តើអ្វីដែលអាចជួយឲ្យខ្ញុំយល់ពីគម្ពីរវិវរណៈ ?
ដោយសារពួកព្យាការីសម័យទំនើប នោះយើងមានជំនួយមួយចំនួនដើម្បីយល់គម្ពីរវិវរណៈ ។ យ៉ូសែប ស្ម៊ីធ បានផ្តល់គន្លឹះសំខាន់មួយចំនួនអំពីគម្ពីរនេះ ។ ឧទាហរណ៍ ៖
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៧ ។ វិវរណៈនេះមានជាទម្រង់សំណួរនិងចម្លើយ ហើយបានផ្តល់ដល់យើងនូវការយល់ដឹងដ៏សំខាន់នៅក្នុងព្រះគម្ពីរវិវរណៈ ។ វាពន្យល់ពីធាតុផ្សេងៗនៃ ជំពូក ៤–១១ ហើយគូសបញ្ជាក់ពីរបៀបដែលវាទាក់ទងនឹងកិច្ចការរបស់ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ។
-
ការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ មានខគម្ពីរជាច្រើននៅក្នុងគម្ពីរវិវរណៈដែលយ៉ូសែប ស្ម៊ីធ បានជួយបញ្ជាក់ឲ្យច្បាស់ តាមរយៈដំណើរការនៃការបកប្រែព្រះគម្ពីរប៊ីបដ៏បំផុសគំនិតរបស់លោក ។ អ្នកអាចរកវាបាននៅក្នុងជំនួយការសិក្សានៅគេហទំព័រ scriptures.ChurchofJesusChrist.org ។
យ៉ូសែប ស៊្មីធ បានជួយយើងឲ្យយល់ថា គម្ពីរវិវរណៈពុំមែនជារឿងអាថ៌កំបាំងដែលមិនអាចដឹង ដូចមនុស្សមួយចំនួនគិតនោះទេ ។ ហើយលោកក៏បានបង្រៀនយើងផងដែរថា ប្រសិនបើព្រះពុំបានប្រទានការបកស្រាយនៃការនិមិត្តទេ នោះយើងពុំទទួលខុសត្រូវចំពោះការដឹងរឿងនោះទេ ( សូមមើល History of the Church ៥:៣៤៣ ) ។ លោកបានជួយយើងឲ្យយល់ថា ការផ្តោតចម្បងនៃគម្ពីរនេះគឺព្រះយេស៊ូវគ្រីស្ទ—សេចក្តីសង្ឃឹមដែលយើងមានតាមរយៈទ្រង់ ដើម្បីយកឈ្នះលើលោកិយ ហើយត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។