ការផ្តល់ការងារបម្រើដល់ កុមារ និងយុវវ័យ
មជ្ឈិមវ័យទាំងអស់ ទោះមានការហៅបម្រើអ្វីក៏ដោយ អាចគាំទ្រដល់ការអភិវឌ្ឍរបស់កុមារ និងយុវវ័យនៅក្នុងវួដរបស់ពួកគេ ។
ព្រះវរបិតាសួគ៌ពោរពេញដោយក្តីស្រឡាញ់របស់យើងបានប្រទានទេពកោសល្យ អំណោយទាន ចំណូលចិត្ត និងចំណាប់អារម្មណ៍ពិសេសដល់យើង ។ ទេពកោសល្យទាំងនេះអនុញ្ញាតឲ្យយើងធ្វើការងារបម្រើដល់អ្នកដែលនៅជុំវិញយើង ពេលយើងព្យាយាមប្រែជា « មានចិត្តតែមួយ និងគំនិតតែមួយ » ក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ( ម៉ូសេ ៧:១៨ ) ។ ការណ៍នេះរួមទាំងកិច្ចខិតខំផ្តល់ការងារបម្រើរបស់យើងដល់កុមារ និងយុវវ័យ ។
ទោះបីអ្នកជាគ្រូបង្រៀនថ្នាក់អង្គការបឋមសិក្សា ថ្នាក់ដឹកនាំយុវវ័យ ឬបងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើ ឬអ្នកគ្រាន់តែមានទំនាក់ទំនងសាមញ្ញជាមួយកុមារ និងយុវវ័យនៅព្រះវិហារនោះទេ អ្នកមានសមត្ថភាពដើម្បីបំផុសគំនិត លើកទឹកចិត្ត លើកស្ទួយចិត្ត និងជួយកុមារ និងយុវវ័យឲ្យប្រែក្លាយជាអ្វីទាំងអស់ដែលព្រះវរបិតាសួគ៌មានព្រះទ័យឲ្យពួកគេប្រែក្លាយ ។
ការលើកទឹកចិត្ត និងការផ្តល់ការងារបម្រើរបស់អ្នកអាចក្លាយជាផ្នែកមួយនៃការគាំទ្រដោយសាសនាចក្រ និងកិច្ចខិតខំដែលផ្តោតលើគេហដ្ឋាន ចូរចាំថា ឪពុកម្ដាយមានតួនាទីពិសិដ្ឋ ចម្បងសម្រាប់ដឹកនាំ និងគាំទ្រដល់ការរីកចម្រើនរបស់កូនៗពួកគេ ។ រឿងនោះវាពិតផងដែរ ថ្វីបើឪពុកម្តាយពុំមែនជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬពួកគេពុំសកម្មនៅក្នុងសាសនាចក្រ ។ ដូច្នេះ តើការគាំទ្រសាសនាចក្រនោះអាចមានសភាពបែបណា ហើយតើពួកយើងម្នាក់ៗអាចរួមចំណែកដូចម្តេច ?
យោបល់ទាំងបួននេះអាចជួយបាន ៖
១. សូមរៀនស្គាល់កុមារ និងយុវវ័យ ។
វាពិបាកណាស់ដើម្បីគាំទ្រមនុស្សដទៃ លុះត្រាតែអ្នកដឹងពីការគាំទ្រដែលពួកគេត្រូវការសិន ។ តើអ្នកស្គាល់កុមារ និងយុវវ័យនៅជុំវិញអ្នកច្បាស់លាស់ ដើម្បីដឹងពីគោលដៅដែលពួកគេកំពុងឆ្ពោះទៅរក ជំនួយដែលពួកគេត្រូវការ ឬបញ្ហាដែលពួកគេមានដែរឬទេ ? ហើយម្យ៉ាងវិញទៀត តើអ្នកដឹងពីភាពខ្លាំង និងចំណាប់អារម្មណ៍របស់ពួកគេ ដើម្បីអ្នកអាចជួយបុគ្គលម្នាក់ៗឲ្យទាក់ទងគ្នា ពេលមានឱកាសមួយកើតឡើងដើម្បីឲ្យពួកគេគាំទ្រគ្នាទៅវិញទៅមកដែរឬទេ ?
ឧទាហរណ៍ ជេស៊ីកា អូខេមប៉ូ មកពីប្រទេសហ្គាតេម៉ាឡាបានផ្តល់ការជួយមើលដាវីដកូនប្រុសរបស់មិត្តភក្តិគាត់ឈ្មោះលីសបែត ពេលលីបែតបានបម្រើនៅការបោះជំរំរបស់ក្រុមយុវនារី ។ ជេស៊ីកាបានសួរប្រសិនបើមានអ្វី មួយដែលគាត់អាចធ្វើដើម្បីជួយដាវីឌអំឡុងគ្រានោះ ហើយលីបែតបាននិយាយថា ដាវីឌពុំធ្លាប់រៀនជិះកង់ទេ ។ ជេស៊ីការបានអញ្ជើញកូនប្រុសនាងឲ្យជួយ ហើយពួកគេបានបង្រៀនដាវីឌជិះកង់ ។ ពួកគេក៏ដឹងថា ដាវីឌកំពុងលេងកីឡាវាយកូនបាល់នៅក្រុមរបស់វួដ ហើយត្រៀមខ្លួនសម្រាប់ការប្រកួត ដូច្នេះពួកគេបានចំណាយពេលពេញមួយថ្ងៃដើម្បីជួយដាវីឌរៀបចំខ្លួន ។ ដាវីឌពុំអាចលេងវាយកូនបាល់បានល្អតែមួយថ្ងៃនោះទេ តែគាត់បាននិយាយថា « ពួកគេបានបង្ហាញដល់ខ្ញុំថា ពួកគេពិតជាខ្វាយខ្វល់នឹងខ្ញុំ » ។ គាត់ក៏បាននិយាយផងដែរថា « ខ្ញុំនៅតែមានវីដេអូនៅលើទូរសព្ទខ្ញុំ ពេលខ្ញុំបានរៀនជិះកង់ » ។
យោបល់ផ្សេងទៀត
-
សូមប្រាកដថា អ្នកត្រូវមានការអនុញ្ញាតពីឪពុកម្តាយដើម្បីមានទំនាក់ទំនងជាមួយកូនៗរបស់ពួកគេនៅក្រៅថ្នាក់រៀន ឬសកម្មភាពនានានៅក្រៅសាសនាចក្រ ។ សូមចៀសវាងពីស្ថានភាពដែលនៅតែម្នាក់ឯងជាមួយកុមារ និងយុវវ័យ ។ ការមានវត្តមានពីឪពុកម្តាយម្នាក់របស់កុមារពេលអ្នកគាំទ្រកូនរបស់ពួកគេគឺជាគំនិតល្អណាស់ ។ ការមើលថែក៏គួរតែធ្វើឡើងដើម្បីជំរុញឲ្យមានការវាស់វែងដោយសុវត្ថិភាព ។
-
ស្វាគមន៍កុមារ និងយុវវ័យ និងឪពុកម្តាយពួកគេនៅព្រះវិហារ ។ រៀនស្គាល់ឈ្មោះរបស់ពួកគេ ហើយសួរពួកគេអំពីសកម្មភាពពួកគេក្នុងសប្តាហ៍ ។
-
សូមសួរអ្នកដែលអ្នកផ្តល់ការងារបម្រើ និងក្រុមគ្រួសារពួកគេអំពីរឿងដែលពួកគេរំភើបបំផុត បារម្ភបំផុត ឬចាប់អារម្មណ៍បំផុត ។ ដឹងពីកិច្ចការនានាដែលពួកគេកំពុងរៀបចំធ្វើ ។ បន្ទាប់មក និយាយជាមួយពួកគេ ហើយក៏អធិស្ឋានទូលសូមឲ្យដឹង ប្រសិនបើមានអ្វីដែលអ្នកធ្វើបានដើម្បីគាំទ្រពួកគេ ។
២. ចែកចាយទេពកោសល្យរបស់អ្នក ហើយរកមើលទំនាក់ទំនងដែលអាចទាក់ទងនឹងមនុស្សដទៃ ។
អ្នកបានចំណាយពេលក្នុងជីវិតនេះដើម្បីអភិវឌ្ឍជំនាញ និងទេពកោសល្យ ។ អ្នកមានបទពិសោធន៍ពិសេសដែលផ្តល់ការយល់ដឹងដល់អ្នក និងចំណេះដឹងអំពីប្រធានបទផ្សេងៗ ។ តើអ្នកអាចចែកចាយទេពកោសល្យ និងប្រាជ្ញារបស់អ្នកជាមួយកុមារ និងយុវវ័យ ដើម្បីជួយពួកគេក្នុងការបង្កើតផែនការពួកគេដែរឬទេ ? តើអ្នកអាចជួយពួកគេឲ្យស្គាល់ឱកាសដែលនឹងជួយពួកគេជាមួយនឹងបំណងប្រាថ្នាដើម្បីរីកចម្រើនរបស់ពួកគេបានដែរឬទេ ?
ឧទាហរណ៍ អូឡាលេខាន បាបាធូនដេ មកពីទីក្រុង អូសាន់ ប្រទេសនីហ្សេរីយ៉ា ធ្វើការផ្នែកច្បាប់ ។ ស្តេករបស់គាត់គឺជាស្តេកដែលបានចូលរួមក្នុងការសាកល្បងដំបូងសម្រាប់កម្មវិធីកុមារ និងយុវវ័យ ។ ពេលគាត់បានឮថា វាបានបំផុសគំនិតយុវជនម្នាក់ក្នុងវួដគាត់ឲ្យក្លាយជាមេធាវី អូឡាលេខាន បានទៅជួយគាត់ដើម្បីផ្តល់ការគាំទ្រ ។ អូឡាលេខានកំពុងជួយគាត់ឲ្យរៀនពីអ្វីដែលត្រូវធ្វើ ដើម្បីរៀបចំគាត់ឲ្យចូលរៀនសាលាច្បាប់ ។
ម៉ារៀ វ៉ាស្សឈិនកូ មកពី ទីក្រុងគីអីវ ប្រទេសអ៊ុយក្រែន បានសម្គាល់ឃើញពីឥទ្ធិពលរបស់ស្ត្រីម្នាក់ ដែលបានដឹងពីសមត្ថភាពផ្នែកតន្ត្រីរបស់កូនប្រុសអាយុ ១៣ ឆ្នាំរបស់គាត់ ។ ស្ត្រីនោះបានអញ្ជើញគាត់ឲ្យទៅលេងព្យាណូសម្រាប់ការប្រារព្ធពិធីវប្បធម៌ ពីមុនការឧទ្ធិសឆ្លងព្រះវិហារបរិសុទ្ធ គីអីវ អ៊ុយក្រែន ។ គាត់បានគិតយ៉ាងហ្មត់ចត់ពីការឈប់លេងតន្ត្រីនៅគ្រានោះ ប៉ុន្តែគាត់បានយល់ព្រមទទួលយកការអញ្ជើញរបស់នាង ។
ម៉ារៀបាននិយាយថា « នេះគឺជាការសម្រេចចិត្តមួយដ៏មានឥទ្ធិពលក្នុងជីវិតកូនប្រុសខ្ញុំ ។ ការប្រគំតន្ត្រីនោះគឺអស្ចារ្យណាស់ ! បន្ទាប់មក យើងបានប្រាប់កូនប្រុសយើងថា ឥឡូវគាត់អាចឈប់លេងតន្ត្រីបានហើយ ប៉ុន្តែគាត់បានតបថា គាត់ពុំឈប់លេងទេ ។ គាត់បានបញ្ចប់ការសិក្សាពីសាលាតន្ត្រីជាមួយនឹងចំណាត់ថ្នាក់ល្អ អាចលេងឧបករណ៍តន្ត្រីជាច្រើន បានចាប់ផ្តើមនិពន្ធបទភ្លេង និងចម្រៀង ហើយបានបង្កើតក្រុមតន្ត្រី ។ ពេលគាត់ទៅបម្រើបេសកកម្ម គាត់បានរៀបចំសកម្មភាពតន្ត្រី លេងព្យាណូនៅក្នុងពិធីប្រជុំសាក្រាម៉ង់ ដឹកនាំក្រុមចម្រៀងពួកអ្នកផ្សព្វផ្សាយសាសនា និងបង្រៀនសាសនាគន់ការីឲ្យលេងហ្គីតា និងព្យាណូ ។ យើងនឹងមានអំណរគុណជានិច្ចដល់បងស្រីដែលបានជួយកូនរបស់យើងឲ្យអភិវឌ្ឍទេពកោសល្យរបស់គាត់ » ។ បងស្រីដ៏មានឥទ្ធិពលនោះបានធ្វើឲ្យការផ្លាស់ប្តូរសាមញ្ញមួយ តាមរយៈការដឹងពីជំនាញរបស់យុវជននោះ ហើយអញ្ជើញគាត់ឲ្យប្រើវាដើម្បីផ្តល់ពរដល់មនុស្សដទៃ ។
យោបល់ផ្សេងទៀត
-
ផ្តល់ការបង្រៀនកុមារ និងយុវវ័យនូវជំនាញរបស់អ្នកក្នុងសកម្មភាពរបស់ពួកគេ ឬឲ្យពួកគេចែកចាយទេពកោសល្យជាមួយសមាគមសង្គ្រោះ ឬកូរ៉ុមអែលឌើរ ។
-
មើលពររបស់លោកអយ្យកោរបស់អ្នកដើម្បីគិតពីទេពកោសល្យ និងអំណោយទានខាងវិញ្ញាណរបស់អ្នក ដែលអ្នកគាំទ្រមនុស្សដទៃក្នុងការអភិវឌ្ឍរបស់ពួកគេ—សូម្បីតែអំណោយដែលមនុស្សដទៃមើលពុំឃើញក្តី ដូចជាការធ្វើជាអ្នកដែលពូកែស្តាប់ ។
-
បង្កើតបញ្ជីមួយនៃកម្លាំងរបស់បុគ្គលម្នាក់ៗ—ភាពខ្លាំងរបស់អ្នក និងមនុស្សដទៃ—ដូច្នេះអ្នកត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រមនុស្សដទៃ ដែលអាចទទួលប្រយោជន៍ពីចំណេះដឹងរបស់មនុស្សម្នាក់ទៀត ។ ការណ៍នេះអាចមានប្រយោជន៍ជាពិសេសសម្រាប់ក្រុមគ្រួសារ ក្រុមប្រឹក្សាវួដ និងថ្នាក់ ព្រមទាំងគណៈប្រធានកូរ៉ុមរបស់យុវវ័យដែលត្រូវធ្វើរួមគ្នា ។
៣. សូមចាប់អារម្មណ៍ និងផ្តល់ការលើកទឹកចិត្ត ។
សូមចាំពេលកុមារ ឬយុវវ័យមានព្រឹត្តិការណ៍អ្វីធំដុំកើតឡើង បន្ទាប់មកតាមដានពីរឿងនោះ ។ សូមផ្ញើសារខ្លីនៃការលើកទឹកចិត្ត ។ សួរពួកគេពីផែនការពួកគេនៅសប្តាហ៍នោះ ។ សូមមានចិត្តរំភើបនឹងការរីកចម្រើនរបស់ពួកគេ ហើយលើកទឹកចិត្តពួកគេឲ្យបន្តឆ្ពោះទៅមុខទោះបីជាមានការបាក់ទឹកចិត្តក្តី ។ អ្នកពុំចាំបាច់ត្រូវដឹងរឿងលម្អិតដើម្បីឲ្យពួកគេដឹងថា អ្នកគាំទ្រពួកគេនោះទេ ។
មានគ្រាមួយ ពេលខ្ញុំព្យាយាមបង្កើតទម្លាប់មួយដើម្បីចូលដេកពីព្រលប់ សមាជិកវួដម្នាក់បានឮខ្ញុំនិយាយនៅថ្ងៃអាទិត្យមួយ អំពីក្តីសង្ឃឹមរបស់ខ្ញុំដើម្បីដេកបានកាន់តែច្រើននៅសប្តាហ៍នោះ ។ គាត់បានសួរខ្ញុំថា តើខ្ញុំកំពុងធ្វើអ្វីដើម្បីឲ្យរឿងនោះកើតឡើង ។ ខ្ញុំបានតាំងចិត្តចូលដេកតាមម៉ោងដែលខ្ញុំចង់ យ៉ាងហោចណាស់ឲ្យបានមួយយប់នៅក្នុងអាទិត្យនោះ ។ គាត់បាននិយាយថា « ខ្ញុំនឹងសួរអ្នកអំពីរឿងនេះនៅសប្តាហ៍ក្រោយ » ។ ខ្ញុំជឿថា គាត់នឹងសួរ ដូច្នេះខ្ញុំបានរក្សាការតាំងចិត្តនោះ ។
ប្រាកណាស់ នៅសប្តាហ៍បន្ទាប់ពេលនៅព្រះវិហារ គាត់បានសួរខ្ញុំ ប្រសិនបើខ្ញុំបានបំពេញគោលដៅរបស់ខ្ញុំ ( ខ្ញុំបានធ្វើវាមែន ! ) ហើយគាត់បានសួរ ប្រសិនបើខ្ញុំចង់ធ្វើទៀតនៅសប្តាហ៍បន្ទាប់ទៀត ។ ខ្ញុំបានដឹងថា គាត់នឹងតាមដានខ្ញុំ ដូច្នេះខ្ញុំបានធ្វើវាទៀត ។ នៅសប្តាហ៍បន្ទាប់ទៀត គាត់បានលើកទឹកចិត្តខ្ញុំឲ្យបំពេញគោលដៅរបស់ខ្ញុំពីរដងនៅសប្តាហ៍នោះ ។ ហើយនៅសប្តាហ៍បន្ទាប់ទៀតផងដែរ ? គាត់បានតាំងចិត្តខ្ញុំឲ្យចូលដេកតាមម៉ោងដែលខ្ញុំចង់ឲ្យបានបីយប់ ។ គាត់បន្តលើកទឹកចិត្តខ្ញុំរៀងរាល់សប្តាហ៍ រហូតដល់ផែនការរបស់ខ្ញុំបានក្លាយជាទម្លាប់ពិតប្រាកដ ។
ច្រើនឆ្នាំក្រោយមក ខ្ញុំបានប្រាប់រឿងនោះដល់មិត្តភក្តិផ្សេងទៀតនៅព្រះវិហារ ដោយសារខ្ញុំពុំបានធ្វើតាមទម្លាប់ល្អរបស់ខ្ញុំទេ ហើយខ្ញុំបានដឹងថា ខ្ញុំត្រូវចាប់ផ្តើមជាថ្មីម្តងទៀត ។ គាត់បាននិយាយថា « ខ្ញុំនឹងជួយអ្នកឲ្យទទួលខុសត្រូវនឹងរឿងនោះ » ។ ដូច្នេះគាត់បានតាមដានខ្ញុំរៀងរាល់សប្តាហ៍ រហូតដល់ខ្ញុំបង្កើតទម្លាប់ល្អនៃការដេកជាថ្មីម្តងទៀត ។ អស់ពេលជាច្រើនឆ្នាំ គ្រួសារ និងមិត្តភក្តិជិតស្និទ្ធបានជួយខ្ញុំជាមួយគោលដៅដើម្បីដេកបានគ្រប់គ្រាន់ ប៉ុន្តែមានពីរដងដែលវាមានឥទ្ធពលខ្លាំងបំផុតពេលសមាជិកវួដ—ជាអ្នកដែលខ្ញុំពុំសូវស្និទ្ធស្នាល—បានជួយខ្ញុំដាក់ និងរក្សាគោលដៅ ហើយបន្ទាប់មកតាមដានជាមួយខ្ញុំក្នុងរបៀបមួយដោយការលើកទឹកចិត្ត ។
យោបល់ផ្សេងទៀត
-
ប្រសិនបើបុគ្គលម្នាក់កំពុងចែកចាយជំនាញរបស់ពួកគេអំឡុងពេលសម្តែង ឬល្បែងកម្សាន្ត សូមចូលរួម ហើយស្រែកសរសើរដល់ពួកគេ ។
-
សូមកត់សម្គាល់ពីការរីកចម្រើននៅក្នុងមនុស្សដទៃ ហើយសរសើរពួកគេចំពោះកិច្ចខិតខំពួកគេ ដូចជាជាមួយនឹងការឡើងនិយាយ ឬមេរៀនសកម្មភាពដែលពួកគេបានជួយដាក់ផែនការ គម្រោងបម្រើដែលពួកគេបានចូលរួម ឬការសម្រេចបានរបស់ពួកគេនៅសាលារៀនដែលអ្នកបានស្តាប់ឮ ។ ពាក្យសម្តីរបស់អ្នកអាចផ្តល់ការអញ្ជើញដ៏សំខាន់ដល់ពួកគេ ឲ្យបន្តតាមចាប់យកគោលដៅរបស់ពួកគេនៅពេលវេលាដ៏លំបាកនានា ។
-
ប្រសិនបើអ្នកដាក់ផែនការសកម្មភាពគ្រួសារ ដើម្បីជួយកូនរបស់អ្នកឲ្យរៀនជំនាញថ្មី សូមគិតពីការអញ្ជើញមនុស្សដទៃឲ្យចូលរួម ជាពិសេសប្រសិនបើវាទាក់ទងនឹងគោលដៅរបស់ពួកគេ ។
៤. ធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ
លើសពីអ្វីៗទាំងអស់ សូមស្វែងរកព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះជ្រាបពីភាពខ្លាំងរបស់អ្នក និងតម្រូវការរបស់មនុស្សដទៃ ។ ពួកគេស្គាល់សមត្ថភាពរបស់អ្នក ដើម្បីផ្តល់ពរដល់កុមារ និងយុវវ័យនៅក្នុងជីវិតអ្នក ។ សូមអធិស្ឋានដើម្បីដឹងរបៀបដែលអ្នកអាចគាំទ្រ និងផ្តល់ពរដល់បុគ្គលទាំងនោះ ។ បន្ទាប់មក ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ព្រះវិញ្ញាណនឹងដឹកនាំអ្នកក្នុងកិច្ចការតូចតាច និងងាយ ដើម្បីនាំឲ្យកើតមានអព្ភូតហេតុ ( សូមមើល អាលម៉ា ៣៧:៦ ) ។
ការហៅរបស់ព្រះអង្គសង្គ្រោះដើម្បី « មានចិត្តតែមួយ និងគំនិតតែមួយ » ( ម៉ូសេ ៧:១៨ ) អញ្ជើញយើង—ទាំងចាស់ទាំងក្មេង—ឲ្យមានភាពសាមគ្គីគ្នាក្នុងកិច្ចខិតខំពួកយើង ដើម្បីប្រែកាន់តែដូចព្រះអង្គសង្គ្រោះ និងដើរតាមក្នុងមាគ៌ារបស់ទ្រង់ ។ ពេលយើងផ្តល់ការងារបម្រើដល់កុមារ និងយុវវ័យ ហើយព្យាយាមជួយពួកគេឲ្យរីកចម្រើន នោះយើងអាចរកឃើញថា យើងបានទទួលមកវិញនូវភាពរីកចម្រើនផងដែរ ។
យោបល់ផ្សេងទៀត
-
សូមរស់នៅដោយស័ក្ដិសមដើម្បីទទួលបានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច ។
-
សូមឆ្លៀតពេលប្រចាំសប្តាហ៍ដើម្បីពិចារណាពីរបៀបគាំទ្រដល់ការរីកចម្រើននៃកូនៗរបស់អ្នក ឬកុមារ និងយុវវ័យនៅក្នុងគ្រួសារអ្នក វួដ ឬសហគមន៍របស់អ្នក ។
-
សូមពឹងផ្អែកលើព្រះវិញ្ញាណក្នុងការខិតខំអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក ។ សូមរៀន និងរក្សាការរីកចម្រើនតាមរយៈភាពបរាជ័យ ដោយការស្វែងរកព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នក ពេលអ្នករីកចម្រើន ។