម៉ោង ១០ ព្រឹកនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់នោះ ។ យើងពុំអាចទទួលអារម្មណ៍នៃក្តីស្រឡាញ់ជាងនោះទេ ។
ពីមុនពិធីបុណ្យជ្រមុជទឹករបស់យើង អ្នកប្រឹក្សាយោបល់ផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិពង្សប្រវត្តិស្តេកបានជួយខ្ញុំរៀបចំឈ្មោះម្តាយខ្ញុំ និងឈ្មោះជីដូនជីតាមួយចំនួនផ្សេងទៀត ដើម្បីយកទៅព្រះវិហារបរិសុទ្ធសម្រាប់បុណ្យជ្រមុជទឹក ។
ម្ភៃប្រាំថ្ងៃបន្ទាប់ពីបុណ្យជ្រមុជទឹករបស់យើង នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៨ គឺជាខួបកំណើតម្តាយខ្ញុំ យើងបានធ្វើដំណើរលើកដំបូងរបស់យើងទៅព្រះវិហារបរិសុទ្ធ នូវផត ប៊ិច កាលីហ្វូញ៉ា ។ ខ្ញុំមានអារម្មណ៍ភ័យ ហើយពុំដឹងថារំពឹងអ្វីទេ ប៉ុន្តែពេលខ្ញុំបានដើរចូលទៅក្នុងព្រះវិហារបរិសុទ្ធ នោះខ្ញុំមានអារម្មណ៍សុខសាន្ត ។ វាហាក់ដូចជាគ្មានកន្លែងណាផ្សេងទៀតដែលខ្ញុំធ្លាប់ទៅឡើយ ។ ក្រុមរបស់យើងបានជួបជុំគ្នានៅអាងជ្រមុជទឹក ជាកន្លែងដែលប្រធានព្រះវិហារបរិសុទ្ធបានពន្យល់អំពីសារៈសំខាន់នៃបុណ្យជ្រមុជទឹកសម្រាប់មរណជន និងពរជ័យដែលមាន ។ ខ្ញុំបានយំទាំងអំណរដោយគិតពីរបៀបដែលបុណ្យជ្រមុជទឹកបានផ្តល់ពរដល់គ្រួសារយើង ។
បន្ទាប់ពីណាវិតបានទទួលបុណ្យជ្រមុជទឹកឲ្យសមាជិកគ្រួសារប្រុសមួយចំនួនមក គាត់បានជ្រមុជទឹកខ្ញុំជំនួសឲ្យសមាជិកគ្រួសារស្ត្រីមួយចំនួនរបស់យើង ។ បុគ្គលដំបូងដែលខ្ញុំទទួលបុណ្យជ្រមុជទឹកឲ្យនោះគឺ ម្តាយជាទីស្រឡាញ់របស់ខ្ញុំ ។ ពេលខ្ញុំបានស្តាប់ឮពាក្យថា « ដែលបានស្លាប់ » នោះខ្ញុំបានយំ ។ ការស្តាប់ឮពាក្យនោះធ្វើឲ្យការស្លាប់របស់គាត់ដូចជាពិតប្រាកឡើងដែលវាធ្វើឲ្យឈឺចាប់ ។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា តើមានអំណោយអ្វីដែលខ្ញុំអាចជូនដល់ម្តាយខ្ញុំនៅថ្ងៃខួបកំណើតគាត់ ជាងអំណោយនៃបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធនោះ ?
ខ្ញុំទន្ទឹងរង់ចាំការធ្វើដំណើរជាច្រើនថែមទៀតទៅព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានអំណរគុណដើម្បីដឹងថា ខ្ញុំអាចជួយផ្តល់ពរជ័យដល់អស់អ្នកដែលបានស្លាប់ទៅមុនខ្ញុំ តាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ នេះគឺជាអំណោយដ៏មហិមា !