២០១៩
របៀប​ដែល​ក្មេង​ម្នាក់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​ខ្ញុំ
ខែ ធ្នូ ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

របៀប​ដែល​ក្មេង​ម្នាក់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​ខ្ញុំ

ដោយសារតែ​ក្មួយស្រី​អាយុ​ប្រាំ​ឆ្នាំ​របស់​ខ្ញុំ ឥឡូវ​ខ្ញុំ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ហើយ​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​ជុំវិញ​ខ្លួន​ខ្ញុំ​រាល់​ថ្ងៃ ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

នា​ល្ងាច​ថ្ងៃ​ចូលឆ្នាំ​សកល​មួយ ខ្ញុំ​បាន​ទៅ​លេង​មជ្ឈមណ្ឌល​អ្នកទស្សនា​ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍ ជាមួយ​ប្អូនស្រី​ខ្ញុំ និង​ស្វាមី​របស់​នាង ព្រមទាំង​កូនៗ​នាង ។ នៅក្នុង​បន្ទប់​មួយ គេ​មាន​តាំង​រឿង​ប្រសូត​មកពី​ទូទាំង​ពិភពលោក ។ ខ្ញុំ​ភាំង​នឹង​ភាពខុសគ្នា​ទាំងនេះ—ទំហំ ពណ៌ សម្ភារ​ដែល​ប្រើ ទឹកមុខ​ខុសគ្នា ។ ល ។ វា​មាន​អានុភាព និង​ពេញ​ដោយ​គារវភាព ។

ក្មួយស្រី​អាយុ​ប្រាំ​ឆ្នាំ​របស់​ខ្ញុំ​ឈ្មោះ ជូលៀត ចង់​ឲ្យ​ខ្ញុំ​បី​នាង ដូច្នេះ​យើង​បាន​ដើរ​មើល​ការតាំង​ពិព័រណ៍​នោះដោយ​បី​នាង​ជាប់ ។ នៅក្នុង​ភាពស្ងប់ស្ងាត់​នៃ​បន្ទប់​នោះ ជូលៀត​បាន​ចាប់ផ្ដើម​និយាយ​ដដែលៗ​ថា « នោះ​ព្រះយេស៊ូវ​ហ្ន៎ ! ហើយ​នេះ​ជា​គំនូរ​ព្រះយេស៊ូវ ! ហើយ​នោះ​ជា​គំនូរ​ព្រះយេស៊ូវ​ទៀត ! ហើយ​នោះ​ព្រះយេស៊ូវ​ទៀត ! » ដោយ​បន្ដ​ឥតដាច់​ពេល​យើង​ដើរ​កាត់​ការប្រសូត​នីមួយៗ ។ សំឡេង​របស់​នាង​អរ​រីករាយ នៅពេល​នាង​ចង្អុល​ទៅ​ទារក​ព្រះយេស៊ូវ​នីមួយៗ​យ៉ាង​រំភើប ។ នាង​ចង់​ចូល​ទៅ​ជិត​រូបគំនូរ​នីមួយៗ​ឲ្យ​កាន់តែ​កៀក ។ ខ្ញុំ​បាន​ព្យាយាម​ប្រាប់​នាង​កុំ​ឲ្យ​និយាយ​ឮ​ខ្លាំង​ពេក ប៉ុន្ដែ​គ្មាន​ប្រយោជន៍​ទេ—ព្រោះ​នាង​រំភើប​ខ្លាំង​ពេក ។ នាង​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ រាល់ពេល​ដែល​យើង​ដើរ​ដល់​ចុងបញ្ចប់​នៃ​ពិព័រណ៍​នោះ ហើយ​យើង​បាន​ធ្វើ​ដដែលៗ​ដូច្នេះ​អស់​រយៈពេល ២០ នាទី កាល​នាង​បាន​បន្ដ​ស្រែក « ហើយ​នោះ​ជា​គំនូរ​ព្រះយេស៊ូវ​ទៀត ! ហើយ​នោះ​ជាគំនូរ​ព្រះយេស៊ូវ​ទៀត ! » ត្រឹមពេល​ដែល​យើង​ចេញ​ពី​បន្ទប់​នោះ​នៅ​ទីបំផុត ខ្នង​ខ្ញុំ​ឡើង​ឈឺ ហើយ​ដៃ​ខ្ញុំ​ឡើង​ស្ពឹក ប៉ុន្ដែ​ចិត្ត​ខ្ញុំ​ស្រាល​ជាងមុន​ខ្លាំងណាស់ ។ អំណរ​របស់​នាង និង​អំណះអំណាង​ពេល​ឃើញ និង​ស្គាល់​ព្រះអង្គ​សង្គ្រោះ បាន​បន្សល់​ទុក​ទីសម្គាល់​មួយ​ដល់​ខ្ញុំ ។

ខ្ញុំ​មិន​បាន​គិត​ច្រើន​អំពី​បទពិសោធន៍​នេះ​ទេ រហូត​ដល់​ខ្ញុំ​អង្គុយ​នៅក្នុង​ព្រះវិហារ​ពីរ​បី​សប្ដាហ៍​ក្រោយ​មក កាល​សាលជំនុំ​បាន​ច្រៀង​ថា « ខ្ញុំ​ដឹង​ថា ព្រះប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ. ៧៦ ) ។ ខ្ញុំ​បាន​ច្រៀង​ទំនុក​តម្កើង​ពិសេស​នោះ​ដោយ​ខ្លួន​ឯង​រាប់​សិប​ដង​ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ ប៉ុន្ដែ​លើក​នេះ​គឺ​ប្លែក ។ កាល​ខ្ញុំ​បាន​ច្រៀង​ថា « ទ្រង់​រស់​ដើម្បី​ប្រទាន​ពរ​ខ្ញុំ ។ ទ្រង់​រស់​ដើម្បី​ជា​សាក្សី​ខ្ញុំ  ទ្រង់​រស់​ដើម្បី​ប្រទាន​ចំណី ។ ទ្រង់​រស់​ដើម្បី​ប្រទាន​ពរជ័យ » ពាក្យ​ទាំងនោះ​ធ្វើ​ឲ្យ​អួល​ដើម-ក​ខ្ញុំ ។ ខ្ញុំ​បាន​ឈប់​ច្រៀង ហើយ​បាន​យំ កាល​ខ្ញុំ​ស្ដាប់​វគ្គ​ទាំង​ប៉ុន្មាន​ទៀត ។ ពាក្យ​ពេចន៍​នីមួយៗ​ពិត​ជា​ត្រឹមត្រូវ​ណាស់ ហើយ​ធានា​ដល់​ខ្ញុំ​នៅក្នុង​គ្រា​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​ឱប​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ត្រូវបាន​បំភ្លេច ឬ​ត្រូវគេ​ប្រមាថ​ឡើយ ។

ខ្ញុំ​ធ្លាប់​គិត​ថា ពេលខ្លះ​ភាពទន់ខ្សោយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​មាន​ភាពស័ក្ដិសម​ចំពោះ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ឡើយ ។ ប៉ុន្ដែ​ការឃើញ​ការអបអរ​ដល់​ព្រះយេស៊ូវ​ចេញពី​ទស្សនវិស័យ​របស់​ក្មេង​អាយុ​ប្រាំ​ឆ្នាំ គឺជា​អ្វីមួយ​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​ដើរ​ឆ្លង​មន្ទិល​សង្ស័យ​ផ្ទាល់ខ្លួន​ខ្ញុំ ហើយ​ពឹង​លើ​ទំនុក​ចិត្ត​ថា ទ្រង់​ពិតជា​ស្រឡាញ់​ខ្ញុំ​មែន ទោះជា​ខ្ញុំ​មិន​ឥតខ្ចោះ​ក្ដី ។ ខ្ញុំ​ត្រូវតែ​ទុកចិត្ត​ថា ទ្រង់​ធ្វើការ​ជាមួយ​ខ្ញុំ​ក្នុង​ពេលវេលា​ពិត គឺ​រាល់ថ្ងៃ ដើម្បី​ជួយ​ជីវិត​ខ្ញុំ​ឲ្យ​ប្រសើរ​ឡើង ហើយ​បង្វែរ​ភាពទន់ខ្សោយ​ទៅជា​ភាពខ្លាំង ។ ទុកចិត្ត​ថា ទ្រង់​នឹង​ជួយ​ខ្ញុំ​ឲ្យ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ខ្ញុំ ។ ទុកចិត្ត​ថា ខ្ញុំ​អាច​បំបែក​ច្រវ៉ាក់​នៃ​ភាពជូរចត់ ការទិទៀន​ខ្លួនឯង និង​ការស្ដាយក្រោយ​ដែល​ខ្ញុំ​បាន​ដាក់​លើ​ខ្លួនឯង​បាន និង​មិន​ថា​មាន​អ្វី​ផ្សេង​ទៀត​ដែល​មក​ញាំញី​ខ្ញុំ​ពី​ការរក​ជំនួយ​ពី​ទ្រង់ និង​ទុក​អ្វី​ទាំងនោះ​នៅ​នឹង​ព្រះបាទ​ទ្រង់​—​សម្រាប់​ការណ៍ល្អ ។ ទុកចិត្ត​ថា នេះ​គឺជា​ដំណើរការ​មួយ ដែល​យើង​ប្រឆាំង​នឹង​និស្ស័យ​នៃ​មនុស្ស និង​ភាពប្រឡូក​ប្រឡាក់​នៃ​ជីវិត ហើយ​ថា​ទ្រង់​គឺ​មិនប្រែប្រួល និង​អត់ធ្មត់​ឆ្លង​កាត់​ដំណើរ​នេះ ។

ជូលៀត​មិន​ស្ទាក់ស្ទើរ ឬ​​សង្ស័យ​ក្នុង​ការមើល​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ហើយ​នាង​ស្គាល់​ទ្រង់​ក្នុង​អ្វី​ទាំងអស់​ជុំវិញ​នាង—នាង​ពិត​ជា​ស្គាល់​ទ្រង់ ។ វា​កើត​ឡើង​ដោយ​ធម្មជាតិ​ចំពោះ​នាង ហើយ​នាង​ដឹង​ថា ទ្រង់​ស្រឡាញ់​នាង ។ ហើយ​ស្នាមញញឹម​របស់​នាង​គឺជា​ភស្តុតាង​ដ៏​លើស​ពីភាព​គ្រប់គ្រាន់​មួយ​ដល់​ខ្ញុំ​ថា នាង​ស្គាល់ និង​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​ចាប់ផ្ដើម​យល់​ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ថា យើង​ត្រូវ​ក្លាយ​ដូចជា​កូន​ក្មេង​តូច​ដើម្បី​ចូល​ទៅក្នុង​នគរ​របស់​ទ្រង់ ។ ខ្ញុំ​ចង់​ធ្វើ​ដូចជា​ជូលៀត ។

ចាប់តាំង​ពី​បទពិសោធន៍​ទាំងពីរ​នោះ​មក ខ្ញុំ​បាន​ខិតខំ​ប្រឹង​កាន់តែ​ខ្លាំង​ដើម្បី​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង ដើម្បី​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​ជុំវិញ​ខ្លួន​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​ធ្វើ​មែន ! ខ្ញុំ​ឃើញ​ទ្រង់​នៅក្នុង​ពាក្យ​សម្ដី និង​ទង្វើ​ល្អ​ពី​មនុស្ស​ចម្លែក និង​មិត្តភក្ដិ នៅក្នុង​កែវភ្នែក​នៃ​អស់​អ្នក​ដែល​ខ្ញុំ​និយាយ​ជាមួយ នៅពេល​ព្រះអាទិត្យ​បញ្ចេញ​រស្មី និង​នៅពេល​ខ្ញុំ​ស្ដាប់​បក្សី​ច្រៀង នោះ​ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​លែង​សូវ​មាន​បន្ទុក ហើយ​កាន់តែ​មាន​ក្ដីសង្ឃឹម ។ ខ្ញុំ​ចាប់ផ្ដើម​និយាយ​នៅក្នុង​ភ្នែក​នៃ​គំនិត​ខ្ញុំ​ថា « នោះ​ព្រះយេស៊ូវ នោះ​ព្រះយេស៊ូវ ហើយ​នោះ​ព្រះយេស៊ូវ​ទៀត » ។ ខ្ញុំ​ចង់​រស់នៅ​មួយ​ជីវិត​ខ្ញុំ​របៀប​នោះ ។ ទ្រង់​គង់​នៅ​គ្រប់​កន្លែង ហើយ​យើង​គ្រាន់តែ​ត្រូវ​ជ្រើសរើស​មើល​ទ្រង់​ប៉ុណ្ណោះ ទាំង​ក្នុង​រឿង​តូចតាច និង​រឿង​ធំដុំ ។ ទ្រង់​គឺជា​អំណោយ​ដ៏​មហិមា​បំផុត ។