ប្រសិនបងប្អូនជាជនរងគ្រោះនៃការរំលោភបំពាន
តើអ្វីជាការរំលោភបំពាន ?
ការរំលោភបំពានគឺជាការមិនយកចិត្តទុកដាក់ ឬធ្វើបាបមនុស្សដទៃ ( ដូចជា កុមារ មនុស្សចាស់ មនុស្សពិការ ឬនរណាផ្សេងទៀតក៏ដោយ ) តាមវិធីមួយដែលមានទុក្ខទោសខាងរាងកាយ ខាងសតិអារម្មណ៍ ឬខាងផ្លូវភេទ ។ វាប្រឆាំងនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
« ជំហររបស់សាសនាចក្រគឺថា ការរំលោភបំពានពុំអាចត្រូវបានអត់ឱនបានឡើយ ទោះនៅក្នុងទម្រង់ណាក៏ដោយ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ [ ឆ្នាំ ២០២០ ] ចំណុច ៣៨.៦.២ ។ ការរំលោភបំពានគឺល្មើសនឹងក្រឹត្យវិន័យរបស់ព្រះ ហើយក៏អាចនឹងល្មើសនឹងច្បាប់ក្នុងសង្គមផងដែរ ។
ប្រភេទខុសៗគ្នានៃការរំលោភបំពាន
ការរំលោភបំពានខាងរាងកាយ ៖ អាកប្បកិរិយាដែលឈ្លានពាន ឬហឹង្សាដោយចេតនារបស់បុគ្គលម្នាក់ ទៅកាន់មនុស្សផ្សេងទៀត ដែលអាចធ្វើឲ្យមានរបួសខាងរាងកាយ ។
ការរំលោភបំពានខាងផ្លូវភេទ ៖ សកម្មភាព ឬទំនាក់ទំនងផ្លូវភេទដែលមិនចង់ ដែលជនល្មើសប្រើកម្លាំង ធ្វើការគំរាមគំហែង ឬយកប្រៀបលើជនរងគ្រោះដែលមិនអាចមានលទ្ធភាពផ្ដល់ការយល់ព្រម ។ សកម្មភាពផ្លូវភេទទាំងអស់រវាងមជ្ឈិមវ័យម្នាក់ និងកុមារម្នាក់គឺជាការរំលោភបំពានមិនថាមានការយល់ព្រមឬអត់នោះទេ ។
ការរំលោភបំពានខាងពាក្យសម្ដី ឬខាងសតិអារម្មណ៍ ៖ ជាលំនាំនៃអាកប្បកិរិយាមួយដែលបុគ្គលម្នាក់វាយប្រហារដោយចេតនា និងដដែលៗ ទៅលើនរណាម្នាក់ក្នុងរបៀបមួយដែលមិនមែនខាងរាងកាយ ដូចជា ពាក្យគំរោះគំរើយ ការបំភិតបំភ័យ ការគ្រប់គ្រងដោយឧបាយកល ឬការធ្វើឲ្យអាម៉ាស់ ។ ការណ៍នេះបណ្ដាលឲ្យមានអារម្មណ៍បន្ទាបតម្លៃ និងភាពថ្លៃថ្នូររបស់ខ្លួនឯង ។ ទោះបីវាមិនមែនខាងរាងកាយ ក៏ការរំលោភបំពានប្រភេទនេះ ធ្វើឲ្យមានទុក្ខទោសដល់សុខុមាលភាពរបស់មនុស្សម្នាក់ខាងផ្លូវចិត្ត និងសតិអារម្មណ៍ទូទៅ ។
របៀបដើម្បីទទួលបានជំនួយ
ព្រះអម្ចាស់រំពឹងឲ្យយើងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីការពារពីការរំលោភបំពាន ហើយការពារ និងជួយដល់អស់អ្នកទាំងឡាយដែលជាជនរងគ្រោះមកពីការបំពាន ។ គ្មាននរណាម្នាក់ត្រូវបានរំពឹងឲ្យស៊ូទ្រាំនឹងឥរិយាបថរំលោភបំពាននោះទេ ។ មិនថាវាកំពុងកើតឡើងឥឡូវនេះ ឬបានកើតឡើងយូរមកហើយក្ដី បងប្អូនអាចស្វែងរកធនធាននានាដើម្បី ជួយបងប្អូន នៅគេហទំព័រ abuse.ChurchofJesusChrist.org ។