២០២០
ពួក​សាវក​​ចែកចាយ​សារ​នៃ​សេចក្តី​សង្ឃឹម
ខែ តុលា ឆ្នាំ ២០២០


ពួកសាវក​ចែកចាយ សារ​នៃ​សេចក្តី​សង្ឃឹម

ថ្នាក់​ដឹកនាំ​សាសនា​ផ្តល់​ការយល់​ដឹង​អំពី​ការ​នៅ​ជិត​ព្រះ ការងារ​បម្រើ​ដោយ​សេចក្តី​ស្រឡាញ់ និង​ការ​ឆ្ពោះទៅ​មុខ​ដោយ​អត់ធ្មត់ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត ។

women holding out their arms

រូបថត​មក​ពី Getty Images

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ អាជ្ញាធរ​បាន​ដាក់​ការ​ហាមបា្រម​ការ​ជួបគ្នា​ជា​​សាធារណៈ​ និង​ការ​អនុវត្ត​ការ​នៅ​ដោយ​ឡែក​ពីគ្នា ។ សាលា​ត្រូវ​បិទ អ្នក​ដឹកនាំ​សាសនា​បាន​លុបចោល​ការ​ប្រជុំ​នៅ​តាម​ព្រះវិហារ​ និង​អ្នក​ដែល​ធ្វើ​ដំណើរ​​នៅខាង​ក្រៅ​ត្រូវ​ពាក់ម៉ាស់​មុខ​ដើម្បី​ការពារ ។

ឆ្នាំ​នោះ​គឺ ១៩១៩ ហើយ​ការ​រាតត្បាត​ជំងឺ​គ្រុន​ផ្តាស​សាយ​ដែល​រីក​ដុសដាល​បាន​ចាប់ផ្តើម​ពី​មួយ​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​លាន​នាក់​បាន​បាត់បង់​ជីវិត ។ព្យាការី​ថ្មី​របស់​សាសនាចក្រ ប្រធាន ហឺប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) ត្រូវ​បាន​ញែក​ចេញ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ១៩១៨ ប៉ុន្តែ​អត់​បាន​គាំទ្រ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​១៩១៩ ដោយ​សារ​តែ​សន្និសីទ​ទូទៅ​ខែមេសា​ត្រូវ​បាន​ពន្យារ​ពេល ។

នៅក្នុង​អំឡុង​ពេល​នៃ​កិច្ច​បម្រើ​របស់​លោក​បន្ទាប់ពី​ថ្ងៃដ៏លំបាកទាំងនោះ​ ប្រធាន ក្រាន្ត បានផ្តល់​ការ​ប្រឹក្សា​ដែល​ត្រូវ​នឹងសម័យ​កាល​របស់​យើង នៅ​ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា « យើង​មក​លើ​ផែនដី​នេះ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ប្រាជ្ញា និង​បទ​ពិសោធន៏ ដើម្បី​រៀន​មេរៀន​ទាំងឡាយ រង​ទុក្ខលំបាក ស៊ូទ្រាំ​នឹង​ការល្បួង ហើយ​ទទួល​បាន​នូវ​ជ័យជំនះនៃ​ជីវិត​រមែង​ស្លាប់ » ។ តាម​រយៈចំណេះដឹង​ដែល​លោក​​ទទួល​បាន​តាម​រយៈបទ​ពិសោធន៏​ផ្ទាល់ខ្លួន លោក​បាន​បន្ថែម​ថា « ខ្ញុំ … ដឹងថា នៅ​គ្រា​លំបាក​វេទនា​ ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ត្រូវបាន​លួងលោម និង​ប្រទានពរ ហើយ​ធូរស្រាល​ចិត្ត​ដែល​គ្មានមនុស្ស​ផ្សេងទៀត​ទេ​បាន​ទទួល ! »​

នៅក្នុង « ភាព​ដ៏​លំបាក​របស់​យើង » បច្ចុប្បន្ន ជា​មួយ​នឹង​វីរុស​ កូរូណា​ យើង​ទាញយក​ការលួងលោម និង​ការធូរ​ស្រាល​ចិត្តពី​ដំណឹង​ល្អ​ដែល​បាន​ស្តារឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ចំណេះដឹង​របស់​យើង​ដែល​ថា​ព្រះវរបិតា​សួគ៌​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​ថា​ទ្រង់​បាន​ហៅ​ពួកព្យាការី និងពួក​សាវក​នៅ​ក្នុង​សម័យ​របស់​យើង​ដើម្បី​ដឹក​នាំ​យើង​ឆ្លង​កាត់​ព្យុះនៃ​ជីវិត​រមែង​ស្លាប់ គឺជា​ពរ​ដ៏​អស្ចារ្យ ។

ចេញពី​ការ​ប្រឹក្សា​ដែល​បាន​ចែកចាយ​នៅ​ក្នុង​បទ​សម្ភាសន៏​ថ្មីៗ​នេះ សមាជិក​មួយ​ចំនួន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​រម្លឹក​យើង​ថា យើង​អាច​មាន​អារម្មណ៏​នៃ​អំណរ ហើយ​ទន្ទឹងមើល​អនាគត​ដោយ​ក្តី​សង្ឃឹម ដោយ​មិនគិតពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនរបស់យើង ។

couple on computer

រូបថត ដោយ វៀលឌេន ស៊ី អាន់ឌើរសុន

កិច្ចការ​ឆ្ពោះ​ទៅ​មុខ

អ៊ែលឌើ ប៊្រូស​ អ័រ ម៉ាកខនឃី ( ១៩១៥–៨៥ ) មាន​ពេល​មួយ​បាន​ប្រៀប​ប្រដូច​សាសនាចក្រ​ទៅ​នឹង « រទេះ​ដ៏​អស្ចារ្យ​មួយ » ដែល​ឆ្ពោះ​ទៅ​មុខ​ទោះបី​ជា​មាន​ឧបសគ្គ​ក៏ដោយ ។ អ៊ែលឌើ ដេវីដ អេ បែដណា បញ្ចាក់​ពី​សន្ទុះ​ទៅមុខ​ឥត​ឈប់ឈរ​របស់​រទេះ​ទៅនឹង​ការរៀបចំ​ដ៏​បំផុស​គំនិត​របស់​សាសនាចក្រ និង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​វាជា​មួយ​ភាព​មិន​អនុគ្រោះ ។

លោក​បាន​មាន​ប្រសាសន៏ថា​ « គ្មាន​ដៃណា​អាច​បញ្ឈប់​ការងារ​នេះ​ពី​ការ​រីក​ចម្រើន​បានទេ » ហើយ​គ្មាន​រោគរាតត្បាតណា​មួយ​អាច​បញ្ឈប់​ការងារ​នេះពី​ការ​រីកចម្រើន​បាន​ឡើយ ។ « នៅ​កណ្ដាល​បញ្ហា​ទាំងអស់​ដែល​យើង​កំពុង​ប្រឈមមុខ​ជា​មួយ​វីរុសនេះ​ កិច្ចការ​នេះ​នៅ​ឆ្ពោះ​ទៅ​មុខ ។ … យើង​ពុំ​ដឹង​ថា​តើវា​នឹង​ចំណាយពេល​ប៉ុន្មាន​នោះទេ​ប៉ុន្តែ​យើង​នឹងយកឈ្នះ ។​ ហើយ​យើង​ប្រហែល​ជា​មិន​បន្ត​លំនាំ​ជីវិត​ចាស់​របស់​យើង​ដូចយើងបាន​ដឹង​ពី​មុន​នោះ​ទេ ប៉ុន្តែ​ការសម្រប​ខ្លួន និង​ការ​ផ្លាស់ប្តូរ​ទាំងនោះ​នឹង​មាន​លក្ខណៈ​វិជ្ជមាន » ។

អ៊ែលឌើ ឃ្វីនថិន អិល ឃុក បាន​មាន​ប្រសាសន៍​ថា​ការរៀបចំប្រកប​ដោយ​ការ​បំផុស​គំនិត​របស់​សាសនាចក្រ​រួម​មាន​គំរូ​ទាន់​ពេលវេលា ដូច​ជាការ​សង្កត់​ធ្ងន់​ទៅលើ​ការ​ប្រជុំ​ថ្ងៃ​ឈប់សម្រាក ការ​ពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​និង​សមាគម​សង្គ្រោះ ការ​ផ្លាស់ប្តូរ​ការងារ​បម្រើ និង​ការ​ណែនាំ​នៃ ចូរ​មក​តាមខ្ញុំ វីដេអូ​​របស់​ព្រះគម្ពី​មរមន ព្រមទាំង​កម្មវិធី​កុមារ និង​យុវវ័យ ។

លោក​បាន​មាន​ប្រសាសន៍​ថា « យើង​នឹង​ក្រឡេក​មើល​រឿង​នេះ ថា​ជា​ពេលវេលាគ្រឹះ​មួយ​នៃ​ការ​រៀបចំ ហើយ​មិន​មែន​គ្រាន់​តែជា​អ្វី​ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ប៉ុណ្ណោះ​ទេ » ។

ប្រធាន អិម រ័សុល បាឡឺដ ដែលជា​ប្រធាន​ស្តីទី​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ក៏យល់​ស្រប ។ ទោះ​បីជា​មាន​ការ​បិទ​ព្រះវិហារបរិសុទ្ធ និង​សាលជំនុំ​បណ្តោះអាសន្ន ក៏​សមាជិក​នៃ​សាសនាចក្រ​មាន​ឧបករណ៏​ខាង​វិញ្ញាណ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ដើរ​ឆ្ពោះ​ទៅ​មុខ ។

ប្រធាន​បាឡឺដ ចងចាំពី​អារម្មណ៏​ដែល​លោក​បាន​មាន​នៅ​ពេល​ត្រឡប់​មក​ពី​ព្រះវិហារ​វិញ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៤១ ដោយ​បាន​ដឹង​ថា កំពង់​ផែគុជ​ត្រូ​វបាន​វាយប្រហា​ ហើយ​សហរដ្ធ​ជិត​នឹង​ត្រូវ​ចូល​ទៅក្នុង​សង្គ្រាម​លោក​លើកទី​២ ។ ដូច​មនុស្ស​សព្វថ្ងៃ​នេះ លោក​បាន​មាន​ការព្រួយ​បារម្មណ៏​អំពី​អនាគត និង​មាន​ការ​ឆ្ងល់ថា​តើ អនាគត​ផ្ទាល់ខ្លួន​របស់​លោក​នឹងត្រូវ​បាត់បង់​ឬ​យ៉ាងណា ។

លោក​បាន​មាន​ប្រសាសន៏​ថា​« ប៉ុន្តែ​វា​មិនមែន​ជាអ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ » ។ ដូច​ប្រជាជន​សេរី​នៃ​ពិភពលោក​បាន​ឈ្នះ​សង្គ្រាម​នោះ​ដែរ នោះ​ពិភពលោក​នឹង​ឈ្នះ​សង្គ្រាម ប្រឆាំង​នឹង​វីរុសនេះ ។ លោក​បាន​មាន​ប្រសាសន៍ថា​ « អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើង​នៅ​ពេល​យើង​បង្វែរ​ចិត្តរ​បស់​យើង​ទៅ​រក​ព្រះវរបិតា​របស់យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​មើល​ទៅទ្រង់ និង​ព្រះ​អង្គសង្គ្រោះ ជាអង្គ​ប្រោសលោះ​នៃ​មនុស្ស​ជាតិ​ទាំងអស់ » ។

វិធី​ម៉្យាង​ទៀតដែល​សាសនាចក្រ​ដើរឆ្ពោះ​ទៅមុខនោះ​គឺ​តាមរយៈ​ការខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​ខ្លួនដែល​ឆ្លើយតប​ទៅនឹង​ការផ្លាស់​ប្តូរ​ស្ថានភាព​ពិភពលោក ។ អ៊ែលឌើ ឌៀថើ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៏ថា អ្នក​ដឹកនាំ​សាសនាចក្រ​បាន​នឹងកំពុង​សិក្សា​វិធី​ថ្មីៗ​ក្នុងការ​ចែកចាយ​ដំណឹងល្អ​តាំង​ពីមុន​ពេល​ជំងឺ​កូវីដ​១៩​ចាប់ផ្តើម​រំខាន​ដល់​ការផ្សព្វផ្សាយ​សាសនា​ម៉្លេះ ។ ការ​រអាក់រអួល​នេះរួមមាន​ការបញ្ចូន​អ្នកផ្សព្វផ្សាយ​សាសនា​រាប់ពាន់​អ្នក​ទៅកាន់​ប្រទេសកំណើត​របស់​ពួកគេ​វិញ ដោយ​ដោះលែង​អ្នកខ្លះ​មុន​ពេល​កំណត់ និង​ចាត់តាំង​ឡើងវិញ​អ្នកផ្សេងទៀត ។

លោក​បាន​មាន​ប្រសាសន៍ ថា « កូវីដ១៩​បាន​បង្កើន​ការគិត​របស់យើង​អំពី​រឿង​នេះ​យ៉ាង​ខ្លាំង ​និង​បាន​បើកភ្នែក​របស់​យើង​ផងដែរ » ។ ជា​លទ្ធផល បច្ចេកវិទ្យា និង​បណ្តាញ​សង្គម ឥឡូវ​នេះ​កំពុង​បើកទ្វារ​ដែល​ពីមុនត្រូវ​បាន​បិទទ្វារ​ដោយ​សហគមន៏ និង​ផ្ទះ ព្រមទាំង​អាគារ​ផ្ទះល្វែង​ទាំងនោះ​ដែល​មិន​អាច​ចូលបាន ។

អ៊ែលឌើ អុជដូហ្វ បាន​បន្ថែម​ថា « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នឹង​បន្តទៅ​មុខ​ទោះបី​ជា​មាន​រោគ​រាតត្បាត​យ៉ាងណា​ក៏ដោយ » ។ « យើង​បន្ត​រៀន​អំពីរបៀប​ដើម្បី​អភិវឌ្ឍ​កិច្ចការ​ផ្សព្វផ្សាយសាសនា​នៅ​ពេល​នេះ និង​សម្រាប់​ពេល​អនាគត ។ ព្រះអម្ចាស់​បាន​សន្យា​ថា ​នឹង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​សម្រាប់​ជា​ពរជ័យ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៧៣ ) ។ ខ្ញុំ​មាន​អារម្មណ៏​ថា យើង​នៅ​ពាក់កណ្តាល​ផ្លូវនៃ​ដំណើរ​ការ​នេះ ខណៈពេល​ដែល​កំពុង​រស់​នៅ​ឆ្លង​កាត់​គ្រាដ៏​លំបាកនេះ ។ ពួក​អ្នកផ្សព្វផ្សាយសាសនា​ដ៏មាន​តម្លៃរបស់​យើង គឺជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​សម័យ​របស់​យើង ដោយ​បង្ហាញ​ផ្លូវ​នៃ​ការ​ចែកចាយ​ដំណឹងល្អ​តាម​វិធីថ្មី​ដែល​សមស្រប​នឹង​កាលៈទេសៈ​របស់​យើង​ដើម្បី​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​បន្ត « រមៀល​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៦៥:២ ) ។

ឱកាស​ថ្មី​សម្រាប់​ការចែកចាយ​ដំណឹង​ល្អ​មិនមែន​ជា​អ្វី​តែ​ម្យ៉ាង​ដែល​កំពុង​បើក​នោះទេ ។ អែលឌើរ​ឌី ថត គ្រីស្តូហ្វើសិន បាន​មាន​ប្រសាសន៏​ថា ដួងចិត្ត​ក៏បាន​បើកផង​ដែរ​ពីព្រោះ​នៅពេល​លំបាក​តែង​តែធ្វើ​ឲ្យ​មនុស្ស​ចេះ​បន្ទាបខ្លួន និង​ធ្វើឲ្យ​ពួកគេ​ងាក​ទៅ​រក​ព្រះ ។

« ពួក​គេ​អាច​នឹង​បើក​ចំហរ​បន្តិច​ដើម្បី​គិត​ថា ‹ ប្រហែល​ជា​ខ្ញុំត្រូវ​ការអ្វី​ក្រៅពី​គណនី​ធនាគារ​របស់​ខ្ញុំ ។ លោក​បាន​មាន​ប្រសាសន៏​ថា ប្រហែល​ជាមាន​អ្វីច្រើន​ជាង​ជីវិតដែល​ខ្ញុំ​កំពុង​រស់នៅ​នេះ › » ។

អែលឌើរ​ឌី ថត គ្រីស្តូហ្វើសិន បាន​លើកទឹក​ចិត្ត​សមាជិក​ទាំងឡាយ​ឲ្យ​រកមើល​ឱកាស​ផ្សព្វផ្សាយ​សាសនា ដូចជា​ចែកចាយ​សារ​ដែល​ទាក់ទងទៅ​នឹង​ដំណឹងល្អ និង​ចែកចាយ​តាមរយៈ​បណ្តាញសង្គម ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​អំពី​ការជួយ​មនុស្ស​ដែល​ពួកគេ​កំពុង​បង្រៀន​តាម​អិនធើណែត និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែលពួកគេ​មិន​អាច​ជួប​ជា​ញឹកញាប់ ។

ការរក្សា​គម្លាត​ខាង​សង្គម និង​ការ​ឃ្លាតឆ្ងាយ​ខាងវិញ្ញាណ

វិធីមួយ​ទៀត​ដែល​សាសនាចក្រ​ដើរឆ្ពោះ​ទៅមុខនោះ​គឺ​តាមរយៈ​ការឆ្លើយតប​ខាង​វិញ្ញាណ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំ​ពោះ​ឧបសគ្គ​ខាងសាច់ឈាម​ដូចជា​ជំងឺ​កូវីដ ១៩ ។ សម្រាប់​ការការពារ​រាងកាយ​របស់​យើង យើង​បង្កើន​គម្លាត​ខាងរូបកាយ​ពីអ្នកដទៃ ប៉ុន្តែ​​ដើម្បី​ការពារ​ខាង​វិញ្ញាណ​ យើង​ចូល​កាន់តែ​ជិត​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌របស់​យើង និង​បុត្រា​របស់​ទ្រង់ ។ ជំងឺ​រាតត្បាត​កូវីដ​-១៩​បាន​ផ្តល់ឱកាស​ដល់​សមាជិក​សាសនាចក្រ​ជាច្រើនដើម្បី​បង្កើន​ការការពារ​ខាងវិញ្ញាណ​ដោយ​ធ្វើតាម​ការណែនាំ​របស់​ប្រធាន រ័សុល អិម ណិលសុន ដើម្បី​ស្តាប់​តាមព្រះអម្ចាស់ ។

ប្រធាន រ័សុល អិម ណិលសុន​បាន​មាន​ប្រសាសន៏​នៅ​ខែមេសា ឆ្នាំ២០២០ នៅ​ក្នុង​សន្និសីទទូទៅ​ថា​ « ព្រះវរបិតា​យើង​ដឹង​ថា​នៅ​ពេល​យើង​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ភាព​មិនប្រាកដ​ប្រជា និង​ភាព​ភ័យខ្លាច អ្វី​ដែលនឹង​ជួយ​យើង​បំផុត​នោះគឺ​ស្ដាប់​តាម​ព្រះរាជបុត្រា​ទ្រង់ » ។ លោក​បាន​បន្ថែម​ទៀតថា « នៅ​ពេល​យើង​ស្វែងរក​ដើម្បី​ធ្វើជា​សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ កិច្ច​ខិតខំ​របស់​យើង​ដើម្បី​ស្ដាប់​ទ្រង់ចាំ​បាច់​ត្រូវ​មាន​ដោយ​គោលបំណង​កាន់តែ​ខ្លាំង ។ វា​ត្រូវ​ការ​ខិតខំ​ដោយ​មនសិកា និង​ប្រកាន់ខ្ចាប់​ដើម្បី​បំពេញ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដោយ​ព្រះបន្ទូល​របស់​ទ្រង់ ការ​បង្រៀន​របស់​ទ្រង់ និង​សេចក្ដីពិត​របស់​ទ្រង់ » ។

ខណៈ​ពេល​ដែលយើង​មិន​ស្វាគមន៏​ការពន្យារ​ពេល​នៃ​ការប្រជុំ ការបិទ​ព្រះវិហារបរិសុទ្ធ ឬ​ការបាត់បង់​ការងារ ការចំណាយ​ពេល​ច្រើននៅ​ផ្ទះ​ផ្តល់ឲ្យ​យើង​នូវ « ឱកាស​ដើម្បី​គិត​អំពី​ការ​ភ្ញាក់ខ្លួន​ចំពោះព្រះ » ( សូមមើល អាលម៉ា ៥:៧ ) ប្រសាសន៏​របស់​អែលឌើរ ឃុក ។ « ប្រហែល​ជា​ព្រឹត្តិការណ៏​ថ្មីៗ​នេះ​អាច​ជា​នាឡិកា​រោទិ៍​ខាង​វិញ្ញាណ​ដែលផ្តោត​លើ​យើងនូវ​រឿង​ដែល​សំខាន់​បំផុត ។ ប្រសិន​បើ​ដូច្នោះ​មែន វា​​គឺជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​រយៈ​ពេលនេះ​​ដើម្បី​ផ្តោត​លើអ្វី​ដែលយើង​អាច​ធ្វើ​ឲ្យ​ល្អឥត​ខ្ចោះ​នៅ​ក្នុង​ជីវិត​របស់​យើង និង​របៀប​ដែល​យើងអាច​ផ្ដល់​ពរដល់​ជីវិត​អ្នកដទៃ​ទៀត នៅ​ពេលយើង​ភ្ញាក់​រលឹក​ចំពោះ​ព្រះ​ហើយ​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បន្ថែម​ថា « ពេលវេលា​បែបនេះ​អញ្ជើញ​យើង​ឲ្យមើល​ទៅក្នុង​ព្រលឹង​របស់យើង ដើម្បី​មើលថា​តើ​យើង​ចូលចិត្តអ្វី​ដែលយើង​បានឃើញ​នៅ​ទីនោះ​ដែរ​ឬទេ ។ នោះ​គឺជា​ពេលដែល [ យើង ] គិត​ថាតើ [ យើង ]​ជានរណា និង​អ្វី​ដែល​សំខាន់ » ។

អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ថា ពេលវេលា​បែបនេះ​អញ្ជើញ​យើង​ឲ្យ​បង្កើន​សេចក្ដី​ជំនឿ ការបម្រើ និង​ការដឹង​គុណ​របស់​យើង​ ដែល​ជំរុញ​យើង​ឲ្យ « ពិចារណា​លើការ​ពឹងផ្អែក​របស់យើង​ទៅលើ​ព្រះ និងពរជ័យ​ទាំងឡាយ​ដែល​មកពី​ទ្រង់​ដែល​ជារឿយៗ​យើង​តែង​តែ​មិនសូវ​ចាប់​អារម្មណ៏ » ។ « យើង​ជំពាក់​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ដើម្បី​ដឹងគុណ​បន្ថែម​ទៀត មាន​អំណរគុណ​បន្ថែមទៀត និង​មាន​ទំនោរបន្ថែម​ទៀត​ដើម្បីចាំ​ពីបញ្ហា​ជាច្រើន​ដែលត្រូវ​បានដោះស្រាយ​ដោយសារ​ព្រះ ពួកទេវតា កិច្ច​ព្រមព្រៀង​នៃ​ការសន្យា និង​ការអធិស្ឋាន » ។

នៅ​ចំកណ្តាល​នៃការ​ដឹងគុណ​របស់យើង​គឺជា​ពរជ័យ​នៃ​ការចងចាំ « តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា​ដល់​កូន​ចៅ​មនុស្ស ចាប់​តាំង​ពី​កំណើត​លោក​អ័ដាម​មក រហូត​មក​ដល់​ពេល [ នេះ ] » ( អាលម៉ា​១០:៣ ) ។ សមាជិក​នៃកូរ៉ុម​នៃពួក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៏​ថា​ នៅ​ពេលណា​ដែល​យើង​ត្រូវបាន​តម្រូវ​ឲ្យ « រស់នៅ​នឹង​កន្លែង » ​យើង​អាចធ្វើ​តាមគំរូរ​របស់​នីហ្វៃ និង​អាលម៉ា​ដោយ​ចងចាំ​ថា ទ្រង់​ជា​អ្នក​ដែល « [ យើង ] ទុក​ចិត្ត » ព្រះ​អង្គ​សង្រ្គោះ​ព្រះ​យេស៊ូវគ្រីស្ទ « នឹ​ងនៅ​តែ​ដោះលែង [ យើង ] » ។ ( នីហ្វៃទី២៤:១៩; អាលម៉ា៣៦:២៧ ) ។ ហើយ​យើង​អាចចាំ​បាន​ដូច​សាវក​ប៉ុល​បាន​បង្រៀន​ថា គ្មាន​អ្វី​ដែល « ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន » ឡើយ ( ​សូមមើល រ៉ូម ៨:៣៥ ) ។

អ៊ែលឌើរ ហូឡិន បាន​មានប្រសាសាសន៏​ថា ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ « ជា​ទី​ជ្រក​របស់​យើង » ( សូមមើល ទំនុកដំកើង ៦១:១–៤ ) ។ « ទោះបី​មានអ្វី​ផ្សេង​ទៀត​កើតឡើង​ក៏​ដោយ យើងនឹង​មិនត្រូវ​ឃ្លាតឆ្ងាយ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្រ្គោះ និង​ភាពជា​ដៃគូ​របស់​ទ្រង់បាន​ឡើយ ទោះបី​យើង​មិន​ស្គាល់​វា​នៅ​ពេល​នោះ​ក៌ដោយ ។ ព្រះ​វិញ្ញាណ​មិន​ត្រូវ​បាន​រាំងស្ទះ​ដោយ​វីរុស ឬ​ដោយ​ព្រំដែន​ជាតិ ឬ​ដោយ​ការ​ព្យាករ​ខាង​វេជ្ជសាស្ដ្រ​ឡើយ » ។

woman on a walk talking to women at window

រូបថត​មក​ពី Getty Images

« ធ្វើ​រឿង​សប្បុរស »

ថ្មីៗ​នេះ នៅ​ពេល​អាន​របាយ​ការណ៏​ដែល​បង្កើតឡើង​ដោយ​គណៈកម្មាធិការ​សាសនាចក្រ​មួយ អែលឌើរ គ្រីស្តូហ្វឺសិន មាន​ការព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ « ការនៅ​តែ​ឯង​ដោយ​បង្ខំ » ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សមាជិក​នៅ​លីវ​របស់​សាសនាចក្រ—ទាំង​នៅក្មេង​និង​ចាស់ ។

លោក​បាន​និយាយ​ថា « ការនៅ​តែ​ឯង​ដោយ​បង្ខំ​អាច​នាំ​ទៅ​រក​ភាពឯកោ ហើយ​ភាពឯកោ​អាច​នាំ​ឲ្យមាន​ភាពអវិជ្ជមាន​ចំពោះ​រាងកាយ និង​បញ្ហា​សុខភាពខាង​សតិអារម្មណ៏ ។ « ដើម្បី​ទប់ទល់​នឹង​បញ្ហានេះ អ្នក​តស៊ូ​មតិ​ផ្នែក​សុខភាព​សាធារណៈ​មួយ​ចំនួន​បានផ្តល់​អនុសាសន៏​ថា​អស់​អ្នកណា​ដែលមាន​ភាពឯកោ​គួរ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើរឿង​ល្អ​សម្រាប់​នរណា​ម្នាក់ » ។

អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៏ថា​ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​អាច​រកវិធី​ដើម្បី​បម្រើ​ ជួយ និង​បរិច្ចាគ​ដល់​អ្នកដទៃ ជាពិសេស​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ឯកោ ហើយ​សមាជិក​ដែលឯកោ​ដែល​ផ្តល់ការ​បម្រើ​ដល់​អ្នកដទៃ​អាចបន្ថយ​អារម្មណ៏​ឯកោ​របស់​ពួកគេ​បាន ។

លោក​បាន​និយាយថា « ផ្តោត​ទៅលើ​ការងារ​បម្រើ » ។ « មាន​រឿងច្រើន​ដែល​យើងអាច​ធ្វើបាន​សម្រាប់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ឲ្យមាន​អារម្មណ៏​នៃ​ភាព​ជា​បងប្អូន​ប្រុសស្រី ​និង​ភាតរភាព ។ នេះ​ជា​ពេលវេលា​មួយ​ដែល​កូរ៉ុមអ៊ែលឌើ និង​សមាគម​សង្គ្រោះ​ពិតជា​អាចចូល​មក​នៅ​ក្នុង​ក្រុម​របស់​ពួកគេ​ផ្ទាល់ និង​ផ្តល់នូវ​អ្វីដែល​ពិសេស​ដែល​ពួកគេ​ត្រូវ​បាន​រៀបចំ​តែ​មួយ​គត់​ដើម្បី​ធ្វើ » ។

លោក​បាន​ស្នើថា ជា​ជាង​ផ្ញើសារ​ទៅ​នរណា​ម្នាក់ « ខ្ញុំគិតថា​វាជា​ការប្រសើរ​ណាស់​ក្នុង​ការហៅ​ទូរស័ព្ទ​ទៅ​នរណា​ម្នាក់​ដោយ​ប្រើ​បច្ចេកវិទ្យា​ចាស់​ហៅថា​ទូរស័ព្ទ ។ គ្រាន់​តែ​ហៅ​ទូរសព្ទ​ដើម្បី​និយាយ​ និង​ធ្វើ​ការប្រាស្រ័យ​ទាក់ទង ។ អនុញ្ញាត​ឲ្យ​ពួកគេ​ឮ​សំឡេង » ។

កិច្ច​ប្រឹងប្រែង​តូចៗ​ដើម្បី​ឈោង​ទៅ​ជួយ​អ្នកដទៃ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​យ៉ាងខ្លាំង​ ធ្វើ​ឲ្យ​ថ្ងៃ​របស់​នរណា​ម្នាក់​ភ្លឺថ្លា​ដែល​យើង​ប្រហែល​ជាមិន​អាច​ដឹងបាន ។ អែលឌើរ ឃុក បាន​មានប្រសាសន៏​ថា « ការងារ​បម្រើ​របស់យើង​គឺ​ចាំបាច់​ណាស់​ជា​មួយ​មនុស្ស​ដែល​នៅឯកោ » ។

អែលឌើរ ហូឡិន បាន​ណែនាំ​ថា​ « យើង​គួរតែ​លះបង់​ចំណែក​ណា​មួយ​នៅក្នុង​មួយ​ថ្ងៃ​របស់​យើង​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​ត្រូវការ​ការជំរុញ ។ ជា​ការពិត​ណាស់ យើង​ទទួល​បាន​ការជំរុញ​ពី​ការ​ធ្វើ​ដូច្នោះ មនុស្ស​គ្រប់​រូប​ត្រូវ​បាន ‹ លើកឡើង › ( នីហ្វៃ​ទី៣ ២៧:១៤, ១៥ ) ដូច​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​មាន​បន្ទូលថា ទ្រង់​ត្រូវ​បាន​បញ្ចូន​មក​ផែនដី​ឲ្យ​ធ្វើ » ។

វិធី​មួយទៀត​ដែល​យើង​អាច​លើក​ខ្លួនឯង និង​អ្នកដទៃ​ទៀតគឺ​ត្រូវ​ត្រៀម​សម្រាប់​ថ្ងៃ​ដែល​ព្រះ​វិហារបរិសុទ្ធ​បើក​ឡើងវិញ ។ អែលឌើរ បែដណា បាន​មាន​ប្រសាសន៏​ថា ការ​បិទព្រះ​វិហារបរិសុទ្ធ—មិន​ថា​សម្រាប់​ការរាតត្បាត ការកែរលំអរ ឬការសម្អាត—« ផ្តល់នូវ​ឱកាស​អស្ចារ្យ​ដើម្បី​រៀន​បន្ថែមអំពី​ការស្រាវជ្រាវ​ពង្យប្រវត្តិ ការ​ធ្វើលិបិក្រម និង​វិធី​ដើម្បី​រៀបចំ​ឈ្មោះជា​ច្រើន​​សម្រាប់​ថ្ងៃ​ដែល​ទ្វារព្រះវិហា​របរិសុទ្ធ​បើក​ម្តង​ទៀត » ។

អែលឌើរ បែដណា បាន​បន្ថែមថា មិនថា​ព្រះវិហារបរិសុទ្ធ​បាន​បើក ឬ​បិទ​នោះ​ទេ ក៍​សមាជិក​នៃ​សាសនាចក្រ​នៅតែ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាពសក្កិសម​និង​មាន​បណ្ណ័​ព្រះវិហារ​បរិសុទ្ធ​បច្ចុប្បន្ន​មួយ ។

មេរៀន​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រៀន

ដូច​អែលឌើរ បែដណា បាន​ចង្អុល​បង្ហាញ​​ថា​ខណៈ​ដែល​គ្មាន​នរណា​ម្នាក់​ជ្រើសរើស​យក​បទពិសោធន៏​នៃ​ការរាតត្បាត​នៃ​ជំងឺ កូវីដ​ ១៩ ក៏​គ្រោះ​កាច​នៃ​ថ្ងៃ​ចុងក្រោយ​មាន​លើ​យើង​ដែរ ។

លោក​បាន​មាន​ប្រសាសន៍​ថា « ដោយ​មាន​ទស្សន​វិស័យ​អស់​កល្ប​ដែល​ដំណឹងល្អ​ដែលបាន​ស្តារឡើង​វិញផ្តល់​ឲ្យ និង​ព្រះគុណ​ដែល​បាន​មកពី​ដង្វាយ​ធួន​របស់​ព្រះ​អង្គសង្រ្គោះ យើង​អាច​រៀន​មេរៀន​ពីភាព​លំបាក​នៃ​ជីវិត​រមែងស្លាប់​ដែល​រៀបចំ​យើង​សម្រាប់​ពរជ័យ​នៃ​ភាព​អស់កល្ប​ជានិច្ច » ។ « យើង​ត្រូវ​ធ្វើ​ការ​អធិស្ឋាន ។ យើង​ត្រូវ​តែ​ស្វែងរក ។ យើង​ត្រូវតែ​ទូលសុំ ។ យើង​ត្រូវតែ​មានភ្នែក​ដែល​មើល​ឃើញ និង​ត្រចៀក​ដែល​ស្ដាប់ឮ ។ ប៉ុន្តែយើង​អាច​ទទួល​បាន​ពរជ័យ​តាម​វិធី​គួរឲ្យ​កត់សម្គាល់ ដើម្បី​រៀន​មេរៀន​ដែល​នឹង​ផ្ដល់​ពរដល់​យើង​នៅ​ពេល​ឥឡូវ​នេះ និង​ជា​រៀងរហូត » ។

ប្រធាន​បាឡឺដ បាន​មាន​ប្រសាសន៏​ថា ដោយ​មាន​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ទៅលើ​គ្រួសារ​នៅ​លើ​ពិភពលោក កូវីដ ១៩ បាន​បង្រៀន​មនុស្ស​ឲ្យ​បង្ហាញ​ការ​យកចិត្ត​ទុក​ដាក់​កាន់​តែខ្លាំង​ចំពោះ​អ្នកដទៃ ។

លោក​បាន​មាន​ប្រសាសន៍​ថា « យើង​នឹងដឹង​ថា​គ្រួសាររបស់​យើង​មាន​តម្លៃ​ប៉ុណ្ណា អ្នក​ជិតខាង​របស់​យើង​មាន​តម្លៃ​ប៉ុណ្ណា និង​សមាជិក​ក្រុម​ជំនុំ​មាន​តម្លៃ​ណាស់ » ។ « មាន​មេរៀន​ដែលយើង​កំពុង​រៀន​នៅពេល​នេះ​ដែលនឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​កាន់​តែ​ប្រសើរ » ។

ហើយ​នៅពេល​ព្យុះ​នា​ពេល​បច្ចុប្បន្ន​ឆ្លង​ផុតទៅ តើ​យើង​អាច​រំពឹង​អ្វី​នៅ​ពេល​នោះ ? អែលឌើរ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា ដូច​គ្នា​ច្រើន​ទៀត ។ បុត្រា​បុត្រី​របស់​ព្រះ​នៅក្នុង​សាសនាចក្រ ឬ​នៅ​ក្រៅ​សាសនាចក្រ​នឹង​បន្ត​ប្រឈមមុខ​នឹង​ឧបសគ្គ ។

លោក​បាន​មាន​ប្រសាសន៍​ថា « យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​យើងពិត​ជា​ចាំ​បាច់​ត្រូវ​ការ​ការ​រៀនសូត្រ » ។ ហើយ​មេរៀន​ដែល​សំខាន់​បំផុត​ដែលយើង​អាចរៀន​នោះ​គឺថា​ចម្លើយ​ចំពោះ​បញ្ហា​ប្រឈម​មុខ​នាពេល​ខាងមុខ​ជា​ចម្លើយ​ចំពោះ​បញ្ហា​ប្រឈម​មុខ​បច្ចុប្បន្ន​ដែរ ៖ គឺដំណឹងល្អ​របស់​ព្រះ​យេស៊ូគ្រីស្ទ ។

អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៏​ថា ពីព្រោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មានដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ ពួកគេ​អាច​រៀន​ដើម្បី​មាន​ភាព​វិជ្ជមាន​និង​មាន​សុទិដ្ឋិនិយម ធ្វើ​ឲ្យអស់​ពីសមត្ថភាព និង​ទទួល​យក​ព្រះអម្ចាស់ និង​ព្រះ​បន្ទូល​របស់ទ្រង់​នៅពេល​ទ្រង់​បាន​មាន​បន្ទូលថា « ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ »( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២៣:១៧ ) ។

អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៏​ថា « មាន​អ្វីជា​ច្រើន​ដែល​ត្រូវ​រីករាយ នៅ​ពេល​យើង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំនឿ​របស់​យើង​ ទុកចិត្ត​ទៅលើព្រះ​អម្ចាស់​និង​មើល​ឃើញ​អព្ភូតហេតុ​នៃការ​រំដោះ​របស់ទ្រង់ » ។ ◼

កំណត់​ចំណាំ

  1. សូមមើល ​William G. Hartley, « The Church Grows in Strength,» ខែកញ្ញា ឆ្នាំ​១៩៩៩ ទំព័រ ៣៥ ។​

  2. Teachings of Presidents of the Church: Heber J. Grant ( ឆ្នាំ ២០០២ ) ទំព័រ ៤៩, ៤៨ ។

  3. សូមមើល រ័សុល អិម ណិលសុន « អំណរ និង​ការរស់រាន​ខាង​វិញ្ញាណ » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ។

  4. Bruce R. McConkie, « The Caravan Moves On, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៤ ទំព័រ ៨៥ ។

  5. យ៉ូសែប ស្ម៊ីធ នៅក្នុង ៤:៥៤០ ។

  6. រ័សុល អិម ណិលសុន « Hear Him, » Liahona, ខែ ឧសភា ឆ្នាំ ២០២០​ ទំព័រ ៨៩ ។