យុវមជ្ឈិមវ័យ
គន្លឹះ ៧ ចំណុចសម្រាប់ការយកឈ្នះលើការប្រើប្រាស់ការណ៍អាសគ្រាម
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ក្នុងការធ្វើការជាមួយយុវមជ្ឈិមវ័យនៅលីវ ព្យាយាមដើម្បីយកឈ្នះលើការប្រើប្រាស់ការណ៍អាសគ្រាមដែលពិបាកនឹងទប់បាន ខ្ញុំបានរកឃើញគន្លឹះមួយចំនួនដែលបងប្អូនអាចឃើញថាមានប្រយោជន៍ផងដែរ ។
ពេលខ្ញុំត្រូវបានញែកចេញជាប៊ីស្សពថ្មីម្នាក់នៃវួដយុវមជ្ឈិមវ័យនៅលីវ មានយុវមជ្ឈិមវ័យនៅលីវតម្រង់ជួរមួយជួរខាងក្រៅទ្វារការិយាល័យរបស់ខ្ញុំរង់ចាំជួបនឹងខ្ញុំ ។ សូមទាយទៅមើលថា យើងបានពិភាក្សាពីអ្វីនៅក្នុងការសម្ភាសលើកទីមួយនោះ ?
ការណ៍អាសគ្រាម ។
ហើយរយៈពេលបីឆ្នាំក្រោយមក ការព្យាយាមជួយដល់យុវមជ្ឈិមវ័យយកឈ្នះទម្លាប់ដែលពិបាកនឹងទប់បានមួយ គឺជាចំណុចសំខាន់នៃការហៅបម្រើរបស់ខ្ញុំ ដូច្នេះខ្ញុំបានដឹងថា ខ្ញុំត្រូវរៀនឲ្យបានច្រើនបំផុតតាមដែលខ្ញុំអាចធ្វើទៅបាន ។ ខ្ញុំបានតមអាហារ អធិស្ឋាន ទៅព្រះវិហារបរិសុទ្ធ ប្រឹក្សានឹងថ្នាក់ដឹកនាំផ្សេងៗទៀត បានពិនិត្យមើលធនធានទាំងអស់ដែលមាន បានចូលរួមថ្នាក់កម្មវិធីព្យាបាលការញៀន និងបានរៀនពីពួកអ្នកដែលខិតខំរកការព្យាបាល ។ ខ្ញុំចង់ចែកចាយគំនិតដ៏មានសង្ឃឹមមួយចំនួនអំពីអ្វីដែលខ្ញុំបានរៀន ។
១. សូមដឹងថាបងប្អូនជាបុត្រម្នាក់របស់ព្រះបិតាព្រះមាតាសួគ៌ដែលស្រឡាញ់បងប្អូន
ប្រសិនបើបងប្អូនកំពុងខិតខំយកឈ្នះលើការប្រើប្រាស់ការណ៍អាសគ្រាមដែលពិបាកនឹងទប់បាន បងប្អូនអាចនឹងមានអារម្មណ៍ដូចជា ការទាញចេញពីព្រះវរបិតាសួគ៌ ដោយសារបងប្អូនគិតថា បងប្អូនមិនសក្ដិសមនឹងសេចក្ដីស្រឡាញ់ ឬជំនួយ ទាល់តែបងប្អូនដោះស្រាយបញ្ហានោះសិន ។ នេះគឺពិតជាអ្វីដែលសាតាំងចង់បាន—គឺដើម្បីបំបែកបងប្អូនចេញពីគេឯងគ្រប់គ្នាដែលស្រឡាញ់បងប្អូន ដោយផ្ដល់គំនិតថា បងប្អូនអាចយកឈ្នះការណ៍អាសគ្រាមដោយខ្លួនឯងបាន ហើយថា ទាល់តែដល់ពេលនោះទើបបងប្អូននឹងសក្ដិសមនឹងទទួលសេចក្ដីស្រឡាញ់ ។
ដោយសារតែធម្មជាតិដ៏ទេវភាពរបស់បងប្អូន បងប្អូនតែងតែសក្ដិសមដើម្បីទទួលសេចក្ដីសង្ឃឹម ការបំផុសគំនិត និងវិវរណៈផ្ទាល់ខ្លួនពីព្រះវរបិតាសួគ៌ និងព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះការណ៍អាសគ្រាមបាន ។១ សូមកុំចេញឆ្ងាយពីពួកទ្រង់ ឬពីមនុស្សដែលស្រឡាញ់បងប្អូន ។
២. ដកភាពអាម៉ាស់ចេញ
ខ្ញុំបានរៀនថា ការដកភាពអាម៉ាស់ចេញ គឺចាំបាច់ណាស់ចំពោះការយកឈ្នះលើការណ៍អាសគ្រាម ។ ភាពអាម៉ាស់គឺជាអារម្មណ៍ដូចជាបងប្អូនជាមនុស្សបាក់បែក ខូចខាត ឬជាមនុស្សអាក្រក់ ។ ការជឿតាមគំនិតដ៏ខូចខាតទាំងនេះអំពីខ្លួនឯង តាមពិតទៅអាចធ្វើឲ្យបងប្អូនជាប់អន្ទាក់ក្នុងវដ្ដនៃការញៀន ។ ការមានវិប្បដិសារីចំពោះអ្វីដែលបងប្អូនបានធ្វើ គឺជាផ្នែកនៃដំណើរការប្រែចិត្ត ហើយអាចជួយបងប្អូនផ្លាស់ប្ដូរឥរិយាបទរបស់បងប្អូនបាន ។ ប៉ុន្តែភាពអាម៉ាស់ធ្វើឲ្យបងប្អូនមានអារម្មណ៍ថា លក្ខណៈសម្បត្តិទាំងស្រុងរបស់បងប្អូនគឺអាក្រក់ ហើយថាបងប្អូនមិនសមទទួលជំនួយពីព្រះអង្គសង្គ្រោះឡើយ ។២
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យបងប្អូនមានក្ដីសង្ឃឹមពេញលេញលើព្រះយេស៊ូវគ្រីស្ទ និងពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ ភាពអាម៉ាស់ធ្វើឲ្យយើងគិតតែពីអតីតកាល ធ្វើឲ្យបងប្អូនជាប់នៅក្នុងគំនួចនៃការកុហក់ និងការស្អប់ខ្ពើមខ្លួនឯង ។ សូមនៅឲ្យឆ្ងាយពីផ្លូវនៃភាពអាម៉ាស់ ។
៣. កុំប្រញាប់ប្រើស្លាកនៃ « ការញៀន »
មនុស្សជាច្រើនដាក់ស្លាកខ្លួនឯងថា « ញៀន » នឹងការណ៍អាសគ្រាម ។ ខ្ញុំសូមឲ្យបងប្អូនប្រុងប្រយ័ត្ន ដើម្បីកុំឲ្យយកស្លាកនោះមកដាក់លើខ្លួនដោយមិនត្រឹមត្រូវឡើយ ។ មនុស្សវ័យក្មេងភាគច្រើនបំផុត ដែលប្រឈមមុខនឹងការណ៍អាសគ្រាម តាមពិតទៅមិនញៀននោះទេ ។៣ ហើយការប្រើប្រាស់ស្លាកនេះដោយមិនត្រឹមត្រូវ អាចធ្វើឲ្យវាកាន់តែពិបាកដើម្បីបញ្ឈប់ការប្រើប្រាស់ការណ៍អាសគ្រាម ដោយសារតែភាពអាម៉ាស់ ក្ដីសង្ឃឹមធ្លាក់ចុះ និងការស្អប់ខ្ពើមខ្លួនឯង ដែលមកពីភាពអាម៉ាស់នោះឯង ។
៤. បង្កើតផែនការការពារសរសេរដោយផ្ទាល់ខ្លួនមួយ
ផែនការការពារផ្ទាល់ខ្លួនមួយ គឺជាឯកសារបីផ្នែក ដែលអាចជួយបងប្អូនយកឈ្នះលើការណ៍អាសគ្រាមបាន ។
ផ្នែកទី ១ ៖ សរសេររាយពីអ្វីដែលបញ្ឆេះឲ្យបងប្អូនធ្វើ ។ ការដែលត្រូវបានបញ្ឆេះឲ្យធ្វើ គឺជាជំហានទីមួយនៅក្នុងវដ្ដនោះ ដែលនាំទៅកាន់ការមើលការណ៍អាសគ្រាម ។
មានការបញ្ឆេះច្រើនប្រភេទ ។
-
ស្ថានភាព ៖ បរិយាកាសដែលបង្កើតឲ្យមានការបញ្ឆេះមួយ ដោយសារតែគំនិត ឬឥរិយាបទពីអតីតកាល ( ដូចជានៅក្នុងបន្ទប់ដដែល ឬនៅពេលជាក់លាក់មួយ )
-
ភាពតានតឹង/ការថប់បារម្ភ/ភាពឯកោ/ព្រឹត្តិការណ៍ដែលតក់ស្លុត ៖ អារម្មណ៍ ឬស្ថានភាពដ៏ពិបាកនានា ដែលបញ្ឆេះបងប្អូនឲ្យបែរទៅរកការណ៍អាសគ្រាមទុកជារបៀបមួយដើម្បីគេច និងដោះស្រាយអារម្មណ៍ទាំងនេះ
-
គំឃើញ ៖ ការឃើញអ្វីមួយដោយអចេតនាដែលមិនមែនជាការណ៍អាសគ្រាម ប៉ុន្តែធ្វើឲ្យមានការបញ្ឆេះតាមរយៈបណ្ដាញសង្គម ខ្សែភាពយន្ត រូបភាព ។ ល ។
ផ្នែកទី ២ ៖ ដាក់ផែនការមួយដើម្បីកាត់បន្ថយការបញ្ឆេះទាំងឡាយ ។
ឧទាហរណ៍ ប្រសិនបើបងប្អូនមានស្ថានភាពបញ្ឆេះមួយ ដូចជាការមានអារម្មណ៍ងាយរងគ្រោះនៅយប់ជ្រៅ ការបិទទូរសព្ទរបស់បងប្អូន ៣០នាទី មុនពេលចូលគេង ឬការចូលគេងដោយគ្មានទូរសព្ទនៅក្នុងបន្ទប់របស់បងប្អូនអាចជួយបាន ។ ប្រសិនបើការណ៍អាសគ្រាមគឺជារបៀបមួយដែលបងប្អូនដោះស្រាយនឹងអារម្មណ៍ពិបាក សូមស្វែងរករបៀបនានា ដើម្បីដោះស្រាយបានប្រសើរជាងជាមួយនឹងអារម្មណ៍ទាំងនេះ ។ តើការហាត់ប្រាណ ឬថ្នាំ អាចជួយបងប្អូនឲ្យកាត់បន្ថយកម្រិតនៃភាពតានតឹង និងការថប់បារម្ភរបស់បងប្អូនបានដែរឬទេ ? តើការទៅខាងក្រៅជាមួយមិត្តភក្ដិ ឬការចុះឈ្មោះចូលរៀនថ្នាក់វិទ្យាស្ថាន អាចកាត់បន្ថយភាពឯកោបានទេ ? សូមពិចារណាអ្វីដែលបងប្អូនកំពុងជួបប្រឈមមុខជាមួយ និងជម្រើសអ្វីខ្លះដែលអាចមានប្រយោជន៍ដល់បងប្អូន ។
ទន្ទឹមនឹងនោះដែរ សូមកុំមើលស្រាលធនធានខាងវិញ្ញាណ ។ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការបម្រើ និងការចូលរួមនៅព្រះវិហារ ព្រមទាំងព្រះវិហារបរិសុទ្ធ គឺជាធនធានដ៏មានអានុភាពដែលចាំបាច់ណាស់នៅក្នុងការកាត់បន្ថយការបញ្ឆេះនានា ហើយជួយដល់បងប្អូនឲ្យបន្តរឹងមាំ ។
ផ្នែកទី ៣ ៖ ដាក់ផែនការពីអ្វីដែលបងប្អូននឹងធ្វើ ពេលដែលបងប្អូនត្រូវបានបញ្ឆេះ ។ សូមសរសេរផែនការដែលមានច្រើនជំហានរបស់បងប្អូន សម្រាប់ការបញ្ឆេះនីមួយៗ ។
ឧទាហរណ៍ ពេលបងប្អូនត្រូវបានបញ្ឆេះ បងប្អូនអាចបិទទូរសព្ទរបស់បងប្អូនភ្លាម ផ្ញើសារ ឬទូរសព្ទទៅនរណាម្នាក់ ទៅដើរ ឬហាត់ប្រាណ អានព្រះគម្ពីរមរមន ឬធ្វើអ្វីផ្សេងទៀតណាក៏ដោយ ដែលអាចជួយបងប្អូនតម្រង់គំនិតរបស់បងប្អូន ។
សូមសរសេរពីជំហានទាំងឡាយដែលជួយដល់បងប្អូន ! ជួនកាលការបញ្ឆេះទាំងឡាយនឹងរំលងផុតទៅ ដោយមិនចាំបាច់ធ្វើជំហានទាំងអស់ក្នុងផែនការការពាររបស់បងប្អូនទេ ។ ប៉ុន្តែ ជំហានទាំងឡាយរបស់បងប្អូនអាចជួយទាញបងប្អូនចេញពីគ្រានោះបាន ។ ពេលដែលការបញ្ឆេះនោះរំលងផុតទៅ សូមធ្វើបច្ចុប្បន្នភាពដល់ផែនការការពាររបស់បងប្អូនទៅលើអ្វីដែលដំណើរការបានល្អ និងរបៀបដែលវាអាចត្រូវបានកែសម្រួលដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនៅពេលក្រោយ ។ រក្សាវានៅកន្លែងដែលបងប្អូនអាចមើលឃើញវាជារៀងរាល់ថ្ងៃ ។
៥. យល់ពីការភ្លាត់ និងការភ្លាត់ទៀត
ការភ្លាត់គឺជាពេលដែលបងប្អូនធ្វើខុស ប៉ុន្តែបងប្អូនកែប្រែភ្លាមៗ ហើយប្រើប្រាស់វាទុកជាបទពិសោធន៍រៀនសូត្រមួយ ដើម្បីកែលម្អផែនការការពាររបស់បងប្អូន ។ ការភ្លាត់ទៀត គឺជាពេលដែលបងប្អូនបោះបង់ចោល បណ្ដោយខ្លួនហួសហេតុ ហើយមិនខ្វល់ខ្វាយ ។
សូមដឹងថា ការភ្លាត់គឺជាផ្នែកនៃការកែលម្អផែនការការពាររបស់បងប្អូន ។ សូមកុំសន្មត់ថា បងប្អូនបានបាត់បង់ការរីកចម្រើនទាំងអស់របស់បងប្អូន ឬការខិតខំទាំងអស់ដែលបងប្អូនបានធ្វើជាការឥតប្រយោជន៍នោះ—ពីព្រោះវាពិតជាមានប្រយោជន៍ ។ សូមមើលឆ្ពោះទៅមុខដោយឥរិយាបថវិជ្ជមាន ហើយសូមដឹងថា បងប្អូនខិតកាន់តែជិតដល់ការព្យាបាលមួយថ្ងៃទៀតហើយ ។
ពេលបងប្អូនមានការភ្លាត់មួយ សូមសួរខ្លួនឯងថា ៖
-
តើមានរឿងអ្វីបានកើតឡើង ?
-
ហេតុអ្វីការបញ្ឆេះនេះខុសគ្នា ?
-
តើបងប្អូនមានភាពតានតឹងខ្លាំងឬមួយរយៈថ្មីៗនេះ ? តើបងប្អូនមានអារម្មណ៍យ៉ាងណាដែរ ?
-
តើការមិនបានសិក្សាព្រះគម្ពីរមួយរយៈធ្វើឲ្យបងប្អូនទន់ខ្សោយឬ ?
-
តើបងប្អូនមិនបានហាត់ប្រាណច្រើនទេឬថ្មីៗនេះ ?
-
តើអ្វីមួយនៅក្នុងផែនការការពាររបស់បងប្អូនមិនបានដំណើរការល្អឬ ?
-
តើបងប្អូនអាចធ្វើអ្វីខុសពីនេះនៅពេលក្រោយទៀត ?
សូមសរសេរនូវអ្វីដែលបងប្អូនកំពុងរៀនសូត្រ ហើយបន្តទៅមុខទៀត !
៦. ជឿលើព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវគ្រីស្ទអាចជួយបងប្អូននៅក្នុងដំណើរដែលកំពុងចម្រើនលូតលាស់នៃការប្រែចិត្តនេះ ហើយទ្រង់មានព្រះចេស្ដាដើម្បីជួយបងប្អូន កាលដែលបងប្អូនពុះពារព្យាយាមយកឈ្នះលើការណ៍អាសគ្រាម ។ ទ្រង់យល់ថាបងប្អូនមានអារម្មណ៍យ៉ាងណា ហើយរង់ចាំយកបន្ទុកនោះចេញពីបងប្អូន ។ សូមកុំគិតថា ការងាកទៅរកទ្រង់បន្ថែមបន្ទុកឲ្យទ្រង់នោះឡើយ ។ ទ្រង់បានបង់ថ្លៃសម្រាប់បងប្អូនរួចហើយ ។ ផ្ទុយទៅវិញ សូមធ្វើឲ្យអស់ពីសមត្ថភាពរបស់បងប្អូន ចូលមកឲ្យកាន់តែជិតព្រះអង្គសង្គ្រោះ ហើយទូលសូមទ្រង់ឲ្យជួយបងប្អូនបានជា ដើម្បីផ្លាស់ប្ដូរបំណងប្រាថ្នារបស់បងប្អូន និងដើម្បីប្រទានដល់បងប្អូននូវកម្លាំងបន្ថែមទៀតដើម្បីបន្តឆ្ពោះទៅមុខ ។
ដូចអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « កាលយើងបន្ដខំយកឈ្នះលើឧបសគ្គរបស់យើង នោះព្រះនឹងប្រទានពរយើងនូវអំណោយនៃសេចក្ដីជំនឿដើម្បីបានសះស្បើយ និងនៃកិច្ចការនៃអព្ភូតហេតុ ។ ទ្រង់បានធ្វើសម្រាប់យើងនូវអ្វីដែលយើងមិនអាចធ្វើសម្រាប់ខ្លួនយើងបាន » ។៤
៧. កុំធ្វើវាតែម្នាក់ឯងឡើយ
ទំនាក់ទំនង និងមិត្តភាពក៏អាចផ្ដល់ថាមពល និងជំនួយដល់បងប្អូនឲ្យទទួលបានជោគជ័យផងដែរ ។ បងប្អូនគប្បីមាននរណាម្នាក់ដែលអាចជួយបងប្អូនឲ្យរក្សាការទទួលខុសត្រូវលើខ្លួនឯង ហើយនៅជួយបងប្អូនអំឡុងថ្ងៃល្អបំផុត និងអាក្រក់បំផុតរបស់បងប្អូន ។ ពួកគេគប្បីគាំទ្របងប្អូនដោយមិនវិនិច្ឆ័យលើបងប្អូន ។ ហើយបងប្អូនក៏អាចផ្ដល់ការគាំទ្រដូចគ្នានោះសម្រាប់ពួកគេផងដែរ ។ សូមស្វែងរកការប្រឹក្សាពីថ្នាក់ដឹកនាំសាសនាចក្រ ឬពីសមាជិកគ្រួសាររបស់បងប្អូន ។ ហើយប្រសិនបើចាំបាច់ អ្នកព្យាបាល ឬទីប្រឹក្សាផ្នែកជំនាញសុខភាពផ្លូវចិត្ត ក៏អាចជួយបងប្អូនរកឃើញពីមូលហេតុជាក់ស្ដែង ដែលធ្វើឲ្យបងប្អូនអាចនឹងមានការលំបាកជាមួយនឹងការណ៍អាសគ្រាម ។
សូមចងចាំថា បងប្អូនជាឪពុកម្ដាយ និងថ្នាក់ដឹកនាំនៃថ្ងៃស្អែក
បងប្អូនជាជំនាន់ដំបូង ដែលអាចចូលមើលការណ៍អាគ្រាមបានគ្រប់ពេលទាំងអស់ ។ ខ្ញុំជឿថា ឧបសគ្គនេះមកដល់ចំណុចកំពូលជាមួយនឹងជំនាន់របស់បងប្អូន ដោយសារបងប្អូននឹងមានធនធាន និងប្រាជ្ញាដ៏ល្អប្រសើរ ដើម្បីដឹកនាំអ្នកផ្សេងទៀតចេញពីអន្ទាក់នេះ ពេលដែលបងប្អូនជាឪពុកម្ដាយ និងថ្នាក់ដឹកនាំនៅថ្ងៃមួយ ។ « ព្រះវរបិតាសួគ៌ពុំទុកយើងនៅលើផែនដី ដើម្បីឲ្យបរាជ័យទេ ប៉ុន្តែដើម្បីទទួលជោគជ័យដ៏រុងរឿង » ។៥
ថ្វីបើគន្លឹះទាំងនេះអាចជួយដល់កិច្ចប្រឹងប្រែងរបស់បងប្អូនក្នុងការយកឈ្នះការណ៍អាសគ្រាម សូមកុំខ្លាចនឹងងាកទៅរកធនធានផ្សេងៗទៀតផងដែរ ។ ដំណើររបស់មនុស្សគ្រប់គ្នាទៅកាន់ការព្យាបាលគឺខុសៗគ្នា ។ សូមស្វែងរកអ្វីដែលជួយដល់បងប្អូន ។ សូមកុំចុះចាញ់ឡើយ ។ ធ្វើវាមួយថ្ងៃម្ដងៗ ។ បងប្អូនអាចធ្វើវាបាន ។ បងប្អូនពិតជាអាច ( សូមមើល ភីលីព ៤:១៣ ) ។ ហើយបងប្អូននឹងក្លាយជាមនុស្សម្នាក់ដែលបងប្អូនត្រូវប្រែក្លាយ ។ ◼