សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
ការខ្វះអុកស៊ីសែនខាងវិញ្ញាណ និងសារៈសំខាន់នៃមិត្តល្អ
អ្នកនិពន្ធរស់នៅអូស្ត្រាលីភាគខាងលិច ប្រទេសអូស្ត្រាលី ។
ពេញមួយយុវវ័យរបស់ខ្ញុំ ខ្ញុំបានចូលរួមក្នុងកម្មវិធីពិសេសជាច្រើន ។ ខ្ញុំសារភាពថា ខ្ញុំមិនចាំអ្វីឡើយ លើកលែងតែសុន្ទរកថាមួយដែលបានដិតជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ច ។ ថ្នាក់ដឹកនាំរបស់ខ្ញុំម្នាក់ ដែលជាអតីតអ្នកបើកយន្ដហោះកងទ័ពអាកាសម្នាក់ បានចែកចាយបទពិសោធន៍របស់គាត់អំពីការខ្វះអុកស៊ីសែន—ការខ្វះអុកស៊ីសែនក្នុងរាងកាយរបស់មនុស្ស ដែលប៉ះពាល់ខួរក្បាលរបស់គេ ។
អ្នកដឹកនាំនោះបានពន្យល់ថា អ្នកបើកយន្ដហោះទ័ពអាកាសប្រឈមនឹងគ្រោះថ្នាក់នៃការខ្វះអុកស៊ីសែន ដូច្នេះពួកគេត្រូវហ្វឹកហាត់នៅទីតាំងដែលរឿងនេះអាចកើតឡើងបាន ។ នៅក្នុងវគ្គហ្វឹកហាត់មួយ គាត់ត្រូវបានណែនាំឲ្យដកម៉ាសអុកស៊ីសែនគាត់ចេញ រួចហើយពាក់វាវិញ នៅពេលគាត់មានអារម្មណ៍ថា គាត់ខ្វះអុកស៊ីសែន ។ ប៉ុន្ដែគាត់មិនដែលបានពាក់ម៉ាសរបស់គាត់វិញឡើយ—មិត្តរបស់គាត់បានពាក់ឲ្យគាត់ ។
បន្ទាប់ពីការហ្វឹកហាត់នោះ មិត្តរបស់គាត់បានពន្យល់ថា ពួកគេបានមើលគាត់រងទុក្ខនឹងសញ្ញាទាំងអស់នៃការខ្វះអុកស៊ីសែន—ការសម្រេចចិត្តមិនល្អ ការនិយាយមិនត្រូវគ្នា និងការភាន់ច្រឡំ ។ គាត់បាននិយាយថា គាត់មិនបានមានអារម្មណ៍ពីរោគសញ្ញាទាំងនោះសោះឡើយ ហើយគិតថា គាត់បានប្រព្រឹត្តតាមធម្មតា ទោះជាមិត្តរបស់គាត់អាចឃើញថា គាត់ស្ថិតក្នុងគ្រោះថ្នាក់ក្ដី ។
ពេលខ្លះនៅក្នុងជីវិត យើងអាចឃើញថា ខ្លួនយើងដើរចុះលើផ្លូវខុសដោយមិនបានដឹងជានិច្ចថា យើងកំពុងធ្វើអ្វីដែលមិនត្រឹមត្រូវនោះទេ ។ យើងអាចសម្រេចចិត្តខុស ប្រព្រឹត្តខុសពីមុន ហើយភាន់ច្រឡំយ៉ាងខ្លាំងនឹងជីវិត—គឺដូចជាការខ្វះអុកស៊ីសែនអញ្ចឹងដែរ ។ ផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច គឺជាផ្លូវដែលអ្នកអាចវង្វេងចេញដោយងាយ ប្រសិនបើមនុស្សគ្រប់គ្នាជុំវិញខ្លួនអ្នកមិនតាំងចិត្តដើរតាមឲ្យបានខ្ជាប់ខ្ជួននោះ ( សូមមើល នីហ្វៃទី១ ៨:២៣; នីហ្វៃទី២៣ ១៤:១៣–១៤ ) ។ នេះគឺជាពេលដែលការមានមិត្តភក្ដិមិនល្អ អាចដាក់គ្រោះថ្នាក់លើសភាពដែលខ្វះអុកស៊ីសែនរួចទៅហើយរបស់អ្នកនោះ ។ ពិតណាស់ មិត្តភក្ដិមិនល្អមិនចាំបាច់ជាមនុស្សអាក្រក់នោះទេ—ខ្ញុំនិយាយអំពីមិត្តដែលមិនពាក់ម៉ាសអុកស៊ីសែនឲ្យអ្នកវិញ និងមិត្តដែលអាចដឹកនាំអ្នកទៅកាន់គ្រោះថ្នាក់ខាងវិញ្ញាណ ។
ដោយធំឡើងនៅក្នុងប្រទេសអូស្ដ្រាលី ខ្ញុំមានមិត្តភក្ដិជាច្រើនទាំងក្នុង និងក្រៅព្រះវិហារ—មិត្តខ្លះមិនមានឥទ្ធិពលវិជ្ជមានឡើយ ។ ខ្ញុំបានដកពិសោធន៍នូវស្ថានភាព ដែលខ្ញុំមានអារម្មណ៍ជាក់ច្បាស់ថា ខ្ញុំអាចបន្ដនៅលើផ្លូវតូចហើយចង្អៀតនេះបាន ប៉ុន្ដែដោយសារតែឥទ្ធិពលនៃមិត្តភក្ដិមិនល្អពីរបីនាក់ សកម្មភាពរបស់ពួកគេបានក្លាយជាធម្មតាសម្រាប់ខ្ញុំ ហើយខ្ញុំបានចាប់ផ្ដើមធ្វើតាមពួកគេ ។
អ្វីដែលបានជួយខ្ញុំឲ្យដឹងអ្វីឡើងវិញ គឺការស្ដាប់តាមឪពុកម្ដាយខ្ញុំ និងថ្នាក់ដឹកនាំក្នុងសាសនាចក្រ ។ ខ្ញុំបានដឹងថា ពួកគាត់ចង់ឲ្យជីវិតខ្ញុំល្អបំផុត ហើយថាពួកគាត់អាចមើលឃើញច្បាស់ជាងខ្ញុំថា ខ្ញុំកំពុងធ្លាក់ទៅក្នុងសភាពនៃការខ្វះអុកស៊ីសែនខាងវិញ្ញាណ ។ ខ្ញុំបានព្យាយាមឈរនៅក្នុងទីបរិសុទ្ធជានិច្ច ។ ខ្ញុំបានចូលរួមក្នុងសកម្មភាពយុវមជ្ឈិមវ័យ និងសកម្មភាពក្នុងព្រះវិហារ ។ ទោះបីជាខ្ញុំចំណាយពេលខ្ញុំយ៉ាងច្រើននៅឯសាកលវិទ្យាល័យ និងការងារក្ដី ក៏ខ្ញុំមានមិត្តភក្ដិល្អៗដែរ ។ ខ្ញុំបានរាប់អានមិត្តភក្តិជាច្រើន ដែលពុំមែនជាសមាជិកសាសនាចក្រទេ ប៉ុន្តែពួកគេជ្រើសរើសធ្វើអ្វីត្រឹមត្រូវ ហើយជាគំរូដ៏អស្ចារ្យ ។ ឧទាហរណ៍ ខ្ញុំបានជួបមិត្តដ៏អស្ចារ្យបំផុតរបស់ខ្ញុំម្នាក់នៅឯវិទ្យាល័យ ។ នាងតែងតែខិតខំធ្វើជាមនុស្សប្រសើរម្នាក់ ហើយទោះបីជានាងមិនមែនជាសមាជិកក្ដី ក៏នាងបានជួយខ្ញុំឲ្យដឹងថា ពេលណាខ្ញុំមិនបានជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់ខ្លួនខ្ញុំដែរ ។ ហើយនោះគឺជាអ្វីដែលមិត្តល្អអស្ចារ្យធ្វើ ។
នៅក្នុង សុភាសិត ១៣:២០ ចែងថា « អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ » ។ ខ្ញុំយល់ស្របទាំងស្រុង—មិត្តដែលនៅជុំវិញខ្លួនអ្នកជិតបំផុត គឺជាមនុស្សដែលអ្នកនឹងធ្វើតាមខ្លាំងបំផុត ។ គឺដូចជាខ្ញុំមិនបានដឹងដែរ អ្នកអាចមិនបានដឹងថា ពេលណាអ្នកខ្វះអុកស៊ីសែនខាងវិញ្ញាណ ហើយដើរតាមផ្លូវខុស ឬមនុស្សខុសនោះទេ ។ វាសំខាន់ដើម្បីស្ដាប់តាមមនុស្សដែលស្រឡាញ់អ្នក ហើយដាក់ខ្លួនអ្នកនៅកន្លែងណា ដែលនឹងនាំមនុស្សល្អមកផង ហើយយាងព្រះវិញ្ញាណផង ។ នៅពេលខ្ញុំបានធ្វើរឿងទាំងនេះ ខ្ញុំឃើញថា ខ្លួនឯងបានហ៊ុមព័ទ្ធទៅដោយមិត្តល្អៗរាល់ថ្ងៃ—មិត្តដែលគាំទ្រខ្ញុំក្នុងការសម្រេចចិត្ត សុចរិតរបស់ខ្ញុំ ។
មិនថាអ្នកនៅទីណាក្នុងពិភពលោកនេះទេ អ្នកអាចរកឃើញមិត្តដែលនឹងពាក់ម៉ាសអុកស៊ីសែនឲ្យអ្នកវិញ នៅពេលអ្នកពិបាកពាក់វាដោយខ្លួនឯងនោះ ។ អ្នកអាចរកឃើញមិត្ត ដែលអាចជួយអ្នកឲ្យចេញពីសភាពខ្វះអុកស៊ីសែនខាងវិញ្ញាណ ដែលអ្នកអាចឃើញថាខ្លួនឯងកំពុងជាប់នៅនោះ ។ មិត្តរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់អ្នក ជាងអ្វីដែលអ្នកអាចគិតដល់ ដូច្នេះសូមស្វែងរកដៃគូដែលកំពុងជ្រើសរើសត្រឹមត្រូវ ។ ខ្ញុំបានធ្វើរួចហើយ វាបានផ្លាស់ប្ដូរខ្ញុំ និងអនាគតរបស់ខ្ញុំជារៀងរហូត ។