អ្នកពុំចង់ក្លាយជា តារាចំអកគេឡើយ
ការចំអកឡកឡឺយគឺជារឿងមានប្រជាប្រិយភាព—លើកលែងតែនៅក្នុងព្រះនេត្រព្រះអម្ចាស់ ។
តើអ្នកអាចប្រាប់ពីទីសម្គាល់មួយចំនួនអំពីថ្ងៃចុងក្រោយបានដែរឬទេ ? មានទីសម្គាល់ដ៏ល្បីល្បាញមួយចំនួន ៖ ការស្តារឡើងវិញ ការចេញមកនៃព្រះគម្ពីរមរមន គ្រោះមហន្តរាយផ្សេងៗ ការផ្សព្វផ្សាយដំណឹងល្អ អំពើទុច្ចរិតទូទៅ ។ មែនហើយ នេះគឺជាទីសម្គាល់ជាក់លាក់មួយដែលអ្នកពុំធ្លាប់គិតដល់ ៖ ការចំអកឡកឡឺយ ។
អ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីពីរនាក់លើកឡើងថា នឹងមានអ្នកចំអកនៅថ្ងៃចុងក្រោយ ( សូមមើល ពេត្រុសទី២ ៣:៣; យូដាស ១:១៨ ) ។ នោះនឹងមានមនុស្សដែលចំអក និងមើលងាយព្រះយេស៊ូវគ្រីស្ទ ការបង្រៀនរបស់ទ្រង់ និងអ្នកដើរតាមទ្រង់ ។ ប៉ុន្តែក្នុងនាមជាអ្នកដើរតាមទ្រង់ យើងត្រូវបានប្រាប់ឲ្យស៊ូទ្រាំ និងអត់ធ្មត់ ( សូមមើល ពេត្រុសទី២ ៣:១១–១៥ ) ទន្ទឹងរង់ចាំការយាងមករបស់ទ្រង់ និងការបំពេញការសន្យាទ្រង់ នៅជាប់នឹងសេចក្តីមេត្តាករុណាទ្រង់ និងមានចិត្តអាណិតអាសូរមនុស្សដទៃ ( សូមមើល យូដាស ១:២២ ) ។
ប្រាកដណាស់ ការចំអកពុំមែនជារឿងថ្មីទេ ប៉ុន្តែវាហាក់ដូចជាត្រូវបានសាយភាយ ។ ហើយទោះបីអ្នកពុំធ្លាប់ចំអកដល់អ្វីដែលជារបស់ព្រះក្តី ជីវិតបែបចំអកពុំមែនជាអ្វីមួយសម្រាប់ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទធ្វើតាមឡើយ ។
ចំអកទៀតឬ ? អត់ទេ សូមអរគុណ ។
ការចំអកមានន័យថា មើលងាយ សើចចំអក ឬពោលពាក្យឡកឡឺយ ។ ជួនកាលវារួមមានការធ្វើត្រាប់តាម ដូចជាធ្វើត្រាប់ចំអកដាក់នរណាម្នាក់ និងការប្រើសំឡេងបែបកំប្លែង ឬការធ្វើកាយវិការ ឬធ្វើរូបភាពបំផ្លើសជាដើម ។ យើងទាំងអស់គ្នាធ្លាប់ឃើញវា ។ វាមាននៅគ្រប់ទីកន្លែង ។ មនុស្សហាក់ដូចជាចូលចិត្តវា ។
ប៉ុន្តែព្រះអម្ចាស់ពុំចូលចិត្តវាទេ ។
នៅក្នុងខគម្ពីរគ្មានកន្លែងណាដែលអនុញ្ញាតឲ្យមានការចំអកឡកឡឺយឡើយ ។ ប្រាកដណាស់ វានឹងត្រូវបានថ្កោលទោសជាប្រាកដ ។ ឧទាហរណ៍ អាលម៉ាជាកូនបានបង្រៀនថា ៖
« តើមានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ដែលបានចំអកឡកឡឺយដល់បងប្អូនខ្លួនដែរឬទេ … ?
វេទនាដល់ជនបែបនេះ ដ្បិត … ជននោះត្រូវតែប្រែចិត្ត បើពុំនោះសោតទេ គេពុំអាចបានសង្គ្រោះឡើយ ! » ( អាលម៉ា ៥:៣០–៣១ ) ។
ការចំអកឡកឡឺយគឺជាសញ្ញាមួយដ៏សំខាន់នៃអំពើបាបផ្នែកខាងអំនួត ។ ហើយអារម្មណ៍ចម្បងនៅកប់នឹងការចំអកឡកឡឺយនោះគឺជាជម្លោះ—ការមើលងាយមនុស្សដទៃ—នោះគឺជាការមើលងាយ មនុស្ស មិនគ្រាន់តែមិនយល់ស្របនឹងអ្វីដែលពួកគេនិយាយ ឬធ្វើនោះទេ ។
នេះពុំមែនជាអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឡើយ ។ ទ្រង់បានមានបន្ទូលថា « សូមបណ្ដោយឲ្យមនុស្សគ្រប់រូប គោរពបងប្អូនខ្លួនដូចជាខ្លួនឯងផ្ទាល់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤ ) ។ យើងទាំងអស់គ្នាគឺមានតម្លៃស្មើគ្នា ។ អាលម៉ាបានសួរថា « តើអ្នករាល់គ្នានៅតែប្រឹងស្មានថា ខ្លួនគ្រាន់បើជាងអ្នកឯទៀតឬ [ ? ] » ( អាលម៉ា ៥:៥៤ ) ។ ការគិតបែបនោះនាំទៅរកការចំអកឡកឡឺយ ។ ការចំអកឡកឡឺយដាក់គេគឺជារបៀបមួយដែលមនុស្សព្យាយាមលើកខ្លួនឯងលើសពីមនុស្សដទៃ ។
លើសពីនោះទៀតមនុស្សដែលចំអកឡកឡឺយឲ្យគេព្យាយាមនាំមនុស្សដទៃឲ្យចូលរួមនឹងពួកគេ ។ រូបភាពមួយមកពីសុបិនរបស់លីហៃបង្ហាញចំណុចនេះយ៉ាងច្បាស់ ។ មនុស្សនៅក្នុងអគារដ៏ធំ ហើយទូលាយកំពុងតែ « ហើយពួកគេកំពុងតែនៅក្នុងអាកប្បកិរិយាចំអកឡកឡឺយ ហើយចង្អុលដៃ » ( នីហ្វៃទី១ ៨:២៧ ) ។ ការចង្អុលដៃធ្វើឲ្យមានការបែងចែកមនុស្សដោយនិយាយថា « អ្នកបានល្អជាងបើនៅខាងយើង ឬអ្នកនឹងខ្មាសគេ ហើយគេនឹងសើចចំអកដាក់អ្នក » ។ ដូចជាសេចក្តីវេទនាដែរ ការចំអកឡកឡឺយចូលចិត្តឲ្យមានគេចូលរួមនឹងខ្លួន ។ នោះគឺជាផ្នែកមួយដោយសារវាពិតប្រាកដ ជារឿយៗមនុស្សឆ្មើងឆ្មៃក៏គ្មានភាពសុខសាន្តច្រើនដែរ ។
ចូរមានចិត្តសុភាពរាបសា ។ ចូរកុំចំអកឡកឡឺយ ។
ជាមួយនឹងការចំអកឡកឡឺយ នោះវាអាចជាការល្បួងឲ្យចូលរួម ។ មើលទៅវាហាក់ដូចជាមានភាពរីករាយ មែនទេ ? មនុស្សគ្រប់គ្នាធ្វើរឿងនេះ ជាពិសេសនៅលើអ៊ិនធើរណែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ យើងថែមទាំងត្រូវបានល្បួងឲ្យធ្វើអ្វីដែលមនុស្សដទៃធ្វើ—ដើម្បីប្រើអាវុធរបស់លោកិ៍យផ្ទាល់ទាស់នឹងវា ដើម្បីវាយបកទៅអ្នកចង្អុលដៃនៅក្នុងអគារធំ ហើយទូលាយនោះ ដើម្បីមើលថា តើពួកគេភ្លក់រសជាតិនៃការចំអកឡកឡឺយរបស់ពួកគេដូចម្តេច ។
ប៉ុន្តែនោះពុំមែនជារបៀបរបស់ព្រះអម្ចាស់ទេ ។
« ចូរកុំជេរប្រមាថពួកអ្នកណាដែលជេរប្រមាថឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩ ) ។
« ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ( ម៉ាថាយ ៥:៤៤ ) ។
នោះគឺជាបទដ្ឋានដែលខ្ពស់ជាងបទដ្ឋានលោកិយ ដែលទំនងជានិយាយថា « ចូរចំអកឡកឡឺយមនុស្សគ្រប់គ្នា និងអ្វីគ្រប់យ៉ាងដែលខុសពីអ្នកតាមរបៀបណាក៏បាន » ។
វាអាចពិបាកនឹងស៊ូទ្រាំចំពោះការចំអកឡកឡឺយរបស់មនុស្សដទៃ ហើយពុំមានប្រតិកម្មជាមួយនឹងការចំអកឡកឡឺយ ដោយសារវប្បធម៌យើងនឹងធ្វើឲ្យយើងជឿថា ការឆ្លាតជាង ការចំអកឡកឡឺយដ៏គួរឲ្យឈឺចាប់បំផុត ឈ្នះលើការប្រកួតប្រជែងនៃការផ្តោតចិត្តទុកដាក់ និងការគោរពរបស់មនុស្ស ។ ប៉ុន្ដែនោះពុំមែនជារឿងត្រឹមត្រូវទេ ។ ព្រះអម្ចាស់បានបង្រៀនយើង—និងបានបង្ហាញយើង—ថា សេចក្ដីស្រឡាញ់ ភាពរាបសា ការអត់ធ្មត់ និងការអត់ធន់គឺជារបៀបរបស់ទ្រង់ ។
ប្រសិនបើយើងជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងពុំចំអកឡកឡឺយបងប្អូនប្រុសស្រីយើងទេ ដោយសារចិត្តយើងនឹង ពោរពេញដោយសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់ ( សូមមើល មរ៉ូណៃ ៧:៤៧–៤៨ ) ។