២០២០
តើ​ការញៀន​ដូចគ្នា​នឹង​ការបះបោរ​ដែរ​ឬ​ទេ ?
ខែ តុលា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

តើ​ការញៀន​ដូចគ្នា​នឹង​ការបះបោរ​ដែរ​ឬ​ទេ ?

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា. ។

ការយល់ដឹង​ប្រសើរ​មួយ​អំពី​ការញៀន អាច​ជួយ​យើង​ឲ្យ​ទុកចិត្ត​ថា ថ្ងៃ​មួយ ព្រះអម្ចាស់​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​សេវកភាព ។

illustration of flowers

នៅក្នុង​ពិភពលោក​ដ៏​ធ្លាក់​ចុះ​របស់​យើង ការញៀន​គឺ​ជា​ភាពពិត​ដ៏​ថប់​អារម្មណ៍ និង​ផ្លាស់ប្ដូរ​ជីវិត​សម្រាប់​មនុស្សមួយ​ចំនួនន ។ ពេល​យើង​ប្រើប្រាស់​អ្វី​មួយ​ដោយ​ហួសកម្រិត ដើម្បី​គេច​ពី​ ជីវិត ដូចជា អាហារ ថ្នាំ​ត្រូវ​មាន​វេជ្ជបញ្ជា បណ្ដាញ​សង្គម ការនិយាយ​ដើមគេ ការណ៍អាសគ្រាម ការកុហក់ ល្បែងស៊ីសង ឬ​សូម្បីតែ​ជា​ការហាត់ប្រាកម្រិ យើង​អាច​ងាយ​ នឹង​ឃើញ​ថា ខ្លួន​យើង​ជាប់​នៅក្នុង​វដ្ដ​នៃ​ការញៀន​មួយ ។

កាលដែល​ខ្ញុំ​មើល​ឃើញ​មនុស្ស​ដ៏​ប្រពៃ ពេញ​ដោយ​ក្ដី​ស្រឡាញ់ ស្រទន់​នៅ​ជុំ​វិញ​ខ្ញុំ ជួប​ការលំបាក​នឹង​ការញៀន មិន​ត្រឹម​តែ​ចុះចាញ់​នឹង​ជម្រើស​ខុស​ប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ងាក​ទៅរក​ព្រះគម្ពីរ និង​ការស្រាវជ្រាវ​ថ្មីៗ​អំពី​ការញៀន ដើម្បី​យល់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ពី​កម្លាំង​ចរន្ត​ចិត្ត​នៃ​សរសៃ​ប្រសាទ និង​ចំណង់​ដែល​ពិបាក​នឹង​ទប់​ទាំងនេះ ។

ស្មៅ​នៃ​ការញៀន

ការគ្រប់គ្រង​ការញៀន​អាច​ប្រដូច​ទៅនឹង​ការថែ​សួន ។ យើង​មិន​មែន​ដកស្មៅ​ចេញ​តែ​ម្ដង ហើយ​រំពឹង​ថា​រួច​ហើយ​នោះ​ទេ ។ យើង​ដឹង​ថា​ស្មៅ​នឹង​ដុះ​ឡើង​ទៀត ដូច្នេះ​យើង​ដក​ស្មៅ​ចេញ​ដោយ​ប្រុងប្រយ័ត្ន និង​ជា​ទៀងទាត់ ដើម្បី​ការពារ​ដំណាំ ។

ប្រសិនបើ​យើង​កំពុង​ពុះពារ​នឹង​ការញៀន យើង​អាច​ក្លាយ​ជា​បាក់​ទឹកចិត្ត ពេល​យើង​ភ្លាត់​ម្ដង​ទៀត សូម្បី​តែ​បន្ទាប់​ពី​ការប្រែចិត្ត និង​ស្វែងរក​ជំនួយ​ហើយ​ក៏​ដោយ ។ យើង​អាច​នឹង​ភ្ញាក់ផ្អើល ហើយ​ថប់អារម្មណ៍ ដែល​ការល្បួង​ទាំងនេះ​ខ្លាំង​ឡើង ជា​ពិសេស​បន្ទាប់​ពី​គ្រា​ដ៏​រីករាយ​ខ្លាំង ឬ​សោកសៅ​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង ។ ( ដូចជា​ស្មៅ​ដែល​ទំនង​ជា​នឹង​លូតលាស់​ថែមទៀត បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ដ៏​ស្រស់ស្រាយ ឬ​ព្យុះ​ដ៏​ខ្លាំង​រួច​មក ) ។

ការញៀន ទល់នឹង ការបះបោរ​ដោយ​ចេតនា

ខ្ញុំ​បាន​ឃើញ​ថា សាតាំង​ប្រើប្រាស់​ការញៀន​ជា « ភស្ដុតាង » ថា យើង​មាន​បំណង​ប្រាថ្នា​ជាប់ទាក់ទង​នឹង​ការអាក្រក់ ថា​យើង​ត្រូវ​វិនាស​តាំង​ពី​ដំបូង ឬ​ថា​ព្រះអម្ចាស់​បាន​បោះបង់​យើង​ចោល​ហើយ ។ អារក្ស​ប្រើប្រាស់​ភាពអាម៉ាស់ ដើម្បី​បំបាក់​ទឹក​ចិត្ត​យើង ដោយ​ចង្អុល​បង្ហាញ​ថា មិនថា​យើង​ប្រែចិត្ត​ប៉ុន្មាន​ដង​ទេ ការល្បួង​នៅតែ​បន្ត​កើតឡើង ។

មាន​ហេតុផល​ជា​ច្រើន ដែល​មនុស្ស​ងាយ​នឹង​ញៀន ប៉ុន្តែ​ជា​ញឹកញាប់​ការញៀន​ច្រើន​ចាប់ផ្ដើម​ដោយ​ការប៉ុនប៉ង​ដើម្បី​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់ « តម្រូវការ​ស៊ីជម្រៅ និង​មិន​ពេញលេញ » ។ ដូច្នេះ ខណៈ​ដែល​ការបះបោរ​អាច​នាំ​ទៅកាន់​ការញៀន ហើយ​ការញៀន​អាច​បណ្ដាល​ឲ្យ​មាន​បាប នោះ​ជា​ញឹកញាប់ ពួកវា​ត្រូវបាន​សាបព្រោះ ឬ​ពង្រីក​ភាពទន់ខ្សោយ ជាជាង​ឲ្យ​ការបះបោរ​ដោយ​ចេតនា ។

សូមអរគុណ ដែល​យើង​ដឹង​ថា ភាពទន់ខ្សោយ​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​រៀន​អំពី​ព្រះគុណ ហើយ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដ៏​ជ្រាលជ្រៅលើ​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ទម្រាំ​ដល់​ការរំដោះ​ឲ្យ​រួច​ពី​សេវកភាព

យើង​រកឃើញ​ការយល់ដឹង​ក្នុង​ការគ្រប់គ្រង និង​ដោះ​ខ្លួន​ចេញ​ពី​អន្ទាក់​នៃ​ការញៀន ពី​មនុស្ស​ពីរ​ក្រុម​នៅក្នុង​ព្រះគម្ពីរ​មរមន ៖ ប្រជាជន​របស់​លិមហៃ និង​ប្រជាជន​របស់​អាលម៉ា ។

ក្រុម​ទាំងពីរ​បាន​នៅក្នុង​សេវកភាព​អស់ពេល​យ៉ាង​យូរ ។ ទាំងពីរ​ក្រុម​បាន​ដឹង​ថា « គ្មាន​ផ្លូវ​ណា ដែល​គេ​អាច​ដោះ​ខ្លួន​ឲ្យ​រួច » ពី​ការជាប់​ឃុំឃាំង​នោះ​ឡើយ ( ម៉ូសាយ ២១:៥ ) ។ ជាមួយ​នឹង​ពេលវេលា ទាំងពីរ​ក្រុម​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​បាន​ជំនួយ ។

ប្រជាជន​របស់​លិមហៃ​បាន​នៅក្នុង​សេវកភាព ដោយសារ​មូលហេតុ​នៃ​អំពើ​រំលង​ទាំងឡាយ ។ ដោយ​មិន​បាន​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ពួកគេ​បាន​តយុទ្ធ​នឹង​អ្នក​ជិះជាន់​ពួកគេ​ទាំង « ខឹង » ចំនួន​បី​ដង ។ ពួកគេ​បាន​ចាញ់​រាល់ដង ។ ពេល​ពួកគេ​បាន​ចាប់ផ្ដើម​បន្ទាប​ខ្លួន​របស់​ពួកគេ « ព្រះ​អម្ចាស់​ទ្រង់​ក្រ​ឮ​សម្រែក​របស់​ពួក​គេ … [ ប៉ុន្តែ​ទ្រង់ ] គង់តែ … បាន​ឮ​សម្រែក​របស់​គេ​ដែរ ហើយ​បាន​ចាប់​ផ្ដើម​បន្ទន់​ចិត្ត​ពួក​លេមិន ដើម្បី​ពួក​គេ​បាន​ចាប់​ផ្ដើម​សម្រាល​បន្ទុក​ឲ្យ​គេ » ( ម៉ូសាយ ២១:១៥ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។ ពួកគេ​ត្រូវបាន​ប្រទានពរ​ចំពោះ​ការបង្កើន​ការ​បន្ទាប​ខ្លួន​របស់​ពួកគេ ប៉ុន្តែ « ព្រះ​អម្ចាស់​ទ្រង់​មិន​បាន​ទត​ឃើញ​ថា​ល្មម​នឹង​ដោះ​ពួក​គេ​ឲ្យ​ផុត​ពី​សេវក​ភាព​នៅ​ឡើយ​ទេ » រហូត​ដល់​ពេល​ក្រោយ​យូរ​ទៀត ។

ប្រជាជន​របស់​អាលម៉ា​បាន​នៅក្នុង​សេវកភាព ថ្វីបើ​ពួកគេ​សុចរិត​ក្ដី ប៉ុន្តែ​ពួកគេ « បាន​ថ្វាយ​ដួង​ចិត្ត​គេ​ដល់ [ ព្រះ ] » ។ សូម្បី​តែ​បាន​ត្រាស់ដឹង​ពី​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ​ក្ដី ក៏​ព្រះបាន​អនុញ្ញាត​ឲ្យ​មាន​ពេល​រវាង​ការជាប់​ឃុំឃាំង និង​ការរំដោះ​ឲ្យ​រួច​របស់​ពួកគេ​ដែរ ។ កាលដែល​ពួកគេ​បន្ត​ពឹងផ្អែក​លើ​ទ្រង់ នោះ​ទ្រង់​បាន​សន្យា​ថា​ទ្រង់​នឹង « សម្រាល​បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បីតែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវក​ភាព [ នៅឡើយ ] ក្ដី » ។ ជា​ការតបស្នង ពួកគេ « បាន​ធ្វើ​តាម​អស់​ទាំង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដោយ​ការ​រីករាយ និង​ដោយ​ការ​អត់ធន់ » ( ម៉ូសាយ ២៤:១២, ១៤, ១៥ ) ។

នៅ​ទី​បំផុត​មនុស្ស​ទាំងពីរ​ក្រុម​នោះ​ត្រូវបាន​រំដោះ​ឲ្យ​រួច ។ យើង​ក៏​ត្រូវបាន​សន្យា​ផងដែរ​ថា ប្រសិន​បើ​យើង​ងាក​ទៅ​រក​ព្រះអម្ចាស់​នៅក្នុង​សេវកភាព​របស់​យើង នោះ​យើង « អាច​ឈរ​ជា​សាក្សី​ដល់ [ ទ្រង់] ពី​អំណឹះ​ត​ទៅ » ហើយ​នឹង « ដឹង​ជា​ពិត​ប្រាកដ​ថា … ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ [ ពិតជា ] មក​រក​រាស្ត្រ [ ទ្រង់ ] ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » ( ម៉ូសាយ ២៤:១៤ )—និង​ការញៀន​របស់​ពួកគេ !

ចូរ​ក្សាន្ត​ចិត្ត​ចុះ

ប្រសិន​បើ​បងប្អូន​កំពុង​ពុះពារ​ជាមួយ​នឹង​ការញៀន សូម​ចងចាំ​ថា ជាមួយ​នឹង​ជំនួយ​របស់​ព្រះអម្ចាស់ ពេលវេលា​នេះ​អាច​ជា​ដី​ដ៏​មាន​ជីវជាតិ​ដើម្បី​ដាំដុះ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។ កាលដែល​បងប្អូន​បង្កើន​ការបន្ទាប​ខ្លួន បងប្អូន​នឹង​អាច​រៀន​ការអត់ធ្មត់ ការអាណិតអាសូរ ការអត់ធន់ និង​ភាពរាបទាប ។

សូម​ជួប​នឹង​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​បងប្អូន និង​អ្នក​ដែល​អាច​ផ្តល់​ការគាំទ្រ ហើយ​ប្រើប្រាស់​ឧបករណ៍​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន ដើម្បី​ជួយ​បងប្អូន​ស្វែងរក​សេរីភាព ។ សូម​ពឹងផ្អែក​ទៅ​លើ​ព្រះអម្ចាស់ កាលដែល​បងប្អូន​ធ្វើតាម​ទ្រង់​ដោយ​ឧស្សាហ៍​ ព្យាយាម ទ្រង់​អាច​ផ្លាស់ប្រែ​ឧបសគ្គ​ដ៏​នឿយណាយ និង​ថប់អារម្មណ៍​នេះ ទៅជា​ឱកាស​ដ៏​មាន​អានុភាព​សម្រាប់​ការចម្រាញ់​ខាង​វិញ្ញាណ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជនជាតិ​អូស្ត្រាលី​ពី​ជំនាន់​មុន​ម្នាក់ ពេលដែល​ប្រៀបធៀប​ពី​អតីតកាល​របស់​គាត់​ជាមួយ​នឹង​បច្ចុប្បន្នកាល​របស់​គាត់ បាន​និយាយ​ដូចនេះ ៖ « ជីវិត​អតីតកាល​របស់​ខ្ញុំ [ ជា ] ទីវាល​ស្មៅ​ឥត​បាន​ការ ដែល​ស្ទើរតែ​គ្មាន​ផ្កា​ដុះ​នៅក្នុង​ចំណោម​នោះ​ទេ ។ [ ប៉ុន្តែ ] ឥឡូវនេះ ស្មៅ​នោះ​បាន​បាត់​ទៅ ហើយ​មាន​ផ្កា​ដុះ​ឡើង​នៅ​កន្លែង​របស់​វា » ។

កាលដែល​បងប្អូន និង​ខ្ញុំ​ដក​ស្មៅ​ពី​សួន​របស់​យើង​ដោយ​ខ្ជាប់ខ្ជួន ហើយ​ងាក​ទៅ​រក​ព្រះអម្ចាស់​នៅក្នុង​ការសាកល្បង​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​ការសន្យា​ដែល​បាន​ប្រទាន​ដល់​ប្រជាជន​របស់​អាលម៉ា ៖ « ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​ថ្ងៃ​ស្អែក យើង​នឹង​ដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​សេវក​ភាព​ហើយ » ( ម៉ូសាយ ២៤:១៦ ) ។

ចូរ​បន្ត​ដក​ស្មៅ—ការប្រមូល​ផល​គឺ​សម​នឹង​ការប្រឹងប្រែង​នោះ » ◼