ឈរលើសិលានៃវិវរណៈ
ដកស្រង់ចេញពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « Stand Forever » ដែលបានផ្តល់នៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ ។
ដោយការចាក់គ្រឹះនៅលើសិលានៃវិវរណៈ នោះយើងអាចរកឃើញចម្លើយចំពោះសំណួរដែលសំខាន់បំផុតនានា ។
ជាផ្នែកមួយនៃការចាត់តាំងដែលខ្ញុំបានមាន ក្នុងនាមជាអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ កាលពីពីរបីឆ្នាំមុន ខ្ញុំបានអានជាច្រើននូវឯកសារដែលប្រឆាំងនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ព្យាការី យ៉ូសែប ស៊្មីធ ព្រះគម្ពីរមរមន និងព្រឹត្តិការណ៍នានានៃការស្ដារឡើងវិញ ។ ដោយសារការចាត់តាំងនោះបានផ្លាស់ប្ដូរ ខ្ញុំពុំបានត្រឡប់ទៅននៀលក្នុងភក់នោះទៀតទេ ។
ការអានឯកសារនោះតែងតែបន្សល់ទុកនូវអារម្មណ៍ស្រពាប់ស្រពោនដល់ខ្ញុំ ហើយថ្ងៃមួយអារម្មណ៍នៃភាពងងឹតនោះបានបំផុសខ្ញុំឲ្យសរសេរការឆ្លើយតបខ្លះទៅកាន់ការអះអាងដែលប្រឆាំងទាំងនោះ ។ ខ្ញុំសូមចែកចាយគំនិតមួយចំនួន ដែលខ្ញុំបានកត់ត្រានៅថ្ងៃនោះ ហើយទោះបីអ្វីដែលខ្ញុំបានសរសេរនោះសម្រាប់ជាប្រយោជន៍ដល់ខ្លួនខ្ញុំមែន ខ្ញុំក៏បានសង្ឃឹមថា វានឹងជួយដល់បងប្អូនផងដែរ ។
តើយើងនឹងស្ថិតស្ថេររហូតឬ ?
ព្យាការីដានីយ៉ែលបាននិយាយថា នៅក្នុងថ្ងៃចុងក្រោយ « ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច » ( ដានីយ៉ែល ២:៤៤ ) ។
នគរនៃព្រះនោះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ វានឹង « ស្ថិតស្ថេរនៅអស់កល្បជានិច្ច » ។ សំណួរនោះគឺថា តើបងប្អូន និងខ្ញុំស្ថិតស្ថេរ ឬ « [ យើង ] ថយទៅដែរឬ ? »( យ៉ូហាន ៦:៦៧ ) ។ ហើយបើយើងដកខ្លួនចេញ តើយើងនឹងទៅណា ?
ការបោកបញ្ឆោតគឺជាទីសម្គាល់មួយនៃជំនាន់របស់យើង
ពេលព្រះអម្ចាស់ពិពណ៌នាអំពីទីសម្គាល់ទាំងឡាយនៃការយាងមករបស់ទ្រង់ និងចុងបញ្ចប់នៃផែនដីនេះ ទ្រង់បានមានព្រះបន្ទូលពីរឿងជាច្រើន រួមទាំងចំបាំង និងដំណឹងពីចំបាំងទាំងឡាយ ជាតិសាសន៍ក្រោកឡើងប្រឆាំងនឹងជាតិសាសន៍ អំណត់អត់ រោគរាតត្បាត រញ្ជួយ ផែនដី និងទីសម្គាល់ផ្សេងៗទៀតជាច្រើន រួមទាំងមួយនេះផងដែរ ៖ « ត្បិតនៅគ្រានោះ [ ជំនាន់នេះ ] នឹងមានព្រះគ្រីស្ទក្លែងក្លាយ ហើយព្យាការីក្លែងក្លាយកើតឡើង ហើយនឹងបង្ហាញទីសម្គាល់យ៉ាងធំ និងការអស្ចារ្យ ដរាបដល់ពួកគេអាចបញ្ឆោតទាំងពួករើសតាំង ដែលជាពួករើសតាំង ស្របតាមសេចក្ដីសញ្ញា បើសិនជាធ្វើទៅបាន » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:២២ សូមមើលផងដែរ ម៉ាថាយ ២៤:២៤ ) ។
ខ្ញុំមិនប្រាកដទេអំពីគុណសម្បត្តិទាំងអស់ដែលត្រូវបានបរិយាយនោះ « ពួកគេអាចបញ្ឆោតទាំងពួករើសតាំង … បើសិនជាធ្វើទៅបាន » ប៉ុន្តែខ្ញុំគិតថា វាមានន័យថា យ៉ាងហោចណាស់ មនុស្សគ្រប់គ្នានឹងប្រឈមនឹងការបោកបញ្ឆោតនោះនៅក្នុងជំនាន់របស់យើង ។
មានមនុស្សជាច្រើនដែលបោកបញ្ឆោត ហើយវិសាលគមនៃការបោកបញ្ឆោតគឺទូលំទូលាយណាស់ ។ វិសាលគមមួយដែលយើងជួប ជាពួកអ្នកដែលវាយប្រហារលើការស្ដារឡើងវិញ ព្យាការី យ៉ូសែប ស៊្មីធ និងព្រះគម្ពីរមរមន ។ មួយប្រភេទទៀត យើងឃើញពួកអ្នកដែលជឿលើការស្ដារឡើងវិញ ប៉ុន្តែអះអាងថា សាសនាចក្រនៅខ្វះចន្លោះ ហើយក៏បានវង្វេងទៅ ។ អ្នកផ្សេងទៀតអះអាងថាជឿលើការស្ដារឡើងវិញ ប៉ុន្តែស្រងាកចិត្តនឹងគោលលទ្ធិដែលមិនត្រូវនឹងឥរិយាបថកំពុងផ្លាស់ប្តូរនៃជំនាន់របស់យើង ។ មនុស្សខ្លះមិនមានសិទ្ធិអំណាចទេ តែបានអះអាងថាបានឃើញការនិមិត្ត សុបិន និងមានដំណើរទស្សនកិច្ចទៅកាន់សាសនាចក្រដែលពិត ដែលដឹកនាំយើងទៅកាន់ផ្លូវដែលកាន់តែខ្ពង់ខ្ពស់ ឬរៀបចំសាសនាចក្រសម្រាប់ទីបញ្ចប់នៃលោកិយនេះ ។ មនុស្សផ្សេងទៀតត្រូវបានបោកបញ្ឆោតដោយវិញ្ញាណក្លែងក្លាយ ។
នៅវិសាលគមផ្សេងទៀត យើងមកដល់សកលលោកទាំងមូលដែលពោរពេញដោយការរំខាន ។ មិនដែលមានពេលណាដែលយើងមានព័ត៌មានច្រើនយ៉ាងនេះទេ ទាំងព័ត៌មានមិនពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត ទំនិញ គ្រឿងកម្សាន្ត និងល្បែងកាន់តែច្រើន ហើយកាន់តែមានជម្រើសច្រើន កន្លែងកាន់តែច្រើនដើម្បីទៅ ព្រមទាំងអ្វីៗដើម្បីទស្សនា និងធ្វើកាន់តែច្រើន ដើម្បីប្រើពេលវេលា និងទាញការយកចិត្តទុកដាក់ពីអ្វីដែលសំខាន់បំផុត ។ អ្វីៗទាំងអស់នោះ និងជាច្រើនទៀត ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក តាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច ។ នេះគឺជាជំនាន់នៃការបោកបញ្ឆោត ។
ការចេះដឹងគឺចាំបាច់ណាស់
សេចក្ដីពិតធ្វើឲ្យយើងឃើញកាន់តែច្បាស់ ដោយសារវាគឺជា « ការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ និងការណ៍ទាំងឡាយដែលមានមកហើយ ហើយនិងការណ៍ទាំងឡាយដែលនឹងមាននៅខាងមុខ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ) ។ ការចេះដឹងគឺចាំបាច់ណាស់ ដើម្បីចៀសវាងពីការបោកបញ្ឆោត ដើម្បីញែកចេញរវាងសេចក្ដីពិត និងកំហុស និងដើម្បីមើលឃើញកាន់តែច្បាស់ ហើយរកឃើញវិធីដើម្បីចៀសវាងពីគ្រោះថ្នាក់នានានៅក្នុងជំនាន់របស់យើង ។
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា ៖ « ការចេះដឹងគឺចាំបាច់ដល់ជីវិត និងការគោរពព្រះ ។ … ការចេះដឹងគឺជាវិវរណៈ ។ សូមស្ដាប់តាម … គន្លឹះដ៏មហិមានេះ ៖ ការចេះដឹងគឺជាអំណាចនៃព្រះឈានទៅរកសេចក្ដីសង្គ្រោះ » ។១
មនុស្សនិយាយថា « អ្នកគួរតែស្មោះត្រង់ចំពោះជំនឿរបស់អ្នក » ។ ខណៈដែលវាជាការពិត បងប្អូនពុំអាចបានប្រសើរជាងអ្វីដែលបងប្អូនបានដឹងនោះទេ ។ ពួកយើងភាគច្រើនបំផុត ធ្វើសកម្មភាពដោយផ្អែកទៅលើជំនឿរបស់យើង ជាពិសេសអ្វីដែលយើងជឿថាជាប្រយោជន៍ផ្ទាល់ខ្លួន ។ បញ្ហានោះគឺថា ពេលខ្លះយើងខុស ។
មនុស្សខ្លះអាចនឹងជឿលើព្រះ ហើយថារឿងអាគ្រាមគឺខុសឆ្គង ប៉ុន្តែនៅតែចុចលើគេហទំព័រអាគ្រាម ដោយជឿទាំងខុសថា ពួកគេនឹងរីករាយជាងបើពួកគេធ្វើដូច្នោះ ឬថាពួកគេមិនអាចទប់បានទេ ឬថាពួកគេមិនបានធ្វើឲ្យនរណាផ្សេងទៀតឈឺចាប់នោះឡើយ ។ ពួកគេខុសហើយ ។
មនុស្សផ្សេងទៀតអាចនឹងជឿថា វាខុសក្នុងការកុហក ប៉ុន្តែនៅតែកុហកនៅពេលខ្លះ ដោយជឿទាំងខុសថា ពួកគេនឹងមិនអីទេបើមិនមាននរណាដឹងការពិតទេនោះ ។ ពួកគេខុសហើយ ។
មនុស្សម្នាក់អាចនឹងជឿ ហើយថែមទាំងដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយនៅតែបដិសេធទ្រង់ មិនត្រឹមតែម្ដងទេ តែដល់ទៅបីដង ដោយសារតែជំនឿខុសឆ្គងថា ការបំពេញតាមចិត្តរបស់ក្រុមមនុស្សនោះគឺប្រសើរជាង ។ ពេត្រុសមិនមែនអាក្រក់ទេ ។ ខ្ញុំមិនប្រាកដទេថា គាត់ទន់ខ្សោយនោះ ។ គាត់ពិតជាខុសហើយ ។ ( សូមមើល ម៉ាថាយ ២៦:៣៤, ៦៩–៧៥ ) ។
ពេលយើងប្រព្រឹត្តមិនល្អ យើងអាចនឹងគិតថាយើងអាក្រក់ ពេលដែលការពិតទៅ យើងគ្រាន់តែខុស ។ ឧបសគ្គនោះគឺមិនមែនជាការបិទគម្លាតរវាងសកម្មភាពរបស់យើង និងជំនឿរបស់យើងនោះទេ ប៉ុន្តែ ឧបសគ្គនោះគឺការបិទគម្លាតរវាងជំនឿរបស់យើង និងសេចក្ដីពិត ។
តើយើងអាចបិទគម្លាតនោះយ៉ាងដូចម្ដេច ? តើយើងចៀសវាងពីការបោកបញ្ឆោតយ៉ាងដូចម្ដេច ?
សំណួរចម្បង និងសំណួរបន្ទាប់បន្សំ
មានសំណួរចម្បង និងមានសំណួរបន្ទាប់បន្សំ ។ សូមចាប់ផ្ដើមដោយការឆ្លើយដល់សំណួរចម្បងជាមុន ។ សំណួរចម្បងគឺសំខាន់បំផុត ។ មានសំណួរចម្បងតែមួយចំនួនប៉ុណ្ណោះ ។ ខ្ញុំសូមលើកឡើងបួនសំណួរ ៖
-
តើមានព្រះមួយអង្គជាព្រះវរបិតារបស់យើងឬ ?
-
តើព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ជាព្រះអង្គសង្រ្គោះនៃពិភពលោកឬ ?
-
តើយ៉ូសែបស្ម៊ីធជាព្យាការីម្នាក់ឬ ?
-
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជានគរព្រះនៅលើផែនដីនេះឬ ?
ផ្ទុយទៅវិញ សំណួរបន្ទាប់បន្សំគឺមិនមានទីបញ្ចប់ទេ ។ សំណួរទាំងនោះរួមមានសំណួរអំពី ប្រវត្តិសាស្ត្រសាសនាចក្រ, ពហុអាពាហ៍ពិពាហ៍, ប្រជាជនដើមកំណើតអាហ្វ្រិក និងបព្វជិតភាព, ស្ត្រី និងបព្វជិតភាព, ការបកប្រែនៃព្រះគម្ពីរមរមន, មុក្ដាដ៏មានតម្លៃមហិមា, DNA និងព្រះគម្ពីរមរមន, អាពាហ៍ពិពាហ៍ភេទដូចគ្នា, ដំណើររឿងផ្សេងៗគ្នានៃការនិមិត្តដំបូង ។ល។ និង ។ល។
ប្រសិនបើបងប្អូនឆ្លើយសំណួរចម្បង នោះសំណួរបន្ទាប់បន្សំនឹងត្រូវបានឆ្លើយផងដែរ ឬវាហាក់មិនសូវសំខាន់ពេកនោះទេ ។ ចូរឆ្លើយសំណួរចម្បងទាំងឡាយ នោះបងប្អូនអាចដោះស្រាយនឹងរឿងដែលបងប្អូនយល់ និងរឿងដែលបងប្អូនមិនយល់ ក៏ដូចជារឿងដែលបងប្អូនយល់ស្រប និងរឿងដែលបងប្អូនមិនយល់ស្រប ដោយមិនបាច់ចាកចេញពីសាសនាចក្រ ។
វិធីសាស្ត្រដ៏ទេវភាពនៃការរៀនសូត្រ
មានវិធីសាស្ត្រនៃការរៀនសូត្រខុសៗគ្នា រួមមាន វិធីសាស្ត្រខាងវិទ្យាសាស្ត្រ ខាងការវិភាគ ខាងសិក្សាមុខវិជ្ជា និងវិធីសាស្ត្រដ៏ទេវភាព ។ វិធីសាស្ត្រទាំងបួននេះគឺចាំបាច់ដើម្បីដឹងអំពីសេចក្ដីពិត ។ វិធីសាស្ត្រទាំងអស់ចាប់ផ្ដើមតាមរបៀបដូចគ្នា ៖ ជាមួយនឹងសំណួរមួយ ។ សំណួរគឺសំខាន់ ជាពិសេសសំណួរចម្បងទាំងឡាយ ។
វិធីសាស្ត្រដ៏ទេវភាពនៃការរៀនសូត្រ រួមបញ្ចូលនូវធាតុទាំងឡាយរបស់វិធីសាស្ត្រផ្សេងៗទៀត ប៉ុន្តែនៅទីបំផុត ឈ្នះលើអ្វីៗផ្សេងទៀតទាំងអស់ ដោយការចូលទៅក្នុងអំណាចនៃស្ថានសួគ៌ ។ នៅទីបំផុត ការណ៍ទាំងឡាយរបស់ព្រះត្រូវបានធ្វើឲ្យយល់ដឹងដោយព្រះវិញ្ញាណនៃព្រះ ដែលជាធម្មតាជាសំឡេងតូចរហៀង ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ព្រះទ្រង់នឹងប្រទានតម្រិះដល់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ មែនហើយ ដោយអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដែលពុំអាចប្រាប់បាន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:២៦ ) ។
សាវកប៉ុលបានបង្រៀនថា យើងមិនអាចដឹងពីការណ៍ទាំងឡាយរបស់ព្រះឡើយ លើកលែងតែតាមរយៈព្រះវិញ្ញាណនៃព្រះប៉ុណ្ណោះ ( សូមមើល កូរិនថូស ទី១ ២:៩–១១ សូមមើលផងដែរ ការបកប្រែរបស់យ៉ូសែប ស៊្មីធ កូរិនថូស ទី១ ២:១១ ) ។ លោកបាននិយាយថា « មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ » ។ យើងឃើញការណ៍នោះជារៀងរាល់ថ្ងៃ ។ ប៉ុលបានបន្តទៀតថា « ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ » ( កូរិនថូស ទី១ ២:១៤ ) ។
ក្នុងចំណោមបញ្ហាទាំងអស់ដែលបងប្អូនជួបប្រទះក្នុងជីវិត មានមួយសំខាន់ជាងគេទាំងអស់ ហើយជាអ្វីដែលបានយល់តិចបំផុត ។ ស្ថានភាពដ៏អាក្រក់បំផុតនៃមនុស្សលោកទាំងអស់ គឺមិនមែនភាពក្រីក្រ ការឈឺ ភាពឯកោ ការរំលោភបំពាន ឬសង្គ្រាមនោះទេ—ថ្វីបើស្ថានភាពទាំងនោះវាគួរឱ្យខ្លាចយ៉ាងណាក្ដី ។ ស្ថានភាពដ៏អាក្រក់បំផុតនៃមនុស្សលោកទាំងអស់ គឺសាមញ្ញបំផុត ៖ វាគឺជាការស្លាប់ខាងវិញ្ញាណ ។ វាគឺការត្រូវបំបែកចេញពីវត្តមានរបស់ព្រះ ហើយនៅក្នុងជីវិតនេះ វត្តមានរបស់ទ្រង់គឺជាព្រះវិញ្ញាណ និងព្រះចេស្ដារបស់ទ្រង់នោះឯង ។
ផ្ទុយទៅវិញ ស្ថានភាពដ៏ល្អបំផុតនៃមនុស្សលោកទាំងអស់ គឺមិនមែន ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ កិត្យានុភាព សុខភាពល្អ កិត្តិយសរបស់មនុស្ស តើមានអ្វីផ្សេងទៀតដែលព្រះអង្គសង្គ្រោះ និងពួកព្យាការីនិងពួកសាវកនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្រៀនអំពីការអធិស្ឋាន ឬ សន្តិសុខ នោះ ស្ថានភាពដ៏ល្អបំផុតនៃមនុស្សលោកទាំងអស់ គឺការបានទទួលអំណោយពិសិដ្ឋពីអំណាចនៃស្ថានសួគ៌ ។ វាគឺជាការបានកើតម្ដងទៀត បានទទួលអំណោយ និងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាប្រភពនៃការចេះដឹង វិវរណៈ កម្លាំង ភាពច្បាស់លាស់ សេចក្ដីស្រឡាញ់ អំណរ ភាពសុខសាន្ត ក្ដីសង្ឃឹម ទំនុកចិត្ត សេចក្ដីជំនឿ និងស្ទើរតែគ្រប់អស់អ្វីៗដែលល្អ ។
ព្រះយេស៊ូវបានមានព្រះបន្ទូល ៖ « ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ … នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ » ( យ៉ូហាន ១៤:២៦ ) ។ វាគឺជាអំណាចដែលឲ្យយើង « អាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។ « ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញ … ដល់ [ យើង] នូវគ្រប់អ្វីទាំងអស់ ដែល [ យើង ] ត្រូវធ្វើ » ( នីហ្វៃទី២ ៣២:៥ ) ។ វាគឺជាប្រភពនៃ « ទឹករស់ » ដែលរលាស់ទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ( យ៉ូហាន ៧:៣៨ សូមមើល ខ ៣៧ ផងដែរ ) ។
បង់ថ្លៃអ្វីក៏ដោយដែលបងប្អូនត្រូវបង់ ទទួលបន្ទុកអ្វីក៏ដោយដែលបងប្អូនត្រូវទទួល ហើយធ្វើការលះបង់អ្វីក៏ដោយដែលបងប្អូនត្រូវលះបង់ ដើម្បីទទួល និងរក្សាវិញ្ញាណ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់បងប្អូន ។ គ្រប់ការណ៍ល្អទាំងអស់ពឹងផ្អែកទៅលើការទទួល និងការរក្សាព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់បងប្អូន ។
« អ្វីដែលពុំបានស្អាងឡើង »
ដូច្នេះ តើអ្វីទៅដែលជាភាពស្រពាប់ស្រពោនដែលខ្ញុំបានមានអារម្មណ៍ កាលពីប៉ុន្មានឆ្នាំមុន ខណៈពេលអានឯកសារប្រឆាំងទាំងនោះ ? អ្នកខ្លះអាចនឹងនិយាយថា ភាពស្រពាប់ស្រពោននោះគឺជាផលនៃភាពលំអៀងខាងជំនឿ ដែលជាទំនោរក្នុងការជ្រើសរើសតែការណ៍ទាំងឡាយដែលស្របទៅនឹងការសន្មត់ និងជំនឿរបស់យើង ។ គំនិតដែលថា អ្វីៗគ្រប់យ៉ាងដែលមនុស្សម្នាក់បានជឿ និងត្រូវបានបង្រៀន អាចជាការខុសឆ្គង ជាពិសេសពេលគ្មានអ្វីដែលល្អប្រសើរជាង គឺពិតជាគំនិតដ៏ស្រពាប់ស្រពោន និងដែលគួរឲ្យបារម្ភ ។
ប៉ុន្តែភាពស្រពាប់ស្រពោនដែលខ្ញុំបានដកពិសោធ ពេលដែលខ្ញុំបានស្ដាប់ដល់សំឡេងនៃក្រុមចម្រៀងដ៏ងងឹតងងុលដែលស្រែកទាស់នឹងព្យាការី យ៉ូសែប ស៊្មីធ និងការស្ដារឡើងវិញនៃសាសានចក្រនៃព្រះយេស៊ូវគ្រីស្ទ គឺខុសពីនោះ ។ ភាពស្រពាប់ស្រពោននោះមិនមែនជាការលំអៀងខាងជំនឿទេ ហើយវាមិនមែនការភ័យខ្លាចថាខុសនោះទេ ។ វាគឺជាអវត្តមាននៃព្រះវិញ្ញាណរបស់ព្រះ ។ វាគឺជាស្ថានភាពរបស់មនុស្ស ពេលដែល « គេនៅតែម្នាក់ឯង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៨ ) ។ វាគឺជាភាពស្រពាប់ស្រពោននៃភាពងងឹត និង « អាប់គំនិត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៩ សូមមើល ខ ៨ ផងដែរ ) ។
ព្រះអម្ចាស់បានមានព្រះបន្ទូលដូចនេះ ៖
« ហើយអ្វីដែលពុំបានស្អាងឡើង នោះពុំមែនមកពីព្រះទេ តែមកពីសេចក្ដីងងឹតវិញ ។
« អ្វីដែលមកពីព្រះ ជាពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២៣–២៤ ) ។
វិវរណៈពីព្រះវិញ្ញាណនៃព្រះជំនួសឲ្យការលំអៀងខាងជំនឿ ដោយសារវាមិនសំអាងតែទៅលើភស្ដុតាងប៉ុណ្ណោះទេ ។ ខ្ញុំបានចំណាយពេលអស់មួយជីវិតក្នុងការព្យាយាមដើម្បីស្ដាប់ឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយរៀនស្គាល់ និងធ្វើតាមព្រះវិញ្ញាណនៃព្រះ ។ វិញ្ញាណដែលទាក់ទងនឹងសំឡេងងងឹតដែលវាយប្រហារព្យាការី យ៉ូសែប ស៊្មីធ ព្រះគម្ពីរមរមន និងការស្ដារឡើងវិញ ពុំមែនជាវិញ្ញាណនៃពន្លឺ ប្រាជ្ញា និងសេចក្ដីពិតទេ ។ ខ្ញុំមិនដឹងអ្វីច្រើនទេ ប៉ុន្តែខ្ញុំស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ និងព្រះសូរសៀងរបស់ទ្រង់ពុំនៅក្នុងក្រុមចម្រៀងងងឹតងងុលនោះទេ ។
ផ្ទុយស្រឡះនឹងភាពស្រពាប់ស្រពោន និងការអាប់គំនិតដ៏គួរឲ្យរំខាន ដែលធ្វើឲ្យជ្រួតជ្រាបនូវល្បាប់នៃការសង្ស័យ នោះគឺវិញ្ញាណនៃពន្លឺ ប្រាជ្ញា ភាពសុខសាន្ត និងសេចក្ដីពិត ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នានា និងគោលលទ្ធិដ៏រុងរឿងនៃការស្ដារឡើងវិញ ជាពិសេសព្រះគម្ពីរទាំងឡាយដែលបានបើកសម្ដែងដល់ពិភពលោកតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ សូមអានវា ហើយសួរខ្លួនឯង និងព្រះ ថាបើវាជាពាក្យកុហក បោកបញ្ឆោត និងការបំភាន់ ឬថាបើវាគឺជាសេចក្ដីពិត ។
បងប្អូនពុំអាចរៀនពីសេចក្ដីពិតដោយការលប់បំបាត់នោះទេ
មនុស្សខ្លះដែលភ័យខ្លាចថា សាសនាចក្រអាចជាមិនពិត ចំណាយពេល និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការពុះពារឥតឈប់ឈរឆ្លងកាត់ល្បាប់នៃសំណួរបន្ទាប់បន្សំ ។ ពួកគេព្យាយាមទាំងខុសឆ្គង ដើម្បីរៀនសេចក្ដីពិតតាមរយៈដំណើរការនៃការលប់បំបាត់ ដោយការព្យាយាមលប់បំបាត់គ្រប់ការសង្ស័យ ។ នោះតែងតែជាគំនិតដ៏អាក្រក់មួយ ។ វានឹងមិនដែលបានសម្រេចឡើយ ។
មាននូវការអះអាង និងគំនិតរាប់មិនអស់ ដែលប្រឆាំងនឹងសេចក្ដីពិត ។ រាល់ពេលដែលបងប្អូនរកឃើញចម្លើយចំពោះការអះអាងដែលប្រឆាំងមួយ នោះបងប្អូនក៏ជួបនឹងការអះអាងប្រឆាំងមួយទៀត ។ ខ្ញុំមិនមែននិយាយថា បងប្អូនគួរតែកប់ក្បាលរបស់បងប្អូនទៅក្នុងខ្សាច់នោះទេ ប៉ុន្តែខ្ញុំមានន័យថា បងប្អូនអាចចំណាយពេលអស់មួយជីវិតប្រឹងប្រែងយ៉ាងខ្លាំងស្វែងរកចម្លើយចំពោះគ្រប់ការអះអាងដែលប្រឆាំងនឹងសាសនាចក្រ ប៉ុន្តែមិនដែលបានមកដល់ការចេះដឹងមួយអំពីសេចក្ដីពិតដ៏សំខាន់បំផុតនោះទេ ។
ចម្លើយចំពោះសំណួរចម្បងទាំងឡាយ ពុំបានមកដោយការឆ្លើយនឹងសំណួរបន្ទាប់បន្សំទាំងនោះទេ ។ មានចម្លើយនានាចំពោះសំណួរបន្ទាប់បន្សំទាំងនោះ ប៉ុន្តែបងប្អូនពុំអាចចង្អុលបង្ហាញពីភាពវិជ្ជមានមួយ ដោយការបង្ហាញថាគ្រប់ការអវិជ្ជមានទាំងអស់ខុសនោះទេ ។ បងប្អូនមិនអាចបង្ហាញថា សាសនាចក្រពិត ដោយការចង្អុលបង្ហាញថាគ្រប់ការអះអាងទាំងអស់ដែលជំទាស់នឹងសាសនាចក្រ គឺខុសនោះទេ ។ វាជាយុទ្ធសាស្រ្តដែលមានកំហុស ។ នៅទីបំផុត ត្រូវតែមានភស្ដុតាងបញ្ជាក់ ហើយជាមួយនឹងការណ៍ទាំងឡាយរបស់ព្រះ នោះនៅទីបំផុត និងដោយប្រាកដ ភស្ដុតាងពិតជាបានមកដោយវិវរណៈតាមរយៈវិញ្ញាណ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះយេស៊ូវបានសួរដល់ពួកសិស្សទ្រង់ ៖
« តើថាខ្ញុំជានរណា ?
« ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
« រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសម្ដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ។
« … អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ » ( ម៉ាថាយ ១៦:១៥–១៨ សូមមើល ខ ១៣–១៤ ផងដែរ ) ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ត្រូវបានចាក់គ្រឹះនៅលើសិលានៃវិវរណៈ ហើយក្លោងទ្វារនៃស្ថាននរកនឹងមិនឈ្នះវាឡើយ ។ បងប្អូន និងខ្ញុំគឺជាសាសនាចក្រ ។ យើងត្រូវតែចាក់គ្រឹះនៅលើសិលានៃវិវរណៈ ហើយទោះបីយើងអាចនឹងមិនដឹងពីចម្លើយចំពោះគ្រប់សំណួរ តែយើងត្រូវតែដឹងពីចម្លើយចំពោះសំណួរចម្បងទាំងឡាយ ។ បើយើងដឹង នោះក្លោងទ្វារនៃស្ថាននរកនឹងមិនឈ្នះយើងឡើយ ហើយយើងនឹងស្ថិតស្ថេរជារៀងរហូត ។
ឈរលើសិលានៃវិវរណៈ
មានព្រះមួយអង្គដែលគង់នៅស្ថានសួគ៌ ដែលជាព្រះវរបិតាដ៏អស់កល្បរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ យ៉ូសែប ស៊្មីធ ជាព្យាការីរបស់ព្រះ ដែលបានចាក់គ្រឹះសម្រាប់ការស្ដារឡើងវិញនៃនគររបស់ព្រះ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជានគរព្រះនៅលើផែនដីនេះ ។ ខ្ញុំដឹងការណ៍ទាំងនេះដោយបទពិសោធន៍របស់ខ្ញុំ—បទពិសោធន៍ទាំងអស់ ។ ខ្ញុំដឹងការណ៍ទាំងនេះដោយភស្ដុតាង ហើយភស្ដុតាងគឺលើសលុបណាស់ ។ ខ្ញុំដឹងការណ៍ទាំងនេះដោយការសិក្សា ។ ហើយ ប្រាកដបំផុតនោះគឺ ខ្ញុំដឹងការណ៍នេះដោយវិញ្ញាណ និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ហើយដោយហេតុដូច្នោះ ខ្ញុំដឹងនូវអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវការដឹង ដើម្បីស្ថិតស្ថេរជារៀងរហូត ។ ចូរឲ្យយើងឈរនៅលើសិលានៃវិវរណៈ ជាពិសេសទាក់ទងនឹងសំណួរចម្បងទាំងឡាយ ។ បើយើងធ្វើដូច្នោះ យើងនឹងស្ថិតស្ថេរជារៀងរហូត ហើយនិងមិនដែលថយទៅដែរ ។ ◼