២០១៩
គំរូ​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការ​រាប់អាន​មិត្តភក្តិ
ខែ ធ្នូ ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

គំរូ​របស់​ព្រះអង្គសង្គ្រោះ​អំពី ការ​រាប់អាន​មិត្តភក្តិ

យើង​ទាំងអស់​ធ្លាប់​ឆ្លង​កាត់​គ្រា​នៃ​ភាព​ឯកោ ប៉ុន្តែ​គំរូ​របស់​ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​នូវ​ចំណុច​មួយ​ចំនួន​អំពី​ការរាប់​អាន​មិត្តភក្តិ ។

friends walking

រូបថត​មក​ពី GETTY IMAGES

ក្នុងនាម​ជា​យុវមជ្ឈិមវ័យ យើង​ទាំងអស់​គ្នា​ឆ្លង​កាត់​គ្រា​នៃ​ភាព​ឯកោ—ការប្តូរ​ចេញ​ពី​សាលា ការត្រឡប់​មក​ពី​បេសកកម្ម​វិញ ឆ្លង​កាត់​ការលះលែង​គ្នា ការ​ធ្វើ​ជា​សមាជិក​តែ​ម្នាក់​ឯង​ក្នុង​តំបន់​របស់​អ្នក ការធ្វើ​ជា​អ្នក​ចំណូល​ថ្មី​នៅ​ក្នុង​វួដ ការនៅ​លីវ ការរៀប​ការ​ជាមួយ​នរណា​ម្នាក់​ដែល​ពុំ​សូវ​នៅ​ផ្ទះ ការមាន​ឪពុកម្តាយ​ថ្មី និង​អ្វី​ជា​ច្រើន​ទៀត ។ ដំណាក់​កាល​ខ្លះ​ក្នុង​ជីវិត​គឺ​ពុំ​ងាយ​ស្រួល​ដើម្បី​អាប់អាន​មិត្តភក្តិ​ទេ ។

ប៉ុន្តែ​រឿង​នោះ​ពុំ​មែន​មាន​ន័យ​ថា វា​មិន​អាច​ធ្វើ​បាន​ទេ ។ ដូចជា​រឿង​គ្រប់​យ៉ាង ចម្លើយ​នោះ​មាន​នៅ​ក្នុង​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « ទាក់ទង​នឹង​រឿង​មិត្តភាព ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​របស់​យើង ដូច​គ្នា​ទៅ​នឹង​គោលការណ៍​ផ្សេង​ទៀត​នៃ​ដំណឹង​ល្អ​ដែរ » ។ នេះ​ជា​រឿង​មួយ​ចំនួន​ដែល​យើងអាច​រៀន​ពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការរាប់អាន​មិត្តភក្តិ ។

ស្វែងរក​ពួកគេ

ព្រះយេស៊ូវ​បាន​ផ្តល់​តម្លៃ​ដល់​មិត្តភក្តិ ។ ទ្រង់​ត្រូវការ​ជំនួយ និង​ការគាំទ្រ​ពី​មនុស្ស​ដទៃ ( ដូច​យើង​ដែរ ! ) ដើម្បី​បំពេញ​ការងារ​បម្រើ​នៅលើ​ផែនដី​របស់ទ្រង់ ប៉ុន្តែ​ជំនួស​ឲ្យ​ការរង់ចាំ​មនុស្ស​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ទ្វារ​របស់​ទ្រង់ នោះ​ទ្រង់​បាន​ចេញទៅ ហើយ​ស្វែងរក​ពួកគេ ! ទ្រង់​បាន​យាង​ទៅ​កន្លែង​ដែល​ទ្រង់​ពុំ​ដែល​ធ្លាប់​ទៅ ( សូមមើល លូកា ៥:៣–១០ ) ទ្រង់​យាងចុះ​ឡើង ( សូមមើល ម៉ាកុស ១:១៦; យ៉ូហាន ១:៣៦ ) ហើយ​ទ្រង់​ថែមទាំង​បាន​អញ្ជើញ​មនុស្ស​ឲ្យ​មក​មើល​ពី​កន្លែង​ដែលទ្រង់​បាន​រស់​នៅ ( សូមមើល យ៉ូហាន ១:៣៩ ) ។

យើង​ប្រហែល​ជា​ពុំ​ត្រូវការ​មិត្ត​ដោយសារ​ហេតុផល​ដូច​ព្រះអង្គសង្គ្រោះ​ទេ ប៉ុន្តែ​វា​នៅតែ​សំខាន់​ថា យើង​ត្រូវ​នៅ​ជិត​នឹង​មនុស្ស​ល្អៗ ។ ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ថ្មី​មួយ​ក្នុង​ជីវិត​ដែល​អ្នក​ឃើញ​ថា អ្នក​ត្រូវការ​មិត្តភក្តិ សូម​ស្វែងរក​ពួកគេ ។ ចូលរួម​ក្នុង​សកម្មភាព​ព្រះវិហារ និង​សកម្មភាព​ផ្សេង​ទៀត ណែនាំ​ខ្លួន​អ្នក​ឲ្យ​គេ​ស្គាល់ ព្យាយាម​រៀន​អ្វី​មួយ​ថ្មី ធ្វើ​ជា​អ្នក​ដឹកនាំឲ្យ​មាន​ការជួបជុំ​គ្នា ផ្តល់​ការងារ​បម្រើ​ដោយ​ស្មោះសរ ( បុគ្គល​ដែល​អ្នក​ផ្តល់​ការងារ​បម្រើ​អាច​ត្រូវការ​មិត្តភក្តិ​ផងដែរ ! ) ហើយ​អ្នក​នឹង​ឃើញ​ថា អ្នក​នៅ​ជិត និង​មាន​អ្នក​ដែល​អាច​ក្លាយ​ជា​មិត្ត​កាន់តែ​ច្រើន ។

លើក​បង្ហាញ​នូវ​ចំណុច​ល្អ​នៅក្នុង​មនុស្ស​ដទៃ

ខ្ញុំ​ចូលចិត្ត​ពេល​ព្រះយេស៊ូវ​បាន​ជួប​ណាថាណែល « នុ៎ះ​ន៍ ជា​សាសន៍​អ៊ីស្រាអែល​ពិត​មែន ដែល​ឥត​មាន​ចិត្ត​ឧបាយ ! » ( យ៉ូហាន ១:៤៧ ) ។ ពេល​ណា​ខ្ញុំ​គិត​ពី​ខគម្ពីរ​នេះ វា​រំឭក​ខ្ញុំ​ថា ខ្ញុំ​គួរតែរក​មើល ហើយ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ដឹង​ថា ខ្ញុំ​ឃើញ​សេចក្តីល្អ​របស់​ពួកគេ ។

« លោក » ហ្វ្រីដ រ៉ូហ្គើ ប្រហែល​ជា​អ្នក​ជំនាញ​ផ្នែក​ខាង​ការរាប់អាន​មិត្ត​ភក្តិ ក៏​បាន​ចង្អុល​ប្រាប់​ផងដែរ​ពី​របៀប​ស្វែងរក​គុណ​ភាព​ល្អ​បំផុត​ដែល​មាន​នៅក្នុង​មនុស្ស​ដទៃ​ថា​ជា បុគ្គលិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ជឿ​ថា ការដឹង​គុណ​គឺជា​រឿង​មួយ​ពិសិដ្ឋ ។ ពេល​យើង​រកមើល​អ្វី​ដែល​ល្អ​បំផុត​នៅក្នុង​បុគ្គល​ម្នាក់ ដែល​យើង​ជួប​នៅ​គ្រា​ណា​មួយ នោះ​យើង​កំពុង​ធ្វើ​អ្វី​ដែល​ព្រះ​ធ្វើ ។ ដូច្នេះ​ក្នុង​ការស្រឡាញ់ និង​ការអរគុណ​អ្នក​ជិត​ខាង​យើង នោះ​យើង​កំពុង​ចូលរួម​ក្នុង​អ្វី​មួយ​ដែល​ពិតជា​ពិសិដ្ឋ​ហើយ » ។

អធិស្ឋាន​ឲ្យ​មិត្តភក្តិ

បទពិសោធន៍​នៅលើ​ផែនដី​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត​ជាមួយ​ព្រះអង្គសង្គ្រោះ គឺ​នៅពេល​ទ្រង់​បាន​អធិស្ឋាន​សម្រាប់​មនុស្ស​ដទៃ ។ ពួក​សាសន៍​នីហ្វៃ​បាន​កត់ត្រា​ថា « ហើយ​គ្មាន​អ្នក​ណា​មួយ [ អាច ] យល់​នូវ​សេចក្ដី​អំណរ​ដែល​ពោរពេញ​នៅ​ក្នុង​ព្រលឹង​នៃ [ ពួកគេ ] នៅ​ពេល [ ពួកគេ ] បាន​ឮ​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់ [ ពួកគេ ] នោះ​ទេ » ( នីហ្វៃទី៣ ១៧:១៧ ) ។ ការអធិស្ឋាន​របស់​យើង​ប្រហែល​ជា​ពុំ​អាច​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ដូច​ការអធិស្ឋាន​ទ្រង់​ទេ ប៉ុន្តែ​យើង​នៅតែ​ឆ្លៀត​ពេល​ដើម្បី​អធិស្ឋាន​សម្រាប់​អ្នក​ដែល​យើង​ខ្វាយខ្វល់ ។

ក្រៅ​ពី​អធិស្ឋាន​ឲ្យ​មិត្ត​របស់​អ្នក អ្នក​ក៏​អាច​អធិស្ឋាន​ដើម្បី​ឲ្យ​មាន​មិត្តភក្តិ​ផងដែរ ។ ពេល​អ្នក « ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​អ្នក » ( អាលម៉ា ៣៧:៣៧ )—រួមទាំង​កង្វល់​របស់​អ្នក​អំពី​ភាព​ឯកោ និង​ការត្រូវការ​មិត្តភក្តិ—នោះទ្រង់​ពុំ​គ្រាន់តែ « ហើយ​ទ្រង់​នឹង​ដឹកនាំ [ អ្នក ] ទៅ​រក​ការ​ល្អ » ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​នឹង​ដឹកនាំ​អ្នក ទៅរក សេចក្តីល្អ—មនុស្ស​ល្អ​ដែល​អាច​ក្លាយ​ជា​មិត្ត​ល្អ ។

ចូរមើល​ទៅ​ព្រះអង្គ​សង្គ្រោះ

ព្រះយេស៊ូវ​ដឹង​ពី​អារម្មណ៍យើង​មាន ពេល​យើង​មាន​អារម្មណ៍​ឯកោ ដោយសារ​ទ្រង់​ក៏ « ទូទុក្ខ » និង​ឯកោ​ផងដែរ ( ម៉ូសាយ ១៤:៣ ) ។ ដូច្នេះ​ទោះបី​យើង​ពូកែ​ខាង​ការធ្វើ​ជា​មិត្ត​ក្តី យើង​នៅតែ​មាន​រយៈពេល ឬ​គ្រានៃ​ភាព​ឯកោ​ដែរ ។ ប៉ុន្តែ​ភាព​ឯកោក៏​អាច​ជា​ការរំឭក​ដល់​យើង​អំពី​ការត្រាស់​បង្គាប់​របស់​ព្រះ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ផងដែរ ( សូម​មើល យ៉ូហាន ១៣:៣៤ ) ។

ប្រសិនបើ​អ្នក​មាន​ការលំបាក​ឆ្លង​កាត់​គ្រា​នៃ​ភាពឯកោ​ក្នុងពេល​នេះ សូម​សម្លឹង​មើល​ទៅ​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។ លើស​ពី​មនុស្ស​ណា​ផ្សេង​ទៀត សូម​រាប់​អាន​ទ្រង់​ជាមិត្ត​របស់​អ្នក ។ ទ្រង់—និង​ព្រះវរបិតាសួគ៌​យើង—នឹង​ពុំ​ចាកចោល​អ្នក​ឲ្យ​នៅ​ឯកោ​ទេ ។

កំណត់​ចំណាំ

  1. រ៉ូណល អេ រ៉ាសបាន « True Friendship » New Era ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៥ ។

  2. Fred Rogers សុន្ទរកថា​បើក​នៅ​សាកលវិទ្យាល័យ Marquette ឆ្នាំ ២០០១ គេហទំព័រ marquette.edu/universityhonors/speakers-rogers.shtml ។