នៅក្នុងដានព្រះបាទព្រះយេស៊ូវ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ខ្ញុំឈ្មោះម៉ារី ។ ខ្ញុំរស់នៅប្រទេសអ៊ីស្រាអែលជាមួយគ្រួសារខ្ញុំ ។ យើងមានបទពិសោធន៍ពិសេសជាច្រើននៃការដើរ នៅកន្លែងដែលព្រះយេស៊ូវធ្លាប់យាងកាលពីយូរលង់ណាស់មកហើយ ។
បេថ្លេហិម
កន្លែងពិសេសមួយដែលយើងបានទៅនោះគឺបេថ្លេហិម ជាកន្លែងដែលព្រះយេស៊ូវបានប្រសូត ។ ម៉ារា និងយ៉ូសែបត្រូវធ្វើដំណើរចម្ងាយ ១៤៤ គីឡូម៉ែត្រដើម្បីទៅដល់ទីនោះ ដោយចេញពីផ្ទះរបស់ពួកគេនៅស្រុកណាសារ៉ែត ។ យើងបានទៅលេងព្រះវិហារមួយដែលត្រូវបានសាងសង់ឡើង ជាកន្លែងដែលគេគិតថាជាកន្លែងនៃស្នូកសត្វ ។
យើងក៏បានឃើញវាលនៅក្បែរបេថ្លេហិម ។ ពួកអ្នកគង្វាលនៅតែមើលថែហ្វូងចៀមរបស់ពួកគេនៅទីនោះ គឺដូចកាលពួកគេបានធ្វើនៅរាត្រីដែលព្រះយេស៊ូវបានប្រសូត ។ យើងអាចឮសំឡេង ចៀម ស្រែកពេលយើងយើងច្រៀង « ឆ្ងាយ ឆ្ងាយ នៅលើទីវាលទំនាបយូដា » ( ទំនុកតម្កើងលេខ ១៣២ ) ។ ខ្ញុំចាំពីអារម្មណ៍ដែលខ្ញុំមាន ពេលខ្ញុំច្រៀងចម្រៀងនោះ ។
សមុទ្រកាលីឡេ
នេះគឺជាសមុទ្រកាលីឡេ ។ វាគឺជាបឹងដ៏ស្រស់ស្អាតជាកន្លែងដែលព្រះយេស៊ូវបានបង្រៀនមនុស្សរាប់ពាន់នាក់ ហើយបានសម្តែងអព្ភូតហេតុជាច្រើន ។ ខ្ញុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណនៅទីនោះ ។ វាមានអារម្មណ៍សុខសាន្តប្រាប់ខ្ញុំរឿងពិសិដ្ឋៗបានកើតឡើងនៅទីនោះ ។
ខ្ញុំចូលចិត្តទៅកន្លែងដែលព្រះយេស៊ូវបានយាងទៅ ដូចជាទន្លេយ័រដាន់ ជាកន្លែងដែលព្រះយេស៊ូវបានជ្រមុជទឹក ។ ពេលខ្ញុំបានទៅដល់កន្លែងទាំងនេះ ខ្ញុំបានដើរជុំវិញធ្លានោះដោយស្ងាត់ស្ងៀម នៅក្បែរមនុស្សដែលកំពុងថ្វាយបង្គំព្រះយេស៊ូវ ដោយការដុតទៀន ហើយលុតជង្គង់អធិស្ឋាន ។ ខ្ញុំមានអារម្មណ៍ក្នុងចិត្តខ្ញុំជានិច្ចថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវមានព្រះទ័យរីករាយជាមួយមនុស្សដែលបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះពួកទ្រង់ ។
យេរូសាឡិម
យេរូសាឡិមគឺជាទីក្រុងដ៏ធំមួយ ។ នៅថ្ងៃអាទិត្យមុនពេលទ្រង់ត្រូវឆ្កាង ព្រះយេស៊ូវបានគង់លើសត្វលា ( សូមមើល ម៉ាថាយ ២១:១–១១ ) ។ ប្រជាជនបានស្វាគមន៍ទ្រង់ចូលទៅក្នុងទីក្រុង ដោយការគ្រវីស្លឹកត្នោត ហើយស្រែកថា « ហូសាណា ! »
រៀងរាល់ឆ្នាំនៅថ្ងៃអាទិត្យពីមុនដល់បុណ្យអ៊ីស្ទើរ មនុស្សដើរតាមផ្លូវរបស់ព្រះយេស៊ូវចូលទៅក្រុងយេរូសាឡិម ។ ពួកគេកាន់សឹ្លកត្នោត ហើយច្រៀងចម្រៀងអំពីព្រះយេស៊ូវ ។ មានឆ្នាំមួយនោះ គ្រួសារខ្ញុំបានចូលរួមនឹងពួកគ្រិស្តសាសនិកផ្សេងទៀតដើរលើផ្លូវនោះ ។ វាអស្ចារ្យណាស់ដែលខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់មនុស្សគ្រប់សម្រាប់ព្រះអង្គសង្គ្រោះរបស់ពួកគេ ។
អ្នកពុំចាំបាច់ដើរនៅកន្លែងដែលព្រះយេស៊ូវបានយាងទៅ ដើម្បីធ្វើតាមទ្រង់នោះទេ ។ អ្នកអាចធ្វើតាមគំរូរបស់ទ្រង់គ្រប់ទីកន្លែង !