២០២០
ភេសូ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់
ខែ តុលា ឆ្នាំ ២០២០


ភេសូ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

អ្នកនិពន្ធ​រស់នៅរដ្ឋ​ឈីវ៉ាវ៉ា ប្រទេស​ម៉ិកស៊ិក ។

Tithing Pesos

សូហ្វៀ​បាន​ភ្ញាក់​ពី​ព្រលឹម ។ ថ្ងៃ​នេះ​គឺ​ពិសេស​ណាស់ ។ នាង​នឹង​លក់​ទឹក​ក្រូចឆ្មារ​នៅ​ផ្ទះ​មីង និង​ពូ​របស់​នាង ពេល​ពួកគាត់​លក់​របស់របរ​ដែល​ឈប់​ប្រើ ។ ម៉ាម៉ា​បាន​ធ្វើ​ទឹក​ក្រូចឆ្មារ​មួយ​ក្រឡ​ធំ​សម្រាប់​ នាង ។

សូហ្វៀ​បាន​ធ្វើ​ស្លាក​មួយ ។ នាង​បាន​សរសេរ​ថា « ទឹក​ក្រូចឆ្មារ ! » ដែល​មាន​អក្សរ​ពណ៌​ទឹកក្រូច និង​ពណ៌​លឿង ។ នាង​បាន​បិត​វា​ទៅ​នឹង​តុតូច​មួយ ។ បន្ទាប់​មក​នាង​បាន​អង្គុយ​ចុះ​ដើម្បី​រង់ចាំ ។

មិន​យូរ​ប៉ុន្មាន​មាន​បុរស​ម្នាក់​មក​ដល់ ។ គាត់​បាន​សួរ​ថា « ពូ​សុំ​មួយ​ពែង​បាន​ទេ ? » គាត់​បាន​ដាក់​លុយ​ភេសូ​ខ្លះ​ក្នុង​ក្រឡ​នាង ។

« ចាស៎​បាន ! » សូហ្វៀ​បាន​តប ។ នាង​បាន​ចាក់​ទឹក​ក្រូចឆ្មារ​មួយ​ពែង​ឲ្យ​គាត់ ។

បន្តិច​ម្ដងៗ មនុស្ស​បាន​មក​មើល​ការលក់​របស់​របរ ។ ហើយ​បន្តិច​ម្ដងៗ ពួកគេ​បាន​ទិញ​ទឹក​ក្រូច​ឆ្មារ​ដ៏​ឆ្ងាញ់​នោះ ។ ព្រឹក​នោះ​បាន​កន្លង​ទៅ​ដោយ​រីករាយ ។ មិន​យូរ​ប៉ុន្មាន​ទឹក​ក្រូចឆ្មារ​ត្រូវបាន​លក់​អស់​រលីង ។

សូហ្វៀ​បាន​ក្រឡុង​ក្រឡ​នាង ។ លុយ​ភេសូ​បន្លឺ​សូរ​រ៉ឹងៗ ។ នាង​បាន​លុយ​ជាច្រើន !

« ល្អណាស់ ! » ប៉ាប៉ា​បាន​និយាយ ។

សូហ្វៀ​មិន​ដែល​មាន​លុយ​ច្រើន​ទេ​ពី​មុន​មក ។ « ​ខ្ញុំ​នឹង​ទិញ​យ៉ូ-យ៉ូ​មួយ ! »

ប៉ាប៉ា​បាន​ញញឹម ។ « តើ​កូន​ដឹង​ទេ​ថា ម៉ាម៉ា និង​ប៉ាប៉ា​ធ្វើ​អ្វី ពេល​យើង​រក​លុយ​បាន ? »

សូហ្វៀ​ក្រវី​ក្បាល​នាង ។

ប៉ាប៉ា​បាន​និយាយ​ថា « យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ។ « ព្រះវរបិតាសួគ៌​បាន​ប្រទាន​អ្វីៗ​គ្រប់យ៉ាង​ដល់​យើង ។ ទ្រង់​ស្នើ​ឲ្យ​យើង​ថ្វាយ​ដល់​ទ្រង់​វិញ​នូវ​មួយ​ផ្នែក​តូច ។ យើង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដោយសារ​យើង​ស្រឡាញ់​ទ្រង់ » ។

សូហ្វៀ​បាន​ញញឹម ។ នាង​ចង់​​បង្ហាញ​ព្រះ​វរបិតាសួគ៌ថា នាង​ក៏​ស្រឡាញ់ទ្រង់​ដែរ ។

ប៉ាប៉ា​បាន​ជួយ​សូហ្វៀ​រាប់​លុយ​ភេសូ​របស់​នាង ។ ពេល​ណា​ដែល​នាង​រាប់​ដល់ ១០ នាង​ដាក់​មួយ​ភេសូ​ទៅក្នុង​ស្រោម​សំបុត្រ ។ ប៉ាប៉ា​បាន​ជួយ​នាង​សរសេរ​លេខ​នៅលើ​ក្រដាស​ពណ៌​ស​តូច​មួយ ។ ពួកគេ​បាន​ដាក់​ក្រដាស​នោះ​ទៅក្នុង​ស្រោម​សំបុត្រ​ជាមួយ​នឹង​លុយ​ភេសូ ។ បន្ទាប់​មក​ពួកគេ​បាន​បិទ​វា ។ សូហ្វៀ​នឹង​ជូន​វា​ទៅ​ប៊ីស្សព​នៅ​ថ្ងៃ​ស្អែក​នៅ​ព្រះវិហារ ។

« តើ​កូន​មាន​អារម្មណ៍​បែបណា ? » ប៉ាប៉ា​បាន​សួរ​សូហ្វៀ ។

« សប្បាយ​ចិត្តណាស់ ! ហើយ​នៅតែ​មាន​លុយ​សល់​សម្រាប់​ប្រដាប់​លេង​យ៉ូ-យ៉ូ​មួយ ។ » នាង​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​រីករាយ​នឹង​ជម្រើស​របស់​នាង ។ ●