២០១៩
ការយល់​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​អំឡុងពេល​នៃ​ការផ្លាស់ប្តូរ
ខែ ធ្នូ ឆ្នាំ ២០១៩


ការបង្រៀន​យុវវ័យ និង​កុមារ​តូចៗ

ការយល់​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​អំឡុងពេល​នៃ ការផ្លាស់ប្តូរ

life transitions

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ការចាប់ផ្តើម​ចូលរៀន ។ ការចេញពី​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ការទៅ​ព្រះ​វិហារ​បរិសុទ្ធ ។ ការទទួល​បាន​ការងារ​ថ្មី ។ ការបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ ។ ការ​បម្រើ​បេសកកម្ម ។

ទាំង​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​កូន​របស់​អ្នក​អាច​ជួប​ប្រទះ​ក្នុង​ជីវិត ហើយ​ពួកគេ​ទាំងអស់​គ្នា​ត្រូវការ​ការរៀបចំ​ខ្លួន​យ៉ាង​ពិសេស ។ ការផ្លាស់ប្តូរ​អាច​ជារឿងគួរឲ្យ​ភ័យ​ខ្លាច ប៉ុន្តែ​ឧបករណ៍​មួយចំនួន​អាច​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ប្រកប​ដោយ​ជោគជ័យ ។ នេះ​គឺ​ជា​យោបល់​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ដឹកនាំ​កូនៗ​របស់​អ្នក អំឡុងពេល​ការផ្លាស់ប្តូរ​នៃ​ជីវិត ។

  • សូម​ស្តាប់​ពី​អារម្មណ៍​ពួកគេ ស្តីពីការផ្លាស់ប្តូរ​នោះ ។ សូម​សួរ​ពួកគេ​ពី​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​រំភើបចិត្ត និង​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ព្រួយ​បារម្ភ ។ សូម​លើក​ទឹកចិត្ត​ពួកគេ ប៉ុន្តែ​យល់​ពី​ក្តីបារម្ភ​របស់​ពួកគេ ។ ជួនកាល​ពួកគេ​ត្រូវការ​ការស្តាប់​ដោយ​មាន​ចិត្ត​អាណិតអាសូរ​ចំពោះ​ការផ្លាស់ប្តូរ​ដែល​នឹង​កើត​ឡើង ។

  • សូម​ផ្តល់​ព័ត៌មាន​ដល់​ពួកគេ​ឲ្យ​បាន​ច្រើន​បំផុត អំពី​អ្វី​ដែល​ពួកគេ​អាច​នឹង​រំពឹង​ចង់​ដឹង​ជាមួយ​នឹង​អ្វី​ថ្មីៗ ។ ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នក​កំពុង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង សូម​ផ្តល់​ទិដ្ឋភាព​មួយ​ដោយ​សន្សឹមៗ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង នៅពេល​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​ពួកគេ​កំពុង​ប្តូរ​ទៅ​រស់នៅ​ទីក្រុង​ថ្មី​មួយ សូម​ស្វែងយល់​ពី​អ្វី​ដែល​អ្នក​អាច​ដឹង​អំពី​សាលា​វួដ និង​អ្នក​ជិតខាង​ថ្មី​របស់​ពួកគេ ។ ពេល​អ្នក​ធ្វើ​ឲ្យ​អ្វី​ដែល​មិន​ដឹង​នៅ​តិច​បំផុត នោះ​អ្នក​យក​នូវ​ប្រភព​នៃ​ការថប់​បារម្ភ​ចេញ ។ ចំណេះដឹង​ថ្មី​របស់​ពួកគេ​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​បទពិសោធន៍​ថ្មី​ដែល​ពួកគេ​នឹង​មាន ។

  • បង្កើត​ផែនការ​មួយ ដើម្បី​ដោះស្រាយ​នឹង​ស្ថានភាព​ថ្មី ។ ចូរ​ត្រៀម​ទុក​ជាមុន​សម្រាប់​បញ្ហា​ដែល​នឹង​កើត​ឡើង ហើយ​គិត​អំពី​វិធី​ដើម្បី​ដោះស្រាយ​វា ។ ជួយ​កុមារ​គិត​ពី​ដំណោះស្រាយ​ចំពោះ​សំណួរ « ចុះ​មាន​អ្វី​កើត​ឡើង » របស់​ពួកគេ ៖ « ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​ឡើង​ជិះ​ឡាន​ក្រុង​ខុស​នោះ ? » « ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​នៅ​តែ​ឯង​នៅ​ឯ​ការបោះជំរំ​នោះ ? » « ចុះ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​ពុំ​ចូលចិត្ត​គ្រូ​ថ្មី​របស់​ខ្ញុំ​នោះ ? » ចូរ​បង្កើត​នូវ​ផែនការ​បន្ទាប់​ភ្លាមៗ ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រួល​ចិត្ត ៖ « ប្រសិនបើ​កូន​ថប់​បារម្ភ​ក្នុង​ចិត្ត​ សូម​ទូរសព្ទ​មក​ម៉ាក់/ប៉ា » ។ « ប្រសិនបើ​ការសិក្សា​ពិបាក​ពេក ​ម៉ាក់/ប៉ា​អាច​និយាយ​ជាមួយ​គ្រូ​របស់​កូន​អំពី​រឿង​នោះ » ។

  • ផ្តល់​អំណាច​ដល់​ពួកគេ ដោយ​រំឭក​ពួកគេ​ពី​ព្រឹត្តិការណ៍​សំខាន់​ដែល​បាន​កន្លង​ផុត​ទៅ និង​ឧបករណ៍​នានា​ដែល​ពួកគេ​មាន​ក្នុងពេល​ឥឡូវ​នេះ ដើម្បី​ជួយ​ឲ្យ​ពួកគេបាន​ជោគជ័យ ។ សូម​ប្រើ​ពាក្យ​វិជ្ជមាន ពាក្យ​លើក​ទឹកចិត្ត ៖ « កូន​បាន​ធ្វើ​វា​ដល់ដំណាក់​កាលនោះបាន កូនក៏​អាច​ធ្វើ​រឿង​នេះ​បាន​ដែរ ! » « កូន​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន » ។ « កូន​មាន​អ្វី​ដែល​កូន​ត្រូវការ ។ កូន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ » ។ « ម៉ាក់/ប៉ា​ជឿជាក់​លើ​កូន » ។

  • បញ្ជាក់​ពួកគេ អ្វីៗ​ទាំងអស់​នឹង​ដំណើរ​ការល្អ ។ មនុស្ស​ជា​ច្រើន​បាន​យក​ឈ្នះ​លើ​ការលំបាក​ស្រដៀង​គ្នា ការផ្លាស់ប្តូរ​គឺ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ផងដែរ ! សូម​រំឭក​ពួកគេ​ថា ពួកគេ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ទូល​សូម​ជំនួយ​គ្រប់​ពេល គ្រប់​ទីកន្លែង​គ្រប់​កិច្ចការ​ទាំង​អស់ ។

  • បង្កើត​ប្រព័ន្ធ​គាំទ្រ​មួយ ដូច្នេះ​កូនៗ​របស់​អ្នក​ពុំ​មាន​អារម្មណ៍​ឯកោ​នៅក្នុង​ការលំបាក​របស់​ពួកគេ​ទេ ។ ប្រសិនបើ​អ្នក​ជួប​បទពិសោធន៍​ស្រដៀង​គ្នា សូម​ប្រាប់​ពួកគេ​អំពី​រឿង​នោះ ។ តើអ្នក​មាន​អារម្មណ៍​ដូចម្ដេច ? តើ​អ្នក​បាន​កែសម្រួល​វា​យ៉ាង​ដូចម្តេច ? ព្យាយាម​ស្វែងរក​បុគ្គល​ម្នាក់​ឲ្យ​ធ្វើ​ជា « មិត្តភក្តិក្នុង​ការផ្លាស់ប្តូរ » របស់​កូន​អ្នក ។​ តើ​ពួកគេ​អាច​រក​ឃើញ​មិត្តភក្តិ​ដែល​ឲ្យ​ពួកគេ​នៅ​ជាប់​នឹង​ថ្នាក់​អង្គការ​បឋម​សិក្សា​ថ្មី​របស់​ពួកគេ​ដែរ​ឬទេ ? តើ​មាន​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​អាច​ផ្តល់​ប្រឹក្សា​ដល់​ពួកគេ​សម្រាប់​ការងារ និង​ថ្នាក់​រៀន​របស់​ពួកគេ​ដែរ​ឬទេ ? តើ​នរណា​គឺ​ជា​មិត្ត​រួម​បន្ទប់​នៅ​មហាវិទ្យាល័យ​របស់​គេ ?

  • ទៅតាម​ល្បឿន​របស់​ពួកគេ ។ កូន​របស់​អ្នក​អាច​ត្រូវការ​ការ​លើក​ទឹកចិត្ត​តិចតួច ឬ​ការព្រមាន​ឲ្យ​បន្ថយ​ល្បឿន ប៉ុន្តែ​កុំ​ព្យាយាម​ផ្លាស់ប្តូរ​ល្បឿន​ធម្មជាតិ​របស់​ពួកគេ​ខ្លាំង​ពេក ។ ធ្វើ​តាម​ការសម្រេចចិត្ត​របស់​ពួកគេ ។ ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​កិច្ចការ​មួយ​ក្នុង​កម្លាំង​ពួកគេ សូម​ប្រាកដ​ថា ពួកគេ​មាន​អ្វីគ្រប់​យ៉ាង​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​ដូច្នេះ ។ ប្រសិន​បើ​ពួកគេ​គ្មាន​អារម្មណ៍​ត្រៀម​រួចរាល់​ដើម្បី​បន្ត​ទៅ​មុខ​ទេ សូម​កុំ​បង្ខំ​ពួកគេ​ឲ្យ​ពាក់ព័ន្ធ​នឹង​រឿង​នោះ​ខ្លាំង​ពេក ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ដោយ​ស្រទន់​ឲ្យ​សាកល្បង​ធ្វើ​កិច្ចការ​នៅ​ក្រៅ​ពី​ស្ថានភាព​សុខស្រួល​របស់​ពួកគេ ប៉ុន្តែ​ធ្វើ​វា​ដោយ​សន្សឹមៗ ។ កែសម្រួល​ឲ្យ​ត្រូវ​នឹង​តម្រូវការ​របស់​កូន​អ្នក ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ ។