២០២០
ការបម្រើ​ប្រចាំ​ថ្ងៃ​របស់​ម៉ាថា
ខែ តុលា ឆ្នាំ ២០២០


ការបម្រើចាំ​ថ្ងៃ​របស់​ម៉ាថា

ម្ដាយ និង​កូន​នេះ​ខិតខំ​ណាស់​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ជាមួយ​គ្នា ។ ម៉ាថា​អាច​រស់នៅ​តាម​ដំណឹងល្អ ដោយ​ការបម្រើ​ដល់​ម្ដាយ​នាង​ក្នុង​របៀប​ដ៏​ពិសេស​មួយ ។

Marta smiling

រូបថត​ដោយ ឡេសលី និលសុន

ម៉ាថា​ជា​យុវនារី​អាយុ ១១ ឆ្នាំ មក​ពី​ប្រទេស​​ព័រទុយហ្កាល់ ហើយ​ដូចជា​ក្មេងស្រី​ជា​ច្រើន​អាយុ​ស្របាល​នាង​ដែរ នាង​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ ញ៉ាំអាហារ និង​លេង​ជាមួយ​កូន​តុក្កតា ។ នាង​ក៏​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ម្ដាយ​នាង​ផងដែរ ។ ប៉ុន្តែ​ការរស់នៅ​ជាមួយ​ម្ដាយ​នាង មានន័យ​ថា ម៉ាថា​រស់នៅ​ខុស​គ្នា​បន្តិច​ពី​ក្មេង​ដទៃ​ទៀត ។

សូណៃ ម្ដាយ​របស់​ម៉ាថា បាន​កើត​មក​ជាមួយ​នឹង​ភាពទន់​ខ្សោយ​ខាង​ចលនា ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ដើរ ។ គិត​មិនមែន​ពិការ​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​គាត់​ពិតជា​ត្រូវការ​ឧបករណ៍​ជំនួយ​ដើម្បី​ដើរ ។ គាត់​មិន​អាច​ស្លៀកពាក់​ដោយ​ខ្លួនឯង ងូតទឹក​ខ្លួនឯង ឬ​ឡើង​គ្រែ​ដេក​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​វា​ពិបាក​សម្រាប់​គាត់​ដើម្បី​រស់នៅ​ម្នាក់​ឯង ។ ម៉ាថា​មាន​លទ្ធភាព​ដើម្បី​បម្រើ​សូណៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ការជួយ​គាត់​ជាមួយ​អ្វីៗ​ដែល​គាត់​ពុំ​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ។

Marta with her mother

ម៉ាថា​និយាយ​ថា « ខ្ញុំ​រក្សា​កន្លែង​ខ្ញុំ​ឲ្យ​បាន​ស្អាត ដើម្បី​ម្ដាយ​ខ្ញុំ​អាច​ទៅមក​ងាយ​ស្រួល » ។ « ខ្ញុំ​ក៏​សម្រាក​ពី​ការលេង​ផងដែរ ដើម្បី​ខ្ញុំ​អាច​មើល​ម្ដាយ​ខ្ញុំ និង​មើល​ថា​បើ​គាត់​ត្រូវការ​អ្វី​ដែរ​ឬ​ទេ ។ បើ​ខ្ញុំ​កំពុង​លេង ហើយ​គាត់​ហៅ ខ្ញុំ​នឹង​ប្រញាប់​ទៅ​ដោយសារ​វា​អាច​មាន​ការបន្ទាន់​អ្វី​មួយ » ។

ប៉ុន្តែ​សូណៃ​ព្យាយាម​ធ្វើ​ឲ្យ​ម៉ាថា​រស់នៅ​ធម្មតា​បំផុត​តាម​ដែល​គាត់​អាច​ធ្វើ​ទៅបាន ។ ប្រសិន​បើ​សូណៃ​ពុំ​ត្រូវការ​ជំនួយ​អ្វី​ទេ គាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា ម៉ាថា​មាន​ពេល​លេង​ជាមួយ​នឹង​មិត្តភក្ដិ​របស់​នាង ។

Marta walking with her mother

ការរស់នៅ​តាម​សេចក្ដីជំនឿ​របស់​ពួកគេ

ម៉ាថា​មាន​ឱកាស​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ជា​រៀងរាល់​ថ្ងៃ ដោយ​ការបម្រើ​ម្ដាយ​នាង ។ នាង​យក​ដាក់​មក​លើ​ខ្លួន​នូវ​ការទទួល​ខុសត្រូវ​ជា​ច្រើន ដែល​ជា​ធម្មតា​ក្មេងៗ​ដទៃ​ទៀត​ពុំ​មាន ។ ឧទាហរណ៍ នាង​ភ្ញាក់​ពី​ព្រលឹម​ដើម្បី​ជួយ​ម្ដាយ​នាង​រៀបចំ​ខ្លួន​ទៅ​ធ្វើ​ការ មុន​ពេល​ទៅ​សាលា ។ បើ​គ្មាន​ជំនួយ​ពី​ម៉ាថា​ទេ សូណៃ​នឹង​មិន​អាច​ទៅណា​មក​ណា ឬ​ទៅ​ធ្វើការ​ជា​រៀង​រាល់​ថ្ងៃ​បាន​ឡើយ ។

Marta and mother sitting at a table

ម៉ាថា និង​សូណៃ​ក៏​ទៅ​ព្រះវិហារ​ជាមួយ​គ្នា​ផងដែរ ។ សូណៃ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​គាត់​អាយុ​ប្រាំបី​ឆ្នាំ ដូច្នេះ​ម៉ាថា​ធំឡើង​នៅក្នុង​សាសនាចក្រ ។ សូណៃ​បង្រៀន​ម៉ាថា​អំពី​សារសំខាន់​នៃ​ដំណឹងល្អ​ជា​រៀងរាល់​ថ្ងៃ ។ វិធី​មួយ​ដែល​គាត់​ធ្វើការណ៍​នេះ គឺ​ដោយ​ការមាន​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ច្រើន​នៅក្នុង​ផ្ទះ​របស់​ពួកគេ ។

សូណៃ​និយាយ​ថា « ខ្ញុំ​ដឹង​ថា ព្រះមាន​ព្រះ​ជន្មរស់ ហើយ​ថាព្រះយេស៊ូវ​គ្រីស្ទ​គឺពិត » ។ « ហើយ​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​មក​ផ្ទះ​ខ្ញុំ​ដឹង​ថា សេចក្ដី​ជំនឿ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ។ វា​ក៏​សំខាន់​ផងដែរ​សម្រាប់​ខ្ញុំ ដើម្បី​បង្រៀន​ការណ៍​នេះ​ដល់​ម៉ាថា ដើម្បី​ឲ្យ​នាង​ធំឡើង​ជា​មួយ​នឹង​ការចេះដឹង​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ » ។

ម៉ាថា​បាន​យក​អ្វី​ដែល​ម្ដាយ​នាង​បង្រៀន​នាង ហើយ​បន្ត​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ​ដោយ​ខ្លួន​នាង​ផ្ទាល់ ។ របៀប​មួយ​ដែល​នាង​ចូលចិត្ត​រៀន គឺ​ដោយ​ការអាន​ព្រះគម្ពីរ​ទាំងឡាយ ដែល​ជួយ​នាង​ឲ្យ​បង្កើត​ចំណង​ទាក់ទង​ដ៏​រឹងមាំ​មួយ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។ នាង​និយាយ​ថា « កាលដែល​ខ្ញុំ​អាន​ព្រះគម្ពីរ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះគ្រីស្ទ​នៅ​ក្បែរ​ខ្ញុំ » ។

Marta with her mother

ការស្វែងរក​ការលួងលោម

ខណៈ​ដែល​វា​អាច​មាន​ការលំបាក​ក្នុង​ការមាន​ទំនួល​ខុសត្រូវ​ជា​ច្រើន ការទៅ​ព្រះវិហារ​ជា​រៀងរាល់​សប្ដាហ៍​ជួយ​ម៉ាថា​ឲ្យ​ស្វែងរក​ការលួងលោម​ដែល​នាង​ត្រូវការ ដើម្បី​បន្ត​ជួយ​ម្ដាយ​របស់​នាង ។ នាង​និយាយ​ថា « ពេល​ពួកគេ​អធិស្ឋាន​នៅ​ពេល​ចាប់ផ្ដើម និង​នៅពេល​បញ្ចប់​នៃ​ការប្រជុំ​សាក្រាម៉ង់ វា​មាន​ភាពសុខសាន្ត​ណាស់ » ។ « ពេល​ខ្ញុំ​នៅ​ទីនោះ ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ព្រះវរបិតាសួគ៌​កំពុង​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​មនុស្ស​ល្អ ហើយ​ថា​ខ្ញុំ​ត្រូវតែ​បន្ត​ធ្វើជា​មនុស្ស​ល្អ​ដើម្បី​ជួយ​ម្ដាយ​ខ្ញុំ » ។

ពេល​ណា​នាង​មាន​អារម្មណ៍​ដូច​នេះ នាង​ត្រូវបាន​រំឭក​ថា​នាង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ម្ដាយ​នាង ។ នាង​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​បាន​បញ្ចូន​ពួកទេវតា​មក​គាំទ្រ​នាង ។ ម៉ាថា​និយាយ​ថា « ខ្ញុំ​គិត​ថា ទ្រង់​ពង្រឹង​ខ្ញុំ​ឲ្យ​ខ្ញុំ​ភ្ញាក់​ឡើង ហើយ​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ចំពោះ​ម្ដាយ​ដែល​ខ្ញុំ​មាន » ។

មេរៀន​មួយ​ដែល​សូណៃ និង​ម៉ាថា​បាន​រៀន​ជាមួយ​គ្នា​គឺ​ថា ជីវិត​នេះ​មិន​ងាយស្រួល ឬ​ឥតខ្ចោះ—សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ ។ សូណៃ​និយាយ​ថា « ពុំ​មាន​ការលំបាក​ណាមួយ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​កើតទុក្ខ​នោះទេ ។ ខ្ញុំ​ដឹង​ថា ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​សាច់ ឈាម និង​ឆ្អឹង​នេះ​តាម​របៀប​នេះ ដោយសារ​ខ្ញុំ​ពិសេស ហើយ​ព្រះ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ធ្វើ​វា​បាន ។ ខ្ញុំ​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព ។ ខ្ញុំ​អាច​ធ្វើ​បន្ថែម​ទៀត ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​ធម្មតា​ចំពោះ​ខ្លួនឯង ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ អ្វី​ដែល​ខ្ញុំ​មាន និង​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ថ្ងៃ​ស្អែក » ។

ម៉ាថា​ក៏​ដឹង​ផងដែរ​ថា អ្វីៗ​នឹង​បាន​ល្អ ទោះបី​ជា​ជីវិត​អាច​មាន​ការពិបាក​នៅ​ពេល​ខ្លះ ពេល​នាង​ថែទាំ​ម្ដាយ​នាង ។ នាង​ឃើញ​ថា មនុស្ស​គ្រប់គ្នា​មាន​ឧបសគ្គ​ខុសៗ​គ្នា ។ នាង​និយាយ​ថា « គ្មានជីវិត​នរណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ទេ » ។ ប៉ុន្តែ សូម្បី​តែ​មាន​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​នាង​ក្ដី ម៉ាថា​នៅតែ​រកឃើញ​នូវ​អ្វីៗ​ដែល​ល្អ​នៅក្នុង​គ្រប់​ស្ថានភាព—ចំណង​ទាក់ទង​ដែល​នាង​មាន​ជាមួយ​នឹង​ម្ដាយ​នាង​គឺជា​គំរូ​មួយ ។ « ម្ដាយ​ខ្ញុំ​មាន​ដែនកំណត់​ខាង​រាងកាយ ប៉ុន្តែ​បញ្ញា​ស្មារតី និង​អារម្មណ៍​គាត់មាន​ភាពវាងវៃ​ណាស់ ។ យើង​ពិត​ជា​មិត្ត​ដ៏​ល្អ​ណាស់ » ។

Marta with her mother

មើល​ឆ្ពោះ​ទៅ​មុខ

ដូច្នេះ តើ​មាន​អ្វី​នៅក្នុង​ពេល​អនាគត​សម្រាប់​ម៉ាថា និង​សូណៃ ? ម៉ាថា​និយាយ​ថា « ខ្ញុំ​ចង់​នៅ​ជិត​ម្ដាយ​ខ្ញុំ ហើយ​ពិតណាស់​ខ្ញុំ​ចង់​រៀបការ មាន​កូន និង​មាន​គ្រួសារ​មួយ ។ ប៉ុន្តែ​នៅក្នុង​ពេល​អនាគត ប្រសិន​បើ​អាច ខ្ញុំ​ចង់​ទិញ​ផ្ទះ​មួយ​សម្រាប់​គ្រួសារ​ខ្ញុំ និង​ម្ដាយ​ខ្ញុំ ដោយសារ​ខ្ញុំ​មិន​ចង់​នៅ​ឆ្ងាយ​ពី​គាត់​ទេ សូម្បី​តែ​មួយ​ថ្ងៃ ! »

សូណៃ​មាន​អារម្មណ៍​សុទិដ្ឋិនិយម​អំពី​អនាគត​ផងដែរ ហើយ​នឹង​តែងតែ​មាន​អំណរគុណ​សម្រាប់​ភាពជា​ដៃគូ និង​សេចក្ដី​ស្រឡាញ់​របស់​ម៉ាថា ។ « វា​អស្ចារ្យ​ណាស់​ដែល​មាន​កូនស្រី​ដ៏​ប្រពៃ​ម្នាក់ ។ វា​ល្អ​ណាស់​ដែល​មាន​ម៉ាថា​ក្នុង​ជីវិត​ខ្ញុំ ។ នាង​ជា​អំណោយ​ទាន​មក​ពីព្រះ ។ ទ្រង់​បាន​រៀបចំ​ម៉ាថា​ដើម្បី​មក​នៅ​ជាមួយ​នឹង​ខ្ញុំ ។