២០១៩
ចាប​ក្រដាស​ពណ៌​ក្រហម
ខែ ធ្នូ ឆ្នាំ ២០១៩


ចាប​ក្រដាស​ពណ៌​ក្រហម

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា ។

អ្វី​ដែល​អេវ៉ា​អាច​គិត​នោះ​គឺ រឿង​សប្បាយៗ​ដែល​មិត្ត​របស់​នាង​នឹង​មាន ពេល​នាង​មិន​នៅ ។

« យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង » ( ម៉ាថាយ ២៥:៣៦ ) ។

The Red Paper Bird

អេវ៉ា​ចូល​ចិត្ត​រដូវកាល​បុណ្យគ្រីស្ទម៉ាស់ ។ ព្រឹក​នេះ​នៅ​សាលា​រៀន នាង​បាន​ចំណាយពេល​ផាត់ពណ៌​លើ​កាត និង​ស្តាប់​តន្ត្រី​សប្បាយៗ ។

អ្នក​គ្រូ​ហ្គ្រូនីក​បាន​និយាយ​ថា « ឥឡូវ​ដល់​ម៉ោង​អាន​សៀវភៅ​ហើយ ។ ប្រសិនបើ​ប្អូនៗ​បាន​បញ្ចប់​ការអាន​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក នោះ​ប្អូនៗ​នឹង​គ្មាន​កិច្ចការ​សាលា​រៀន​ធ្វើ​នៅ​ផ្ទះ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ » ។

ក្មេងៗ​ទាំងអស់​នៅ​ក្នុង​ថ្នាក់​របស់​អេវ៉ា​បាន​ស្រែក​ហ៊ោរ​ឡើង ។ ប៉ុន្តែ​អេវ៉ា​មាន​អារម្មណ៍​ពុំ​សូវ​រីករាយ​ទេ ។ នាង​ញ័រ​ដៃ​បន្តិច​ពេល​នាង​ទាញ​សៀវភៅ​របស់​នាង​មក​អាន ។ នាង​មាន​អារម្មណ៍​រងារ​ណាស់ ហើយ​បំពង់ក​របស់​នាង​ឈឺ ។ ភ្នែក​របស់​នាង​ក្រហម ពេល​នាង​សម្លឹង​មើល​អក្សរ​នៅ​លើ​ទំព័រ​សៀវភៅ ។ ពេល​ចប់​ម៉ោង​រៀន អេវ៉ា​មាន​អារម្មណ៍​ថា​ឈឺ​ពោះ​ផងដែរ ។

ទីបំផុត​វា​ដល់​ម៉ោង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​បងប្អូន​ប្រុសស្រី​របស់​នាង​គឺ ធីម និង វីលម៉ា ។ ជា​ទូទៅ​ពួកគេ​មាន​ភាព​រីករាយ​ពេល​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​វិញ ។ ពួកគេ​នឹង​លេង​ជាមួយ​គ្នា ឬ​ធ្វើ​មនុស្ស​ទឹកកក ។ ប៉ុន្តែ​ថ្ងៃ​នេះ អ្វីៗ​ដែល​អេវ៉ា​គ្រាន់តែ​ចង់​ធ្វើ​នោះ​គឺ​ទៅ​ផ្ទះ ហើយ​ដេក ។

ពេល​អេវ៉ា​ទៅ​ដល់​ផ្ទះ ម៉ាក់​បាន​ស្ទាប​ថ្ងាស​របស់​នាង ។

ម៉ាក់​បាន​និយាយ​ថា « កូន​ក្តៅ​ខ្លួន​ហើយ ។ កូន​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ហើយ​គេង​ឲ្យ​បាន​ច្រើន​ដែរ » ។

អេវ៉ា​បាន​ឡើង​លើ​គ្រែ ហើយ​បាន​គេង​ភ្លាម ។ នៅ​ព្រឹក​បន្ទាប់​មក គ្រប់​គ្នា​នៅក្នុង​គ្រួសារ​នាង​រវល់​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃនោះ ។ ប៉ុន្តែ​ម៉ាក់​បាន​និយាយ​ថា អេវ៉ា​ឈឺ​ពុំ​អាច​ទៅ​សាលា​បាន​ទេ ។

បន្ទាប់​មក​អេវ៉ា​បាន​ចាំ​ពី​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ជប់លៀង​បុណ្យគ្រីស្ទម៉ាស់​នៅ​សាលា​រៀន ! ពួកគេ​ត្រូវ​បញ្ចប់​គម្រោង​សិល្បៈ​របស់​ពួកគេ ហើយ​ច្រៀង​ចម្រៀង និង​ញ៉ាំ​នំ ។ នាង​ត្រូវ តែ ទៅ​រៀន !

ប៉ុន្តែ​ម៉ាក់​ពុំ​ផ្លាស់ប្តូរ​ចិត្ត​គាត់​ទេ ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ស្តាយ​ណាស់ កូន​នឹង​ខកខាន​ចូលរួម​ពិធីជប់លៀង​ហើយ ។ ប៉ុន្តែ​សុខភាព​របស់​កូន​គឺវា​សំខាន់​ជាង » ។

អេវ៉ា​បាន​ចាប់ផ្តើម​យំ ។ ម៉ាក់​បាន​ព្យាយាម​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ល្អ​ដោយ​ញ៉ាំ​សម្លរ​ដ៏​ឆ្ងាញ់ ។ ប៉ុន្តែ​អ្វី​ដែល​អេវ៉ា​អាច​គិត​ឃើញ​នោះ​គឺ​រឿង​សប្បាយៗ​ដែល​មិត្ត​របស់​នាង​នឹង​មាន ពេល​នាង​មិន​នៅ ។

នៅ​ពេល​រសៀល ធីម និង វិលម៉ា​បាន​ត្រឡប់​មក​ពី​រៀន​វិញ ។ ថ្ពាល់​របស់​ពួកគេ​ឡើង​ក្រហម​ដោយសារ​តែ​ពួកគេ​បាន​លេង​ព្រិល ។

វិលម៉ា​បាន​និយាយ​ថា « ពិធីជប់លៀង​នៅ​សាលា​រៀន​សប្បាយ​ណាស់ ។ យើង​បាន​ធ្វើ​ចាប​ក្រដាស​ពណ៌​ក្រហម​ទុក​ព្យួរ​នៅ​ផ្ទះ » ។

ធីម​បាន​ទាញ​អ្វី​មួយ​ចេញ​ពី​ហោប៉ៅ​គាត់ ។

« មើល​នែ—អ្នក​គ្រូ​ហ្គ្រូនីក​បាន​ផ្ញើ​អំណោយ​ពិសេស​មួយ​តាម​ពួកយើង​មក​ឲ្យ​ឯង ។ ដូច្នេះ​ឯង​អាច​ធ្វើ​ចាប​ក្រដាស​ពណ៌​ក្រហម​មួយ​បាន​ផងដែរ ! » ។

អេវ៉ា​បាន​ញញឹម ។ « តើ​បង​អាច​បង្ហាញ​ខ្ញុំ​ពី​របៀប​ធ្វើ​វា​បានទេ ? »

ធីម និង វិល​ម៉ា​បាន​បង្ហាញ​អេវ៉ា​ពី​របៀប​កាត់​តាម​ក្រដាស​ចុចៗ ហើយ​បត់​វា​ឲ្យ​បាន​ត្រឹមត្រូវ ។ ពួកគេ​បាន​ជួយ​នាង​ចង​ខ្សែ​ជា​រង្វង់ ។

« ម៉ាក់​មើលនែ​កូន​ធ្វើ​វា​ណា ! អេវ៉ា​បាន​និយាយ ដោយ​បង្ហាញ​គ្រឿង​តុបតែង​បុណ្យគ្រីស្ទម៉ាស​ថ្មី​ដែល​នាង​ចូលចិត្ត ។

អេវ៉ា​បាន​គិត​ពី​ទឹក​ចិត្ត​ល្អ​របស់​អ្នកគ្រូ​ហ្គ្រូនីក ដែល​ចាំ​ពី​នាង​ពេលនាង​ឈឺ និង​របៀប​ដែល​ធីម និង វិលម៉ា បាន​ជួយ​នាង​ផងដែរ ។ ឥឡូវ​ពេល​ណា​អេវ៉ា​ក្រឡេក​មើល​ទៅ​ចាប​ក្រដាស​ពណ៌​ក្រហម​របស់​នាង នោះ​នាង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ច្រើនណាស់ ។

ធ្វើ​ចាប​ក្រដាស !

  1. កាត់​ក្រដាស​នេះ ហើយ​បិទ​ទំព័រនេះ​ជាប់​នឹង​ក្រដាស​ក្រហម ។ បន្ទាប់​មក​កាត់​រូប​ចាប និង​ស្លាប​វា​ចេញ ។

  2. សូម​ចោះ​ប្រឡោះ​មួយ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ដាច់ៗ​នៅ​លើ​ចាប​ដោយ​ប្រុងប្រយ័ត្ន ។ ដាក់​ស្លាប​ចុះ​តាម​ប្រឡោះ​នោះ ។

  3. ចោះ​ប្រហោង​មួយ​ខាង​លើស្លាប ហើយ​ចង​ខ្សែ​មួយ​ជា​រង្វង់​កាត់តាម​ប្រហោង​នោះ​ដើម្បី​ព្យួរ​វា​ឡើង ។