ទ្រង់បានផ្គុំខ្ញុំឡើងវិញ
មិត្តរបស់ខ្ញុំបានឮថាខ្ញុំឈឺ ហើយបានផ្ញើររូបផ្គុំដែលធ្វើដោយខ្លួនគាត់ផ្ទាល់ជាពិសេសសម្រាប់ខ្ញុំ ។
ខ្ញុំតែងតែគិតពីខ្លួនឯងថាជាមនុស្សមានសុខភាពល្អ ។ ដូច្នេះខ្ញុំបានតក់ស្លុត ពេលខ្ញុំបានភ្ញាក់ឡើងនៅព្រឹកមួយ ហើយមានអារម្មណ៍ថាតឹងទ្រូងយ៉ាងខ្លាំង ដូចជាវារៀបនឹងផ្ទុះ ។ ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាប្រញាប់ ប៉ុន្តែបន្ទាប់ពីការធ្វើតេស្តអស់ជាច្រើនម៉ោង វេជ្ជបណ្ឌិតពុំអាចរកឃើញបញ្ហាទេ ។ ពួកគាត់បានបញ្ជូនខ្ញុំទៅផ្ទះវិញ ទោះបីខ្ញុំនៅតែមានការឈឺចាប់ជាខ្លាំងក្តី ។ ដោយហេតុនោះ មានការចាប់ផ្ដើមការណាត់ជួបវេជ្ជបណ្ឌិតដ៏ពិបាករយៈពេលប្រាំពីរខែ ការស្នាក់នៅមន្ទីរពេទ្យ និងការឈឺចាប់ដ៏ខ្លាំងបំផុតដែលខ្ញុំមិនធ្លាប់ជួបក្នុងជីវិតខ្ញុំ ។
ខ្ញុំបានចាប់ផ្តើមធ្លាក់ទឹកចិត្ត ។ ខ្ញុំត្រូវបោះបង់ចោលថ្នាក់មហាវិទ្យាល័យរបស់ខ្ញុំ ហើយប្ដូរទៅរស់នៅជាមួយឪពុកម្ដាយខ្ញុំវិញ ។ ខ្ញុំមិនអាចចេញទៅក្រៅជាមួយមិត្តភក្ដិបានទេ ។ ខ្ញុំឈឺខ្លាំងណាស់រហូតដល់មិនអាចធ្វើអ្វីៗដែលជាចំណូលចិត្តរបស់ខ្ញុំបាន ។ ខ្ញុំបានមានអារម្មណ៍ថា អ្វីគ្រប់យ៉ាងដែលខ្ញុំខ្វាយខ្វល់—សេចក្តីប្រាថ្នារបស់ខ្ញុំ ចំណងទាក់ទងរបស់ខ្ញុំ ទេពកោសល្យរបស់ខ្ញុំ—បានបែកខ្ចាត់ខ្ចាយអស់ ហើយឥឡូវនេះបំណែកទាំងឡាយនៃខ្លួនខ្ញុំពីមុន ហាក់បីដូចជាពុំអាចដាក់ផ្គុំបញ្ចូលគ្នាវិញបានទេ ។ ហើយខ្ញុំបានចាប់ផ្តើមឆ្ងល់ថា តើព្រះវរបិតាសួគ៌អនុញ្ញាតឲ្យការណ៍នេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចទៅ ? តើទ្រង់មិនបានស្រឡាញ់ខ្ញុំទេឬ ?
បន្ទាប់ពីការជួបជាមួយវេជ្ជបណ្ឌិតដ៏ឈឺចាប់ និងខកចិត្តមួយទៀត អ្វីដែលខ្ញុំចង់ធ្វើគឺដេកក្រវៀនៗ ហើយយំ ។ ប៉ុន្តែពេលខ្ញុំមកដល់ផ្ទះ ខ្ញុំបានឃើញអ្វីមួយចម្លែកនៅលើរានហាល ៖ ប្រអប់ស្បែកជើងរហែកកញ្ចាស់មួយរុំដោយស្កុត ហើយចារឈ្មោះខ្ញុំ ។
សំបុត្រនៅលើប្រអប់នោះបង្ហាញថា ប្រអប់នោះមកពីមិត្តម្នាក់របស់ខ្ញុំ ។ នាងបានឮថាខ្ញុំឈឺ ហើយចង់លើកទឹកចិត្តខ្ញុំឡើង ។ ពេលខ្ញុំបើកប្រអប់ស្បែកជើងនោះ ខ្ញុំបានឃើញវាមានពេញដោយបំណែកស្នោតូចៗ ។ វាជារូបផ្គុំដែលធ្វើដោយខ្លួនគាត់ផ្ទាល់ជាពិសេសសម្រាប់ខ្ញុំ ។
ពេលខ្ញុំដាក់ផ្គុំរូបនោះ ខ្ញុំបានចាប់ផ្ដើមយំ ។ រូបផ្គុំនោះបានបង្កើតជាឈ្មោះខ្ញុំ ហ៊ុំព័ទ្ធដោយសារដ៏ផ្អែមល្ហែមនៃសេចក្ដីស្រឡាញ់ និងការលើកទឹកចិត្ត ។ ខ្ញុំបានមានអារម្មណ៍ថា បំណែកនៃខ្លួនខ្ញុំដែលបែកខ្ចាត់ខ្ចាយ ឥឡូវនេះត្រូវបានដាក់ផ្គុំចូលគ្នាវិញ កាលដែលខ្ញុំផ្គុំបំណែកនៃអំណោយរបស់មិត្តខ្ញុំ ។
មួយរយៈខ្លីក្រោយមក ខ្ញុំបានចាប់ផ្ដើមប្រើថ្នាំមួយដែលបានកាត់បន្ថយរោគសញ្ញារបស់ខ្ញុំ ហើយបានជួយវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ ។ ខ្ញុំមានស្ថានភាពដ៏កម្រតែអាចព្យាបាលបាន ហើយដោយមានថ្នាំត្រឹមត្រូវ ខ្ញុំអាចត្រឡប់ទៅកាន់ជីវិតធម្មតារបស់ខ្ញុំវិញបាន ។
សូម្បីតែពេលដែលរាងកាយខ្ញុំបានជា ខ្ញុំបានដឹងថា ខ្ញុំនឹងមិនដែលភ្លេចពីអ្វីដែលខ្ញុំបានរៀនឡើយ ។ ដោយសារតែអំណោយដ៏ផ្អែមល្ហែមរបស់មិត្តខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានស្រឡាញ់ ហើយថា ព្រះវរបិតាសួគ៌ពុំបានភ្លេចខ្ញុំទេ ។ សូមអរគុណដល់ចិត្តសប្បុរសរបស់មិត្តម្នាក់ និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ខ្ញុំបានជាសះស្បើយម្តងទៀត បន្ទាប់ពីមានអារម្មណ៍ថាត្រូវបែកខ្ចាត់ខ្ចាយអស់ជាច្រើនខែ ។ ◼