ហ្វានេវ៉ា ជាអ្នកផ្សព្វផ្សាយសាសនា
ហ្វានេវ៉ាបានសម្លឹងទៅក្រៅបង្អួចទៅផ្លូវដ៏រវល់នៅខាងក្រៅផ្ទះរបស់គាត់ ។ គាត់អាចឃើញមនុស្សម្នាទាញរទេះបន្លែ អង្ករ សំលៀកបំពាក់ និងទំនិញផ្សេងៗទៀតដើម្បីលក់ ។ គាត់អាចឮស៊ីភ្លេឡាន និងឆ្កែព្រុស ។ បន្ទាប់មកគាត់បានឮសំឡេងមួយ ។
« ម៉ាម៉ា មាននរណាម្នាក់កំពុងគោះទ្វារ ! » ហ្វានេវ៉ាបានស្រែកប្រាប់ ។ ម៉ាម៉ាបានបើកទ្វារ ។ យុវជនពីរនាក់ពាក់អាវធំ និងក្រវ៉ាត់ក នៅឯមាត់ទ្វារ ។ ហ្វានេវ៉ាមិនដែលបានឃើញនរណាម្នាក់ស្លៀកពាក់បែបនោះនៅក្នុងភូមិរបស់គាត់នៅក្នុងប្រទេសម៉ាដាហ្គាស្ការពីមុនមកឡើយ ។
ម្នាក់បាននិយាយថា « ពួកយើងជាអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ « យើងបង្រៀនមនុស្សអំពីព្រះយេស៊ូវ ។ តើយើងអាចចែកចាយសារមួយជាមួយនឹងបងបានទេ ? »
ហ្វេនេវ៉ារំភើបចិត្តពេលម៉ាម៉ាបានអញ្ចើញពួកគេឲ្យចូលក្នុង ។ គ្រួសារទាំងមូលបានប្រមូលផ្ដុំគ្នា ដើម្បីស្ដាប់អំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលសាសនាចក្ររបស់ទ្រង់បានមានលើផែនដីម្ដងទៀត ។
បន្ទាប់ពីថ្ងៃនោះមក ពួកអ្នកផ្សព្វផ្សាយសាសនាបានមកជួបគ្រួសាររបស់ហ្វានេវ៉ាជាច្រើនដង ។ ពួកគេបានយកសៀវភៅមួយមកហៅថា ដំណើររឿងព្រះគម្ពីរមរមន ។ ហ្វានេវ៉ាចូលចិត្តអានវាជាមួយគ្រួសារគាត់ !
ហ្វានេវ៉ាបាននិយាយទៅកាន់ខ្លួនឯង ថ្ងៃមួយខ្ញុំនឹងធ្វើជាអ្នកផ្សព្វផ្សាយសាសនា ហើយចែកចាយព្រះគម្ពីរមរមនជាមួយមនុស្សផ្សេងទៀត ។
នៅពេលផ្សេងទៀត ពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាបានមក ពួកគេបានបង្រៀនគ្រួសារហ្វានេវ៉ាអំពីរបៀបអធិស្ឋាន ។ ហ្វានេវ៉ាបានរៀនថា គាត់អាចនិយាយទៅកាន់ព្រះវរបិតាសួគ៌គ្រប់ពេល គ្រប់ទីកន្លែង ។
ហ្វានេវ៉ាបានគិតថា ថ្ងៃមួយខ្ញុំនឹងធ្វើជាអ្នកផ្សព្វផ្សាយសាសនា ហើយបង្រៀនមនុស្សអំពីការអធិស្ឋាន ។
ថ្ងៃមួយពួកអ្នកផ្សព្វផ្សាយសាសនាបានមានសំនួរដ៏សំខាន់មួយ ។
អ្នកផ្សព្វផ្សាយម្នាក់បានសួរថា « តើបងប្អូននឹងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលបុណ្យជ្រមុជទឹកដែរឬទេ ? »
ហ្វានេវ៉ាមានអារម្មណ៍សប្បាយ នៅក្នុងចិត្តគាត់ ។ គាត់បានឆ្លើយថា « បាទ ! »
បងប្រុស និងម៉ាម៉ាគាត់បាននិយាយថា « បាទ និងចាស៎ ! »
ប៉ាប៉ាបាននិយាយថា គាត់មិនទាន់រួចរាល់ដើម្បីទទួលបុណ្យជ្រមុជទឹកនៅឡើយទេ ។ ប៉ុន្តែ គាត់យល់ស្របបើគ្រប់គ្នានៅក្នុងគ្រួសារទទួលបុណ្យជ្រមុជទឹក ។ ដូច្នេះ ពួកគាត់ទទួលបុណ្យជ្រមុជទឹក ! ហ្វានេវ៉ាបានទទួលបុណ្យជ្រមុជទឹកដោយអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលបានបង្រៀនគាត់អំពីព្រះយេស៊ូវ ។
ហ្វានេវ៉ាបានគិតថា ថ្ងៃមួយខ្ញុំនឹងធ្វើជាអ្នកផ្សព្វផ្សាយសាសនា ហើយជួយមនុស្សឲ្យទទួលបុណ្យជ្រមុជទឹក ។
ផ្នែកដ៏ល្អបំផុតមួយនៃការធ្វើជាសមាជិករបស់សាសនាចក្រគឺការទៅថ្នាក់កុមារ ។ ហ្វានេវ៉ាចូលចិត្តសកម្មភាពនានា និងការជួបមិត្តថ្មី ។ ប៉ុន្តែ អ្វីដែលគាត់ចូលចិត្តជាងគេទាំងអស់ គឺការច្រៀងចម្រៀងកុមារ ។ នៅថ្ងៃអាទិត្យមួយក្នុងថ្នាក់កុមារ ពួកគេកំពុងច្រៀងចម្រៀងអំពីការចែកចាយដំណឹងល្អ ។
ហ្វានេវ៉ាបានច្រៀងថា « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » ។ « ខ្ញុំមិនចង់រង់ចាំរហូតធំឡើងឡើយ » ។
ហ្វានេវ៉ាបានដឹងថា ខ្ញុំអាចចាប់ផ្ដើមធ្វើជាអ្នកផ្សព្វផ្សាយសាសនាឥឡូវនេះ ។ ខ្ញុំពុំចាំបាច់រង់ចាំរហូតដល់ថ្ងៃមួយនោះទេ !
តាំងពីពេលនោះមក ហ្វានេវ៉ាបានស្វែងរករបៀបនានាដែលគាត់អាចចែកចាយដំណឹងល្អ ។ គាត់បានព្យាយាមធ្វើជាគំរូល្អ ។ គាត់បានអញ្ជើញមនុស្សឲ្យមកព្រះវិហារ ។ គាត់បានជួយអ្នកជិតខាងរបស់គាត់ ។ ប៉ុន្មានឆ្នាំក្រោយមក គាត់ធំគ្រប់គ្រាន់ដើម្បីជួយដល់កអ្នកផ្សព្វផ្សាយសាសនាដើម្បីបង្រៀនមនុស្សនៅក្នុងទីក្រុងរបស់គាត់ ។ នៅតែប៉ុន្មានឆ្នាំទៀត គាត់បានបម្រើបេសកកម្មមួយខ្លួនឯង—ជួបនឹងមនុស្សថ្មីៗ និងចែកចាយដំណឹងល្អ គឺដូចជាពួកអ្នកផ្សព្វផ្សាយសាសនាបានចែកចាយជាមួយគាត់ដែរ ។ ●