របៀបដែលខ្ញុំបានរកឃើញការព្យាបាលពីការរំលោភបំពានផ្លូវភេទ
ខ្ញុំបានរស់នៅក្នុងសុបិនដ៏អាក្រក់មួយ ។ ប៉ុន្តែក្រោយមកខ្ញុំបានរៀនថា អំឡុងគ្រាដ៏ងងឹតបំផុតរបស់ខ្ញុំ ខ្ញុំអាចពឹងផ្អែកទៅលើព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
សុបិនអាក្រក់របស់ខ្ញុំបានចាប់ផ្ដើម ពេលខ្ញុំទើបតែមានអាយុប្រាំពីរឆ្នាំ ហើយម្ដាយខ្ញុំបានរៀបការម្ដងទៀត ។ យើងពិតជាចូលចិត្តឪពុកចុងថ្មីរបស់ខ្ញុំ ។ គាត់មានសន្តានចិត្តល្អ ហើយចុះសម្រុងនឹងគ្រួសារយើងណាស់ ។ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថភាពណាស់ពេលនៅក្បែរគាត់ ។ អ្វីៗគ្រប់យ៉ាងគឺល្អណាស់ រហូតដល់ថ្ងៃមួយ ពេលដែលសមាជិកគ្រួសារគ្រប់គ្នាផ្សេងទៀតរវល់ គាត់បានរំលោភខ្ញុំ ។
ខ្ញុំមិនយល់ពីអ្វីដែលគាត់បានធ្វើចំពោះខ្ញុំនោះទេ ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ភាន់ច្រឡំ ហើយអាម៉ាស់ខ្លាំងណាស់ ។ ប៉ុន្តែខ្ញុំក៏មានការបារម្ភនឹងប្រាប់គ្រប់គ្នាផងដែរ ។ ខ្ញុំបានគិតថា វានឹងបំផ្លាញសុភមង្គលថ្មីរបស់គ្រួសារខ្ញុំ ហើយថានឹងគ្មាននរណាជឿខ្ញុំឡើយ ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តមិននិយាយពីវា ។
គាត់បានធ្វើឲ្យខ្ញុំឈឺចាប់តែម្ដងនោះ តែការចងចាំពីការរំលោភងតែមានឥទ្ធិពលលើគំនិតខ្ញុំ ។ ទីបំផុត ខ្ញុំបានក្លាយជាមនុស្សដែលមានគំនិតចេះតែភ័យខ្លាចថា នរណាម្នាក់នឹងមើលឃើញពីការឈឺចាប់របស់ខ្ញុំ ហើយលាតត្រដាងការសម្ងាត់របស់ខ្ញុំ រហូតដល់ខ្ញុំបានព្យាយាមលាក់ការពិតដោយការធ្វើជាមិត្តល្អជាមួយឪពុកចុងខ្ញុំទៀតផង ។ គាត់មានសន្តានចិត្តល្អជាពិសេសចំពោះខ្ញុំ ហើយតាមពិតទៅខ្ញុំបានចាប់ផ្ដើមចូលចិត្តគាត់ម្ដងទៀត ។
ប៉ុន្តែបន្ទាប់មកអ្វីៗក្លាយកាន់តែអាក្រក់ឡើង ។ ពេលម៉ាក់បានចាប់ផ្ដើមធ្វើការពេលយប់ ឪពុកចុងខ្ញុំបានចាប់ផ្ដើមរំលោភខ្ញុំជាប្រចាំ ។ ខ្ញុំមានអារម្មណ៍ថាគ្មានទីពឹងងសោះ ។ ខ្ញុំចង់ប្រាប់ពីវា ប៉ុន្តែគ្រប់គ្នាចូលចិត្តឪពុកចុងខ្ញុំណាស់ ហើយខ្ញុំបានគិតថា គ្រប់គ្នានឹងនៅខាងគាត់ ។ ដូច្នេះនៅពេលយប់ ពេលខ្ញុំនៅតែឯង ខ្ញុំបានទូលអង្វរព្រះឲ្យជួយខ្ញុំរក្សារឿងសម្ងាត់របស់ខ្ញុំ ។
ត្រូវហ៊ាននិយាយ
នៅទីបំផុតថ្ងៃណាមួយ ការរំលោភបំពាននោះត្រូវបានបញ្ឈប់ ។ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ ។ ទោះបីជាគាត់មិនបានរំលោភខ្ញុំទៀត ក៏ខ្ញុំតែងតែមានអារម្មណ៍ថាកខ្វក់ ហើយអាម៉ាស់ ។ ខ្ញុំបានស្អប់ខ្លួនឯង ។ ពេលខ្លះខ្ញុំថែមទាំងបានវែកញែកថា បើការស្លាប់វាងាយស្រួលជាងភាពពិតរបស់ខ្ញុំឬទេ ។ ខ្ញុំនៅតែចង់ប្រាប់ពីវា ប៉ុន្តែខ្ញុំបារម្ភពីអ្វីដែលនឹងកើតឡើងបើខ្ញុំប្រាប់ការពិតនោះ ។
បន្ទាប់មក នៅថ្ងៃអាទិត្យមួយនៅព្រះវិហារ ពេលខ្ញុំអាយុ ១៤ ឆ្នាំ ខ្ញុំបានស្ដាប់ដល់មេរៀនមួយអំពីការធ្វើការសម្រេចចិត្តដ៏ធំទាំងឡាយ ។ គ្រូរបស់ខ្ញុំបានលើកទឹកចិត្តយើងឲ្យតមអាហារ ហើយអធិស្ឋាន និងបានសន្យាថា ព្រះនឹងពង្រឹងយើងឲ្យធ្វើអ្វីដែលត្រឹមត្រូវ ។ បន្ទាប់ពីចេញពីព្រះវិហារ ខ្ញុំបានបន្តគិតអំពីអ្វីដែលគាត់បាននិយាយ ។ ខ្ញុំឆ្ងល់ថា បើខ្ញុំទូលសូម តើព្រះនឹងពិតជាជួយខ្ញុំឲ្យនិយាយប្រាប់ដែរឬទេ ?
ស្អែកឡើង ខ្ញុំបានតមអាហារដើម្បីទទួលបានភាពក្លាហានដើម្បីប្រាប់ម្ដាយខ្ញុំ អំពីការរំលោភបំពាននោះ ។ ខ្ញុំមិនអាចផ្ដោតអារម្មណ៍នៅសាលាទេ ដោយសារអ្វីដែលខ្ញុំអាចគិតឃើញ គឺថាតើគាត់នឹងមានប្រតិកម្មយ៉ាងណា ? ទម្រាំដល់ពេលខ្ញុំមកដល់ផ្ទះ ខ្ញុំមានអារម្មណ៍ឈឺខ្លាំងមែនទែន ។ ខ្ញុំបានអធិស្ឋានម្ដងទៀតដើម្បីបានកម្លាំង ប៉ុន្តែខ្ញុំពុំមានអារម្មណ៍ថាបានត្រៀមរួចរាល់ដើម្បីប្រាប់គាត់ទេ ។
នៅល្ងាចនោះ ខ្ញុំបានទៅកាន់ម្ដាយខ្ញុំពេលគាត់កំពុងចម្អិនអាហារពេលល្ងាច ។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេ ប៉ុន្តែពេលខ្ញុំបានសម្លឹងទៅក្នុងក្រសែភ្នែកគាត់ ខ្ញុំបានរកឃើញភាពក្លាហានដើម្បីចាប់ផ្ដើមនិយាយ ។ ពេលខ្ញុំបានចាប់ផ្ដើម អ្វីៗគ្រប់យ៉ាងដែលបានលាក់ទុកអស់ជាច្រើនឆ្នាំបានហូរចេញមកអស់ ។
ម៉ាក់ និងខ្ញុំបានអង្គុយនៅលើសាឡុង ហើយយំជាមួយគ្នា ។ ក្រោយពីនោះមក យើងបានទាក់ទងទៅប្រធានសាខារបស់យើង ហើយបានហៅប៉ូលីស ។ ឪពុកចុងខ្ញុំបានទទួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើចំពោះខ្ញុំ ហើយខ្ញុំបានទទួលការការពារដែលខ្ញុំត្រូវការ—ខ្ញុំនឹងមិនបាច់ជួបគាត់ម្ដងទៀតទេ ។
ផ្លូវទៅកាន់ការជាសះស្បើយ
អំឡុងពេលនោះ វាពិបាកក្នុងការប្រាប់ឡើងវិញពីបទពិសោធន៍របស់ខ្ញុំដល់អ្នកមានសិទ្ធិអំណាច និងការមានមិត្តភក្ដិសួរថា ឪពុកចុងខ្ញុំទៅណា ប៉ុន្តែដោយមានការគាំទ្រពីគ្រួសារខ្ញុំ ខ្ញុំមិនឯកោទៀតទេ ។ ជាមួយគ្នា យើងបានប្រមូលគ្នាប្រកាន់នូវបាវចនាគ្រួសារថ្មីមួយ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ( ភីលីព ៤:១៣ ) ។ គ្រួសារជិតឆ្ងាយយើងក៏បានផ្ដល់ក្ដីស្រឡាញ់ និងការគាំទ្ររបស់ពួកគេផងដែរ ហើយបន្តិចម្តងៗ យើងបានចាប់ផ្ដើមជាសះស្បើយជាមួយគ្នា ។
ម៉ាក់ និងខ្ញុំ យើងទាំងពីរបានទទួលការប្រឹក្សាជំនាញ ដែលបានជួយយើងខ្លាំងណាស់ ! ទីប្រឹក្សារបស់ខ្ញុំគឺជាអ្វីដែលខ្ញុំពិតជាត្រូវការ ។ គាត់បានជួយខ្ញុំឲ្យយល់ពីអារម្មណ៍ទាំងអស់ដែលខ្ញុំបានមាន ហើយបានជួយខ្ញុំឲ្យដោះស្រាយនឹងការចងចាំអាក្រក់ៗរបស់ខ្ញុំ ។ ខ្ញុំមិនដែលបានដឹងទេថា ខ្ញុំឈឺចាប់ប៉ុណ្ណា រហូតដល់ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍សះស្បើយឡើងវិញ ។
ខ្ញុំពុំបានគិតថា ការឈឺចាប់នោះនឹងបាត់ទៅវិញ ដោយគ្រាន់តែដោយសារខ្ញុំបាននិយាយប្រាប់នោះទេ ប៉ុន្តែខ្ញុំមិនបានដឹងផងដែរថា វាត្រូវការពេលវេលា ( និងការអត់ធ្មត់ ) ច្រើនប៉ុណ្ណាដើម្បីបានជាសះស្បើយនោះ ។ ខ្ញុំបានមានអារម្មណ៍ថាគ្មានតម្លៃអស់រយៈពេលយ៉ាងយូរ ។ ខ្ញុំត្រូវតែរៀនឡើងវិញ ដើម្បីស្រឡាញ់ខ្លួនឯង ។
ខ្ញុំបានរកឃើញភាពសុខសាន្តបំផុត ពេលខ្ញុំងាកទៅរកព្រះអង្គសង្គ្រោះ និងព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ការដឹងថា ពួកទ្រង់ពិតជាត្រាស់ដឹងថា ខ្ញុំបានមានអារម្មណ៍បែបណា បានផ្តល់នូវកម្លាំង និងក្ដីសង្ឃឹមដល់ខ្ញុំ ។ ខ្ញុំបានពឹងផ្អែកលើពួកទ្រង់ អំឡុងគ្រាដ៏ងងឹតបំផុត ។ យូរៗទៅ ការចងចាំទាំងនោះបានចាប់ផ្ដើមរសាយទៅ ហើយខ្ញុំពិតជាមានអារម្មណ៍សុខសាន្តតាមរយៈសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
ផ្នែកដ៏មានរង្វាន់បំផុតមួយនៃដំណើរការជាសះស្បើយ គឺការដឹងថា ខ្ញុំពិតជាមានអនាគតដ៏ចែងចាំងមួយ ។ ពេលដែលខ្ញុំត្រូវបានរំលោភបំពាន ខ្ញុំមិនទាំងអាចស្រមៃពីការមានជីវិតដ៏ធម្មតាមួយផង ។ ខ្ញុំបានមានអារម្មណ៍ថាត្រូវបាក់បែករហូត ។ ប៉ុន្តែតាមរយៈជំនួយ និងការជាសះស្បើយ ខ្ញុំបានរកឃើញអ្វីៗដែលខ្ញុំទន្ទឹងរង់ចាំ ។ ខ្ញុំបានចាប់ផ្ដើមប្រាប់រឿងខ្ញុំដល់ក្មេងស្រីផ្សេងៗទៀត ដែលមានការឈឺចាប់ ហើយថែមទាំងបានសម្រេចចិត្តដើម្បីបម្រើបេសកកម្មទៀតផង ។ ការចែកចាយទីបន្ទាល់របស់ខ្ញុំជាមួយមនុស្សដទៃទៀត បានពង្រឹងខ្ញុំ ។
ខ្ញុំមិនត្រូវបានកំណត់អត្តសញ្ញាណដោយអ្វីដែលឪពុកចុងខ្ញុំបានធ្វើចំពោះខ្ញុំនោះទេ ។ គាត់បានផ្លាស់ប្ដូរជីវិតខ្ញុំជារៀងរហូត ប៉ុន្តែខ្ញុំជ្រើសរើសដើម្បីប្រើប្រាស់បទពិសោធន៍របស់ខ្ញុំដើម្បីជួយមនុស្សផ្សេងទៀត ។ ថ្ងៃខ្លះនៅតែពិបាក ប៉ុន្តែតាមរយៈអ្វីៗគ្រប់យ៉ាង ព្រះអម្ចាស់បានពង្រឹងខ្ញុំ ហើយខ្ញុំដឹងថា ទ្រង់នឹងបន្តជួយដល់ខ្ញុំ ។ ខ្ញុំបានប្រែក្លាយពីជនរងគ្រោះទៅជាអ្នករស់រាន្តមានជីវិតម្នាក់ ។