ពាក្យចុងក្រោយ
បេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០០៣ ។
គោលបំណងសំខាន់ជាច្រើនដែលមាននៅក្នុងជីវិត និងការងារបម្រើរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះកត្តាដ៏ធំនៃបេសកកម្មនោះ ជារឿយៗពុំត្រូវបានគេយកចិត្តទុកដាក់ប៉ុន្មានទេ ។ អ្នកដើរតាមទ្រង់ពុំយល់រឿងនោះទាំងស្រុងទេនៅគ្រានោះ ហើយមនុស្សជាច្រើននៅក្នុងពួកគ្រីស្ទានសម័យទំនើបនេះក៏ពុំទាន់យល់ដែរ ប៉ុន្តែព្រះអង្គសង្គ្រោះផ្ទាល់បានមានបន្ទូលអំពីរឿងនោះម្តងហើយម្តងទៀត និងយ៉ាងដាច់អហង្កា ។ វាគឺជាការពិតណាស់ថា នៅគ្រប់អ្វីៗទាំងអស់ដែលព្រះយេស៊ូវបានមានបន្ទូល និងធ្វើ រួមមាន និងជាពិសេស នៅក្នុងការរងទុក្ខនៃដង្វាយធួន និងការពលិកម្មរបស់ទ្រង់ នោះទ្រង់កំពុងបង្ហាញដល់យើងថា ព្រះវរបិតាសួគ៌ដ៏អស់កល្បជានិច្ចរបស់យើងជានរណា និងយ៉ាងដូចម្តេច ហើយថាទ្រង់បានលះបង់ទាំងស្រុងយ៉ាងណាខ្លះសម្រាប់បុត្រាបុត្រីរបស់ទ្រង់គ្រប់វ័យ និងគ្រប់ជាតិសាសន៍នោះ ។ ព្រះយេស៊ូវគ្រីស្ទបានព្យាយាមបើកសម្ដែងក្នុងព្រះបន្ទូល និងទង្វើ ហើយធ្វើឲ្យយើងដឹងដោយផ្ទាល់អំពីលក្ខណៈពិតរបស់ព្រះវរបិតារបស់ទ្រង់ ជាព្រះវរបិតាសួគ៌របស់យើង ។
ព្រះយេស៊ូវបានយាងមកដើម្បីទូលអង្វរជាមួយមនុស្សឲ្យស្រឡាញ់ព្រះវរបិតាសួគ៌របស់ពួកគេ នៅពេលទ្រង់តែងតែស្រឡាញ់ ហើយនឹងស្រឡាញ់ពួកគេជាប់ជានិច្ច ។ ផែនការរបស់ព្រះ ព្រះចេស្តានៃព្រះ បរិសុទ្ធភាពនៃព្រះ មែនហើយ ទោះបីជាព្រះពិរោធ និង សេចក្តីជំនុំជម្រះនៃព្រះនោះធ្វើឲ្យពួកគេយល់ម្តងម្កាល ។ ប៉ុន្តែសេចក្តីស្រឡាញ់នៃព្រះ ជម្រៅនៃភក្តីភាពរបស់ទ្រង់ចំពោះកូនចៅរបស់ទ្រង់ នោះពួកគេនៅតែមិនបានដឹងពេញលេញ—រហូតដល់ព្រះគ្រីស្ទយាងមក ។
« ដូច្នេះ ការឲ្យអាហារដល់អ្នកស្រេកឃ្លាន ការព្យាបាលអ្នកឈឺ ការវាយផ្ចាលដល់មនុស្សលាក់ពុត ការទូលអង្វរសុំសេចក្ដីជំនឿ—គឺជាអ្វីដែលព្រះគ្រីស្ទបានបង្ហាញយើងពីមាគ៌ានៃព្រះវរបិតា ទ្រង់គឺ « ប្រកបដោយក្ដីមេត្តាករុណា និងព្រះគុណ កម្រខឹង អត់ធ្មត់ និងពេញដោយសេចក្ដីល្អ » ។១ នៅក្នុងជីវិតទ្រង់ ហើយជាពិសេសនៅក្នុងការសុគតរបស់ទ្រង់ ព្រះគ្រីស្ទបានប្រកាសថា « នេះជាក្តីអាណិតអាសូរ របស់ព្រះ ដែលយើងបង្ហាញអ្នក ព្រមទាំងជាក្តីអាណិតអាសូរផ្ទាល់របស់យើង » ។
ខ្ញុំថ្លែងទីបន្ទាល់ដោយផ្ទាល់ពីព្រះផ្ទាល់ ព្រះដែលមានព្រះជន្មរស់ ដែលស្គាល់ឈ្មោះយើង ស្តាប់ និងឆ្លើយតបការអធិស្ឋានរបស់យើង ហើយស្រឡាញ់យើងអស់កល្បជានិច្ចទុកដូចជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅក្នុងកណ្តាលនៃកិច្ចការដ៏ស្មុគស្មាញបំផុតនៅក្នុងសាកលលោកនេះ ទ្រង់ស្វែងរកសុភមង្គល និងសុវត្ថិភាពសម្រាប់យើងម្នាក់ លើសពីកង្វល់ផ្សេងៗទៀតទាំងអស់របស់ទ្រង់ ។
នៅក្នុងស្មារតីនៃភាពជាសាវកដ៏បរិសុទ្ធ នោះខ្ញុំនិយាយដូចជាអង្គដែលបានកាន់តំណែងនេះកាលពីបុរាណថា ៖ « នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មកទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ។ ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ » ( យ៉ូហានទី១ ៤:១០–១១ )—ហើយស្រឡាញ់ទ្រង់ជារៀងរហូត ។