ដួងចិត្តត្រូវបានចាក់ទម្លុះដោយរបួសដ៏ជ្រៅ ៖ ការយល់ដឹងពីការរំលោភបំពាននៅក្នុងគ្រួសារ
លំនាំមិនល្អអាចកើតឡើងក្នុងគ្រប់ចំណងទាក់ទង ។ ការស្គាល់ពីលំនាំទាំងនោះអាចលាតត្រដាងពីការរំលោភបំពាន ឬបញ្ឈប់វាមុនពេលវាចាប់ផ្ដើម ។
ថ្មីៗនេះខ្ញុំបានទូរសព្ទទៅឪពុកដែលខូចចិត្តម្នាក់ ។ កូនស្រីគាត់ ជេនណា ( ឈ្មោះត្រូវបានប្ដូរ ) រៀននៅឆ្ងាយនៅឯមហាវិទ្យាល័យ មានចំណងទាក់ទងថ្មីមួយ ហើយវាឈានទៅមុខយ៉ាងលឿន ។ មិត្តប្រុសរបស់នាង ជេក បង្ខំការរៀបការ ហើយដាក់កំណត់លើទំនាក់ទំនងរបស់ជេនណាជាមួយឪពុកម្ដាយនាង ។ ជេនណាបានសូមអភ័យទោសដល់ពួកគាត់ ដោយពន្យល់ថាវាជាសេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ជេក និងបំណងប្រាថ្នារបស់គាត់ដើម្បីចំណាយពេលជាមួយគ្នាជាស្វាមីភរិយា ។
គ្រួសាររបស់ជេនណាព្រួយបារម្ភ នៅពេលដែលបានដឹងថា ជេកមានអតីតភរិយា និងកូនម្នាក់ដែលគាត់ពុំបានប្រាប់ដល់ជេនណា ។ ពួកគេបានទូរសព្ទទៅអតីតភរិយាជេក ហើយនាងបានប្រាប់ថា ជេកជាមនុស្សឆេវឆាវ មិនអាចគ្រប់គ្រងអារម្មណ៍ ហើយប្រចណ្ឌច្រើន ។ ពេលជេកបានដឹងរឿងនោះ គាត់ខឹងខ្លាំងណាស់ ។ គាត់បាននិយាយថា ឪពុកម្ដាយជេនណា « ត្រួតត្រា » ហើយបានរំឭកពីពេលមួយដែលពួកគាត់មិនយល់ស្របនឹងការនិយាយកំប្លែងលេងរបស់ជេកដែលចំអន់អំពីប្រាជ្ញារបស់ជេនណា ។ ជេកបានទាមទារដោយឡកឡឺយថា ជេនណាត្រូវតែធ្វើការសម្រចចិត្តដោយខ្លួនឯងដោយកាត់ផ្តាច់ទំនាក់ទំនងឪពុកម្ដាយនាងចោល ។ ឪពុកម្ដាយរបស់ជេនណាអស់សង្ឃឹមយ៉ាងខ្លាំង កាលដែលពុំមានការឆ្លើយតបចំពោះទូរសព្ទ និងសាររបស់ពួកគាត់ ។
គ្រប់គ្នាចង់បានគ្រួសារដ៏រីករាយមួយ ប៉ុន្តែសូម្បីតែពេលដែលមនុស្សព្យាយាមរស់នៅតាមដំណឹងល្អក្ដី ក៏ចំណងទាក់ទងអាចមាននូវការឈឺចាប់ ។ ឧបសគ្គមួយចំនួនជាលទ្ធផលនៃការយល់ច្រឡំ និងជម្លោះខ្វែងគំនិត ដែលជាការទូទៅចំពោះគ្រួសារទាំងឡាយ ។ ទោះជាយ៉ាងណា នៅក្នុងគ្រួសារដែលមានចំណងទាក់ទងល្អ មនុស្សសូមអភ័យទោសចំពោះឥរិយាបទមិនល្អ និងកែប្រែចំណងទាក់ទងដែលមិនល្អ ខណៈដែលស្ថានភាពមិនល្អមាននូវលំនាំកាចសាហាវ ឬការធ្វើបាបជាបន្តបន្ទាប់ ដែលក្លាយជាការរំលោភបំពាន ។
ការរំលោភបំពានក្នុងគ្រួសារ និងដំណឹងល្អ
« អ្នកបានធ្វើឲ្យភរិយាដ៏ទន់ភ្លន់របស់អ្នកខូចចិត្ត ហើយធ្វើឲ្យកូនចៅអ្នកគ្មានសេចក្ដីទុកចិត្ត » ( យ៉ាកុប ២:៣៥ ) ។
ការរំលោភបំពានរួមមាននូវសកម្មភាពទាំងឡាយដែលមានចេតនាធ្វើឲ្យឈឺចាប់ ឬមានចេតនាត្រួតត្រា ។ វាមាននូវឥរិយាបថទាំងឡាយដែលអាចរួមមាន ការមិនយកចិត្តទុកដាក់ ការគ្រប់គ្រងដោយឧបាយកល ការរិះគន់ដោយពាក្យសម្ដី និងអំពើហឹង្សាខាងរាងកាយ និងផ្លូវភេទ ។១ ជាអកុសល ឥរិយាបទរំលោភបំពានគឺកើតឡើងជាទូទៅ ដែលមានអ្នកប្រាជ្ញមួយចំនួនប៉ាន់ប្រមាណថា ប្រហែលជាមួយភាគបួននៃកុមារនៅទូទាំងពិភពលោកត្រូវបានគេធ្វើបាបខាងរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត ។២ មជ្ឈិមវ័យក៏មានអាត្រាខ្ពស់ក្នុងការរងគ្រោះផងដែរ ដោយប្រមាណជា ១នាក់នៅក្នុងស្ត្រី៤នាក់ និង ១នាក់នៅក្នុងបុរស១០នាក់ ដែលរងនូវអំពើហឹង្សាខាងរាងកាយពីស្វាមី ឬភរិយា ។
ការរំលោភបំពានអាចកើតឡើងនៅក្នុងចំណងទាក់ទង ហើយទាំងបុរស និងស្ត្រីអាចជាជនល្មើស ។ ទោះជាយ៉ាងណា បុរសទំនងជាត្រួតត្រា និងប្រព្រឹត្តអំពើហិង្សាធ្ងន់ធ្ងរខាងរាងកាយ និងផ្លូវភេទជាង ហើយស្ត្រីទំនងជាត្រូវបានធ្វើឲ្យភិតភ័យ ត្រួតត្រា ឬធ្វើឲ្យឈឺចាប់យ៉ាងខ្លាំងដោយស្វាមី ។៣
ការរំលោភបំពានធ្វើឲ្យគ្រោះថ្នាក់ដល់ព្រលឹងរបស់អ្នកប្រព្រឹត្តបទល្មើសផង និងរបស់ជនរងគ្រោះផង ហើយវាផ្ទុយពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ ពួកព្យាការីសម័យទំនើបបានថ្លែងថា ពួកអ្នក « ដែលបានធ្វើបាបភរិយា ឬកូនចៅ … គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ » ។៤ ជាញឹកញាប់ អ្នកប្រព្រឹត្តការរំលោភបំពានព្រងើយកន្ដើយ ឬប្រើប្រាស់គោលការណ៍នៃដំណឹងល្អសម្រាប់គោលបំណងផ្ទាល់ខ្លួនវិញ ។ ឧទាហរណ៍ ខ្ញុំបានប្រឹក្សាស្វាមីភរិយាមួយគូ ដែលស្វាមីផិតក្បត់លួចទាក់ទងនឹងស្ត្រីផ្សេងទៀត ហើយបានយកប្រាក់សន្សំរបស់ពួកគេទៅលេងល្បែង ប៉ុន្តែជំនួសឲ្យការសូមទោស គាត់បែរជាដាក់សម្ពាធឲ្យភរិយាគាត់អភ័យទោសឲ្យគាត់ ហើយបាននិយាយថា នាងមាន « អំពើបាបធ្ងន់ធ្ងរជាង » បើនាងមិនអភ័យទោសដល់គាត់ទេ ។ គាត់មិនខ្វល់ពីការឈឺចាប់របស់នាងទេ ហើយបានប្រកាសថា រឿងទាំងនេះត្រឹមត្រូវចំពោះព្រះ បើមិនអញ្ចឹងគាត់មិនមែនជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធនោះទេ ។ ពេលភរិយាគាត់បាននិយាយទៅកាន់ថ្នាក់ដឹកនាំសាសនាចក្រ គាត់បាននិយាយធ្វើឲ្យគេគិតថា ការផិតក្បត់របស់គាត់មិនធ្ងន់ធ្ងរ ហើយបានបំផ្លើសពីកង្វល់របស់នាង ដោយនិយាយថានាងមានជំងឺធ្លាក់ទឹកចិត្ត ។ ស្វាមីនោះបានបដិសេធ « គោលការណ៍នៃ … ការគោរពគ្នា សេចក្ដីស្រឡាញ់ [ និង ] សេចក្ដីមេត្តាករុណា »៥ ហើយកំពុងធ្វើបាបភរិយារបស់គាត់ ។ ការប្រឹងប្រែងរបស់នាងដើម្បីរស់នៅតាមគោលការណ៍នៃដំណឹងល្អ ពុំអាចជួសជុលបញ្ហាដែលគាត់បង្កើតឡើងបានទេ ។ យើងម្នាក់ៗអាចធ្លាក់ខ្លួនចូលទៅក្នុងឥរិយាបទដែលមិនល្អ ។ មានលក្ខណៈជាក់លាក់ទាំងឡាយដែលទូទៅចំពោះការរំលោភបំពានគ្រប់ប្រភេទ ហើយការមានលក្ខណៈទាំងនេះកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់ប៉ុណ្ណា នោះចំណងទាក់ទងនោះកាន់តែមិនល្អប៉ុណ្ណោះដែរ ។ នេះជាលំនាំទូទៅប្រាំនៃការរំលោភបំពានទាំងនេះ ដែលអាចជួយបងប្អូនឲ្យស្គាល់ពីឥរិយាបទមិនល្អនៅក្នុងខ្លួនបងប្អូនផ្ទាល់ និងអ្នកដទៃទៀត ។
១. ភាពឃោរឃៅ
« គេប្រើអណ្តាតគេសម្រាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន … មាត់ [ របស់គេ ] មានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ » ( រ៉ូម ៣:១៣–១៤ ) ។
បុរសម្នាក់បានមកជួបខ្ញុំដើម្បីបានការព្យាបាល ជំទាស់នឹងបំណងរបស់ភរិយាគាត់ ដែលបានចំអកឲ្យគាត់ព្រោះគាត់ « ត្រូវការជំនួយ » ។ នៅព្រះវិហារនាងរាក់ទាក់ ហើយមានជំនឿណាស់ ប៉ុន្តែនៅផ្ទះការមានឫកធំដ៏សាហាវរបស់នាង ឈឺដូចវាយនឹងរំពាត់អញ្ចឹង ។ នាងបានរិះគន់ពីប្រាក់ចំណូលរបស់គាត់ ហើយបានហៅអាជីពបង្រៀនរបស់គាត់ថាជា « ការងារស្រី » ។ នាងប្រាប់កូនប្រុសនាងថា « ម៉ាក់សង្ឃឹមថា កូនមិនក្លាយជាមនុស្សទន់ខ្សោយដូចជាប៉ាកូនទេ » ហើយបានចំណាយពេលលើទូរសព្ទរាល់ថ្ងៃនិយាយជាមួយម្ដាយនាង ដែលពួកគេនាំគ្នាបង្អាប់ស្វាមីរបស់ពួកគេ ។ មនុស្សដែលរកតែកំហុសពេញចិត្តក្នុងការបង្កការឈឺចាប់ ហើយ « ចូលចិត្តធ្វើឲ្យអ្នកផ្សេងរងទុក្ខ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:១៣ ) ។ សមាជិកគ្រួសារទាំងនេះបំពានបទបញ្ញត្តិរបស់ព្រះយេស៊ូវដែល « កុំឲ្យថ្កោលទោស » និង « កុំឲ្យនិន្ទា » ( លូកា ៦:៣៧ ) ពេលដែលពួកគេមើលងាយ បង្ហាញការស្អប់ខ្ពើម ឬហៅមនុស្សតាមឈ្មោះមិនល្អ ។
២. ការបោកបញ្ឆោត
« អ្នកត្រូវវិញ្ញាណភូតកុហកចូលក្នុងខ្លួនអ្នក ហើយអ្នកបានច្រានចោលព្រះវិញ្ញាណនៃព្រះ » ( អាលម៉ា ៣០:៤២ ) ។
ការបោកបញ្ឆោតជ្រួតជ្រាបនៅក្នុងការរំលោភបំពាន កាលដែលជនល្មើសបង្រួមសកម្មភាពរបស់ពួកគេ បន្ទោសអ្នកដទៃ ហើយបង្កាច់បង្ខូច ។ ការណ៍នេះធ្វើឲ្យជនរងគ្រោះភាន់ច្រឡំ ដូចជាអ្នកចូលរួមក្នុងការស្រាវជ្រាវរបស់ខ្ញុំម្នាក់បានពិពណ៌នា ៖ « [ ស្វាមីខ្ញុំនឹង ] ស្លន់ស្លោ ហើយធ្វើការសូមទោស ហើយបន្ទាប់មកនិយាយថា ‹ យ៉ាងណាក៏ដោយ វាជាកំហុសរបស់អូន › … ហើយ បន្តនិយាយទាល់តែខ្ញុំចាប់ផ្ដើមជឿនូវអ្វីដែលគាត់និយាយ » ។៦ ការបដិសេធការពិតរបស់មនុស្សម្នាក់ទៀតនេះ ហៅថា ការបញ្ឆេះភ្លើង ហើយវាធ្វើឲ្យជនរងគ្រោះភាន់ច្រឡំ ហើយមិនប្រាកដអំពីការចងចាំ និងគំនិតរបស់ពួកគេ ។ ដូចជាការបោកបញ្ឆោតផ្សេងទៀតដែរ ការបញ្ឆេះភ្លើងត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងដោយឧបាយកលទៅលើការសន្ទនា និងសម្ដែងឲ្យជឿ ។
ពួកអ្នកដែលរំលោភបំពានយ៉ាងខ្លាំងទៅលើអ្នកផ្សេងទៀត មិនព្រមទទួលស្គាល់ថាការរំលោភបំពានទាំងនោះគឺគួរឲ្យឈឺចាប់នោះទេ ហើយជាញឹកញាប់ថែមទាំងប្រកាសថាខ្លួនជាជនរងគ្រោះទៀតផង ។ នៅពេលជេនណាបានបង្ហាញពីការខ្វល់ខ្វាយអំពីការរិះគន់របស់ជេកចំពោះឪពុកម្ដាយនាង គាត់ខឹង ហើយនិយាយដដែលៗថា នាង « ប្រមាថ » គាត់ ។ ជេកគឺនៅក្នុងចំណោម « អស់អ្នកណាដែលស្រែកប្រាប់ពីអំពើរំលង … ហើយជាកូនចៅនៃការមិនគោរពប្រតិបត្តិតាមខ្លួនឯងនោះហើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:១៧ ) ។ គាត់មិនត្រឹមតែគាំទ្ររឿងក្លែងក្លាយរបស់គាត់ទេ ប៉ុន្តែថែមទាំងមិនសប្បាយចិត្តនឹងសេចក្ដីពិតទៀតផង ។៧
៣. ការដោះសារ
« ទទួលស្គាល់កំហុសរបស់ខ្លួន និងការខុសឆ្គង ដែលកូនបានប្រព្រឹត្តមក » ( អាលម៉ា ៣៩:១៣ ) ។
មនុស្សដ៏រាបទាបម្នាក់មានអារម្មណ៍សោកស្ដាយដែលធ្វើឲ្យអ្នកដទៃទៀតឈឺចាប់ ហើយប្រែចិត្ត និងធ្វើខ្លួនឲ្យប្រសើរឡើង ។ មនុស្សម្នាក់ដែលរំលោភបំពានមិនព្រមស្ដាប់តាមការដាស់តឿនរបស់មនសិការ ដោយការដោះសារនានា ។ ពេលដែលអ្នកចូលរួមការស្រាវជ្រាវរបស់ខ្ញុំម្នាក់បានរំឭកថា « ខ្ញុំមានអារម្មណ៍រន្ធត់ចំពោះការរំលោភបំពានលើរាងកាយ ហើយក្រោយមកខ្ញុំគិតថា វាអាចនឹងមិនបានកើតឡើងទេ បើនាងគ្រាន់តែបិទមាត់នោះ » ។ « សេចក្ដីទុក្ខសោក [ របស់គាត់ ] ពុំនាំទៅរកសេចក្ដីប្រែចិត្ត » ( មរមន ២:១៣ ) ប៉ុន្តែផ្ទុយទៅវិញត្រូវបានរុញទៅម្ខាងជាមួយនឹងកំហឹង និងការបន្ទោសដ៏ជូរចត់ ។
នៅក្នុងការព្យាបាល មានម្ដងនោះខ្ញុំបានប្រាប់ភរិយាម្នាក់ថា ខ្ញុំពុំដែលបានឃើញនាងបង្ហាញទុក្ខព្រួយបែបដែលគាប់ព្រះហឫទ័យដល់ព្រះទេ រយៈពេលជាច្រើនឆ្នាំមកនេះគឺឃើញតែការរិះគន់ស្វាមីរបស់នាងប៉ុណ្ណោះ ។ ការឆ្លើយតបរបស់នាងគឺមិនមែនជាការសោកស្ដាយទេ ប៉ុន្តែការខឹង ៖ « ល្អ នេះជារឿងមួយទៀតដែលខ្ញុំនឹងមិនធ្វើទេ ! » មនុស្សដែលរំលោភបំពានបដិសេធការទទួលខុសត្រូវ ចិត្តស្រាល ហើយការពារខ្លួន ។ ពួកគេងាយនឹងអន់ចិត្តដោយសាររឿងតូចតាច ។
៤. អំនួត
« ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ » ( ភីលីព ២:៣ ) ។
អំនួតរួមមានការផ្ដល់សិទ្ធិ និងការផ្តោតលើខ្លួនឯង ។ បុរសម្នាក់បញ្ចេញកំហឹងដាក់ភរិយា និងកូនៗគាត់ រាល់ពេលដែលគាត់គិតថា ពួកគេ « មិនគោរព » គាត់ ។ បើគំនិតរបស់ពួកគេមិនត្រូវនឹងគំនិតគាត់ទេ នោះពួកគេ « បន្ទាបបន្ថោក » គាត់ ឬ « មិនគោរពប្រតិបត្តិ » ។ អំនួតគឺមានការប្រកួតប្រជែង ហើយផ្តោតលើអំណាច និងការយកឈ្នះ ។ ផ្ទុយទៅវិញ គ្រួសារដែលមានចំណងទាក់ទងល្អគឺមានការសហការគ្នា ដែលជាកន្លែងដែលមានតុល្យភាពនៃភាពយុត្តិធម៌ ហើយសមាជិកគ្រួសារ « មានការទាក់ទងគ្នាយ៉ាងត្រឹមត្រូវ » ( នីហ្វៃទី៤ ១:២ ) ។ ស្វាមីភរិយាគួរតែជាដៃគូស្នើភាពគ្នា៨ ដែលម្នាក់ៗអាចផ្ដល់យោបល់ ហើយគំនិតទាំងអស់ត្រូវបានផ្ដល់តម្លៃឲ្យ ។
៥. ការត្រួតត្រា
« នៅពេលយើង … អនុវត្តការត្រួតត្រា ឬការគ្រប់គ្រង ឬការបង្ខិតបង្ខំទៅលើព្រលឹងនៃកូនចៅមនុស្ស … ស្ថានសួគ៌ដកខ្លួនចេញ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៧ ) ។
ទោះបីជាយើងឲ្យតម្លៃដល់សិទ្ធិជ្រើសរើស តែវាគួរឲ្យភ្ញាក់ផ្អើល ដែលជាញឹកញាប់ណាស់ សមាជិកគ្រួសារប្រាប់គ្នាទៅវិញទៅមកពីរបៀបដើម្បីគិត មានអារម្មណ៍ និងប្រព្រឹត្ត ។ អ្នកខ្លះថែមទាំងត្រួតត្រាតាមរយៈការបំភិតបំភ័យ ធ្វើឲ្យខ្មាស់ ដកសេចក្ដីស្រឡាញ់ ឬគំរាមកំហែង ។ ស្វាមីម្នាក់មានការរំពឹងដ៏តឹងរឹងពីភរិយាគាត់ ដោយថានាងគប្បីរៀបចំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ នៅពេលជាក់លាក់មួយ បំពេញតាមការស្នើសុំភាពស្និតស្នាលជាក់លាក់ ហើយស្ដាប់គាត់ចំពោះ « កង្វល់ » របស់គាត់ ដែលជាធម្មតារួមបញ្ចូលនូវរបៀបដែលនាងអាចធ្វើខ្លួនឲ្យប្រសើរឡើង ។ គាត់បានត្រួតពិនិត្យលើការចំណាយរបស់នាង ហើយខឹងសម្បាបើនាងមិនឆ្លើយតបទៅនឹងសាររបស់គាត់ឆាប់ៗ ។
ម្ដាយម្នាក់ទៀតបានបង្ហាញពីការខកចិត្តជារឿយៗចំពោះកូនស្រីជំទង់របស់គាត់ ពេលណាដែលកូនស្រីនោះបង្ហាញពីភាពសោកសៅ ឬមិនបានរស់នៅតាមស្ដង់ដាររបស់ម្ដាយនោះទេ ។ ប្រសិនបើការរំពឹងទុកមិនត្រូវបានបំពេញ ឬបើស្វាមីរបស់គាត់បង្ហាញពីកង្វល់នានា នោះគាត់មិននិយាយស្ដីធ្វើព្រងើយ ។
សេចក្ដីសង្ឃឹម និងការព្យាបាល
« អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា » ( ពង្សាវតារក្សត្រ ទី២ ២០:៥ ) ។
ទោះបីការរំលោភបំពានធ្វើឲ្យមានការឈឺចាប់ក្នុងចិត្ត ក៏ការផ្លាស់ប្ដូរអាចកើតមានឡើងបានជានិច្ច ។ ជនរងគ្រោះអាចស្វែងរកធនធានខាងវិញ្ញាណ និងអ្នកជំនាញ និងស្វែងរកព្រះចេស្ដាពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដើម្បីព្យាបាលរបួសរបស់ពួកគេ ។ ដើម្បីស្វែងរកជំនួយ សូមចូលទៅកាន់គេហទំព័រ abuse.ChurchofJesusChrist.org ។
ពួកអ្នកដែលបានប្រព្រឹត្តការរំលោភបំពាន ត្រូវតែប្រែចិត្ត ហើយស្វែងរកជំនួយ ។ ការណ៍នេះតម្រូវឲ្យមានការ « ចុះទៅក្នុងជម្រៅនៃភាពទន់ទាប » ( នីហ្វៃទី៣ ១២:២ ) ហើយទទួលយកការទទួលខុសត្រូវពេញលេញសម្រាប់ឥរិយាបទរបស់ពួកគេ ។ ការផ្លាស់ប្ដូរត្រូវការលើសពីការសន្យារយៈពេលខ្លី និងការប្រឹងប្រែងតែខាងក្រៅ ។ ការឈឺចាប់នៃការប្រែចិត្តដ៏ជ្រាលជ្រៅ គឺការឈឺចាប់ក្នុងព្រលឹង ហើយមនុស្សខ្លះមិនមានឆន្ទៈនឹងធ្វើវាទេ ដែលធ្វើឲ្យជនរងគ្រោះមានការសម្រេចចិត្តដ៏លំបាកទៅលើវិធីដើម្បីការពារខ្លួនពួកគេ ។៩
ព្រះវរបិតាសួគ៌មានព្រះទ័យព្រួយបារម្ភពីយើង គឺដូចជាឪពុកដ៏ព្រួយបារម្ភ ដែលបានទូរសព្ទមកខ្ញុំអំពីកូនស្រីរបស់គាត់ដែរ ។ សេចក្ដីស្រឡាញ់របស់ព្រះគឺ « រីកទូលំទូលាយដូចជាភាពដ៏អស់កល្បជានិច្ច » ( ម៉ូសេ ៧:៤១ ) ហើយទ្រង់មានការឈឺចាប់យ៉ាងខ្លាំង ពេលបុត្ររបស់ទ្រង់ធ្វើបាបគ្នាទៅវិញទៅមក ។ នៅក្នុងការសន្ទនាដ៏ទន់ភ្លន់ជាមួយហេណុក ទ្រង់បានព្រះកន្សែង ។ « នេះគឺជាពួកបងប្អូនរបស់អ្នក ពួកគេជាផលនៃដៃយើងផ្ទាល់ … ហើយទាំង [ បាន ] ប្រទានបញ្ញត្តិមួយថា ពួកគេត្រូវស្រឡាញ់គ្នាទៅវិញទៅមក … ប៉ុន្តែមើលចុះ ពួកគេគ្មានសេចក្ដីស្រឡាញ់ទេ ហើយពួកគេស្អប់ឈាមខ្លួនឯងទៅវិញ » ( ម៉ូសេ ៧:៣២–៣៣ ) ។ មានការយំនៅស្ថានសួគ៌ និងនៅផែនដី ពេលដែលរាងកាយ និងព្រលឹងត្រូវរងរបួស ។ ប៉ុន្តែ ជាមួយនឹងការបន្ទាបខ្លួន ព្រះចេស្ដារបស់ព្រះ និងជំនួយពីអ្នកជំនាញ នៅពេលដែលចាំបាច់ នោះវាអាចបញ្ឈប់នូវឥរិយាបទដ៏បំផ្លិចបំផ្លាញ ហើយបង្កើតគេហដ្ឋានមួយដែលមានសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងសេចក្ដីស្រឡាញ់បាន ។ ◼