« តើប្អូនមានគម្ពីរពណ៌ខៀវដែលមានអក្សរពណ៌មាសមួយក្បាលទេ ? »
បន្ទាប់ពីបានបោះគម្ពីរនោះចោលមួយរយៈ ខ្ញុំបានចង់ដឹងថាមានអ្វីនៅក្នុងនោះ ។
ជាច្រើនឆ្នាំកន្លងមកហើយ ខ្ញុំបានទទួលគម្ពីរពណ៌ខៀវដែលមានអក្សរពណ៌មាសនៅលើក្របសៀវភៅ ពីពួកអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅក្នុងបន្ទាយទាហាន ដែលខ្ញុំកំពុងទទួលការហ្វឹកហ្វឺនសម្រាប់ការងារខ្ញុំនៅក្នុងកងទ័ពជើងទឹកសហរដ្ឋ ។
កាលដែលខ្ញុំបានចាប់ផ្ដើមអានគម្ពីរនោះ មនុស្សម្នាក់បានប្រាប់ខ្ញុំថា វាមិនពិត ដោយសារវាចម្លងចេញពីព្រះគម្ពីរប៊ីប ។ វាបានបណ្ដាលឲ្យខ្ញុំសង្ស័យនឹងភាពពិតរបស់គម្ពីរនោះ ប៉ុន្តែខ្ញុំបានទុកវា ។ ខ្ញុំបានអានវាបន្តិច បានដាក់វានៅបាតកាបូបទាហានរបស់ខ្ញុំ ហើយបានភ្លេចពីវា ។
ជាងមួយឆ្នាំក្រោយមក ខ្ញុំបានសម្រេចចិត្តសម្អាតកាបូបទាហានរបស់ខ្ញុំ ។ ខ្ញុំបានឃើញគម្ពីរនោះ ប៉ុន្តែពុំមានចំណាប់អារម្មណ៍នឹងវាទៀតទេ ដូច្នេះខ្ញុំបានបោះវាចោល ។ ប៉ុន្តែមួយរយៈក្រោយមក ខ្ញុំមានការចង់ដឹងកាន់តែខ្លាំងឡើង អំពីអ្វីដែលនៅក្នុងគម្ពីរពណ៌ខៀវដែលមានអក្សរពណ៌មាសនោះ ។ ឥឡូវនេះខ្ញុំជឿថា អារម្មណ៍នេះបានមកពីព្រះវិញ្ញាណ « ដែលនាំឲ្យធ្វើល្អ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១២ ) ។
នៅក្នុងឆ្នាំ ២០០៥ មិត្តថ្មីម្នាក់បានអញ្ចើញខ្ញុំឲ្យស្ដាប់ពួកអ្នកផ្សព្វផ្សាយសាសនា ។ ពីដំបូង ខ្ញុំមានសំណួរ និងការសង្ស័យនានាអំពីអ្វីដែលពួកគេបង្រៀន ប៉ុន្តែពួកអ្នកផ្សព្វផ្សាយសាសនាមានទំនុកចិត្ត ហើយបានផ្ដល់ចម្លើយទាំងឡាយដែលធ្វើឲ្យខ្ញុំយល់ ។
ពេលខ្ញុំបានដឹងថា ពួកអ្នកផ្សព្វផ្សាយទាំងនេះដូចជាពួកអ្នកដែលបានជួបប៉ុន្មានឆ្នាំមុន ខ្ញុំបានសួរពួកគេទាំងអន្ទះសាថា « តើប្អូនៗមានគម្ពីរពណ៌ខៀវដែលមានអក្សរពណ៌មាសមួយក្បាលទេ ? »
អ្នកផ្សព្វផ្សាយម្នាក់បានឆ្លើយថា « បាទ យើងមាន ! » « យើងហៅវាថាព្រះគម្ពីរមរមន ! »
ខ្ញុំរំភើបចិត្តដែលមានព្រះគម្ពីរមរមនម្ដងទៀត ។ តាមពិតទៅ ខ្ញុំរំភើបចិត្តណាស់ រហូតដល់ខ្ញុំអានវាច្រើនដងក្នុងរយៈពេលតិចជាងពីរសប្ដាហ៍ ។ កាលដែលខ្ញុំបានអាន ហើយអធិស្ឋាន ខ្ញុំបានដឹងថា វាគឺជាព្រះបន្ទូលនៃព្រះ ។
អែលឌើរ រូបេន វី អាលីអូឌ នៃពួកចិតសិបនាក់បាននិយាយពីអ្វីមួយនៅក្នុងសន្និសីទទូទៅ ដែលទាក់ទងទៅនឹងបទពិសោធន៍របស់ខ្ញុំជាមួយនឹងព្រះគម្ពីរមរមន ៖ « អ្នកអានណាដែលតាំងចិត្តសិក្សា [ ព្រះគម្ពីរមរមន ] ដោយស្មោះ ដោយស្មារតីនៃការអធិស្ឋាន នោះនឹងពុំគ្រាន់តែរៀនអំពីព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែនឹងរៀនមកពីព្រះគ្រីស្ទ—ជាពិសេសបើពួកគេធ្វើការសម្រេចចិត្ត ‹ សាកល្បងគុណតម្លៃនៃពាក្យសម្ដី › [ អាលម៉ា ៣២:៥ ] ហើយមិនបដិសេធវាជានិរន្ដរ៍ដោយការមិនជឿទាំងលម្អៀង ដោយអ្វីដែលអ្នកដទៃបាននិយាយអំពីរឿងទាំងឡាយដែលពួកគេមិនដែលបានអាន » ។១
ដោយការអានព្រះគម្ពីរមរមន ការអធិស្ឋាន និងការទុកចិត្តលើព្រះវិញ្ញាណ នោះខ្ញុំបានឃើញការណ៍អស្ចារ្យទាំងឡាយកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ។ ◼