មានតែឌីជីថលប៉ុណ្ណោះ
ការស្គាល់ពីការរំលោភបំពានផ្នែកអារម្មណ៍
« ស្វាមីរបស់ខ្ញុំមិនបានរំលោភបំពានទេ ។ គាត់ស្រែកដាក់ខ្ញុំ ហើយប្រើពាក្យប្រមាថដាក់ខ្ញុំ ប៉ុន្តែនោះមិនមែនជាការរំលោភបំពានទេ មែនទេ ? »
យើងដឹងថា « ព្រះអម្ចាស់ថ្កោលទោសដល់អាកប្បកិរិយានៃការរំលោភបំពានគ្រប់ទម្រង់ » ។១ ទម្រង់នៃការរំលោភបំពានមួយចំនួន ដូចជាការរំលោភបំពានផ្នែករាងកាយ គឺងាយនឹងមើលឃើញ ប៉ុន្តែការរំលោភបំពានផ្នែកផ្លូវអារម្មណ៍អាចពិបាកនឹងមើលឃើញខ្លាំងជាង ។ លទ្ធផលនៃជនរងគ្រោះនោះមានដូចជាការភាន់ច្រឡំ ការភ័យខ្លាច ភាពខ្មាស់អៀន ភាពអស់សង្ឃឹម និងមិនឲ្យតម្លៃខ្លួនឯង ។
ការរំលោភបំពានផ្នែកអារម្មណ៍គឺជាការព្យាយាមរបស់មនុស្សម្នាក់ ដើម្បីដកសិទ្ធិជ្រើសរើសរបស់មនុស្សម្នាក់ផ្សេងទៀតចេញ ហើយកើននូវការគ្រប់គ្រងលើពួកគេ ដោយប្រើពាក្យសម្ដី ឬអាកប្បកិរិយាទាំងឡាយដែលគ្រប់គ្រងដោយឧបាយកលទៅលើផ្នែកអារម្មណ៍ និងការជ្រើសរើសនានា ។ ការរំលោភបំពានខាងអារម្មណ៍អាចកើតឡើងនៅក្នុងចំណងទាក់ទងគ្រប់ប្រភេទ ៖ រវាងស្វាមីភរិយា រវាងឪពុកម្ដាយ និងកូនៗ នៅក្នុងមិត្តភាព នៅក្នុងចំណងទាក់ទងនៃការណាត់ជួបជាគូ ឬក្នុងចំណោមអ្នករួមការងារ ។
តើអ្វីជាឧទាហរណ៍មួយចំនួនអំពីការរំលោភបំពានផ្នែកអារម្មណ៍ ?
ការស្គាល់ពីសញ្ញាទាំងឡាយនៃការរំលោភបំពានផ្នែកអារម្មណ៍ អាចជួយបងប្អូនឲ្យ ការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់បងប្អូន ។ អាកប្បកិរិយានៃការរំលោភបំពានមួយចំនួនរួមមាន ៖
-
ការប្រើពាក្យមិនល្អ ចំពោះ បងប្អូន ឬការនិយាយដល់បងប្អូនក្នុងរបៀបប្រមាថមើលងាយ ។
-
ការធ្វើឲ្យបងប្អូនអាម៉ាស់ជាសាធារណៈ ។
-
ការរិះគន់ និងការបន្ទាបតម្លៃចំពោះសមិទ្ធិផលរបស់បងប្អូន និងអ្វីដែលបងប្អូនធ្វើ ។
-
ការស្ដីបន្ទោសបងប្អូនសម្រាប់សកម្មភាពរបស់ពួកគេ ហើយមិនព្រមទទួលខុសត្រូវ ។
-
ធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខុស ដើម្បីឲ្យបងប្អូនធ្វើអ្វីមួយសម្រាប់ពួកគេ ដោយសារពួកគេបានធ្វើអ្វីមួយសម្រាប់បងប្អូន ។
-
ការបំបែកបងប្អូនចេញពីមនុស្សដទៃទៀត និងការគ្រប់គ្រងលើរបៀបដែលបងប្អូនចំណាយពេលវេលារបស់បងប្អូន ។
-
ការគំរាមកំហែង ប្រសិនបើបងប្អូនមិនធ្វើតាមរបៀបជាក់លាក់មួយ ឬធ្វើអ្វីជាក់លាក់មួយ ។
-
ការមិនផ្ដល់ក្ដីស្រឡាញ់ឲ្យ ទាល់តែបងប្អូនធ្វើការណ៍ជាក់លាក់ទាំងឡាយសម្រាប់ពួកគេ ។
-
ការគ្រប់គ្រងដោយឧបាយកលលើបងប្អូនខាងវិញ្ញាណ ដោយការប្រើប្រាស់ជំនឿសាសនាដើម្បីគ្រប់គ្រងបងប្អូន ។
តើខ្ញុំអាចស្គាល់ការរំលោភបំពានផ្នែកអារម្មណ៍បានដោយរបៀបណា ?
វាសំខាន់ដូចគ្នាក្នុងការស្គាល់អាកប្បកិរិយានៃការរំលោភបំពាន និងសញ្ញាព្រមានពីខាងក្នុងរបស់បងប្អូន ។ ខាងក្រោមនេះគឺជាលំនាំគំនិតជាតួយ៉ាងមួយចំនួន និងការសម្រេចចិត្តទាំងឡាយដែលអាចទុកឲ្យបងប្អូននៅក្នុងចំណងទាក់ទងដែលរំលោភបំពានខាងផ្លូវអារម្មណ៍ ៖
-
ការអធ្យាស្រ័យដល់អាកប្បកិរិយារបស់អ្នករំលោភបំពានលើបងប្អូន ៖
-
ការទាញភាពត្រឹមត្រូវនៃអាកប្បកិរិយារបស់អ្នករំលោភបំពាន ៖ « ជាធម្មតានាងមិនធ្វើដូច្នេះទេ—នាងគ្រាន់តែមានសម្ពាធច្រើនឥឡូវនេះ » ។
-
សម្រាលអាកប្បកិរិយានោះ ៖ « វាមិនមែនជាបញ្ហាអ្វីធំដុំនោះទេ » ។
-
ការបន្ទោសខ្លួនឯងសម្រាប់អាកប្បកិរិយារបស់ពួកគេ ៖ « បើគ្រាន់តែខ្ញុំបានធ្វើអាហារពេលល្ងាចឲ្យរួចរាល់ទាន់ពេល នោះគាត់នឹងមិនខឹងខ្លាំង ហើយស្រែកដាក់ខ្ញុំបែបនេះទេ » ។
-
ព្រងើយកន្ដើយនឹងភាពមិនសុខស្រួលខាងផ្លូវអារម្មណ៍ ។ ពីដំបូង នៅពេលបងប្អូនជាជនរងគ្រោះម្នាក់នៃការរំលោភបំពានផ្នែកអារម្មណ៍ បងប្អូនអាចនឹងចង់ចៀសវាងពីជនល្មើស ដោយសារបងប្អូនមិនមានអារម្មណ៍ស្រណុកចិត្ត ឬមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង ពេលពួកគេនៅក្បែរ ។ ដើម្បីរក្សាចំណងទាក់ទង បងប្អូនអាចនឹងព្រងើយកន្តើយចំពោះអារម្មណ៍នៃភាពមិនសុខស្រួលទាំងនេះ ។ ពេលខ្លះ ភាពមិនសុខស្រួលនោះអាចបាត់ទៅ ដោយសារការទម្លាប់ទៅនឹងអាកប្បកិរិយារបស់ពួកគេ ។
-
ការប្រើប្រាស់ជំនឿសាសនាដើម្បីទាញយកភាពត្រឹមត្រូវរបស់ស្ថានភាព ។ នេះគឺជារឿងទូទៅណាស់នៅក្នុងសង្គមយើង រួមទាំងសមាជិកសាសនាចក្រផងដែរ ។ បុគ្គលដែលកំពុងត្រូវបានរំលោភបំពាន អាចនឹងគិតថាដូច្នេះ ៖ « ព្រះអម្ចាស់បញ្ជាយើងឲ្យអត់ទោស ។ ខ្ញុំកំពុងធ្វើអំពើបាបបើខ្ញុំមិនអត់ទោសទេ » ។ ការអត់ទោសគឺជាបទបញ្ញត្តិមួយ ។ ប៉ុន្តែ ដូចជាអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនអំពីព្រះអង្គសង្គ្រោះថា « ទ្រង់ពុំបានមានបន្ទូលថា ‹ អ្នកពុំត្រូវបានអនុញ្ញាតឲ្យមានអារម្មណ៍ឈឺចាប់ពិតប្រាកដ ឬកើតទុក្ខពិតប្រាកដ ដោយសារតែជួបនឹងការបំផ្លិចបំផ្លាញដោយស្នាដៃមនុស្សដទៃនោះទេ › ។ ហើយទ្រង់ក៏ពុំបានមានបន្ទូលថា ‹ ដើម្បីមានការអភ័យទោសទាំងស្រុង អ្នកត្រូវត្រឡប់ទៅរកចំណងទាក់ទងដ៏ឈឺចាប់ ឬត្រឡប់ទៅរកកាលៈទេសៈរំលោភបំពាន បំផ្លិចបំផ្លាញ › នោះវិញឡើយ » ។២
-
ការធ្វេសប្រហែសនឹងតម្រូវការរបស់ខ្លួនឯងផ្ទាល់ ។ បងប្អូនបំពេញតម្រូវការរបស់មនុស្សដទៃទៀត ដោយព្រងើយកន្តើយនឹងការថែទាំខ្លួនឯង ។ ឧទាហរណ៍ ការរងការឈឺចាប់ខាងផ្លូវអារម្មណ៍ ដើម្បីចៀសវាងពីការធ្វើឲ្យអារម្មណ៍នរណាម្នាក់ឈឺចាប់ ឬការឲ្យប្រាក់ទៅមិត្តម្នាក់ សូម្បីតែពេលដែលបងប្អូនមិនមានលទ្ធភាព ។
-
ការមានអារម្មណ៍ថាគ្មានតម្លៃ ។ ការរំលោភបំពានផ្នែកអារម្មណ៍អាចរារាំងអារម្មណ៍របស់បងប្អូនពីការឲ្យតម្លៃខ្លួនឯង ។ តែបងប្អូនជាបុត្រា ឬបុត្រីរបស់ព្រះ ហើយមានធម្មជាតិ និងជោគវាសនាដ៏ទេវភាពមួយ ។ តម្លៃរបស់បងប្អូន ដែលអស្ចារ្យ គឺមិនអាចផ្លាស់ប្ដូរទេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។
តើខ្ញុំអាចធ្វើអ្វីបានខ្លះ បើខ្ញុំកំពុងត្រូវបានរំលោភបំពានផ្នែកអារម្មណ៍ ?
ជួនកាលចំណងទាក់ទងដែលមានការរំលោភបំពានខាងផ្លូវអារម្មណ៍ អាចជាការបំផ្លិចបំផ្លាញខ្លាំងណាស់ រហូតដល់ថ្នាក់ចាំបាច់ត្រូវចាកចេញពីចំណងទាក់ទងនោះ ។ ទោះជាយ៉ាងណា ការចាកចេញពុំមែនជាជម្រើសតែមួយនៅក្នុងគ្រប់ស្ថានភាពនោះទេ ។ ការផ្លាស់ប្ដូរគឺអាចកើតមាន ហើយចំណងទាក់ទងមួយអាចក្លាយជាល្អប្រសើរ បើមានការខិតខំប្រឹងប្រែង ហើយជាញឹកញាប់ដោយមានជំនួយពីអ្នកជំនាញ ។ ប្រសិនបើបងប្អូនជឿថា បងប្អូនអាចនឹងនៅក្នុងចំណងទាក់ទងមួយដែលមានការរំលោភបំពានខាងផ្លូវអារម្មណ៍ ចំនុចខាងក្រោយអាចជួយ ៖
-
ស្វែងរកការគាំទ្រ និងជំនួយពីមនុស្សដែលបងប្អូនទុកចិត្ត ដែលបងប្អូនអាចចែកចាយបទពិសោធន៍របស់បងប្អូនបាន ដូចជាមិត្តភក្ដិ ថ្នាក់ដឹកនាំសាសនាចក្រ ឬអ្នកជំនាញម្នាក់នៅក្នុងអង្គការសហគមន៍មួយ ។ បុគ្គលនេះអាចផ្ដល់ជាការគាំទ្រខាងអារម្មណ៍ និងទស្សនវិស័យវិជ្ជមានអំពីខ្លួនបងប្អូន ហើយអាចចំណាយពេលវេលាដ៏មានគុណភាពជាមួយបងប្អូនឆ្ងាយពីការរំលោភបំពាន ។ ( សូមមើល abuse.ChurchofJesusChrist.org ។ សូមចុច « In Crisis » ដើម្បីបានបញ្ជីនៃលេខទូរសព្ទជំនួយ ) ។
-
ដាក់ និងរក្សាព្រំដែន ជាមួយនឹងបុគ្គលដែលបង្ហាញអាកប្បកិរិយានៃការរំលោភបំពាន ដោយការរកមើលអាកប្បកិរិយាដែលរំលោភបំពាន ហើយដាក់កម្រិតចំពោះការប្រាស្រ័យទាក់ទងបន្តទៀតរបស់បងប្អូន ។ បងប្អូនអាចនិយាយថា « ខ្ញុំមានអារម្មណ៍ថា អ្នកមិនគោរពខ្ញុំទេឥឡូវនេះ ។ ខ្ញុំចង់និយាយជាមួយអ្នក ប៉ុន្តែខ្ញុំនឹងមិននិយាយទេ ទាល់តែអ្នកប្រព្រឹត្តិចំពោះខ្ញុំដោយការគោរព និងសប្បុរស » ។
-
ទទួលជំនួយពីអ្នកប្រឹក្សាជំនាញ ដែលមានចំណេះដឹងអំពីការរំលោភបំពានខាងផ្លូវអារម្មណ៍ និងផលប៉ះពាល់របស់វា ។ ជួនកាលជនល្មើសមិនទាំងដឹងផងថាពួកគេកំពុងរំលោភបំពានផង ។ ពួកគេអាចរៀនផ្លាស់ប្ដូរ ប្រសិនបើពួកគេមានឆន្ទៈដើម្បីស្វែងរកជំនួយ ។ ប្រសិនបើចំណងទាក់ទងនោះមិនបន្តទេ នោះការស្វែងរកជំនួយពីអ្នកជំនាញ ជាមួយនឹងជំនួយពីព្រះអម្ចាស់ នឹងជួយបងប្អូនជាសះស្បើយ ។
-
សូមស្វែងរកព័ត៌មាន និងធនធានជំនួយនានានៅលើគេហទំព័រ abuse.ChurchofJesusChrist.org ។
មិនថាស្ថានភាពរបស់បងប្អូនយ៉ាងណាទេ សូមដឹងថា មានមនុស្សដែលស្រឡាញ់បងប្អូន ហើយចង់ជួយបងប្អូន ។ ហើយដោយការងាកទៅរកព្រះវរបិតាសួគ៌ ព្រះអង្គសង្គ្រោះ និងព្រះវិញ្ញាណបរិសុទ្ធ នោះសេចក្ដីសង្ឃឹម និងការព្យាបាលឲ្យជាអាចកើតឡើងបាន ។