២០២០
ការគាំទ្រ​ម្ដាយ​ខ្ញុំ​ក្នុង​ដំណើរ​ផ្តាច់​ស្រា​របស់​គាត់
ខែ តុលា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

ការគាំទ្រ​ម្ដាយ​ខ្ញុំ​ក្នុង​ដំណើរ​ផ្តាច់​ស្រា​របស់​គាត់

វា​មិន​ងាយ​ស្រួល​ទេ ប៉ុន្តែ​ការដើរ​នៅលើ​ផ្លូវ​ទៅកាន់​ការជាសះស្បើយ ជាមួយ​ពួក​អ្នក​ដែល​ពុះពារ​ជាមួយ​នឹង​ការញៀន​គឺ​សម​នឹង​តម្លៃ​ណាស់ ។

ទម្រាំ​ដល់​ពេល​ដែល​ខ្ញុំ​ធំ​ល្មម​ដើម្បី​យល់​ពី​អ្វី​ទោ ដែល​ថា​ស្រា នោះ​ខ្ញុំ​បាន​ដឹង​ថា ម្ដាយ​ខ្ញុំ​​មាន​បញ្ហា​នឹង​រួច​បាត់​ទៅ​ហើយ ។ សមាជិក​គ្រួសារ​បាន​ព្យាយាម​លាក់បាំង​បញ្ហា​របស់​គាត់​ពី​បងស្រី​ខ្ញុំ និង​ខ្ញុំ ប៉ុន្តែ​ពួកគេ​មិន​អាច​លាក់បាំង​ពី​ការ​ផឹកសា្រ​ដ៏​ហួសហេតុ​នៅ​ពេល​ព្រលឹម​អុល និង​ភាព​ធីងធោង​បន្ទាប់​ពី​ផឹក​បាន​រហូត​នោះ​ទេ ។

ម្ដាយ​របស់​យើង​ជា​មនុស្ស​ញៀន​ស្រា—ហើយ​គ្មាន​ការដោះសារ ឬ​រឿងរ៉ាវ​លម្អិត​ណា​អាច​ផ្លាស់ប្ដូរ​ការពិត​នោះ​បាន​ឡើយ ។

ក្នុង​នាម​ជា​ក្មេងស្រី​ម្នាក់ ខ្ញុំ​បាន​ជឿ​ថា ការញៀន​គឺ​ជា​ជម្រើស​មួយ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ឈឺចាប់​ណាស់ រាល់ពេល​ដែល​ម្ដាយ​ខ្ញុំ​បាន​ដើរ​កាត់​ទ្វារ​របស់​ពួកយើង​ដោយ​មាន​ក្លិន​ស្រា​ហួង បន្ទាប់​ការសន្យា​ថា​ឈប់​ផឹក​ទៀត ។ វា​ហាក់​ដូច​ជា គាត់​មិន​ចង់​ផ្លាស់​ប្ដូរ​ទេ ។ ប៉ុន្តែ​ទឹកភ្នែក​ដ៏​ឈឺចាប់​ចំពោះ ការព្យាយាម​មិន​បាន​សម្រេច​របស់​គាត់ និង​រោគសញ្ញា​ដ៏​ធ្ងន់ធ្ងរ​កើត​ឡើង​ភ្លាមៗ​ដោយ​សារ​គាត់​ផ្តាច់​ការផឹកស្រា​នោះ បាន​បង្រៀន​ខ្ញុំ​ផ្សេង​ពី​នោះ​វិញ ។

កាល​ខ្ញុំ​រៀន​នៅ​អនុវិទ្យាល័យ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដឹង​ពី ការញៀន​របស់​ម្ដាយ​ខ្ញុំ​នឹង​មិន « បាត់​ទៅ​ងាយៗ​ក្នុង​រាត្រី​ដ៏​ល្អ » ដូច​ជា​កំណាព្យ​របស់ ឌីឡាន ថូម៉ាស បាន​សរសេរ​នោះ​ទេ—ហើយ​មិន​មែន​ដោយសារ​តែ​គាត់​មិន​ចង់​ផ្លាស់​ប្ដូរ​វា​ឡើយ ។ វា​គឺ​ផ្នែក​នៃ​ការខ្វះ​ឆន្ទៈ​របស់​គាត់ ឬ​ថា​គាត់​កំពុង​ជ្រើសរើស​ស្រា​ជាង​គ្រួសារ​គាត់ ។ គាត់​បាន​ជាប់​នៅក្នុង​ការញៀន​របស់​គាត់ ។

ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖ « ការចុះចាញ់​ការញៀន​និង​សេរីភាព​ដើម្បី​ជ្រើសរើស ។ តាម​រយៈ​មធ្យោបាយ​គីមី នោះ​មនុស្ស​ម្នាក់​ពិត​​ជា​អាច​កាត់​ផ្ដាច់​ពី​ឆន្ទៈ​របស់​គាត់​ផ្ទាល់​បាន ! »​ ការស្វែងរក​ការជាសះស្បើយ​នឹង​ជា​ការប្រយុទ្ធ​មួយ​រវាង​រាងកាយ និង​វិញ្ញាណ​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ​ទៀត ។

ការស៊ូទ្រាំ​នឹង​វដ្ដ​នៃ​ការភ្លាត់​ទៀត

បន្ទាប់​ពី​គាត់​បាន​ផ្តាច់​ការផឹក​ស្រា​បាន​ប្រាំមួយ​ខែ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្គាល់​ម្ដាយ​ខ្ញុំ​ម្ដង​ទៀត—ជា​ម្ដាយ​ដែល​ធ្លាប់​រាំ​នៅក្នុង​ឡាន ហើយ​សរសេរ​កំណាព្យ​ពិរោះៗ ហើយ​និយាយ​រឿង​កំប្លែង​ដល់​មិត្តភក្ដិ​ទាំងអស់​របស់​ខ្ញុំ ។ វា​ហាក់​ដូច​ជា​មនុស្ស​ដែល​នៅ​ក្រោយ​ឆាក បាន​កាច់​កុងតាក់​បើក​ភ្លើង​នៅក្នុង​ភ្នែក​គាត់​អញ្ចឹង ហើយ​ខិតខំ​ធ្វើការ​ក្រៅ​ម៉ោង​ដើម្បី​ឲ្យ​អំពូល​ភ្លើង​នោះ​នៅ​បន្ត​ភ្លឺ​ទៀត ។ គាត់​មិន​ដែល​ធ្លាប់​អត់​ស្រា​រយៈពេល​យូរ​បែបនោះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​មាន​អារម្មណ៍​ល្អ​ណាស់​ដែល​ម្ដាយ​ខ្ញុំ​ត្រឡប់​មក​វិញ ។

ប៉ុន្តែ​វា​មិន​បាន​នៅ​បែប​នោះ​យូរ​ឡើយ ។ យប់​មួយ មុន​ពេល​គាត់​មាន​ឱកាស​និយាយ បងស្រី​ខ្ញុំ និង​ខ្ញុំ​បាន​ដឹង​រួច​ទៅ​ហើយ ។ មុខ​ក្រហម ភ្នែក​សឺៗ​របស់​គាត់​​បង្ហាញ​យ៉ាងច្បាស់ ៖ បន្ទាប់​ពី​ប្រាំមួយ​ខែ បួន​ថ្ងៃ គាត់​បាន​ស្រវឹង​ម្ដង​ទៀត ។ មួយ​សន្ទុះ យើង​បាន​គិត​ថា នឹង​រត់​ចេញ​ពី​ផ្ទះ ចេញ​ពី​ភាពព្រួយបារម្ភ និង​ការភ័យ​ខ្លាច ប៉ុន្តែ​យើង​បាន​ដឹង​ថា គាត់​ចង់​ផ្លាស់​ប្ដូរ ។ យើង​មិន​អាច​ធ្វើ​វា​ជំនួស​គាត់​បាន​ទេ ប៉ុន្តែ​យើង​អាច​គាំទ្រ​គាត់ កាល​ដែល​គាត់​ដើរ​នៅលើ​ផ្លូវ​ទៅកាន់​ការជា​សះស្បើយ ។

យកឈ្នះ​ភាពស្ងៀមស្ងាត់​នៃ​ការញៀន

អស់​រយៈពេល​ពីរបី​ខែ​ខាង​មុខ បងស្រី​ខ្ញុំ និង​ខ្ញុំ​បាន​រកមើល​របៀប​ទាំងឡាយ​ដើម្បី​ជួយ​ម្ដាយ​ខ្ញុំ​បន្ត​ឆ្ពោះ​ទៅ​កាន់​ការផ្តាច់​ស្រា​រយៈ​ពេល​វែង ។ វា​មិន​ងាយ​ស្រួល​ទេ ប៉ុន្តែ​គាត់​បាន​ធ្វើ​វា​ម្ដង​ហើយ​យើង​បាន​ដឹង​ថា គាត់​អាច​ធ្វើ​វា​ម្ដង​ទៀត​បាន ។

ការឃើញ​ម្ដាយ​ខ្ញុំ​ឆ្លងកាត់​ការផ្តាច់ស្រា​ពី​មុន​មក យើង​បាន​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ដូច្នេះ​យើង​បាន​ស្វែងរក​ដប់​ស្រា​ទាំងអស់​ដែល​មាន រួច​ចាក់​ស្រា​ចេញ​ ។ បន្ទាប់​មក​យើង​បាន​ទិញ​ភេសជ្ជៈ​ឈ្មោះ​ហ្គេថឺរេដ​ជា​ច្រើន​ពី​ហាង​មក ហើយ​បាន​សម្អាត​ផ្ទះ​យ៉ាង​ស្អាត វា​ជា​ការព្យាយាម​ដ៏​ល្អ​បំផុត​របស់​យើង ដើម្បី​យក​ម្ដាយ​របស់​ខ្ញុំ​ចេញ​ពី​បរិស្ថាន​ដែល​គាត់​មាន​នៅ ពេល​ដែល​គាត់​បាន​ភ្លាត់​ម្ដង​ទៀត ។

ពីរ​បី​ថ្ងៃ​ក្រោយ​មក ម្ដាយ​ខ្ញុំ​ស្រួលខ្លួន​ល្មម​អាច​ត្រឡប់​ទៅ​ធ្វើការ​វិញ​បាន ប៉ុន្តែ​យើង​បាន​ដឹង​ថា​ការប្រយុទ្ធ​នោះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ។ រហូត​មក​ដល់​ចំនុច​នេះ ជម្រៅ​នៃ​ការញៀន​របស់​គាត់​ត្រូវបាន​លាក់​បាំង​ពី​គ្រួសារ និង​មិត្តភក្ដិ​របស់​យើង​ភាគ​ច្រើន​បំផុត ។ អស់​ជា​ច្រើន​ឆ្នាំ វា​បាន​ក្លាយ​ជា​រឿងសម្ងាត់​មួយ—ជា​ប្រភព​មួយ​នៃ​ការខ្មាស់​អៀន ជា​អ្វី​ដែលអ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សង្គម ប្រិននេ ប្រោន ពន្យល់​ថា « វា​បាន​អំណាច​របស់​វា ដោយសារ​វា​មិន​អាច​និយាយ​បាន » ។ បើ​យើង​ចង់​ឲ្យ​គាត់​បន្ត​ផ្កាច់​ស្រា នោះ​យើង​ត្រូវ​តែ​យក​ឈ្នះ​ភាពស្ងៀមស្ងាត់​នោះ ។

ការសម្រេច​ចិត្ត​បើក​ចំហរ​រឿង​នេះ​ដល់​គ្រួសារ​យើង និង​មិត្តភក្ដិ​មួយ​ចំនួន​ដែល​យើង​ទុក​ចិត្ត គឺ​ជា​ការពិបាក ប៉ុន្តែ​វា​ក៏​ជា​ការដោះ​ឲ្យ​រួច​ផងដែរ ។ ការខ្មាស់​អៀន « ធ្វើ​ឲ្យ​ច្រេះ​ស៊ី​យើង​នៅ​ផ្នែក​នោះ ដែល​ជឿ​ថា យើង​អាច​ផ្លាស់​ប្ដូរ ហើយ​ធ្វើ​ល្អ​ជាង​នេះ » ដូច្នេះ​ទង្វើ​នៃ​ការនិយាយ​អំពី​ការញៀន​របស់​គាត់ បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ម្ដាយ​ខ្ញុំ ( និង​ខ្ញុំ ! ) ម្ដង​ទៀត ។ យើង​មិន​នៅតែ​ឯង​ទេ ហើយ​ជា​លើក​ទីមួយ​ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​នេះ យើង​បាន​ចាប់​ផ្ដើម​មើល​ឃើញ​ជីវិត​មួយ​ដែល​មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការញៀន​របស់​គាត់ ។

តោង​ជាប់​នឹង​សេចក្ដី​សង្ឃឹម

ខ្ញុំ​នឹង​មិន​ព្យាយាម​និយាយ​ដោះសារ​ឡើយ ៖ ការរក្សា​សេចក្ដី​សង្ឃឹម​គឺ​មិន​តែងតែ​ងាយ​ស្រួល​នោះ​ទេ ។ អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​គាំទ្រ​ម្ដាយ​ខ្ញុំ កាលដែល​គាត់​បាន​ព្យាយាម​ផ្កាច់ស្រា ប៉ុន្តែ​ខ្ញុំ​នឹង​កុហក បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មិន​មាន​បទពិសោធន៍​នៃ​ភាពសោកសៅ ការខកចិត្ត និង​ការតានតឹង​នៅ​លើ​ដំណើរ​នោះ ។ និយាយ​ពី​ដំណើរ​ដ៏​ពិបាក​ដែល​មនុស្ស​ម្នាក់​ប្រឈម​មុខ ដើម្បី​យក​ឈ្នះ​ការញៀន ប្រធាន​ណិលសុន​បាន​ពន្យល់​ថា « មនុស្ស​ម្នាក់ៗ​ដែល​សម្រេច​ចិត្ត​ដើម្បី​តោង​ឡើង​ផ្លូវ​ដ៏​ចោត​នោះ​ទៅកាន់​ការជា​សះស្បើយ ត្រូវតែ​ក្រវាត់​ចង្កេះ​សម្រាប់​ការប្រយុទ្ធ​អស់​មួយ​ជីវិត ។ ប៉ុន្តែ​មួយ​ជីវិត​គឺ​ជា​រង្វាន់​ដ៏​ស័ក្ដិសម​សម្រាប់​តម្លៃ​នោះ » ។

ប្រសិន​បើ​បងប្អូន​ធ្លាប់​ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​ពុះពារ​នឹង​ការញៀន នោះ​បងប្អូន​ដឹង​ថា​វា​ពិបាក​យ៉ាង​ណា ក្នុង​ការមើល​ឃើញ​ពួកគេ​បំផ្លាញ​ខ្លួនឯង​នោះ ។ ប៉ុន្តែ​សូម្បី​តែ​នៅក្នុង​ការភ្លាត់​ទៀត​ក្ដី ក៏​សេចក្ដី​សង្ឃឹម​មិនដែល​បាត់​បង់​ឡើយ ។ ដោយសារ​តែ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ត្រាស់​ដឹង​ថា « តើ​ត្រូវ​ជួយ [ យើង ] បែប​ណា​តាម​ជម្ងឺ [ របស់​យើង ] » ( អាលម៉ា ៧:១២ ) ។ « មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ » ( នីហ្វៃទី៣ ២៥:២ ) ទ្រង់​លើក​យើង​ឡើង​ពេល​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ពន់ពេក​ដើម្បី​នឹង​ទៅ​មុខ​ទៀត « ដោយ​ទ្រ​យើង​ជាប់ ហើយ​លើក​ទឹកចិត្ត​យើង បដិសេធ​មិន​ព្រម​ឲ្យ​យើង​ទៅ​ឡើយ ទាល់តែ​យើង​ទៅដល់​ផ្ទះ​ដោយ​សុវត្ថភាព​សិន » ។

ដូច្នេះ​មិន​ថា​បងប្អូន​ទើប​តែ​ឈាន​ជំហាន​ទីមួយ​របស់​បងប្អូន ឬ​បាន​ធ្វើ​ដំណើរ​អស់​រាប់​ពាន់​គីឡូម៉ែត្រ​ជាមួយ​នរណា​ម្នាក់​នៅលើ​ដំណើរ​ទៅកាន់​ការ​ជា​សះស្បើយ​របស់​ពួកគេ​ហើយ​ក៏​ដោយ ហើយ​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​រៀន​អស់​ជា​ច្រើន​ឆ្នាំ​នេះ ៖

  1. ជួយ​ពួកគេ​ចៀសវាង​ពី​ស្ថានភាព​ដែល​បញ្ឆេះ ។

    មិន​ថា​មនុស្ស​ដែល​បងប្អូន​កំពុង​គាំទ្រ​នោះ​ជា​មិត្តភក្ដិ ស្វាមី/ភរិយា សមាជិក​គ្រួសារ ឬអ្នក​មាន​អាយុ​ស្រករ​គ្នា​ទេ ការជួយ​ពួកគេ​ចៀសវាង​ពី​ស្ថានភាព​ដែល​បញ្ឆេះ​គឺ​ធំធេង​ណាស់ ! ពេល​ណា​ដែល​គ្រួសារ​ខ្ញុំ​ទៅ​ទទួលទាន​អាហារ​ខាងក្រៅ​ជាមួយ​ម្ដាយ​ខ្ញុំ ឧទាហរណ៍ យើង​សុំ​អង្គុយ​នៅ​តុ​មួយ​ឆ្ងាយ​ពី​បារ ។ បើ​មិន​មាន​តុ​មួយ​បែប​នោះ​ទេ យើង​នឹង​នៅ​និយាយ​គ្នា​ទាល់តែ​មាន​តុ​មួយ ។

  2. សូម​ជជែកវែកញែក​សម្រាប់​ពួកគេ​នៅក្នុង​ស្ថានភាព​សង្គម​នានា ។

    ព្រោះតែ​មនុស្ស​ម្នាក់​ដែល​បងប្អូន​កំពុង​គាំទ្រ​បាន​និយាយ​បើក​ចំហរ​ដល់​បងប្អូន​អំពី​ការញៀន​របស់​ពួកគេ ពុំ​មែន​មានន័យ​ថា ពួកគេ​ត្រៀម​រួចរាល់​ដើម្បី​ប្រាប់​ដល់​ពិភពលោក​នោះ​ទេ ។ អំឡុង​ដំណាក់កាល​ដំបូងៗ​នៃ​ការសះស្បើយ វា​អាច​ពិបាក​ខ្លាំង​ណាស់​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​កំពុង​ចៀសវាង​ពី​ស្ថានភាព​ជាក់លាក់​នានា ឬ​ធ្វើ​ការសម្រេច​ចិត្ត​ជាក់លាក់​ទាំងឡាយ ជា​ពិសេស​ចំពោះ​មនុស្ស​មិន​ស្គាល់​គ្នា ។ នៅក្នុង​ស្ថានភាព​ទាំងនេះ សូម​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​ងាយស្រួល​បន្តិច ដោយ​ការជួយ​ពួកគេ​ឲ្យ​ពន្យល់ ប្រសិន​បើ​ស្ថានការណ៍​នោះ​ដូចជា​មិន​សុខស្រួល ។

  3. ជួយ​ពួកគេ​ស្វែងរក​ធនធានគាំទ្រ​បន្ថែម ។

    មិន​ថា​បងប្អូន​ចូលរួម​ច្រើន​ប៉ុណ្ណា​ទេ​នៅក្នុង​ដំណើរការ​ជា​សះស្បើយ​នោះ គ្មាន​ផ្លូវ​ទេ​ដែល​បងប្អូន​អាច​ធ្វើ​វា​ទាំងអស់​នោះ ។ ជួនកាល​ម្ដាយ​ខ្ញុំ​គ្រាន់តែ​ត្រូវការ​និយាយ​ទៅកាន់​មនុស្ស​ម្នាក់​ដែល​នៅ​ទី​នោះ មនុស្ស​ម្នាក់​ដែល​យល់​ពី វា ហើយ​នោះ​វា​មិន​ថ្វី​ទេ ! ធនធាន​ជំនាញ និង​ក្រុម​គាំទ្រ​ទាំងឡាយ ( ដូចជា​កម្មវិធី​ព្យាបាល​​ការញៀន​របស់​សាសនាចក្រ ក្រុមជា​សះស្បើយ អ្នកជំនាញ​ខាង​ការញៀន និង​ខាង​អាកប្បកិរិយា ) ពិតជា​ផ្លាស់​ប្ដូរ​ជីវិត ដូច្នេះ​សូម​កុំ​ស្ទាក់ស្ទើរ​នឹង​លើក​ទឹកចិត្ត​មនុស្ស​ដែល​បងប្អូន​កំពុង​គាំទ្រ​នោះ​ឲ្យ​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ទាំងនេះ ។

  4. ប្រសិន​បើ​ពួកគេ​ដួល​ចុះ សូម​ជួយ​ពួកគេ​ងើប​ឡើង​មក​វិញ​ម្ដង​ទៀត ។

    បើ​យើង​រស់នៅ​ក្នុង​ពិភពលោក​ដ៏​ល្អ​ឥត​ខ្ចោះ នោះ​ការភ្លាត់​ទៀត​នឹង​មិន​កើត​ឡើង​ទេ ប៉ុន្តែ​នេះ​ជា​ជីវិត​រមែង​ស្លាប់ ។ ប្រសិន​មនុស្ស​ដែល​បងប្អូន​កំពុង​គាំទ្រ​នោះ​ភ្លាត់​ទៀត សូម​រំឭក​ពួកគេ​ថា​ពួកគេ​បាន​មក​ឆ្ងាយ​ប៉ុណ្ណា​ហើយ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​កុំ​ឲ្យ « ចុះចាញ់​ឡើយ ក្រោយពី​បរាជ័យ​ច្រើនដង ហើយ​កុំ​គិត​ថា [ ពួកគេ ] មិន​អាច​បោះបង់​អំពើបាប និង​យកឈ្នះ​លើ​ការញៀន​នោះ​បាន​ឡើយ » ។ ដូច​អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « [ ពួកគេ ] មិន​អាច​ឈប់​ព្យាយាម » ឡើយ ( ហើយ​បងប្អូន​ក៏​មិន​អាច​ឈប់​ដែរ ) ។ ការភ្លាត់​ទៀត​ពុំ​បាន​ដាក់​ពួកគេ​នៅ​កន្លែង​ចាប់​ផ្ដើម​ម្ដង​ទៀត​ទេ ។ វា​ពុំ​បាន​លប់​ចោល​នូវ​ការ​ខិតខំ និង​សន្ទុះ​ទាំងអស់​ដែល​ពួកគេ​បាន​មាន​នោះ​ឡើយ ។ ពួកគេ​តែងតែ​មាន​ឱកាស​មួយ​ទៀត ដើម្បី​ត្រឡប់​មក​កាន់គន្លង​ផ្លូវ​វិញ ឈោង​ទៅ​ព្រះអង្គ​សង្គ្រោះ ហើយ​បន្ត​ទៅ​មុខ​ទៀត ។

  5. តោង​ឲ្យ​ជាប់​នឹង​សេចក្ដី​សង្ឃឹម ។

    ការមើល​ឃើញ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​ពុះពារ​ដើម្បី​យក​ឈ្នះ​លើ​ការញៀន​របស់​ពួកគេ ជួនកាល​ធ្វើ​ឲ្យ​បងប្អូន​ឆ្ងល់​ថា​បើ​ពួកគេ​នឹង​បាន​ជា​សះស្បើយ​ពេញលេញ​ឬ​ទេ ។ ( ទុក​ចិត្ត​ចុះ ខ្ញុំ​ដឹង ។ ខ្ញុំ​ធ្លាប់​គិត​បែប​នោះ​ច្រើន​ដង​ជាង​ដែល​ខ្ញុំ​ចង់​សារភាព ) ។ សូម្បី​មរមន​បានសួរ​ថា « ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន? » ប៉ុន្តែ​មិន​ថា​វា​ពិបាក​យ៉ាង​ណា​ទេ យើង​តែងតែ​អាច​ឈោង​ទៅ « សេចក្ដី​សង្ឃឹម​ដោយ​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ » បាន​ជានិច្ច ( មរ៉ូណៃ ៧:៤១ ) ។

ក្នុង​ជីវិត​ខ្ញុំ ម្ដាយ​ខ្ញុំ​បាន​ដួល​ចុះ​ជា​ច្រើន​ដង​ជាង​ដែល​ខ្ញុំ​អាច​រាប់​បាន ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាព​នឹង​និយាយ​ថា វា​មាន​រយៈពេល​ប្រាំមួយ​ឆ្នាំ​ហើយ តាំង​ពី​គាត់​ផឹកសា្រ​លើក​ចុងក្រោយ ។ ទោះ​ជា​ខ្ញុំ​ត្រូវការ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​នៃ​ការរៀន​សូត្រ និង​ការរៀន​ម្ដង​ហើយ​ម្ដង​ទៀត ពី​របៀប​ដើម្បី​គាំទ្រ​គាត់ ក៏​ការ​មើល​ឃើញ​គាត់​សះស្បើយ​បាន​បង្រៀន​ខ្ញុំ​ថា គ្មាន​នរណា​ម្នាក់​ទៅ​ជ្រុល​ហួស​នោះ​ទេ ។ មិន​ថា​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​ភ្លាត់​ប៉ុន្មាន​ដង​នោះ​ទេ សូម​បន្ត​ទៅ​មុខ​ទៀត—បន្ត​ព្យាយាម​គាំទ្រ​ពួកគេ​នៅក្នុង​របៀប​ណា​ក៏​ដោយ​ដែល​បងប្អូន​អាច​ធ្វើ​បាន ។ ការសះស្បើយ​គឺ​ជា​ការតាំងចិត្ត​អស់​មួយ​ជីវិត—ជា​ដំណើរ​មួយ​ដែល​ពោរពេញ​ដោយ​ទឹកភ្នែក ជ័យជំនះ បរាជ័យ និង​ជោគជ័យ—ហើយ​វា​សម​នឹង​តម្លៃ​ដើម្បី​ប្រយុទ្ធ ។

កំណត់​ចំណាំ

  1. Dylan Thomas « Do not go gentle into that good night » ( ឆ្នាំ ១៩៥១ ) ។

  2. រ័សុល អិម ណិលសុន « Addiction or Freedom » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៧ ។

  3. Brené Brown, Daring Greatly: How the Courage to Be Vulnerable Transforms the Way We Live, Love, Parent, and Lead ( ឆ្នាំ ២០១២ ) ទំព័រ ៥៨ ។

  4. Brené Brown, Dare to Lead: Brave Work. Tough Conversations. Whole Hearts ( ឆ្នាំ ២០១៨ ) ទំព័រ ១២៩ ។

  5. រ័សុល អិម ណិលសុន « Addiction or Freedom » ទំព័រ ៧ ។

  6. ជែហ្វ្រី អ័រ ហូឡិន « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤២ ។

  7. អូលីសេស សូរ៉េស « ផ្ទុក​ឈើ​ឆ្កាង​របស់​យើង » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៤ ។

  8. អូលីសេស សូរ៉េស « ផ្ទុក​ឈើ​ឆ្កាង​របស់​យើង » ទំព័រ ១១៤ ។