ប្រសូតកម្មបាក់បែក
កាលនៅក្មេង ខ្ញុំទន្ទឹងឲ្យតែបុណ្យគ្រីស្ទម៉ាស់មកដល់ប៉ុណ្ណោះ ។ ពេលម៉ាក់គាត់ដកយកប្រអប់នានាដើម្បីដាក់តុបតែង បងប្អូនប្រុសខ្ញុំទាំងប្រាំនាក់ និងខ្ញុំដឹងថា បុណ្យគ្រីស្ទម៉ាស់បានចាប់ផ្តើមហើយ ។ យើងតែងតែរៀបដើមគ្រីស្ទម៉ាស់ជាមួយក្រុមគ្រួសារ ។ ខ្ញុំនៅតែចាំពីគ្រឿងតែងលម្អដែលធ្វើដោយដៃ និងកែវមានពណ៌ភ្លឺថ្លាជាច្រើន ។
ប៉ុន្តែផ្នែកមួយនៃការតុបតែងនោះ ម៉ាក់បានធ្វើវាដោយខ្លួនគាត់ ។ ជីដូនខ្ញុំបានធ្វើប្រសូតកម្មព័រសឺឡែនពណ៌សដ៏ស្រស់ស្អាតសម្រាប់ម្តាយខ្ញុំ ។ រៀងរាល់ឆ្នាំ ម៉ាក់រៀបចំដាក់ប្រសូតកម្មនៅលើទម្រធំមួយនៅក្នុងបន្ទប់ទទួលភ្ញៀវ ។ ខ្ញុំចូលចិត្តអង្គុយ ហើយមើលគាត់ដាក់រូបនីមួយៗតាមកន្លែងរបស់វា ។ នៅក្រោមរូបនីមួយៗ គាត់បានដាក់អំពូលភ្លើងពណ៌សតូចមួយពីខ្សែអំពូលភ្លើង ។ គាត់បានបិតកាវអំពូលចុងក្រោយគេឲ្យជាប់ទៅនឹងទម្រនោះដើម្បីឲ្យមានសុវត្ថិភាព ហើយក្រោយមកគាត់បានដោតអំពូលភ្លើងនោះទៅនឹងព្រីភ្លើងនៅពីក្រោយកៅអីនៅកាច់ជ្រុងនោះ ។ ពេលដោតភ្លើងទៅ ទម្រនោះមានទិដ្ឋភាពស្រស់ស្អាតណាស់ !
នាយប់មួយ ជិតដល់បុណ្យគ្រីស្ទម៉ាស់ បងប្អូនខ្ញុំរាងឡូឡារក្តុងក្តាំងបន្តិច ។ ពួកបងប្រុសៗបានដេញចាប់ប្អូនប្រុសខ្ញុំ ។ នៅពេលកំពុងរត់ដេញចាប់គ្នានោះ ប្អូនខ្ញុំបានពួននៅពីក្រោយកៅអីនៅជាប់នឹងទម្រនោះ ។ ពេលបងខ្ញុំបានរកឃើញគាត់ នោះគាត់បានរត់ដើម្បីគេច ប៉ុន្តែជើងរបស់គាត់បានទាក់នឹងខ្សែអំពូលភ្លើងនៅក្រោមប្រសូតកម្មនោះ ។ បង់ស្អិតតូចនោះពុំរឹងមាំដើម្បីទ្រជើងគាត់បានឡើយ ។ រូបប្រសូតកម្មនោះបានធ្លាក់ពីទម្រទៅលើឥដ្ឋក្រហមខាងក្រោម បែកខ្ចាយជាបំណែកៗ ។
ម៉ាក់បានប្រញាប់ចូលមកបន្ទប់ទទួលភ្ញៀវ ។ ពេលគាត់បានឃើញអ្វីដែលកើតឡើង គាត់បានយំ ហើយបានត្រឡប់ទៅបន្ទប់គាត់វិញ ។ គាត់បានដឹងថា វាជារឿងអចេតនា ហើយរូបនោះវាបែកអស់ហើយ ។
នាយប់នោះ បន្ទាប់ពីយើងបានដេកនៅលើគ្រែហើយ ប៉ាបានយកច្នូក និងអំបោស ហើយបោសសម្អាតបំណែកទាំងនោះដោយប្រុងប្រយ័ត្ន ។ រួចគាត់បាននៅពេញមួយយប់ដើម្បីបិទបំបែកបែកបាក់ទាំងនោះចូលគ្នាវិញ ។
រូបប្រសូតកម្មនោះនៅមានស្លាកស្នាមប្រេះមួយចំនួន ។ សត្វគោបាត់ត្រចៀកម្ខាង ។ ហោរាម្នាក់បាត់មុខគាត់មួយបំណែក ។ អ្នកគង្វាលម្នាក់ត្រូវបានបិទកាវនូវវត្ថុដែលមិនមែនជាព័រសឺឡែននៅផ្នែកមួយចំនួន ។ ប៉ុន្តែដោយអព្ភូតហេតុ រូបដែលបែកនោះត្រូវបានជួសជួល ។
លោកយាយបានស្នើនឹងឲ្យប្រសូតកម្មថ្មី ប៉ុន្តែម៉ាក់បានបដិសេធ ។ ម៉ាក់ខ្ញុំបាននិយាយថា ប្រសូតកម្មរបស់គាត់មានអត្ថន័យកាន់តែខ្លាំងចំពោះគាត់ក្នុងពេលនេះ ។ វាជានិមិត្តរូបនៃការបូជារបស់ស្វាមីជាទីស្រឡាញ់របស់គាត់ និងជាការរំឭកពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
ពេលយើងម្នាក់ៗមានការលំបាកក្នុងជីវិតនេះ យើងអាចប្រែជាខូចចិត្តតាមរបៀបមួយចំនួន ។ យើងអាចមានអារម្មណ៍ថា បែកខ្ចាយជាបំណែកដែលពុំអាចជួសជុលបាន ។ ប៉ុន្តែយើងមានព្រះអង្គសង្គ្រោះ ហើយយើងអាចជាស្អាត តាមរយៈព្រះហស្តដ៏ពោរពេញដោយក្តីស្រឡាញ់របស់ទ្រង់ ។