ការបង្ហាញអំពីសេចក្តីជំនឿ
សាគីអ៊ូសា និង សាឡូត មៃវីរីវីរី
ទីក្រុងសូវ៉ា កោះហ្វីជី
ខ្ញុំស្ទើរមិនជឿពីសេចក្តីសុខសាន្ត និងសុភមង្គលដែលខ្ញុំបានឃើញនៅក្នុងគ្រួសារមៃវីរីវីរី ។ ពួកគេរស់នៅដោយអំណរ និងគោលបំណងជារៀងរាល់ថ្ងៃ ថ្វីបើមានកូនពីរនាក់បានស្លាប់ទៅហើយក្ដី ។
ឡេសលី នីលសុន ជាងថតរូប
សាឡូត ៖
ពីរឆ្នាំក្រោយពីកូនប្រុសយើង អ៊ីសា បានស្លាប់ដោយសារមហារីកថ្លើម កូនស្រីយើង អ៊ីសាលីន បានស្លាប់ដោយសារជំងឺរលាកស្រោមខួរ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំបានទទួលការបំផុសដ៏ខ្លាំងឲ្យនិយាយជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាចំណាស់ជាស៊ីស្ទើរម្នាក់ ដែលបានបាត់បង់កូនពីរនាក់ប៉ុន្មានឆ្នាំមុននេះ ។ គាត់បានប្រាប់ខ្ញុំថា « បើប្អូនធ្វើឲ្យគេហដ្ឋានរបស់ប្អូនជាទីបរិសុទ្ធមួយ នោះប្អូនអាចមានអារម្មណ៍នៃវត្តមានរបស់កូនៗប្អូននៅទីនោះ » ។
ការណ៍នោះបានក្លាយជាគោលដៅរបស់យើង ។ អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ គឺដើម្បីធ្វើឲ្យគេហដ្ឋានរបស់យើងជាទីបរិសុទ្ធមួយ ។ យើងចង់មានអារម្មណ៍ថាពួកគេនៅក្បែរយើង ។
យើងអត់ចេះពីរបៀបធ្វើជាឪពុកម្ដាយដល់កូនៗដែលបានស្លាប់ទៅហើយនោះទេ ។ ប៉ុន្តែបើយើងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងដើម្បីរស់នៅដោយសុចរិត នោះយើងជឿថា ពួកគេនឹងដឹងពីការប្រឹងប្រែងរបស់យើង ។ នៅក្នុងការប្រជុំធម្មនិដ្ឋានគ្រួសារយើង យើងស្វាគមន៍អ៊ីសា និង អ៊ីសាលីន ដោយឈ្មោះ ។
នៅក្នុងផ្ទះយើង សូម្បីតែពេលយើងមានការមិនចុះសម្រុងមួយ យើងព្យាយាមដោះស្រាយវាឲ្យបានលឿន ។ យើងចង់ឲ្យផ្ទះរបស់យើងបន្តនៅជាទីបរិសុទ្ធមួយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ កាលដែលយើងធ្វើដូច្នោះ យើងទាំងអស់គ្នាមានសង្ឃឹម និងទទួលបានការព្យាបាល ព្រមទាំងសេចក្ដីស្រឡាញ់ ។
សាគីអ៊ូសា ៖
បទពិសោធន៍នៃការបាត់បង់អ៊ីសា និង អ៊ីសាលីន ទីបំផុតបាននាំឲ្យគ្រួសារយើងកាន់តែមានភាពជិតស្និតនឹងគ្នា ។ យើងប្រឹក្សាជាមួយគ្នានឹងកូនៗយើងផ្សេងទៀត ។ យើងចូលរួមនៅព្រះវិហារបរិសុទ្ធជាមួយគ្នាជាក្រុមគ្រួសារ ។ យើងរស់នៅសាមញ្ញបំផុតតាមដែលអាចធ្វើទៅបាន ហើយជ្រើសរើសការដឹងគុណជារៀងរាល់ថ្ងៃ ។ ពេលយើងនិយាយអំពីអត្ថន័យនៃការបានផ្សារភ្ជាប់ជាគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធ ការផ្សារភ្ជាប់នោះក្លាយជារស់រវើកចំពោះយើង ។ ហើយតាមរយៈការណ៍ទាំងអស់នេះ យើងពិតជាមានអារម្មណ៍នៃវត្តមានរបស់កូនៗយើង ។
រឿងដំបូងមួយដែលយើងបានធ្វើដើម្បីធ្វើឲ្យគេហដ្ឋានរបស់យើងកាន់តែបរិសុទ្ធ គឺចាប់ផ្ដើមអានព្រះគម្ពីរមរមនរាល់ថ្ងៃ ។ ពីដំបូង យើងបានចែកចាយរឿងពីព្រះគម្ពីរមរមនដែលមានរូបភាពជាមួយនឹងកូនតូចៗរបស់យើង ។ បន្ទាប់មកយើងបានបន្ថែមវីដេអូ ។ ឥឡូវនេះយើងអានបន្ថែមទៀតពីព្រះគម្ពីរមរមន ។ ខ្ញុំអាចថ្លែងទីបន្ទាល់អំពីអំណាចនៃព្រះគម្ពីរមរមន ។
ខ្ញុំក៏អាចថ្លែងទីបន្ទាល់អំពីអំណាចនៅក្នុងផែនការនៃសេចក្តីសង្រ្គោះផងដែរ ។ ពេលយើងរៀបចំពិធីបុណ្យសពរបស់អ៊ីសា និងអ៊ីសាលីន យើងបានសម្រេចចិត្តមិនធ្វើពិធីបុណ្យសពយ៉ាងឧឡារិកដែលជារឿងធម្មតានៅក្នុងវប្បធម៌ហ្វីជី ។ ផ្ទុយទៅវិញ ភរិយាខ្ញុំ និងខ្ញុំជាមនុស្សតែពីរនាក់ដែលឡើងនិយាយ ហើយពួកយើងបាននិយាយអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ ចាប់តាំងពីពេលនោះមក សមាជិកគ្រួសារជិតឆ្ងាយជាច្រើនរបស់យើងបានចូលសាសនាចក្រជា បន្តបន្ទាប់ក្រោយពីបានឮសេចក្ដីពិតទាំងនេះនៅក្នុងពិធីបុណ្យសពនោះ ។