២០២០
មាន​វិធី​ជា​ច្រើន​ដើម្បី​សិក្សា​ព្រះគម្ពីរ
ខែ តុលា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

មាន​វិធី​ជា​ច្រើន​ដើម្បី​សិក្សា​ព្រះគម្ពីរ

សូម្បី​តែ​បងប្អូន​មិន​ចូលចិត្ត​អាន​ក៏​ដោយ ក៏​មាន​នូវ​វិធី​ជា​ច្រើន​ដើម្បី​សិក្សា​ព្រះគម្ពីរ​ផងដែរ ។

ខ្ញុំ​ស្រឡាញ់​ការហៅ​បម្រើ​របស់​ខ្ញុំ​នា​ពេល​បច្ចុប្បន្ន​ជា​អ្នក​លេង​ព្យាណូ​នៅ​ថ្នាក់​កុមារ ។ កាល​ពី​ពីរបី​សប្ដាហ៍​មុន ពួក​កុមារ​កំពុង​ហាត់​ច្រៀង​ចម្រៀង​មួយ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ កាល​ដែល​ពួកគេ​បាន​ច្រៀង ៖

ស្វែងរក គិត និង​អធិស្ឋាន

គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។

ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ដក់​ក្នុង​ចិត្ត

ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរពិត ។

ប៉ុន្តែ​ក៏​មាន​សំណួរ​មួយ​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ​ផងដែរ ។ ចុះ​បើ​បងប្អូន​មិន​ចូល​ចិត្ត​អាន—ដូចជា​វគ្គ​ទីមួយ​នៅក្នុង​ចម្រៀង​បាន​ប្រាប់​ថា—« ខ្ញុំ​ចូលចិត្ត​អាន​គម្ពីរ​បរិសុទ្ធ » វិញ​នោះ ? ខ្ញុំ​គិត​ថា ប្រធានបទ​នៃ​ការអាន​បាន​មាន​នៅក្នុង​គំនិត​ខ្ញុំ​ថ្មីៗ​នេះ ដោយសារ​មាន​មិត្តភក្ដិ​ច្រើន​ជាង​ម្នាក់​បាន​ចែកចាយ​ថា ពួកគេ​ជួប​ការលំបាក​ជាមួយ​នឹង​ការមិន​មាន​លទ្ធភាព​អាន ។ ហើយ​មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​ស្គាល់​គឺ​មិន​រីករាយ​ក្នុង​ការអាន​តែម្ដង ! តើ​មាន​របៀប​មួយ​ដែល​ពួកគេ​អាច​នៅតែ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​មួយ​ជាមួយ​ព្រះគម្ពីរ ហើយ​អភិវឌ្ឍ « ទីបន្ទាល់​ថា​ជា​ការពិត » ដែរ​ឬ​ទេ ?

មនុស្ស​ហាក់បី​ដូច​ជា​រៀន​បាន​ល្អ​បំផុត នៅពេល​ព័ត៌មាន​ត្រូវ​បាន​បង្ហាញ​នៅក្នុង​របៀប​ខុសៗ​គ្នា​ជា​ច្រើន ដូចជា​ទាំង​ដោយ​ការមើល​ឃើញ និង​ដោយ​ការនិយាយ​ផ្ទាល់​មាត់ និង​មេរៀន​ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​ហើយ​ម្តង​ទៀត ។ ដោយ​គិត​ដល់​រឿង​នេះ​ក្នុង​ចិត្ត​ខ្ញុំ​បាន​ព្យាយាម​គិត​អំពី​វិធី​ខុសៗ​គ្នា​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​អាច​គិត​ឃើញ ។ មែន​ហើយ មិនមែន​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​បញ្ជី​នេះ​នឹង​រាប់ទុក​ថា​ជា ការសិក្សា​ព្រះគម្ពីរ​ដោយ​ផ្ចិតផ្ចង់ និង​ស៊ីជម្រៅ ដែល​ពួក​ព្យាការី​បាន​បង្រៀន​ថា​ជា​ការចាំបាច់​ដល់​ទីបន្ទាល់​របស់​យើង​នោះ​ទេ—វិធី​មួយ​ចំនួន​គឺ​គ្រាន់តែ​ជា​គំនិត​ឆាប់​រហ័ស សប្បាយៗ—ប៉ុន្តែ​ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​វា​អាច​នឹង​បំផុស​ជា​គំនិត​ថ្មីៗ​របស់​បងប្អូន​ខ្លះ ។ ចូរ​យើង​ផ្ដល់​ការប្រឹងប្រែង​បំផុត​ដល់​ការសិក្សា​ដំណឹងល្អ ដើម្បី​យើង​អាច ហើយ​ដូចជា​ចម្រៀង​នោះ​ថា « នឹង​មាន​ការយល់​ដឹង » ជាមួយ​គ្នា ។

គំនិត​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ

  1. រកមើល​ពាក្យ​ទាំងឡាយ​ដែល​ត្រូវបាន​លើក​ឡើង​ច្រើន​ដង​នៅក្នុង​ពរ​របស់​លោក​អយ្យកោ​របស់​បងប្អូន ហើយ​រកមើល​ពាក្យ​ដូច​គ្នា​នោះ​នៅក្នុង​ព្រះគម្ពីរ ។

  2. ពេល​បងប្អូន​សិក្សា សូម​គូរ​រូប​អំពី​គំនិត​របស់​បងប្អូន​នៅក្នុង​កំណត់ហេតុ​ការសិក្សា​មួយ ឬ​នៅក្នុង​រឹម​សៀវភៅ​សិក្សា ចូរមក​តាម​ខ្ញុំ របស់​បងប្អូន ។

  3. ធ្វើ​ជា​គំរូ​តុក្កតា​តូចៗ​អំពី​រឿង​មួយ​ចេញ​ពី​ព្រះគម្ពីរ ។

  4. ទូរសព្ទ​ទៅ​សាច់ញាតិ​ដែល​រស់នៅ​ឆ្ងាយ ហើយ​អាន​ជាមួយ​គ្នា​តាម​ទូរសព្ទ ។

  5. សូម​សរសេរ​ទុក​នូវ​បញ្ជី​មួយ​នៃ​សំណួរ​ដែល​បងប្អូន​មាន​សម្រាប់​ព្រះ ហើយ​បន្ទាប់​មក​រកមើល​ចម្លើយ​ពេល​បងប្អូន​អាន ។

  6. មើល​វីដែអូ​មួយ​ចេញពី​គេហទំព័រ BookofMormonVideos.org ឬ BibleVideos.org ។

  7. បើក​ព្រះគម្ពីរ​ទៅ​ជំពូក​ណា​ក៏​បាន ហើយ​ចាប់ផ្ដើម​អាន ។

  8. ច្រៀង​ទំនុក​តម្កើង​មួយ បន្ទាប់​មក​មើល​បទគម្ពីរ​ដែល​មាន​រាយ​នៅ​ចុង​បញ្ចប់​នៃ​ចម្រៀង​នោះ ។

  9. សូម​ទៅកាន់​គេហទំព័រ topics.ChurchofJesusChrist.org ហើយ​សិក្សា​អ្វី​ដែល​បងប្អូន​ចាប់​អារម្មណ៍ ។

  10. មើល​រូបគំនូរ​នៅលើ​អ៊ិនធើរណិត​ដែល​ពិពណ៌នា​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​បងប្អូន​កំពុង​សិក្សា ។

  11. អាន​តែ​ក្បាល​ជំពូក និង​ក្បាល​កណ្ឌ​នៃ​គម្ពីរ​មួយ ។

  12. ចាក់​តន្ត្រី​លួងលោម​ជា​ភ្លេង​សុទ្ធ ពេល​កំពុង​អាន​ឮៗ ។

  13. រកមើល​របៀប​នានា​ដែល​ជំពូក​នីមួយៗ​នៃ​ព្រះគម្ពីរ​ទាក់ទង​ទៅ​នឹង​ព្រះវិហារ​បរិសុទ្ធ ។

  14. ប្រសិន​បើ​តាម​ធម្មតា បងប្អូន​សិក្សា​ព្រះគម្ពីរ​ជា​ឌីជីថល សូម​សាកល្បង​ព្រះគម្ពីរ​ដែល​បោះពុម្ព ឬ​បើ​បងប្អូន​ជា​ធម្មតា​សិក្សា​ព្រះគម្ពីរ​ដែល​បោះពុម្ព សូម​សាកល្បង​ព្រះគម្ពីរ​ជា​ឌីជីថល​វិញ ។

  15. ផាត់ ឬ​គូរ​រូប​ពី​ឆាក ឬ​រឿង​មួយ​ពី​ព្រះគម្ពីរ ។

  16. ធ្វើ​ដូច​ជា​បងប្អូន​ត្រូវបាន​ចាត់តាំង​ឲ្យ​និយាយ​អំពី​ប្រធានបទ​មួយ​នៅ​ព្រះវិហារ ហើយ​សិក្សា​សម្រាប់​ការឡើង​និយាយ​នោះ ។

  17. បន្ទាប់​ពី​អាន​ជំពូក​ដ៏​ចូលចិត្ត​មួយ​ក្នុង​ព្រះគម្ពីរ សូម​សរសេរ​ឡើងវិញ​ជា​ពាក្យ​សម្ដី​ផ្ទាល់​របស់​បងប្អូន ។

  18. តាម​បទគម្ពីរ​យោង​នៅក្នុង​ខដែល​ចូលចិត្ត​មួយ បន្ទាប់​មក​តាម​បទគម្ពីរ​យោង​នៅក្នុង​ខ​ទាំងនោះ​ដែល​នាំ​បងប្អន​មក​ដល់ ហើយ​បន្ទាប់​មក​តាម​បទគម្ពីរ​យោង​ទាំងនោះ​ទៀត ។ ល ។

  19. ដាក់​វេន​គ្នា​អាន​ខ​ទាំងឡាយ​ឲ្យ​ឮៗ​ជាមួយ​មិត្តភក្ដិ ហើយ​និយាយ​អំពី​អ្វី​ដែល​បងប្អូន​អាន ។

  20. ប្រើប្រាស់ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ដើម្បី​សិក្សា​ពាក្យ​មួយ ឬ​ប្រធានបទ​មួយ ។

  21. រកមើល​បទគម្ពីរ​ទាំងអស់​នៅក្នុង​កំណត់​ចំណាំ​នៅ​ចុង​នៃ​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ ។

  22. ដាក់​បទគម្ពីរ​មួយ​នៅ​កន្លែង​ណា​ដែល​បងប្អូន​មើលឃើញ​ជា​រៀងរាល់​ថ្ងៃ ហើយ​ព្យាយាម​ទន្ទេញ​វា​នៅ​សប្ដាហ៍​នេះ ។

  23. សរសេរ​កាត​ជូន​ដល់​មនុស្ស​ដោយ​ភ្ជាប់​ជាមួយ​នឹង​បទគម្ពីរ​ដែល​លួងលោម​ចិត្ត​នៅ​ខាង​ក្នុង ។

  24. ប្រើប្រាស់ បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ស្ដាប់​តាម ពេល​ព្រះគម្ពីរ​អាន​ឮៗ ។

  25. គូរ​បន្ទាត់​ពេលវេលា​នៃ​ព្រឹត្តិការណ៍​ទាំងឡាយ ពេល​បងប្អូន​អាន​ព្រះគម្ពីរ​មរមន ។

  26. ស្វែងរក « ពួកម៉ាក​ព្រះគម្ពីរ » ម្នាក់ ហើយ​ផ្ញើ​សារ​ទៅ​គ្នា​ទៅវិញ​ទៅមក​នូវ​ខ​មួយ​ជា​រៀងរាល់​ព្រឹក ។

  27. ចាប់​ផ្ដើម​ពី​ជំពូក​ចុងក្រោយ​នៃ​ព្រះ​គម្ពីរ​មរមន ហើយ​អាន​ទៅ​ដើម​ដំបូង​វិញ ។

  28. អាន​ព្រះគម្ពីរ​ដែល​បញ្ចូល​ទីបន្ទាល់​មួយ រួចហើយ​សរសេរ​ទីបន្ទាល់​របស់​បងប្អូន​ទុក ។

  29. ប្រសិន​បើ​បងប្អូន​លេង​ឧបករណ៍​តន្ត្រី​មួយ ព្យាយាម​សរសេរ​ចម្រៀង​មួយ​ដែល​ចាប់​យក​អារម្មណ៍​នៃ​ខ​មួយ ។

  30. សួរ​ដល់​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​អំពី​ខគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត ។

  31. ពេល​បងប្អូន​អាន សូម​គូររូប​នូវ​កម្មវត្ថុ​ដែល​ត្រូវបាន​ពិពណ៌នា​នោះ ដូចជា​ធ្នូ​ដែល​បាក់​របស់​នីហ្វៃ ។

  32. អាន ហើយ​ទន្ទេញ​ខ​ទាំងឡាយ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្រៀន​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​មាន​ក្នុង​ជំពូក​ទីបី​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។

  33. អាន​គម្ពីរ​មួយ​ក្នុង​ព្រះគម្ពីរ​ប៊ីប ដែល​បងប្អូន​មិនដែល​បាន​អាន​ពីមុន​មក ។

  34. ស្រាវជ្រាវ​ពី​ជីវិត​របស់​វីរបុរស​ម្នាក់​នៅក្នុង​ព្រះគម្ពីរ ហើយ​សរសេរ​របាយការណ៍​ជីវប្រវត្តិ​មួយ ។

  35. សម្ដែង​រឿង​ពី​ព្រះគម្ពីរ​មួយ​ជា​ផ្នែក​នៃ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ឬ​សកម្មភាព​សាសនាចក្រ​ផ្សេងទៀត ។

  36. ស្វែងរក​ការដកស្រង់​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់ ដើម្បី​ឲ្យ​វា​សមស្រប​ជាមួយ​នឹង​ជំពូក​នីមួយៗ​ដែល​បងប្អូន​អាន​ចប់ ។​

  37. អាន​ជំនួយ​សិក្សា​ព្រះគម្ពីរ ដូចជា បុព្វកថា​ចំពោះ​ព្រះគម្ពីរ​មរមន ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

  38. ចំណាយ​ពេល​នៅក្នុង​ធម្មជាតិ ហើយ​គិត​ថា​តើ​អ្វី​ដែល​បងប្អូន​ឃើញ​ទាក់ទង​នឹង​ដំណឹងល្អ​យ៉ាង​ដូចម្ដេច បន្ទាប់​មក​ស្វែងរក​ខមួយ​អំពី​អ្វី​ដែល​បងប្អូន​បានរៀន ។

មាន​គំនិត​ខ្លួនឯង​ឬ ? សូម​ចែកចាយ​វា​ជាមួយ​មិត្តភក្ដិ​​របស់​បងប្អូន !

កំណត់​ចំណាំ

  1. « ស្វែងរក គិត អធិស្ឋាន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦