យុវមជ្ឈិមវ័យ
បងប្អូនអាចរកឃើញសេរីភាព
តើបងប្អូន ឬនរណាម្នាក់ដែលបងប្អូនស្រឡាញ់នៅក្នុងវដ្តនៃការធ្វើខុស ការប្រែចិត្ត ការតាំងចិត្តជាថ្មី និងការធ្វើខុសម្ដងទៀតដែរឬទេ ? យុវមជ្ឈិមវ័យដ៏ប្រពៃជាច្រើនដែលខ្ញុំបានធ្វើការជាមួយ ខណៈបម្រើជាប៊ីស្សពនៅវួដយុវជម្ឈិមវ័យនៅលីវ ត្រូវជាប់់នៅក្នុងវដ្ដដដែលៗ ។ ប៉ុន្ដែ ពួកគេជាច្រើនក៏បានរកឃើញសេរីភាពផងដែរ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតអំពីការញៀននៅក្នុងវគ្គខែនេះ ផ្ដល់នូវការយល់ដឹងដ៏មានប្រយោជន៍ដើម្បីស្វែងរកសេរីភាព—សម្រាប់បងប្អូនផ្ទាល់ និងអ្នកដទៃទៀត ។
អ្វីដែលសំខាន់បំផុតដែលយើងគប្បីចងចាំទុក គឺថា យើងទាំងអស់គ្នាគឺជាបុត្រជាទីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា « [ ព្រះ ] មិនបានរង់ចាំដើម្បីស្រឡាញ់បងប្អូន ដរាបណាបងប្អូនបានយកឈ្នះលើភាពទន់ខ្សោយ និងទម្លាប់អាក្រក់របស់ខ្លួននោះទេ ។ ទ្រង់ស្រឡាញ់បងប្អូននៅថ្ងៃនេះ ដោយបានជ្រាបគ្រប់យ៉ាងពីឧបសគ្គរបស់បងប្អូន ។ … ទ្រង់ជ្រាបពីវិប្បដិសារីរបស់បងប្អូនចំពោះគ្រាដែលបងប្អូនមានកំហុស ឬបរាជ័យ ។ ហើយទ្រង់នៅតែស្រឡាញ់បងប្អូន » ( « ការរស់នៅតាមដំណឹងល្អដោយក្ដីអំណរ » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២៣ ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ផ្ទុយទៅវិញ សាតាំងនឹងព្យាយាមធ្វើឲ្យបងប្អូនជឿថា បងប្អូនទៅជ្រុលហួសពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីផ្លាស់ប្រែ និងសម្អាតបងប្អូន ។ សាតាំងនឹងព្យាយាមធ្វើឲ្យបងប្អូនជាប់នៅក្នុងទឹកគួចនៃភាពអាម៉ាស់ និងការស្អប់ខ្ពើមខ្លួនឯង ប៉ុន្តែសូមកុំជឿការកុហក់របស់វាឡើយ ។
តែសូមងាកទៅកាន់ព្រះវរបិតាសួគ៌វិញ ។ សូមកុំខ្លាចនឹងបើកដួងចិត្តនិយាយទៅកាន់ប៊ីស្សព ឬប្រធានសាខារបស់បងប្អូន និងអ្នកផ្សេងទៀតដែលស្រឡាញ់បងប្អូន ។ កាលដែលបងប្អូនអានរឿងរ៉ាវទាំងឡាយនៃសេចក្ដីសង្ឃឹមពីយុវមជ្ឈិមវ័យផ្សេងទៀត ដែលបានរងការប៉ះពាល់ដោយការញៀន នោះសូមប្រព្រឹត្តិទៅតាមការបំផុសគំនិតដែលបងប្អូនបានទទួល ។ សូមអត់ធ្មត់ជាមួយខ្លួនឯង សូមចងចាំពីធម្មជាតិដ៏ទេវភាពរបស់បងប្អូន ធ្វើមួយថ្ងៃម្ដងៗ ហើយសូមជឿទៅលើព្រះចេស្ដានៃការប្រោសឲ្យជារបស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ ព្រមជាមួយនឹងធនធានជាច្រើន នឹងជួយបងប្អូននៅក្នុងការស្វែងរកសេរីភាពដែលយើងប្រាថ្នាចង់បាន ។ សូមកុំបោះបង់ឡើយ ។
មិត្តរបស់បងប្អូន
រីឆាត អសថ្ល័រ