២០១៩
ព្រះយេស៊ូវគ្រីស្ទ ៖ ប្រភព​នៃ​អំណរ​ដ៏​យូរ​អង្វែង
ខែ ធ្នូ ឆ្នាំ ២០១៩


ព្រះយេស៊ូវគ្រីស្ទ ៖ ប្រភព​នៃ​អំណរ​ដ៏​យូរ​អង្វែង

ដកស្រង់​ចេញ​មកពី​សុន្ទរកថា​ការប្រជុំធម្មនិដ្ឋាន « That They Might Have Joy » ដែល​បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។

សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បាន​ស្តារ​ឡើង​វិញ ដែល​កំពុង​ព្យាយាម​ចងចាំ និង​គោរព​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​គោរព​បទបញ្ញត្តិ​អាច​ទទួល​អំណោយ​នៃ​អំណរ​ដ៏​យូរ​អង្វែង ។

Nativity scene

ប្រសូតកម្ម ដោយ ម៉ៃឃល ម៉ម

ថ្មីៗ​នេះ ខ្ញុំ​បាន​នៅក្នុង​ការប្រជុំ​ថ្លែង​ទីបន្ទាល់​ពោរពេញ​ដោយ​អំណាច​ខាង​វិញ្ញាណ ហើយ​បាន​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ពេល​បងស្រី​ដ៏​ស្មោះត្រង់​ម្នាក់​បាន​ប្រកាស​ថា « ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ដោយសារ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតា » ។

រំពេច​នោះ វា​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ខ្ញុំ​ថា បងស្រី​នេះ​ពុំ​គ្រាន់តែ​និយាយ​ដោយ​សាមញ្ញ​នូវ​ពាក្យ​ដែល​យើង​ស្គាល់​ទាំងនេះ​ទេ ។ ពន្លឺ​ដែល​ចែងចាំង​ក្នុង​កែវ​ភ្នែក​គាត់ សំឡេង​ពេញ​ដោយ​ខាង​វិញ្ញាណ​របស់​គាត់ ទឹកមុខ​ភ្លឺ​ថ្លា និង​មាន​ភាព​សុខសាន្ត​របស់​គាត់—អ្វី​គ្រប់​យ៉ាង​អំពី​គាត់​បាន​បញ្ជាក់​ពី​សេចក្តីពិត​ពោរពេញ​នៃ​អ្វី​ដែល​គាត់​កំពុង​ថ្លែង ។ គាត់​ពោរពេញ​ដោយ​អំណរ ! គាត់​បាន​បញ្ចេញ​អំណរ​នោះ​យ៉ាង​ចែងចាំង ។ ប្រាកដ​ណាស់ គាត់​បាន​ប្រែ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ ហើយ​ទទួល​ព្រះភ័ក្ត្រ​ទ្រង់​ឆ្លាក់​លើ​មុខ​របស់​គាត់ ( សូមមើល អាលម៉ា ៥:១៤ ) ជា​ផ្នែក​មួយ​នៃ​ការ​មាន​អំណរ ។

ការបង្ហាញ​ពី​សេចក្តីជំនឿ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ពី​ទំនុក​បទ​នៃ​ទំនុកតម្កើង​បីបួន​ដែល​យើង​ស្គាល់ ៖

យើង​កាន់​ដំបង​ដែក​ដោយ​ជំនឿ

រក​អំណរ​ក្នុង​ការណ៍​នេះ ។

មក​មក​ពួក​បរិសុទ្ធ​កុំ​ខ្លាច​ឡើយណា

តែ​ខិតខំ​ដោយ​សារទរ ។ …

គ្រាន់​បើ​ជាង​បើ​យើង​ខំ​ឧស្សាហ៍

កម្ចាត់​ចោល​កង្វល់​យើង​នៅ​រុញ​រា

ធ្វើ​បែប​នេះ​ទើប​ចិត្ត​នឹង​រីករាយ—

ស្រួល​ទាំងអស់ ! ស្រួល​ទាំងអស់ !​

ឱ ឃ្លា​ដ៏​ផ្អែម​ល្ហែម និង​ដ៏​ពិរោះ ៖

« ខ្ញុំ​ដឹងថា ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ ! »

ហើយ​នៅក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ យើង​នឹង​ច្រៀង ៖

« ខ្ញុំ​នាំ​ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ

ដល់​អ្នក និង​ដល់​មនុស្ស​លោក​ទាំងអស់ » ។

និង

អំណរ​ដល់​លោក ព្រះបុត្រ​កើត​ហើយ

ទទួល​ស្តេច​ដ៏​ថ្កុំថ្កើង ! …

ឲ្យ​សំឡេង​ឮ​ខ្ទរខ្ទារ

ឲ្យ​សំឡេង​ឮ​ខ្ទរខ្ទារ

ឲ្យ​សំឡេង​ឮ​ឲ្យ​បាន​ខ្ទរខ្ទារ ។

ចាប់តាំង​ពី​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជារឿយៗ​ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ការអញ្ជើញ​ឲ្យ​មនុស្សលើ​ពិភពលោក ដែល​មាន​បញ្ជូល​ការសន្យា​នៃ​អំណរ ៖ « សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក​គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទាំងនៅ​សងខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន អំណរ​យូរ​អង្វែង និង​ស័ក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច » ។

Christ reaching out

ទ្រង់​បាន​ព្យាបាល​ពួកគេ​ទាំងអស់​គ្នា ដោយ ម៉ៃឃល ម៉ម

តើ​អ្វីទៅ​ជា​អំណរ​ពិតប្រាកដ​អំពី​អ្វី​ដែល​យើង​ច្រៀង និង​បង្រៀន ហើយ​អំណរ​មួយ​ណា​ដែល​យើង​មាន​កាតព្វកិច្ច​ផ្តល់​ដល់​មនុស្ស​លោក​ទាំងអស់ ? ហើយ​តើ​យើង​ទទួល​បាន​វា​តាមរបៀប​ណា ? ឥឡូវ​ចូរ​យើង​ពិចារណា​ទាំងអស់​គ្នា​ពី​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ទាំងពីរ​នេះ ។

តើអំណរ​ជា​អ្វី ?

និយមន័យ​នៃពាក្យ​អំណរ​ក្នុង​វចនានុក្រុម​គឺ « អារម្មណ៍ មួយ​នៃ​ការពេញ​ចិត្ត [ ឬ ] សុភមង្គល​ដ៏​អស្ចារ្យ » ។ នៅក្នុង​ការប្រៀបធៀប សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ពិពណ៌នា​អំពី​អំណរ​ថា​ជា « លក្ខខណ្ឌ នៃ​សុភមង្គល​ដ៏​អស្ចារ្យ [ ដែល​ជា​លទ្ធផល ] កើត​មក​ពី​ការរស់នៅ​ដោយ​សុចរិត » ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ទស្សនវិស័យ​នៃ​ដំណឹងល្អ​របស់​យើង​ជួយ​យើង​ឲ្យ​យល់​ថា អំណរ​គឺ​ជា​អារម្មណ៍​មួយ​ហួស​ពី​អារម្មណ៍ ឬ​ចេតនារម្មណ៍​រសាត់រសាយ​មួយ ផ្ទុយទៅវិញ វា​គឺ​ជា​អំណោយ​ខាង​វិញ្ញាណ និង​ស្ថានភាព​មួយ​នៃ​ការមាន​វត្តមាន និង​ការប្រែក្លាយ ។ សម្រាប់​ហេតុផល​នេះ ខ្ញុំ​បាន​ពិពណ៌នា​អំពី​បងស្រី​ដែល​បាន​ថ្លែង​ទីបន្ទាល់​របស់​គាត់​ថា ពោរពេញ និង​ចែកចាយ​នូវ​អំណរ ។

ក្នុង​នាម​ជា​ឪពុក​ដ៏ឈ្លាសវៃ និង​ពោរពេញ​ដោយ​ក្តីស្រឡាញ់ លីហៃ​បាន​បង្រៀន​ពួក​កូនប្រុស​របស់​លោក​ថា គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​គឺ​សម្រាប់​ឲ្យ​មនុស្ស​ទាំងអស់​មាន​អំណរ ៖

« ប៉ុន្តែ​មើល​ចុះ អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ។

លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ( នីហ្វៃទី​២ ២:២៤–២៥ ) ។

អ័ដាម និង​អេវ៉ា​បាន​សង្ខេប​ពី​មេរៀន​សំខាន់ ដែល​ពួកគេ​បាន​រៀន​ពី​ព្រះវរបិតា​ដ៏​អស់កល្ប និង​ពី​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ អ័ដាម​បាន​ប្រកាស​ថា « សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដ្បិត​ព្រោះ​តែ​ការ​រំលង​របស់​ខ្ញុំ នោះ​ភ្នែក​ខ្ញុំ​បាន​ភ្លឺ​ឡើង ហើយ​នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​នឹង​មាន​សេចក្ដី​អំណរ ហើយ​នៅ​ក្នុង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​ឃើញ​ព្រះ​ទៀត » ( ម៉ូសេ ៥:១០ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ហើយ​អេវ៉ា​បាន​និយាយ​ថា « បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការ​រំលង​របស់​យើងទេ នោះ​យើងក៏​នឹង​មិន​មាន​ពូជ​សោះ ហើយ​នឹង​មិន​ដឹង​ខុសត្រូវ និង​សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោស​លោះ​របស់​យើង និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដែល​គោរព​តាម​ដែរ » ( ម៉ូសេ ៥:១១ ការបញ្ជាក់​បាន​បន្ថែម ) ។

ផែនការ​សុភមង្គល​របស់​ព្រះវរបិតា​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ទទួល​បាន​រូបកាយ និង​ទទួល​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ដើម្បី​ជ្រើសរើស​សុចរិតភាព​នៅក្នុង​វត្តមាន​នៃ​សេចក្តីអាក្រក់ និង​ការល្បួង ហើយ​ជួយ​ព្រះវរបិតាសួគ៌​ជាមួយ​នឹង​ផែនការ​ដ៏​មហិមា​របស់​ទ្រង់ តាមរយៈ​ការគោរព​ដល់​អាពាហ៍ពិពាហ៍ និង​បព្វជិតភាព ។ ទីបំផុត នៅ​គ្រា​នៃ​ការរស់ឡើង​វិញ​របស់​យើង « វិញ្ញាណ និង​រូបកាយ [ ត្រូវ ] រួបរួមគ្នា ដោយ​មិន​បែកបាក់​ទៀត​ឡើយ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​បាន​ទទួល ​ភាពពោរពេញ​នៃ​សេចក្តីអំណរ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:១៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

តើ​យើង​ទទួល​បាន​អំណរ​តាម​របៀប​ណា ?

ខ្ញុំ​ជឿ​ថា ភាពផ្ទុយ​គ្នា​រវាង​អំណរ​ដោយសុចរិត និង​ភាពរីករាយ​បែប​លោកិយ​គឺ​ជាការណែនាំ និង​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ប្រសើរ​ពី​លក្ខណៈ​នៃ​អំណរ​ពិត ។ អំណរ​កើត​មក​ពី​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដោយ​ការទទួល និង​ការគោរព​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ដ៏ពិសិដ្ឋ​ដោយ​ស័ក្តិសម ហើយ​ព្យាយាម​ប្រែចិត្តជឿ​កាន់តែខ្លាំង​ឡើង​លើ​ព្រះអង្គសង្គ្រោះ និង​ព្រះរាជបំណង​របស់​ទ្រង់ ។ ភាពរីករាយ​គឺ​ជា​លទ្ធផល​នៃ « ការកម្សាន្ត », « លេងសើច [ និង ] ជារឿយៗ​គឺ​ជា​សកម្មភាព ឬ​ការនិយាយ​ហ៊ោរកញ្ជ្រៀវ » ឬ​ការភ្លើតភ្លើន​ដ៏​រីករាយ ។១០ ការជិះ​ដើរ​លេង​កម្សាន្ត​មួយ​ថ្ងៃ​នៅ​ឌីស្នីលែន​គឺ​សប្បាយ​ណាស់ ។ ការរៀបចំ​ខ្លួន​យ៉ាង​ស័ក្តិសម និង​ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់​គឺ​ពោរពេញ​ដោយ​អំណរ ។

ជាអាទិ​អំណរ​គឺ​ជា​រឿង​ខាង​វិញ្ញាណ ឯភាពរីករាយ​វិញ​គឺ​ជា​រឿង​ខាង​សាច់​ឈាម ។ ជាអាទិ​អំណរ​គឺ​ជា​រឿង​យូរ​អង្វែង ឯភាពរីករាយ​វិញ​គឺ​ជា​រឿង​បណ្តោះអាសន្ន ។ ជាអាទិ​អំណរ​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​ធំធេង ឯ​ភាពរីករាយ​វិញ​គឺ​រាក់កំផែល ។ ជាអាទិ​អំណរ​គឺ​ជា​រឿង​ទាំង​ស្រុង និង​ពេញលេញ ឯភាពរីករាយ​វិញ​គឺ​ជា​រឿង​មិនពេញលេញ ។ ជាអាទិ​អំណរ​ទាក់ទង​នឹង​ជីវិតរមែង​ស្លាប់ និង​ភាពអស់កល្ប​ជានិច្ច ឯភាពរីករាយ​វិញ​ទាក់ទង​តែ​នឹង​ជីវិតរមែង​ស្លាប់​ប៉ុណ្ណោះ ។

វា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង​ថា កុំ​ច្រឡំ ឬ​ប្តូរ​អំណរ​យូរ​អង្វែង និង​ជ្រាលជ្រៅ​នៃ​ភាពជាសិស្ស​ដ៏​ស្មោះត្រង់​ទៅ​យក​ភាព​រីករាយ​ដែល​មាន​បណ្តោះអាសន្ន និង​រាក់កំផែល ។

ព្រះ​ដ៍​ប្រោសលោះ​គឺ​ប្រភព​ដ៏​ចម្បង និង​ជា​ប្រភព​តែ​មួយ​គត់​នៃ​អំណរ​យូរអង្វែង និង​អស់កល្ប ។ ព្យាការី​យ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ប៉ុន្តែ​មើល​ចុះ ពួក​សុចរិត​ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​គេ​ដែល​ជឿ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​គេ​ដែល​បាន​ស៊ូទ្រាំ​នូវ​ឈើឆ្កាង​ទាំង​ឡាយ​នៃ​ពិភពលោក ហើយ​ពុំ​ញញើត​ដល់​ការ​ខ្មាសអៀន ពួក​គេ​នឹង​គ្រង​នគរ​ព្រះ​ទុកជា​មរតក ដែល​បាន​រៀបចំ​សម្រាប់​ពួក​គេ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ហើយ​សេចក្ដី​អំណរ​របស់​គេ​នឹង​បាន​ពោរពេញ​រហូត​ត​ទៅ » ( នីហ្វៃទី​២ ៩:១៨ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ប្រភពពិត​នៃ​អំណរ

ដោយសារ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ការប្រែចិត្ត​ដោយ​ស្មោះសរ​អញ្ជើញ​យើង​ឲ្យ​ងាក​ទៅរក ហើយ​ពឹងផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ ជា​ប្រភពពិត​នៃ​អំណរ ។ សូម​ពិចារណា​ដោយ​យក​ចិត្ត​ទុកដាក់​នូវ​ចម្លើយ​របស់​ប្រជាជន​ស្តេច​បេន​យ៉ាមីន​ចំពោះ​ការបង្រៀន​របស់​ទ្រង់​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

« ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ស្ដេច​បេនយ៉ាមីន​បាន​បញ្ចប់​នូវ​ការ​និយាយ​ពាក្យ​ទាំង​ឡាយ​ដែល​ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​ប្រាប់​ដល់​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​បាន​ក្រឡេក​ទត​មើល​ជុំវិញ​ទៅ​លើ​ហ្វូង​មនុស្ស ហើយ​មើល​ចុះ ពួក​គេ​បាន​ដួល​ទៅ​លើ​ដី ព្រោះ​ការ​កោតខ្លាច​ដល់​ព្រះ​អម្ចាស់​មាន​មក​លើ​ពួក​គេ ។

ហើយ​ពួក​គេ​បាន​ឃើញ​ថា ខ្លួន​គេ​នៅ​ក្នុង​ស្ថានភាព​ខាង​រូប​កាយ អន់​ជាង​ធូលី​ដី​ទៅ​ទៀត ។ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ស្រែក​ព្រម​គ្នា​ដោយ​សំឡេង​តែមួយ​ថា ៖ ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំង​ឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ ព្រោះ​យើង​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​វត្ថុ​សព្វ​សារពើ និង​វត្ថុ​សព្វ​សារពើ ព្រះ​អង្គ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​ពោល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ក៏​បាន​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ហើយ​ពួក​គេ​ក៏​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ដោយ​បាន​ទទួល​​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​​សតិសម្បជញ្ញៈ ព្រោះ​តែ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ ដែល​ពួក​គេ​មាន​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​នឹង​យាង​មក » ( ម៉ូសាយ ៤:១–៣ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ដោយសារ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ការគោរពប្រតិបត្តិ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ជា​ប្រភពពិ​ត​នៃ​អំណរ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ទៅ​ពួកសិស្ស​របស់​ទ្រង់​ថា ៖

« បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ ។

ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​អ្នករាល់គ្នា​បាន​ពោរ​ពេញ​ផង » ( យ៉ូហាន ១៥:១០–១១ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

« ហើយ​គ្មាន​នរណា​ម្នាក់​ទទួល​នូវ​ភាព​ពោរពេញ​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:២៧–២៨ ) ។

ដោយសារ​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ការបម្រើ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​គំរូ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ប្រភពពិត​នៃ​អំណរ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​សេចក្តីថ្លែងការណ៍​មួយ​ដោយ ខេវិន ជេ វើសស្សិន ប្រធាន សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អំពី​អំណរ​ដ៏​ជ្រាលជ្រៅ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ជឿជាក់​ថា បុគ្គល​ម្នាក់​វាស់វែង​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​យើង​គឺ​អំណរ​ដ៏​ខ្លាំង​ដែល​យើង​បាន​ទាញ​យក​ពី​ការបម្រើ » ។១១

អាលម៉ា​ជាកូន​បាន​ប្រាប់​ហេលេមិន​កូន​ប្រុស​របស់​លោក​ថា ៖ « មែន​ហើយ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​ឥឡូវ​នេះ ឪពុក​បាន​ធ្វើ​ការ​មិន​ឈប់​ឈរ​ដើម្បី​ឪពុក​អាច​នាំមនុស្ស​ឲ្យ​ប្រែចិត្ត ដើម្បី​ឪពុកអាច​នាំ​គេ​ឲ្យ​ភ្លក់​នូវ សេចក្ដីអំណរ​ដ៏​លើសលប់ ដូច​ដែល​ឪពុក​ធ្លាប់​បាន​ភ្លក់ ដើម្បី​ឲ្យ​គេ​អាច​កើត​មក​អំពី​ព្រះដែរ ហើយ​បាន​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( អាលម៉ា ៣៦:២៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ដោយ​រំឭក​ពី​ក្តីរីករាយ​របស់​អាំម៉ូន ពេល​លោក​បាន​រៀបរាប់​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ក្នុង​ចំណោម​ពួកសាសន៍​លេមិន ៖

« មើល​ចុះ សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​ពោរពេញ​ហើយ មែន​ហើយ បេះដូង​ខ្ញុំ​ហូរ​ហៀរ​ទៅ​ដោយ​សេចក្ដីអំណរ ហើយ​ខ្ញុំ​នឹង​អររីករាយ​នៅ​ក្នុង​ព្រះ​របស់​ខ្ញុំ​វិញ ។ …

មើល​ចុះ តើ​បង​ប្អូន​យើង​ប៉ុន្មាន​ពាន់​នាក់ ដែល​ទ្រង់​បាន​ស្រាយ​ឲ្យ​រួច​ពី​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ឲ្យ​​ច្រៀង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ហើយ​នេះ​ក៏​ដោយ​ព្រោះ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​នៅ​ក្នុង​យើង ហេតុដូច្នេះ​ហើយ តើ​យើង​មិន​មាន ហេតុ​ដ៏​ធំ​នឹង​អរ​រីករាយ​ទេ​ឬ​អី ? …

… ឥឡូវ​នេះ នេះ​គឺ​សេចក្ដី​អំណរ​របស់​ខ្ញុំ និង​ជា​អំណរគុណ​ដ៏​ធំ​របស់​ខ្ញុំ មែន​ហើយ ខ្ញុំ​នឹង​ថ្លែង​អំណរគុណ​ដល់​ព្រះ​របស់​ខ្ញុំ​រហូត​ត​ទៅ » ( អាលម៉ា ២៦:១១, ១៣, ៣៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

Portrait of Christ

NO HARM CAN BEFALL WITH MY COMFORTER NEAR ដោយ ម៉ៃឃល ម៉ម

ដោយសារ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ នោះ​ឧបសគ្គ និង​សេចក្តីវេទនា​អញ្ជើញ​យើង​ឲ្យ​ងើយ​ភ្នែក​យើង​ឡើង ( សូមមើល អេសាយ ៤០:២៦; ទំនុកដំកើង ១២៣:១–២ ) មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ជា​ប្រភព​ពិត​នៃ​អំណរ ។ ទស្សនវិស័យ​ដ៏​មាន​តម្លៃ​ដែល​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ផ្តល់​ឲ្យ អនុញ្ញាត​ឲ្យ​យើង​រៀន​មេរៀន​ដែល​រៀបចំ​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច តាមរយៈ​សេចក្តីវេទនា​នៃ​ជីវិត​រមែង​ស្លាប់ ។ ការរងទុក្ខ និង​ភាពអភព្វ​របស់​យើង​អាច​ត្រូវ​បាន « លេប​បាត់ទៅក្នុង​សេចក្តីអំណរ​នៃ​ព្រះគ្រីស្ទ » ( អាលម៉ា ៣១:៣៨ ) ហើយ​ញែក​វា​ទៅ​ជា​ប្រយោជន៍​របស់​យើង ( សូមមើល នីហ្វៃទី​២ ២:២ ) « ដើម្បី​ឲ្យ​កិច្ចការ [ របស់​យើង ] អាច​បាន​ទៅ​ជា​សុខុមាលភាព​ដល់​ព្រលឹង [ របស់​យើង ] » ( នីហ្វៃទី​២ ៣២:៩ ) ។ ហេតុដូច្នោះ​ហើយ​អំណរ​នៅ​ឋិតថេរ​ក្នុង​គ្រា​នានា និង​តាម​រយៈ​បទពិសោធន៍​ទាំង​ល្អ និង​អាក្រក់ ដោយសារ​ចំណេះ​វិជ្ជា​របស់​យើង​ពី​ផែនការ​របស់​ព្រះវរបិតា និង​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

សេចក្ដី​ជំនឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ ការប្រែចិត្ត ការគោរព​ប្រតិបត្តិ ការបម្រើ និង​ទស្សន​វិស័យ​នៃ​ដំណឹងល្អ​អំពី​ការសាកល្បង ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងអស់​នេះ អញ្ជើញ​យើង​ឲ្យ​មក​កាន់​ប្រភព​នៃ​អំណរ​ដ៏​យូរ​អង្វែង—គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ស្វែងរក សិក្សា ហើយ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​គោលការណ៍​បន្ថែម​ទៀត ដែល​អាច​ឲ្យ​យើង​ទទួល​អំណោយ​ទាន​នៃ​អំណរ​ខាង​វិញ្ញាណ​ដ៏​សំខាន់​នេះ ។

ការ​សន្យារ​ពោរពេញ​ដោយ​អំណរ

អំណរ​យូរ​អង្វែង​គឺ​ពុំ​មែន​ជា​ពរជ័យ​ដែល​បម្រុង​ទុក​សម្រាប់​ពួក​អ្នក​រើសតាំង​មួយ​ចំនួន​ទេ ។ ផ្ទុយ​ទៅវិញ សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បាន​ស្តារ​ឡើង​វិញ ដែល​កំពុង​ព្យាយាម​ចងចាំ និង​គោរព​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​គោរព​បទបញ្ញត្តិ​អាច​ទទួល​អំណោយ​នេះ ស្រប​ទៅតាម​ព្រះទ័យ និង​ពេលវេលា​របស់​ព្រះ ។ នៅក្នុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ សូម​យើង​ពួកយើង​គ្រប់​គ្នា​ព្យាយាម​ថ្លែង​អំណរ​គុណ​កាន់តែ​ពោរពេញ​ដល់​អំណោយ​នៃ​អំណរ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ពេល​យើង​ធ្វើ​ដូច្នេះ សូម​ឲ្យ​យើង​ចាប់ផ្តើម​មើល​ឃើញ​ជាមួយ​នឹង​កែវ​ភ្នែក​ថ្មី ហើយ​ស្តាប់​ដោយ​ត្រចៀក​ថ្មី​ថា « ឲ្យ​ទាំងអស់​ច្រៀង​ឡើង » ពេល​យើង « ឲ្យ​សំឡេង​ឮ​ខ្ទរខ្ទារ » និង​ពេល​យើង « មក​ថ្វាយ​បង្គំ​ទ្រង់ » ។១២

ខ្ញុំ​សូម​ប្រកាស​សាក្សី​ដ៏​រឹងមាំ​របស់​ខ្ញុំ​អំពី​ភាពពិតប្រាកដ​នៃ​ព្រះជន្ម និង​ភាព​ជា​ព្រះ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ពោរពេញ​ដោយ​អំណររ ។

កំណត់​ចំណាំ

  1. « As Zion’s Youth in Latter Days » Hymns លេខ ២៥៦ ។

  2. « មក​មក​ពួកបរិសុទ្ធ » ទំនុកតម្កើង លេខ ១៨ ។

  3. « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ទំនុកតម្កើង ទំព័រ ៧៦ ។

  4. « While Shepherds Watched Their Flocks » Hymns លេខ ២១១ ។

  5. « អំណរ​ដល់​លោក » ទំនុកតម្កើង លេខ ១២៤ ។

  6. រ័សុល អិម ណិលសុន « ចូរ​យើង​ខិតខំ​ទៅ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៨–១១៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  7. វចនានុក្រម​ភាសាអង់គ្លេស Oxford Living « joy » គេហទំព័រ en.oxforddictionaries.com ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  8. សេចក្តី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អំណរ » scriptures.ChurchofJesusChrist.org ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  9. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  10. វចនានុក្រម Merriam-Webster’s Collegiate បោះពុម្ព​លើក​ទី ១១ ( ឆ្នាំ ២០០៣ ) « fun » គេហទំព័រ merriam-webster.com ។

  11. Kevin J Worthen « Enter to Learn; Go Forth to Serve » ( សុន្ទរកថា​ថ្លែង​នៅ​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០១៨ ) ទំព័រ ៣ speeches.byu.edu ។

  12. « អំណរ​ដល់​លោក »