សំណួរ និងចម្លើយ
តើខ្ញុំអាចយកឈ្នះលើអារម្មណ៍ឯកោបានយ៉ាងដូចម្តេច ?
អភិវឌ្ឍទេពកោសល្យរបស់បងប្អូន
ខ្ញុំយកឈ្នះលើអារម្មណ៍ឯកោរបស់ខ្ញុំ ដោយការអភិវឌ្ឍទេពកោសល្យរបស់ខ្ញុំ មិនថាវាជាឧបករណ៍តន្ត្រី ចំណង់ចំណូលចិត្ត ។ ល ។ វាជួយបង្វែរបងប្អូនពីអារម្មណ៍ឯកោរបស់បងប្អូន ហើយជាញឹកញាប់វានឹងទៅបាត់ទាំងស្រុងតែម្ដង ។ ការណ៍នេះក៏នឹងនាំទៅកាន់ការស្វែងរកមនុស្សផ្សេងទៀតដែលមានចំណាប់អារម្មណ៍ដូចបងប្អូនផងដែរ ។
ស្ទីវិន អេចហ៍ អាយុ ១២ ឆ្នាំ រដ្ឋនូវ ម៉ិកស៊ីកូ ស.រ.អា.
ស្វែងរកពន្លឺ
ខ្ញុំស្វែងរកការគាំទ្រ ការលើកទឹកចិត្ត និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីផ្ដល់ភាពសុខសាន្ត ក្ដីសង្ឃឹម និងកម្លាំងដល់ខ្ញុំ នៅពេលតាំងសមាធិ អធិស្ឋាន និងអានព្រះគម្ពីរ ។ ដូចមានចែងនៅក្នុង នីហ្វៃទី៣ ១១:១១ ព្រះយេស៊ូវគ្រីស្ទ « គឺជាពន្លឺ និងជាជីវិតនៃពិភពលោក » ។ ទ្រង់យាងមកដើម្បីបណ្ដេញភាពងងឹតទាំងអស់ ។
អែនឌ្រៀ ប៊ី អាយុ ១៨ ឆ្នាំ រដ្ឋហ្សូលៀ ប្រទេសវ៉េណេស៊ុយអេឡា
ងាកទៅរកមិត្តភក្ដិ និងគ្រួសារ
ពេលខ្ញុំមានអារម្មណ៍ឯកោ ខ្ញុំចូលចិត្តងាកទៅរកមិត្តភក្ដិ និងគ្រួសាររបស់ខ្ញុំ វាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍រីករាយ ។ ខ្ញុំសម្លឹងមើលពរជ័យទាំងឡាយនៅក្នុងជីវិតខ្ញុំ ហើយអរព្រះគុណព្រះវរបិតាសួគ៌ចំពោះអ្វីៗជាច្រើនដែលទ្រង់បានប្រទានដល់ខ្ញុំរួចហើយ !
ថាលលី អិន អាយុ ១៦ ឆ្នាំ រដ្ឋអូរីហ្គិន ស.រ.អា.
ចងចាំអំពីផែនការរបស់ព្រះ
សូមដឹងថា តាមរយៈផែនការរបស់ព្រះ យើងមិនចាំបាច់មានអារម្មណ៍ឯកោឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធតែងតែគង់នៅជាមួយយើង ហើយព្រះត្រាស់ដឹងពីអ្វីដែលយើងកំពុងលំបាក ។ ព្រះអម្ចាស់បានឆ្លងកាត់គ្រប់ការសាកល្បង និងការលំបាកទាំងអស់ដែលបងប្អូនប្រឈមមុខ ។ អ្វីដ៏សំខាន់បំផុតមួយដែលយើងទទួលអារម្មណ៍នៅក្នុងជីវិតរមែងស្លាប់នេះ គឺសុភមង្គល ប៉ុន្តែយើងពុំអាចមានសុភមង្គលដោយគ្មានភាពសោកសៅនោះទេ ( សូមមើល នីហ្វៃទី២ ២:១១ ) ។ សូមអធិស្ឋានទៅព្រះ ហើយទូលសូមជំនួយ ទ្រង់នឹងមិនភ្លេចយើងម្នាក់ណាឡើយ ។
ប្រុក អេស អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា.
សូមទុកចិត្តលើព្រះអម្ចាស់
ការចាកចេញពីផ្ទះទៅប្រទេសប្រេស៊ីល សម្រាប់បេសកកម្មរបស់ខ្ញុំគឺពិបាក ។ ខ្ញុំស្ទើរតែមិនចេះនិយាយភាសានោះសោះ ! ប៉ុន្តែខ្ញុំបានរៀនថា ប្រសិនបើបងប្អូនមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់ជាមួយបងប្អូន នោះបងប្អូនមិនដែលមានអារម្មណ៍ឯកោឡើយ ។ ទ្រង់ស្គាល់បងប្អូន ហើយទ្រង់នឹងជួយបងប្អូន ។ សូមទុកចិត្តទ្រង់ !
អែលឌើរ យ៉ូសែប ថូលិន អាយុ ២០ ឆ្នាំ បេសកកម្មប្រេស៊ីល កាពីណាស់