២០២០
ការងារ​បម្រើ​តាមរយៈ​កម្មវិធី​កុមារ និង​យុវវ័យ
ខែ តុលា ឆ្នាំ ២០២០


គោលការណ៍​នៃ​ការងារ​បម្រើ

ការងារ​បម្រើ​តាមរយៈ​កម្មវិធី​កុមារ និង​យុវវ័យ

ការអញ្ជើញ​អ្នក​ផ្សេង​ទៀត​ឲ្យ​លូតលាស់ និង​ការជួយ​ពួកគេ​នៅតាម​ផ្លូវ គឺ​សំខាន់ណាស់​នៅក្នុងការងារ​បម្រើ ។

young man playing keyboard

រូបថត​ដោយ ថម ហ្កាន័រ

ឱកាស​ជា​ច្រើន​សម្រាប់​ការផ្ដល់​ការងារ​បម្រើ​តាមរយៈ​កម្មវិធី​កុមារ និង​យុវវ័យ ។ ប្រហែល​ជា​បងប្អូន​មាន​កូនៗ​ជា​កុមារ ឬ​ជា​យុវវ័យ​របស់​បងប្អូន​ផ្ទាល់​នៅ​ផ្ទះ ។ ប្រហែល​ជា​បងប្អូន​ជា​អ្នក​ដឹកនាំ​ម្នាក់​នៅក្នុង​កម្មវិធី​នោះ ឬ​បងប្អូន​ផ្ដល់​ការងារ​បម្រើ​ដល់​គ្រួសារ​ដែល​មាន​ក្មេង​តូចៗ និង​យុវវ័យ ។ ឬ​ប្រហែល​ជា​បងប្អូន​ស្គាល់​កុមារ និង​យុវវ័យ​មួយ​ចំនួន ( សរុប​ទៅ​គឺ​ស្ទើរ​តែ​យើង​ទាំងអស់​គ្នា ) ។ មិន​ថា​ស្ថានភាព​របស់​បងប្អូន​បែបណា​នោះ​ទេ មាន​របៀប​ជាច្រើន​ក្នុង​ការប្រើប្រាស់​កម្មវិធី​នេះ ឬ​គោលការណ៍​របស់​វា​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។

ការអភិវឌ្ឍ​ខ្លួន​យើង​ជាមួយ​គ្នា

ចំនុច​សំខាន់​នៃ​កម្មវិធី​កុមារ និង​យុវវ័យ គឺ​ផ្ដោត​ទៅ​លើ​ការព្យាយាម​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ផ្ដល់​ការងារ​បម្រើ​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​រៀន​ថា បងប្អូន​កាន់តែ​រីកចម្រើន​ក្នុង​ចំណុច​នានា​ក្នុង​ជីវិត​របស់​បងប្អូន​ច្រើន​ប៉ុណ្ណា នោះ​បងប្អូន​ត្រូវបាន​រៀបចំ​កាន់តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ដែរ ដើម្បី​ជួយ ឬ​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។

ប៉ុន្តែ​ជាមួយ​នឹង​កម្មវិធី​កុមារ និង​យុវវ័យ​ ការផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត ពុំ​ចាំ​បាច់​ចាំ​ទាល់តែ​បងប្អូន​បាន​រៀន​អ្វី​មួយ​ហើយ​នោះ​ទេ ។ ទង្វើ​នៃ​ការរៀន​សូត្រ​ផ្ទាល់​ផ្ដល់​នូវ​ឱកាស​ទាំងឡាយ​ដើម្បី​ផ្ដល់​ការងារ​បម្រើ ។

សម្រាប់​យុវជន​ម្នាក់​ឈ្មោះ​ប្រូហ្វីត រស់នៅ​ប្រទេស​ហ្កាណា ដែល​ដាក់​គោលដៅ​នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ ដើម្បី​រៀន​ពី​របៀប​លេង​ព្យាណូ គឺ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ ប្រូហ្វីត​និយាយ​ថា « វា​ជា​គោលដៅ​របស់​ខ្ញុំ​ផងដែរ ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន » ។

ទោះបី​ជា​គាត់​មិន​ទាន់​ជា​គ្រូ​បង្រៀន​នៅឡើយ ក៏​គោលដៅ​របស់​គាត់​បាន​លូតលាស់​ជា​អ្វី​មួយ​ដែល​កាន់តែ​ធំ​ជាង​ការ​ដែល​គាត់​បាន​ស្រមៃ​រួច​ទៅហើយ ។ ឥឡូវ​នេះ​មាន​សិស្ស ៥០​នាក់​កំពុង​រៀន​ព្យាណូ​នៅ​សាល​ជំនុំ​ជាមួយ​នឹង​ប្រូហ្វីត​ដែរ ។ ហើយ​នរណា​កំពុង​បង្រៀន​ប្រូហ្វីត និង​សិស្ស ៥០​នាក់​នោះ ? អាឡិចសាន់ឌឺ អិម និង ខេវិន អិម ទាំងពីរ​នាក់​អាយុ ១៣ ឆ្នាំ ។ ខេវិន​និយាយ​ថា « យើង​ចង់​បង្ហាញ​ទង្វើ​សប្បុរស​ដល់​មនុស្ស​ដទៃ​ទៀត » ។

បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ យុវជន​ទាំង​ពីរ​នាក់​នេះ​បង្រៀន​មេរៀន​ព្យាណូ​ជា​មូលដ្ធាន​ចាំបាច់​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ទាំងអស់​ណា​ដែល​មក​រៀន ។ វា​មាន​នូវ​អត្ថប្រយោជន៍​បន្ថែម​លើ​មេរៀន​ព្យាណូ​នោះ ។ សិស្ស​មួយ​ចំនួន​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​សាសនាចក្រ​តាម​រយៈ​មេរៀន​ព្យាណូ ក្រោយមក​បាន​សិក្សា​ដំណឹងល្អ ហើយ​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

កាលដែល​យើង​ខិតខំ​អភិវឌ្ឍ​ខ្លួន​យើង នោះ​យើង​អាច​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​នឹង​យើង ។

woman preparing food

រូបថត​ដោយ ចូណាស រេប៊ីកគី

រូបមន្ដ​ដ៏​ជោគជ័យ​មួយ​សម្រាប់​ការងារ​បម្រើ

ពេល​ដែល សាប៊្រីណា ស៊ីមួយស៍ ដេអ៊ូស អ័រហ្គូស្តូ នៅ​ទីក្រុង​ឃើរីទីបា ប្រទេស​ប្រេស៊ីល ជា​ប្រធាន​អង្គការ​បឋម​សិក្សា​ប្រចាំ​ស្តេក​ម្នាក់​បាន​មើល​ឃើញ​ពី​របៀប​ដែល​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន​របស់​កម្មវិធី​ផ្ដល់​ពរជ័យ​ដល់​កុមារ និង​យុវវ័យ​នៅក្នុង​ស្តេក​របស់​គាត់ ។ ប៉ុន្តែ​គាត់​ក៏​បាន​ឃើញ​របៀប​ជា​ច្រើន​ទៀត ដើម្បី​ប្រើប្រាស់​នូវ​អ្វី​ដែល​គាត់​បាន​រៀន​អំពី​ការអភិវឌ្ឍ​ផ្ទាល់​ខ្លួន​​នៅក្នុង​ការចាត់តាំង​របស់​គាត់ ក្នុង​នាម​ជា​បងប្អូន​ស្ត្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ម្នាក់​ផងដែរ ។

ស៊ីស្ទើអ័រហ្គូស្តូយាយ​ថា « ពេល​ខ្ញុំ​អភិវឌ្ឍ​ទេពកោសល្យ​មួយ ខ្ញុំ​អាច​ប្រើប្រាស់​ទេពកោសល្យ​នោះ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ផ្ដល់​ការងារ​បម្រើ » ។

ស៊ីស្ទើអ័រហ្គូស្តូន​បង្រៀន​ប្អូន​ស្រី​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ស្រី​ដែល​គាត់​ត្រូវបាន​ចាត់តាំង​ឲ្យ បម្រើ​អំពី​របៀប​ធ្វើ​នំ​សូកូឡា ។ ឥឡូវ​នេះ ប្អូនស្រី​នោះ​ធ្វើ និង​លក់​នំ​ដើម្បី​ជួយ​រក​ចំណូល​បន្ថែម​ដល់​គ្រួសារ​គាត់ ។​ ស៊ីស្ទើរ​អ័រហ្គូស្តូន​និយាយ​ថា « ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ប្រទាន​ពរ ពេល​ដែល​ប្អូនស្រី​ម្នាក់​ទៀត​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​នំប៉័ង​ទឹកឃ្មុំ​ដែល​ខ្ញុំ​អាច​លក់​បាន » ។ « ការអភិវឌ្ឍ និង​ការចែកចាយ​ទេពកោសល្យ​របស់​យើង អាច​ផ្ដល់​ពរ​ដល់​ជីវិត​គ្នា​ទៅវិញ​ទៅមក និង​ពង្រឹង​ដល់​ចំណង​ទាក់ទង​របស់​យើង នៅ​ក្នុង​នាម​ជា​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ » ។ ◼