ទូរសព្ទទៅប៉ា
យូបានគិតថា បើខ្ញុំធាក់កង់ឲ្យខ្លាំង ខ្ញុំអាចទៅដល់ផ្ទះមុនពេលផ្លូវលេចទឹក ។
« ចូរសង្ឃឹមឡើង ត្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៨ ) ។
យូបានចេញពីសាលារៀនឯកជនទៅលើផ្លូវដ៏អូរអរនោះ ។ ខួរក្បាលគាត់ពេញដោយអង្គហេតុគណិតវិទ្យាពីថ្នាក់បន្ថែមម៉ោងក្រោយសាលាចប់ ។ មនុស្សម្នាបានប្រញាប់ប្រញាល់ជាមួយនឹងឆ័ត្រ ។ ដំណក់ភ្លៀងធំៗធ្លាក់មកឈូៗ ហើយផ្លូវនោះក៏សើមជោក ។
មិត្តរបស់យូ ឈ្មោះលីន បានចេញមកនៅក្បែរគាត់ ។ លីនបាននិយាយថា « ឯងគួរតែទូរសព្ទទៅប៉ាឯងឲ្យមកទទួលឯងទៅ » ។ « លោកស្ស៊ែងនិយាយថា វាមានទឹកជន់នៅផ្នែកខ្លះៗនៃទីក្រុងនេះ » ។
« ខ្ញុំអាចទៅដល់ផ្ទះដោយខ្លួនឯង ! »
« ប៉ុន្តែ មើលទឹកទាំងអស់នោះន៎ ! » លីនបាននិយាយ ដោយចង្អុលទៅទឹកដែលកំពុងហូរយ៉ាងខ្លាំងទៅក្នុងប្រឡាយ ។
យូបានអារម្មណ៍អស់សំណើចមួយសន្ទុះ ។ តើលីននិយាយត្រូវទេ ? ប្រហែលជាគាត់គួរតែទូរសព្ទទៅប៉ាឲ្យមកយកគាត់ទៅផ្ទះមុនពេលផ្លូវលេចទឹក ។ ប៉ុន្តែគាត់ និងប៉ាទើបឈ្លោះគ្នាកាលពីយប់ម៉ិញ ហើយយូនៅខឹងនៅឡើយ ។ គាត់មិនចង់សូមប៉ាឲ្យជួយនោះទេ ។
យូបានដោះច្រវ៉ាក់ចេញពីកង់គាត់ ហើយបាននិយាយលាលីន ។ យូបានគិតថា បើខ្ញុំធាក់កង់ឲ្យខ្លាំង ខ្ញុំអាចទៅដល់ផ្ទះមុនពេលផ្លូវលេចទឹក ។
គាត់បានធាក់កង់យ៉ាងខ្លាំង ប៉ុន្តែមិនយូរប៉ុន្មានដៃគាត់ត្រជាក់ សំលៀកបំពាក់គាត់ទទឹកជោក ហើយគាត់អស់កម្លាំង ។ គំនិតឲ្យទូរសព្ទហៅប៉ា បានលេចឡើងម្ដងទៀត ។ តើអារម្មណ៍នេះមកពីព្រះវិញ្ញាណបរិសុទ្ធឬ ? ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានជ្រមុជទឹកឲ្យគាត់ បាននិយាយថា ព្រះវិញ្ញាណបរិសុទ្ធអាចជាអ្នកដឹកនាំគាត់ ។ យូបានសម្លឹងមើលមេឃ ។ មេឃងងឹតណាស់ រហូតគាត់មិនអាចមើលឃើញកំពូលអគារទេ ។ ប៉ុន្តែគាត់នៅតែខឹងនឹងប៉ានៅឡើយ ។
យូបានព្រងើយកន្ដើយនឹងអារម្មណ៍នោះ ហើយបានបន្តធាក់កង់ទៅទៀត ។ ទឹកបានឡើងខ្ពស់ រហូតដល់ម្ចាស់ហាងទាំងឡាយបានបិទហាងរបស់ពួកគេ ។ មនុស្សបានរើរបស់របរទៅកន្លែងខ្ពស់ ។ យូបានឃើញម្ដាយម្នាក់រុញកូនរបស់គាត់ពីរនាក់កាត់ទឹកជន់នៅក្នុងទូកផ្លាស្ទិចតូចមួយ ។
ឥឡូវនេះដោយទឹកឡើងដល់កជើងគាត់ យូពុំអាចធាក់កង់គាត់បានទៀតទេ ។ គាត់បានចុះពីកង់ ហើបណ្តើរ ។ វាប្រហែលជាយឺតពេលនឹងទូរសព្ទទៅប៉ាហើយឥឡូវនេះ ហើយភ្លៀងនៅតែធ្លាក់មក ។ ផ្គរលាន់យ៉ាងខ្លាំង ហើយផ្លេកបន្ទោលចាំងឆ្វាចពីលើគាត់ ។ យូមានអារម្មណ៍ភ័យខ្លាច ។ ហើយគាត់ហត់ណាស់ ! គាត់បានមើលទៅមុខ ។ នៅឆ្ងាយទៀតទើបដល់ផ្ទះ ។ គាត់មិនគួរព្រងើយកន្ដើយនឹងព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះតែការឈ្លោះដ៏លីលាមួយនោះទេ ។
យូបានឈប់ដើម្បីអធិស្ឋានខ្លីមួយ ។ គាត់មិនអាចឮសំឡេងរបស់គាត់ទេដោយសារតែភ្លៀង និងផ្គរលាន់ ប៉ុន្តែគាត់បានដឹងថា ព្រះវរបិតាសួគ៌អាចឮគាត់ ។
យូបានអធិស្ឋានថា « ព្រះវរបិតាសួគ៌ » ។ « សូមជួយកូនឲ្យទៅដល់ផ្ទះដោយសុវត្ថិភាពផង » ។ ពេលគាត់បានបញ្ចប់ គាត់បានមានអារម្មណ៍ថាមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តទៅមុខទៀត ។
នៅទីបំផុត យូអាចមើលឃើញផ្ទះគាត់ដែលនៅលើទួល ។ ទាំងត្រជាក់ អស់កម្លាំង ហើយមិនដឹងថាយ៉ាងណាគាត់បាត់ស្បែកជើងម្ខាង យូបានប្រឹងដើរឡើងទួលនោះទាំងលំបាក ។ គាត់បានឃើញប៉ាចាំគាត់នៅខាងក្រៅ ។ ប៉ាបានប្រញាប់ដើរចុះពីទួលដើម្បីមកជួយគាត់ ទឹកបាចសាចពេលគាត់បានរត់មក ។
ពេលប៉ាមកដល់ គាត់បានឱបយូ ។ « ប៉ាបារម្ភខ្លាំងណាស់! » ប៉ាបាននិយាយ ។ « កូនគួរតែទូរសព្ទមកប៉ា ! »
យូបាននិយាយថា « កូនបានគិតថា យើងខឹងគ្នាទៅវិញទៅមក » ។
ប៉ាបានថា « ប៉ាមិនដែលខឹងកូនរហូតដល់ថ្នាក់មិនជួយកូននោះទេ » ។ បន្ទាប់មក គាត់បានយកកង់របស់យូ ហើយបានរុញវាឡើងទួលរហូតដល់ផ្ទះ ។
ថ្វីបើមានផ្គរលាន់រណ្ដំនៅចន្លោះអគារធំៗ ហើយភ្លៀងធ្លាក់យ៉ាងខ្លាំងក្ដីក៏យូបានមានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តគាត់ ។ គាត់បានមានអារម្មណ៍សុខសាន្ត និងសុវត្ថិភាព ពេលគាត់ដើរតាមប៉ាទៅផ្ទះ ។ ●