២០២០
សេចក្ដីសង្ឃឹម​របស់យើង ពន្លឺ​របស់​យើង កម្លាំង​របស់​យើង
ខែ តុលា ឆ្នាំ ២០២០


ពាក្យ​ចុង​ក្រោយ

សេចក្ដីសង្ឃឹម​របស់យើង ពន្លឺ​របស់​យើង កម្លាំង​របស់​យើង

ដកស្រង់​ចេញ​ពី ល្ងាច​មួយ​ជាមួយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ការចាក់​ផ្សាយ​សម្រាប់​គ្រូអប់រំ​ខាង​សាសនា ដែល​បាន​ធ្វើ​ឡើង​នៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។

នៅពេល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​សាវក ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ជា​ទីស្រឡាញ់ បាន​ថ្លែង​ថា ខ្ញុំ​គឺ​ជា​សាក្សី​ពិសេស​ម្នាក់​នៃ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុងពិភពលោក​នេះទាំងមូល ។ ខ្ញុំ​ពុំ​គួរ​ធ្វេសប្រហែស​ចំពោះការទទួលខុសត្រូវនេះឡើយ ។ ខ្ញុំ​បាន​ពិចារណា​បទគម្ពីរ​ដែល​ប្រាប់អំពី​ព្រះអម្ចាស់​តាម​ព្រះនាម និង​ងារ​របស់ទ្រង់ ។ អ្វីៗ​ទាំងអស់នេះ​ដែល​ខ្ញុំ​នឹង​ចែកចាយ​ដល់​បងប្អូន​គឺមក​ពី​បទគម្ពីរ ដែល​រំឭក​យើង​អំពី​ក្ដីសង្ឃឹម​របស់​យើង​ចំពោះ​ទ្រង់ ។

ទ្រង់គឺ​ជា ទីសង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល ( យេរេមា ១៧:១៣ ) ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង ( វិវរណៈ ២២:១៦ ) អ្នកគង្វាល​ល្អ ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:៤៤ ) ព្រះ​ដ៏​ជួយ​គំនិត ( អេសាយ ៩:៦; នីហ្វៃទី២ ១៩:៦ ) ម្ចាស់​នៃ​មេត្រីភាព ( អេសាយ ៩:៦; នីហ្វៃទី២ ១៩:៦) ព្រះ​ដ៏​ប្រោស​ឲ្យ​រួច ( រ៉ូម ១១:២៦ ) ​ពន្លឺ​លោកីយ៍ ( យ៉ូហាន ៨:១២ ) និង សម្តេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក ( ហេព្រើរ ៩:១១ ) ។ ទ្រង់​មាន​ឫទ្ធិ​នឹង​សង្គ្រោះ ( អាលម៉ា ៣៤:១៨; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៤៧ ) និង​ជា អ្នក​ដែល​មាន​អស់​ទាំង​ព្រះ​ចេស្ដា ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦១:១ ) ។

ឥទ្ធិពល​របស់​ព្រះគ្រីស្ទគឺហ៊ុមព័ទ្ធ​ទាំងស្រុង ។ ទ្រង់​គង់នៅទីនោះ នៅពេល​យើង​ពុះពារ និង​ព្យាយាម​ដើម្បី​ដើរ​ឆ្ពោះ​ទៅមុខ ។​ ហើយ​បើ​យើង​រអិលដួល « ពន្លឺ​របស់ទ្រង់​ដែ​លបំភ្លឺ​នៅក្នុង​ទីងងឹត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:២១ ) គឺកាន់តែ​ភ្លឺឡើង ។ ទ្រង់​ស្រឡាញ់​យើង​ទាំង​នៅ​ពេល​ល្អ និង​ពេល​អាក្រក់​របស់​យើង ។

ការ​ធ្វើ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ គឺពុំ​មែនជា​ការ​ស្មាន​ទេ ។ ផ្លូវ​របស់ទ្រង់​ត្រូវ​បាន​គូស​យ៉ាង​ល្អ​ដោយ​ដាន​ព្រះបាទា​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​តាម​ទ្រង់ យើងកាន់តែស្រឡាញ់​អ្វី​ដែល​ទ្រង់​ស្រឡាញ់ ។ នៅពេល​យើង​រំឭក​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ទ្រង់​រាល់​សប្ដាហ៍ ដោយ​ការ​ទទួលទាន​សាក្រាម៉ង់​ដ៏បរិសុទ្ធ នោះ​យើង​ចម្រើននៅ ក្នុងការ​យល់ដឹង​អំពី​ទ្រង់ ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:៩ ) ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:៩ ) និង​នៃ​ពិភពលោក ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:៨ ) ។

មិត្តជាទីស្រឡាញ់ នោះ​គឺជា​ព្រះអង្គសង្គ្រោះ​ដែល​ខ្ញុំ​ស្គាល់ ដែល​ខ្ញុំ​ស្រឡាញ់ ហើយគោរព​អស់ពី​ដួងចិត្ត ។ ចេញ​ពីជម្រៅ​នៃ​ព្រលឹង​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពីទ្រង់ និង​សេចក្ដីល្អ និង​ក្ដីមេត្តាករុណា​របស់ទ្រង់ ។ ទ្រង់​បាន​សន្យា​ថា « ដ្បិត​អ្នក​ជា​មិត្ត​របស់​យើង ហើយ​អ្នករាល់គ្នា​មាន​កេរមរតក​នៅ​ជាមួយ​នឹង​យើង​ដែរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:៤៥ ) ។

ព្រះយេស៊ូវគ្រីស្ទ​តែងតែ​ឆ្លើយ​តប​ដល់​បញ្ហា និង​ឧបសគ្គ​ទាំងឡាយ ដែល​ជា​ផ្នែក​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ។ ពេល​យល់ដឹង​អំពី​បេសកកម្ម និង​ដំណឹងល្អ​របស់​ទ្រង់ ក្ដីស្រឡាញ់​របស់​យើង​ចំពោះទ្រង់ ព្រមទាំង​ជំនឿ​របស់​យើង និង​ការ​ពឹងផ្អែក​ទៅលើ​ទ្រង់ ផ្ដល់​ជា​កម្លាំង​ដល់​យើង ។