គោលបំណងនៃបុណ្យជ្រមុជទឹករបស់ខ្ញុំ
មុនពេលបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំបានអង្គុយចុះតែម្នាក់ឯង ហើយបានអធិស្ឋានថា ដោយអព្ភូតហេតុ នោះមិត្តភក្ដិរបស់ខ្ញុំនឹងមក ។
ក្នុងនាមជាក្មេងម្នាក់រស់នៅជាយក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ខ្ញុំមិនដែលបានស្គាល់អ្នកផ្សព្វផ្សាយសាសនានោះទេ ។ ដូច្នេះនៅពេលខ្ញុំជួបពួកគេដំបូង ខ្ញុំចង់ដឹងចង់ឮពីសារលិខិតរបស់ពួកគេណាស់ ។ វាមិនយូរទេមុនពេលដែលខ្ញុំចង់ធ្វើតាមការបង្រៀនរបស់ពួកគេ ហើយដាក់ដំណឹងល្អទៅក្នុងការអនុវត្តនៅក្នុងជីវិតខ្ញុំនោះ ។ ខ្ញុំបានទទួលអារម្មណ៍ថា នេះជាផ្លូវមួយសម្រាប់ខ្ញុំដើម្បីឃើញថាមានព្រះមួយអង្គឬទេ ។
ក្នុងពេលមួយខែ ខ្ញុំបានរៀនដំណឹងល្អ និងបទបញ្ញត្តិទាំងឡាយដែលត្រូវបង្រៀនមុនពេលបុណ្យជ្រមុជទឹក ។ ខ្ញុំមានភាពសុខសាន្តតាមរយៈការអធិស្ឋាន ខ្ញុំបានទទួលវិវរណៈផ្ទាល់ខ្លួនពីការសិក្សាព្រះគម្ពីរ ហើយខ្ញុំមិនដែលខកខានការប្រជុំសាសនាចក្រ ណាមួយទេ ។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំគួរតែទទួលបុណ្យជ្រមុជទឹក ។
ឧបសគ្គដ៏ធំបំផុតដែលខ្ញុំបានប្រឈមនៅពេលនោះ គឺបញ្ហាដែលចូលក្នុងចំណងទាក់ទងរបស់ខ្ញុំជាមួយនឹងមិត្តភក្ដិមួយចំនួនរបស់ខ្ញុំ ដោយសារតែពួកគេជំទាស់នឹងការចូលរួមរបស់ខ្ញុំក្នុងព្រះវិហារ ។ ខ្ញុំបានអធិស្ឋានយ៉ាងខ្លាំងអំពីបញ្ហាទាំងនេះ ប៉ុន្តែចំណងទាក់ទងរបស់យើងហាក់ដូចជាកាន់តែអាក្រក់ឡើងទៅវិញ ។
ខ្ញុំបានអញ្ជើញមិត្តភក្ដិរបស់ខ្ញុំទៅបុណ្យជ្រមុជទឹករបស់ខ្ញុំ ប៉ុន្តែពួកគេបានបដិសេធការអញ្ជើញរបស់ខ្ញុំទាំងស្រុងតែម្ដង ។ ខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីនោះទេ ។ មុនពេលបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំបានអង្គុយចុះតែម្នាក់ឯងនៅលើសាឡុងនៅច្រកដើរនៃសាលជំនុំ ដោយអធិស្ឋានថា ដោយអព្ភូតហេតុ នោះមិត្តភក្ដិរបស់ខ្ញុំនឹងមក ដើម្បីខ្ញុំអាចប្រាប់ពួកគេអំពីការផ្លាស់ប្ដូរវិជ្ជមានដែលខ្ញុំបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ ហើយបង្ហាញដល់ពួកគេថា ខ្ញុំបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវដោយការទទួលបុណ្យជ្រមុជទឹក ។
មិត្តភក្ដិរបស់ខ្ញុំមិនបានមកទេ ប៉ុន្តែខណៈដែលខ្ញុំបានថ្វាយដួងចិត្តខ្ញុំដល់ព្រះ នោះខ្ញុំបានទទួលការបំផុសគំនិតមួយ ។ នៅគ្រានោះ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យពីព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ខ្ញុំបានដឹងថា ទ្រង់គង់នៅទីនោះ ហើយពិតជាបានស្ដាប់ឮការអធិស្ឋានរបស់ខ្ញុំ ។
ដើមឡើយខ្ញុំចង់ធ្វើបុណ្យជ្រមុជទឹកដោយសារតែការណ៍ដ៏អស្ចារ្យទាំងអស់ដែលកើតឡើងក្នុងជីវិតខ្ញុំ ប៉ុន្តែនៅគ្រានោះ ខ្ញុំបានយល់ពីគោលបំណងនៃបុណ្យជ្រមុជទឹករបស់ខ្ញុំ ។
ការបំផុសគំនិតដែលខ្ញុំបានទទួល គឺដូចជាព្រះសូរសៀងរបស់ព្រះអម្ចាស់កំពុងមានព្រះបន្ទូលដ៏ទន់ភ្លន់ និងដោយផ្ទាល់មកកាន់ខ្ញុំ ដោយ មានបន្ទូលថា « កូនមិនចាំបាច់បង្ហាញភស្ដុតាងដល់នរណាឡើយ ។ កូនគ្រាន់តែត្រូវបង្ហាញដល់យើងប៉ុណ្ណោះថា កូនមានឆន្ទៈដើម្បីមកកាន់យើង ហើយបន្តស្មោះត្រង់ចំពោះដំណឹងល្អរបស់យើងអស់មួយជីវិតកូន » ។ ◼