សាលជំនុំ—កន្លែងនៃគារវភាព និងការថ្វាយបង្គុំ
ព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅក្នុងសាលជំនុំរបស់យើង ហើយនឹងបំផុសគំនិតយើង ពេលយើងប្រតិបត្តិដោយគារវភាពនៅចំពោះទ្រង់ ។
មានម្ដងនោះ មិត្តរួមការងារដ៏មានចិត្តស្មោះម្នាក់បានចែកចាយជាមួយខ្ញុំនូវបទពិសោធន៍មួយ ដែលគាត់បានមាន នៅពេលបំពេញការចាត់តាំងមួយឲ្យរៀបកៅអីទុក និងសម្អាតមណ្ឌលស្តេកក្រោយពីសន្និសីទស្តេកមួយ ។ បន្ទាប់ពីធ្វើកិច្ចការទាំងនេះអស់រយះពេល ៣០នាទី គាត់បានដឹងថា គាត់ជាមនុស្សចុងក្រោយគេនៅក្នុងអគារនោះ ។ ទោះជាយ៉ាងណា ជំនួសឲ្យការមានអារម្មណ៍ឯកោ ហើយប្រញាប់ប្រញាល់ដើម្បីចាកចេញ គាត់បានកត់សម្គាល់ថា អារម្មណ៍ដ៏ផ្អែមល្ហែមនៃភាពសុខសាន្តដែលគាត់បានទទួលអំឡុងសន្និសីទ បន្តនៅជាមួយគាត់ ហើយថែមទាំងកើនឡើងទៀតផង ។
ពេលគាត់បានបញ្ចប់កិច្ចការដែលបានចាត់តាំងនោះ ហើយចាកចេញពីសាលជំនុំ គាត់បានជួបនឹងសមាជិកម្នាក់ទៀត ដែលហាក់ដូចជាបានសម្លឹងមើលគាត់ដោយចេតនា ។ ដោយការដឹងពីអ្វីដែលមិត្តរបស់ខ្ញុំបានធ្វើ សមាជិកនេះបានទាញដៃគាត់ ហើយបាននិយាយថា « បងប្រុស ព្រះអម្ចាស់ទតឃើញកិច្ចការដ៏តូចតាចទាំងនេះ ដែលបងធ្វើសម្រាប់ទ្រង់ ហើយទ្រង់ទតមើលមកក្រោម ហើយញញឹមចំពោះកិច្ចការទាំងនោះ » ។
ប៉ុន្មានឆ្នាំក្រោយមក ខណៈបម្រើជាប៊ីស្សពម្នាក់ មិត្តដដែលនេះបានឃើញថាខ្លួនគាត់នៅម្នាក់ឯងម្ដងទៀតនៅក្នុងសាលជំនុំវួដរបស់គាត់ ។ បន្ទាប់ពីបិទភ្លើងនៅក្នុងសាលជំនុំហើយ គាត់បាននៅបង្អែរបង្អង់មួយសន្ទុះ កាលដែលពន្លឺព្រះច័ន្ទបានចាំងពន្លឺចូលមកតាមបង្អួចទៅលើវេទិកា ។
អារម្មណ៍នៃភាពសុខសាន្តស្រដៀងគ្នានោះបានគ្របដណ្តប់មកលើគាត់ម្ដងទៀត ហើយគាត់បានអង្គុយចុះនៅខាងមុខនៃសាលជំនុំ ហើយបានសញ្ជឹងគិតពីគ្រាដ៏ពិសិដ្ឋជាច្រើនអនេកប្បការ ដែលគាត់បានដកពិសោធនៅក្នុងស្ថានភាពបែបនោះ—ជាច្រើនដង គាត់បានសង្កេតពួសង្ឃហែកនំប៉័ងនៅឯតុសាក្រាម៉ង់ ឱកាសទាំងឡាយដែលគាត់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដែលបាននៅជាគ្នានឹងគាត់ ពេលគាត់ថ្លែងសារលិខិតសន្និសីទវួដ ពិធីបុណ្យជ្រមុជទឹកដែលគាត់បានដឹកនាំ ចម្រៀងពិសេសពីក្រុមចម្រៀងដែលគាត់បានឮ និងទីបន្ទាល់រាប់មិនអស់ពីសមាជិកវួដដែលបានរំជួលចិត្តគាត់យ៉ាងជ្រាលជ្រៅ ។ ដោយបានអង្គុយចុះតែម្នាក់ឯងនៅក្នុងសាលជំនុំដ៏ងងឹត នោះគាត់បានទទួលអារម្មណ៍គ្របដណ្ដប់ដោយឥទ្ធិពលរួមគ្នាមកពីបទពិសោធន៍ទាំងនេះទៅលើជីវិតរបស់គាត់ និងជីវិតសមាជិកក្នុងវួដរបស់គាត់ ហើយគាត់បានឱនក្បាលចុះដោយការដឹងគុណដ៏ជ្រាលជ្រៅ ។
មិត្តរបស់ខ្ញុំត្រូវបានបង្រៀនដោយឆ្លាតវៃ និងត្រឹមត្រូវថា ទីកន្លែងដ៏ពិសិដ្ឋបំផុតនៅលើផែនដី គឺព្រះវិហារបរិសុទ្ធ និងគេហដ្ឋាន ប៉ុន្តែតាមរយៈបទពិសោធន៍ទាំងពីរខាងលើនេះ គាត់ក៏បានយល់ផងដែរពីធម្មជាតិដ៏ពិសិដ្ឋនៃសាលជំនុំរបស់យើង ។ ដោយសារតែសាលជំនុំទាំងនោះត្រូវបានឧទ្ទិសឆ្លងដោយសិទ្ធិអំណាចបព្វជិតភាព នោះអគារទាំងនេះក្លាយជាកន្លែងដែលព្រះអម្ចាស់ចាក់វិវរណៈមកលើរាស្ត្ររបស់ទ្រង់ និងជាកន្លែងដែល « អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » តាមរយៈពិធីបរិសុទ្ធទាំងឡាយដែលធ្វើឡើងនៅទីនោះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២០ ) ។
សាលជំនុំរួមគ្នាជាមួយនឹងគេហដ្ឋាន ដើម្បីនាំមកនូវសេចក្តីអំណរដែលបានសន្យាដែលពួកបរិសុទ្ធដ៏ស្មោះត្រង់អាចដកពិសោធនៅថ្ងៃឈប់សម្រាក ។ វាក្លាយទៅជាកន្លែងមួយដែលការថ្វាយបង្គំរួមគ្នារបស់សមាជិកបណ្ដាលឲ្យដួងចិត្តរបស់ពួកគេក្លាយទៅជា « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) និងចំពោះព្រះអង្គសង្គ្រោះ ។ សម្រាប់យើង ដើម្បីបង្ហាញពីការដឹងគុណ និងការគោរពដ៏ត្រឹមត្រូវសម្រាប់ការចាក់ស្រោចនូវពរជ័យខាងវិញ្ញាណមកលើយើង តាមរយៈសាលជំនុំរបស់យើង នោះយើងគួរតែចូលទៅក្នុងកន្លែងថ្វាយបង្គុំទាំងនេះដោយឥរិយាបថនៃគារវភាពដ៏ជ្រាលជ្រៅ និងស្មោះសរ ។
អត្ថន័យនៃគារវភាព
នៅក្នុងវប្បធម៌សាសនាចក្រសម័យទំនើបរបស់យើង ពាក្យ គារវភាព បានក្លាយជាសទិសន័យជាមួយនឹងពាក្យ ស្ងៀមស្ងាត់ ។ ខណៈដែលសំឡេងទន់ភ្លន់គឺពិតជាសមរម្យសម្រាប់រោងជំនុំរបស់យើង ក៏ទស្សនៈដ៏មានដែនកំណត់អំពីគារវភាពនេះ មិនបានចាប់យកអត្ថន័យពេញលេញនៃពាក្យនេះទេ ។ គារវភាព (Reverence) អាចប្រទាក់ទៅនឹងកិរិយាសព្ទឡាតាំង revereri ដែលមានន័យថា « ឈរស្ងើចសរសើរដល់ » ។១ តើយើងអាចរកពាក្យមួយដែលពិពណ៌នាឲ្យកាន់តែល្អប្រសើរជាងនេះ អំពីអារម្មណ៍នៃព្រលឹងយើង នៅពេលយើងពិតជាសញ្ជឹងគិតពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងម្នាក់ៗដែរឬទេ ?
ខ្ញុំត្រូវបានរំឭកអំពីពាក្យពេចន៍ទាំងឡាយនៅក្នុងទំនុកតម្កើងដ៏ពិរោះ ដែលយើងច្រៀងនៅក្នុងរោងជំនុំរបស់យើង ៖ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យនូវក្ដីស្នេហ៍ព្រះគ្រីស្ទឱ្យដល់ខ្ញុំ » ។២ អារម្មណ៍នៃការដឹងគុណ ការសរសើរតម្កើង និងការអស្ចារ្យដ៏ជ្រាលជ្រៅនោះ គឺជាខ្លឹមសារនៃគារវភាព ហើយវាជំរុញយើងឲ្យចៀសវាងពីភាសា ឬឥរិយាបទណាក៏ដោយ ដែលអាចកាត់បន្ថយនូវអារម្មណ៍ទាំងនោះដែលមានក្នុងយើង ឬអ្នកដទៃផ្សេងទៀត ។
សាលជំនុំ និងថ្ងៃឈប់សម្រាក
ចេញមកពីវិវរណៈសម័យទំនើប យើងដឹងថា ផ្នែកដ៏សំខាន់នៃការថ្វាយបង្គំថ្ងៃឈប់សម្រាក គឺដើម្បី « ទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់ [ របស់យើង ] ឡើងនៅថ្ងៃបរិសុទ្ធ [ របស់ព្រះអម្ចាស់ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៩ ) ។ « ដំណាក់នៃការអធិស្ឋាន » ដែលយើងប្រមូលផ្ដុំគ្នានៅថ្ងៃឈប់សម្រាក គឺជាសាលជំនុំដ៏ពិសិដ្ឋរបស់យើង ។
ប្រធាន រ័សុល អិម ណិលសុន បានជួយយើងឲ្យយល់កាន់តែច្បាស់ពីទំនាក់ទំនងយ៉ាងជិតស្និតរវាងគារវភាពរបស់យើងចំពោះព្រះអង្គសង្គ្រោះ និងអារម្មណ៍របស់យើងចំពោះថ្ងៃឈប់សម្រាក ។ នៅក្នុងការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកអំពីការគោរពថ្ងៃឈប់សម្រាក ប្រធានណិលសុនបានដំណាលថា « ខ្ញុំបានរៀនចេញពីព្រះគម្ពីរថា ទង្វើ និងឥរិយាបថរបស់ខ្ញុំនៅថ្ងៃឈប់សម្រាក គឺជាទីសម្គាល់មួយរវាងខ្ញុំ និងព្រះវរបិតាសួគ៌របស់ខ្ញុំ » ។៣
គឺដូចជាទង្វើ និងឥរិយាបថរបស់យើងនៅថ្ងៃឈប់សម្រាកគឺជាទីសម្គាល់នៃភក្ដីភាពរបស់យើងចំពោះព្រះអម្ចាស់ដែរ នោះទង្វើរបស់យើង ឥរិយាបថរបស់យើង ហើយសូម្បីតែរបៀបនៃការស្លៀកពាក់របស់យើង ខណៈនៅក្នុងដំណាក់នៃការអធិស្ឋានរបស់ទ្រង់ អាចចង្អុលបង្ហាញដូចគ្នាដែរ អំពីកម្រិតនៃគារវភាព ដែលយើងមានចំពោះព្រះអង្គសង្គ្រោះ ។
សាលជំនុំ និងពិធិបរិសុទ្ធ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពង្រីកការយល់ដឹងរបស់យើងអំពីគំនិតនេះ ដោយថ្លែងថា ៖
« ក្រៅពីការបង្កើតពេលដើម្បីបង្រៀនដំណឹងល្អនៅតាមផ្ទះ នោះការកែសម្រួលការបម្រើរបស់យើងនៅថ្ងៃអាទិត្យ … គូសបញ្ជាក់យ៉ាងត្រឹមត្រូវថា ពិធីសាក្រាម៉ង់នៃអាហារពេលយប់របស់ព្រះអម្ចាស់ថាពិសិដ្ឋ ជាការទទួលស្គាល់ផ្តោតទៅលើបទពិសោធន៍ការថ្វាយបង្គំប្រចាំសប្តាហ៍របស់យើង ។ យើងត្រូវចងចាំក្នុងរបៀបផ្ទាល់ខ្លួនមួយតាមដែលអាចធ្វើទៅបានថា ព្រះគ្រីស្ទបានសុគតដោយដួងចិត្តខ្ទេចខ្ទាំ ដោយការរែកអំពើបាប និងភាពសោកសៅទាំងអស់របស់គ្រួសារមនុស្សលោកទាំងមូលតែអង្គឯង ។
« ក្នុងគ្រាដូច្នោះវាតម្រូវឲ្យមានការគោរពរបស់យើង ជាការតបស្នងចំពោះបន្ទុកដែលចៀសមិនរួចនោះ » ។៤
វាសំខាន់ដើម្បីចងចាំថា ទីកន្លែងដែលបានតែងតាំងសម្រាប់គ្រានៃការគោរពដ៏ខ្ពង់ខ្ពស់បំផុតនេះចំពោះព្រះអង្គសង្គ្រោះ គឺជារោងជំនុំនៃសាលជំនុំ ។ ក្រៅពីគារវភាពដែលយើងទទួលអារម្មណ៍ អំឡុងពេលនៃពិធីបរិសុទ្ធសាក្រាម៉ង់ប្រចាំសប្ដាហ៍ អារម្មណ៍នៃគារវភាព និងការគោរពរបស់យើងត្រូវបានពង្រីក ពេលដែលយើងពិចារណាពីពិធីបរិសុទ្ធនៃបព្វជិតភាព និងពរជ័យទាំងឡាយផ្សេងៗទៀតដែលធ្វើឡើងនៅក្នុងសាលជំនុំ រួមមានទាំងការដាក់ឈ្មោះ និងការប្រសិទ្ធិពរកុមារ ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាព និងការញែកចេញសម្រាប់ការហៅបម្រើទាំងឡាយ ។ ពិធីបរិសុទ្ធនីមួយៗ និងពរជ័យទាំងឡាយទាំងនេះអាចនាំមកនូវការចាក់ស្រោចនៃព្រះវិញ្ញាណបរិសុទ្ធ ប្រសិនបើពួកអ្នកដែលធ្វើពិធី និងអ្នកចូលរួមមកដោយមានឥរិយាបថគារវភាព ។
សាលជំនុំ និងការថ្វាយបង្គំ
ថ្ងៃឈប់សម្រាកផ្ដល់ដល់យើងនូវឱកាសដើម្បីថ្វាយបង្គំព្រះអម្ចាស់ នៅអំឡុងពេលនៃការសិក្សានៅផ្ទះរបស់យើង និងជាក្រុមជំនុំមួយអំឡុងពេលការប្រជុំសាក្រាម៉ង់ និងការប្រជុំផ្សេងៗទៀត ។ តាំងពីជំនាន់ដំបូងបំផុតរបស់សាសនាចក្រ ពួកបរិសុទ្ធបានរីករាយនឹងការមកជួបជុំគ្នា ដើម្បីទាក់ទងគ្នានិងបង្កើតចំណងនៃភាពជាបងប្អូនប្រុសស្រី ។ សាលជំនុំរបស់យើងថែមទាំងបានរចនាជាមួយនឹងកន្លែងទាំងឡាយដើម្បីធ្វើសកម្មភាពទាំងឡាយដូច្នោះនៅអំឡុងថ្ងៃនានាក្នុងសប្ដាហ៍ផងដែរ ។ ទោះជាយ៉ាងណា យើងមិនត្រូវភ្លេចពីគោលបំណងចម្បងនៃអគារទាំងនេះឡើយ គឺដើម្បីផ្ដល់កន្លែងមួយសម្រាប់ការថ្វាយបង្គំ ។
ការថ្វាយបង្គំ និងគារវភាពទាក់ទងគ្នាយ៉ាងជិតស្និត ។ « ពេលយើងថ្វាយបង្គំព្រះ យើងទៅរកទ្រង់ដោយសេចក្ដីស្រឡាញ់ដ៏គាវរភាព ចិត្តរាបសា និងភាពអស្ចារ្យ ។ យើងទទួលស្គាល់ ហើយទទួលយកទ្រង់ជាស្ដេច ជាព្រះបង្កបង្កើតសកលលោក ជាព្រះវរបិតាជាទីស្រឡាញ់ និងអស់កល្បជានិច្ចរបស់យើង » ។៥
ហេតុដូច្នោះហើយ គោលបំណងដ៏សំខាន់នៃការថ្វាយបង្គំនេះគួរតែជះឥទ្ធិពលលើទង្វើរបស់យើងនៅក្នុងសាលជំនុំ សូម្បីតែពេលយើងចូលរួមក្នុងសកម្មភាពសង្គម ឬកម្សាន្តក៏ដោយ ។ គប្បីមានការថែទាំយ៉ាងអស្ចារ្យ ដើម្បីកាត់បន្ថយការគ្មានរបៀបរៀបរយ កំទេចកំទី ឬការខូចខាតឲ្យតិចបំផុតដល់ផ្នែកណាក៏ដោយនៃអគារដែលបណ្ដាលមកពីសកម្មភាពសាសនាចក្ ហើយត្រូវធ្វើការសម្អាតភ្លាមៗ ឬជួសជុលវាភ្លាមៗប្រសិនបើការខូចខាតបែបនោះកើតឡើង ។
កុមារ និងយុវវ័យអាចត្រូវបានបង្រៀនថា គារវភាព និងការថែរក្សាសាលជំនុំគឺត្រូវធ្វើឡើងលើសពីការប្រជុំថ្ងៃអាទិត្យទៅទៀត ។ ការចូលរួមរបស់សមាជិកនៅក្នុងការសម្អាតសាលជំនុំ—ជាពិសេសការចូលរួមជាមួយគ្នារបស់ឪពុកម្ដាយ និងកូនៗ—គឺជាមធ្យោបាយដ៏ល្អប្រសើរក្នុងការបង្កើតនូវអារម្មណ៍នៃគារវភាពសម្រាប់អគារដ៏ពិសិដ្ឋរបស់យើង ។ ដូចត្រូវបានបង្ហាញយ៉ាងជាក់ស្ដែងនៅក្នុងបទពិសោធន៍របស់មិត្តខ្ញុំ ក្នុងការរៀបចំមណ្ឌលស្តេករបស់គាត់បន្ទាប់ពីសន្និសីទស្តេក ទង្វើនៃការថែទាំសាលជំនុំដូចនោះ ជាមធ្យោបាយមួយនៃការថ្វាយបង្គំ និងអញ្ជើញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ។
សាលជំនុំ និងព្រះអង្គសង្គ្រោះ
នៅក្រោមការដឹកនាំនៃការព្យាកររបស់ប្រធានណិលសុន កិច្ចខិតខំដ៏សំខាន់ៗត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យប្រាកដថា ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទមិនត្រូវបានគេដកចេញឡើយ នៅពេលយើងនិយាយដល់សាសនាចក្ររបស់ទ្រង់ ។ ក្នុងរបៀបស្រដៀងគ្នានេះដែរ យើងមិនត្រូវអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះត្រូវប្ដូរទីតាំងពីមូលដ្ឋាននៃការថ្វាយបង្គំរបស់យើងឡើយ—រួមទាំងទីកន្លែងនៃការថ្វាយបង្គំរបស់យើងផងដែរ ។
យើងមានទម្លាប់ហៅព្រះវិហារបរិសុទ្ធថាជាដំណាក់នៃព្រះអម្ចាស់ ដែលចាត់ទុកថាជាការត្រឹមត្រូវ និងសំខាន់ ។ ទោះជាយ៉ាងណា យើងអាចនឹងងាយភ្លេចថា សាលជំនុំនីមួយៗរបស់យើងត្រូវបានឧទ្ទិសដោយសិទ្ធិអំណាចបព្វជិតភាពទុកជាកន្លែងមួយដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅ និងជាកន្លែងដែលបុត្រាបុត្រីរបស់ព្រះ—ទាំងអ្នកនៅក្នុង និងនៅក្រៅសាសនាចក្រ—អាចមក « ស្គាល់ព្រះដ៏ប្រោសលោះរបស់ខ្លួន » ( ម៉ូសាយ ១៨:៣០ ) ។
ការផ្ដួចផ្ដើមដែលទើបតែប្រកាសថ្មីៗឲ្យតែងលម្អសាលជំនុំរបស់យើងជាមួយនឹងគំនូរដែលពិពណ៌នាដោយគោរពដល់ព្រះអង្គសង្គ្រោះ និងព្រឹត្តិការណ៍ដ៏ទេវភាពនៃព្រះជន្មរមែងស្លាប់ និងក្រោយជីវិតរមែងស្លាប់របស់ទ្រង់ ត្រូវបានរចនាដើម្បីទាក់ទាញភ្នែក គំនិត និងដួងចិត្តរបស់យើងឲ្យខិតកាន់តែជិតទ្រង់ ។ កាលដែលបងប្អូនចូលក្នុងដំណាក់នៃការអធិស្ឋានទាំងនេះសម្រាប់ការប្រជុំ និងសកម្មភាពនានា យើងសូមអញ្ជើញបងប្អូនដោយក្ដីស្រឡាញ់ឲ្យឈប់ សង្កេតមើល ហើយសញ្ជឹងគិតគំនូរដ៏ពិសិដ្ឋទាំងនេះ ដើម្បីមើលវាជាមួយកូនៗរបស់បងប្អូន ហើយអនុញ្ញាតឲ្យគំនូរទាំងនេះបង្កើនអារម្មណ៍នៃការថ្វាយបង្គំ និងគារវភាពរបស់បងប្អូនចំពោះព្រះ ។
ព្យាការីព្រះគម្ពីរសញ្ញាចាស់ ហាបាគុកបានប្រកាសថា « ឯព្រះយេហូវ៉ា ទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ » ( ហាបាគុក ២:២០ ) ។ ចូរឲ្យយើងចងចាំដូចគ្នានោះដែរថា ព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅក្នុងសាលជំនុំរបស់យើង ហើយនឹងជ្រាបចូលក្នុងដួងចិត្តយើងម្នាក់ៗ ដល់កម្រិតមួយដែលយើងប្រតិបត្តដោយគាវរភាពចំពោះទ្រង់ ។ ◼