អំណោយបួនយ៉ាង មកពីព្រះអង្គសង្គ្រោះ
ដកស្រង់ចេញពីការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០១៨ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នេះគឺជារដូវកាលមួយដ៏សំខាន់ខ្លាំងណាស់ ! ចូរយើងពិចារណាជាមួយគ្នាអំពីពរជ័យដែលកើតមានចំពោះយើង ពេលយើងផ្តោតចិត្តទៅលើព្រះជន្ម បេសកកម្ម គោលលទ្ធិ និងដង្វាយធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
នៅក្នុងរដូវកាលនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីបំណងប្រាថ្នារបស់បងប្អូនផ្ទាល់ ។ តើបងប្អូនពិតជាចង់ក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទមែនទេ ? តើបងប្អូនពិតជាចង់រស់នៅជាមួយនឹងព្រះវរបិតាសួគ៌ និងគ្រួសាររបស់បងប្អូនជារៀងរហូត ហើយរស់នៅដូចជាទ្រង់ឬទេ ? ប្រសិនបើដូច្នោះមែន បងប្អូននឹងចង់ទទួលយកអំណោយជាច្រើនដែលព្រះអម្ចាស់បានប្រទានឲ្យ ដើម្បីជួយបងប្អូនក្នុងគ្រាសាកល្បងក្នុងជីវិតរមែងស្លាប់របស់បងប្អូន ។ ចូរយើងផ្ដោតលើអំណោយចំនួន បួន ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់អស់អ្នកដែលនឹងយល់ព្រម ទទួល វា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៣៣ ) ។
ទីមួយ ទ្រង់បានប្រទានដល់បងប្អូន និងខ្ញុំនូវសមត្ថភាពគ្មានកំណត់ ដើម្បីស្រឡាញ់ ។ វារួមបញ្ចូលទាំងសមត្ថភាពដើម្បីស្រឡាញ់មនុស្សដែលមិនគួរឲ្យស្រឡាញ់ និងអស់អ្នកដែល ពុំ ស្រឡាញ់បងប្អូនព្រមទាំងបានបៀតបៀន ហើយចងគំនុំចំពោះបងប្អូននាពេលបច្ចុប្បន្នផងដែរ ( សូមមើល ម៉ាថាយ ៥:៤៤–៤៥ ) ។
ដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ យើងអាចរៀនស្រឡាញ់ដូចជាទ្រង់ ។ វាប្រហែលជាតម្រូវឲ្យមានការផ្លាស់ប្ដូរដួងចិត្តមួយ—ពិតណាស់ជាការបន្ទន់ចិត្តរបស់យើង—ដូចជាព្រះអង្គសង្គ្រោះបានបង្រៀនពីរបៀបមើលថែគ្នា ដ៏ពិតប្រាកដ ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងអាចផ្ដល់ការងារបម្រើយ៉ាងពិតប្រាកដតាមរបៀបព្រះអម្ចាស់ នៅពេលយើងទទួលយកអំណោយនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។
អំណោយទីពីរ ដែលព្រះអង្គសង្គ្រោះប្រទានដល់បងប្អូនគឺលទ្ធភាព ដើម្បីអភ័យទោស ។ តាមរយៈដង្វាយធួនដ៏និរន្តររបស់ទ្រង់ បងប្អូនអាចអភ័យទោសដល់មនុស្សដែលធ្វើឲ្យបានបងប្អូនឈឺចាប់ និងមនុស្សដែលប្រហែលជានឹងពុំព្រមទទួលយកការទទួលខុសត្រូវចំពោះភាពឃោរឃៅដែលគេធ្វើមកលើបងប្អូន ។ ព្រះអង្គសង្គ្រោះនឹងប្រទានដល់បងប្អូននូវលទ្ធភាពដើម្បីអភ័យទោសដល់មនុស្សគ្រប់គ្នាដែលធ្វើខុសចំពោះបងប្អូនតាមគ្រប់រូបភាព ។
អំណោយទីបី មកពីព្រះអង្គសង្គ្រោះគឺ ការប្រែចិត្ត ។ ព្រះអម្ចាស់អញ្ជើញយើងឲ្យផ្លាស់ប្ដូរគំនិត ចំណេះដឹង វិញ្ញាណរបស់យើង សូម្បីតែដង្ហើមរបស់យើងទៀតផង ។ ឧទាហរណ៍ នៅពេលយើងប្រែចិត្ត យើងដកដង្ហើមជាមួយនឹងអំណរគុណចំពោះព្រះ ជាអង្គដែលផ្ដល់ដង្ហើមឲ្យយើងជារៀងរាល់ថ្ងៃ ( សូមមើល ម៉ូសាយ ២:២១ ) ។ ហើយយើងប្រាថ្នាចង់ប្រើដង្ហើមនោះដើម្បីបម្រើទ្រង់ និងបុត្រាបុត្រីរបស់ទ្រង់ ។ ការប្រែចិត្តគឺជាអំណោយមួយដ៏ត្រចះត្រចង់ ។ វាគឺជាដំណើរការមួយដែលពុំគួរមានការភ័យខ្លាចឡើយ ។ វាគឺជាអំណោយមួយសម្រាប់យើង ដើម្បីទទួលដោយអំណរ ហើយប្រើ—ថែមទាំងឱបក្រសោបយក—ជារៀងរាល់ថ្ងៃ នៅពេលយើងខិតខំដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះនៃយើង ។
អំណោយទីបួន មកពីព្រះអង្គសង្គ្រោះនៃយើងគឺជាការសន្យាមួយ—ជាការសន្យានៃ ជីវិតជានិរន្ដរ ។ មនុស្សគ្រប់គ្នានឹងបានរស់ឡើងវិញ ហើយដកពិសោធន៍នូវ អមតភាព ។ ប៉ុន្តែជីវិតដ៏នៅអស់កល្បជានិច្ចគឺលើសពីការកំណត់ពេលវេលាមួយទៅទៀត ។ ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាជីវិតមួយដែលព្រះវរបិតាសួគ៌ និងបុត្រាស្ងួនភ្ញារបស់ទ្រង់រស់នៅ ។ នៅពេលព្រះវរបិតាប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង ទ្រង់កំពុងមានបន្ទូលថា « ប្រសិនបើអ្នកជ្រើសធ្វើតាមព្រះរាជបុត្រារបស់យើង—ប្រសិនបើ បំណងប្រាថ្នា របស់អ្នក ពិត ជាដើម្បីក្លាយឲ្យកាន់តែដូចជាទ្រង់មែន—នោះអ្នកត្រូវរស់នៅដូចជាយើង ហើយគ្រប់គ្រងពិភព និងនគរនានាដូចជាយើង » ។
អំណោយដ៏វិសេសវិសាលទាំងបួននេះនឹងនាំយកអំណរដ៏ច្រើនមកឲ្យយើង នៅពេលយើងទទួលយកវា ។ វាអាចកើតឡើងបាន ដោយសារព្រះយេហូវ៉ាបានយាងចុះមកផែនដីក្នុងនាមជាព្រះឱរសយេស៊ូវ ។ ទ្រង់បានប្រសូតមកពីព្រះវរបិតាដែលមានជីវិតអមតៈ និងមាតាដែលមានជីវិតរមែងស្លាប់ ។ ទ្រង់បានប្រសូតនៅភូមិបេថ្លេហិមក្នុងស្ថានភាពដ៏រាបសាបំផុត ។ ព្រះយេស៊ូវគ្រីស្ទគឺជាអំណោយដ៏ធំធេងរបស់ព្រះ—ជាអំណោយពីព្រះវរបិតាទៅកាន់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦ ) ។
ដោយគំនិត និងអារម្មណ៍របស់យើងផ្ដោតយ៉ាងខ្លាំងទៅលើព្រះអង្គសង្គ្រោះនៃពិភពលោក តើ យើង ចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានអំណោយទាំងនេះដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដោយស្មោះដល់យើង ? តើអ្វីទៅគឺជាគន្លឹះដើម្បីស្រឡាញ់ដូចជាទ្រង់ អភ័យទោសដូចជាទ្រង់ ប្រែចិត្តដូចជាទ្រង់ ប្រែក្លាយកាន់តែដូចជាទ្រង់ ហើយនៅទីបំផុតរស់នៅជាមួយនឹងទ្រង់ និងព្រះវរបិតាសួគ៌នៃយើង ?
គន្លឹះនោះគឺជាការចុះ ហើយគោរពសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។ យើង ជ្រើសរើស រស់នៅតាម និងរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ហើយបន្តនៅលើផ្លូវនោះ ។ វាពុំមែនជាផ្លូវលំបាកទេ ។ វាគឺជា ផ្លូវ ទៅរកអំណរពិតនៅក្នុងជីវិតនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចបន្ទាប់ពីជីវិតនេះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺចង់ឲ្យបុត្រាបុត្រីគ្រប់រូបរបស់ព្រះវរបិតាសួគ៌មានឱកាសស្ដាប់ឮដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយស្ដាប់តាមការបង្រៀនរបស់ទ្រង់ ។ ហើយខ្ញុំប្រាថ្នាថា យើងនឹងជឿ ហើយទទួលយកសេចក្ដីស្រឡាញ់ដែលព្រះអង្គសង្គ្រោះមានសម្រាប់យើងម្នាក់ៗ ។ សេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះ ហើយគ្មានទីបញ្ចប់របស់ទ្រង់បាននាំទ្រង់ឲ្យធ្វើដង្វាយធួនសម្រាប់បងប្អូន និងខ្ញុំ ។ អំណោយនោះ—ដែលជាដង្វាយធួនរបស់ទ្រង់—អនុញ្ញាតឲ្យរាល់អំណោយផ្សេងទៀតរបស់ទ្រង់ក្លាយជារបស់ផងយើង ។